ហោរាសាស្រ្តប្រចាំថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ៦កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពស២៥៦៤
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ការងាររបស់អ្នកហាក់មិនទទួលបានការកោតសរសើរពីមិត្តរួមការងារ ឬថ្នាក់លើនោះទេ ដូច្នេះជាការល្អប្រសើរណាស់ បើប្រសិនជាអ្នកគិតគូរម្តងទៀតអំពីផែនការយុទ្ធសាស្រ្ត។ សូមព្យាយាមធ្វើការងារឲ្យបានល្អ និងចាប់ផ្តើមឲ្យឆាប់រហ័ស។ ថ្ងៃនេះលោកអ្នកទទួលបានអំណោយផលខាងគំនិតប្រាជ្ញា ប៉ុន្តែលាភសំណាងផ្នែកសម្ភារៈមិនអាចទទួលបាននោះទេ។ ដោយឡែក សូមរក្សាថាមពល និងលុយកាក់ ធ្វើយ៉ាងណាកុំឲ្យចំណាយកំលាំងឥតប្រយោជន៍ហើយ ព្រមទាំងត្រូវខាតបង់ទៅទៀត។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលល្អប្រសើរណាស់ណានោះទេ ដូច្នេះសូមមានការប្រុងប្រយ័ត្នដោយត្រូវគ្រប់គ្រងពេលវេលា និងការសម្រេចចិត្តនានា។ ក្នុងនោះដែរកិច្ចខំប្រឹងប្រែងរបស់អ្នកនឹងគ្មានប្រយោជន៍នោះទេ។ បើដូច្នេះក្តី សូមលោកអ្នកកុំរស់នៅត្រាំត្រែងនឹងកំហុសដែលបានកើតឡើង។ សូមកុំមានក្តីអស់សង្ឃឹមបើទោះបីអាជីពនាពេលព្រឹកមិនទទួលបានផលជាដុំកំភួន ពីព្រោះនៅពេលល្ងាចលោកអ្នកនឹងអាចយកឈ្នះលើស្ថានភាពអាក្រក់ទាំងអស់។ ថ្ងៃនេះអារម្មណ៍លោកអ្នកងាយរងផលប៉ះពាល់ពីមជ្ឈដ្ឋានខាងក្រៅ ដូច្នេះព្យាយាមរក្សាខ្លួន។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកនឹងដំណើរការទៅដោយរលូន ប៉ុន្តែសូមព្យាយាមដំណើរការងារដោយមិនសុំជំនួញពីមនុស្សនៅជុំវិញខ្លួនឡើយ ដោយសារលោកអ្នកអាចមានទំនាស់ជាមួយមិត្តរួមការងារ និងថ្នាក់លើ។ ការរស់នៅដោយតមនិយាយស្តីច្រើនមានផលល្អដល់អ្នកច្រើនជាង។ ក្រៅពីនេះ សូមជៀសវាងការវាយតម្លៃចំពោះសកម្មភាពការងារទោះជារបស់ខ្លួន ឬអ្នកដទៃក្តី។ វេលានេះអ្នកប្រហែលជាត្រូវការពេលវេលាបន្ថែមទៀត ដើម្បីបំពេញភារកិច្ចដែលបានគ្រោងទុក។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់អ្នកនឹងដំណើរការទៅដោយជោគជ័យ និងមានការគាំទ្រយ៉ាងខ្លាំង។ ប៉ុន្តែសូមកុំទាន់សម្រេចចិត្តចាប់ផ្តើមការងារសំខាន់ ឬការបណ្តាក់ទុនឡើយ ពីព្រោះភាពជោគជ័យសម្រាប់ការងារថ្មីមិនសក្តិសមនឹងទុកដែលដាក់ចេញនោះទេ។ ក្រៅពីនេះសូមគ្រប់គ្រងការគិត និងអារម្មណ៍របស់អ្នក ពីព្រោះលោកអ្នកអាចមានភាពឆេវឆាវយ៉ាងខ្លាំង ដែលនឹងអាចជះឥទ្ធិពលអាក្រក់លើការងារ ដូច្នេះមិនគួរប្រតិកម្មខ្លាំងពេកនោះទេ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត ក៏ប៉ុន្តែភាពជោគជ័យនៅក្នុងថ្ងៃនេះផ្សារភ្ជាប់យ៉ាងជិតស្និទ្ធនឹងសកម្មភាពឆ្លើយតបរបស់លោកអ្នក។ ដូច្នេះសូមកុំប្រញាប់សម្រេចចិត្ត ឬផ្តល់យោបល់លឿនពេកឲ្យសោះ។ ម្យ៉ាងទៀតត្រូវគិតគូរឲ្យបានវែងឆ្ងាយនូវគម្រោងការងារ និងវិធីសាស្រ្តដែលអ្នកកំពុងប្រតិបត្តិ។ លើសពីនេះ សូមកុំអន្ទោលជាមួយនឹងចំណុចអវិជ្ជមានណាមួយឲ្យសោះ ប៉ុន្តែគួររកផ្លូវផ្សេងៗអភិវឌ្ឍន៍ការងារទើបល្អប្រសើរជាង។ គួរពង្រីកផ្នែកផ្សេងនៃការងារ ឬការទទួលខុសត្រូវ ប៉ុន្តែប្រសិននោះមិនមែនជាផ្នែកដែលអ្នកអាចគ្រប់គ្រងបាននោះទេ សូមកុំយកទំងន់ដាក់ខ្លួន។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចងារនានារបស់លោកអ្នកដំណើរការទៅដោយភាពរីកចម្រើនណាស់។ ក្នុងនោះអ្វីដែលលោកអ្នកគួរចងចាំ គឺត្រូវចាប់ផ្តើមបំពេញការងារឲ្យបានរួសរាន់ ឬត្រូវចាប់ផ្តើមតាំងពីព្រឹកតែម្តង។ ក្រៅពីនេះ សូមបង្កើនទំនាក់ទំនងល្អជាមួយមនុស្សនៅជុំវិញខ្លួន ពិសេសថា្នក់លើ។ ផ្ទុយទៅវិញ នៅថ្ងៃនេះលោកអ្នកអាចជួបបញ្ហារំខានតិចតួច ប៉ុន្តែសូមមានការអត់ធ្មត់ ហើយគួរព្យាយាមដើរចេញទើបជាជម្រើសដ៏ល្អបំផុត។ ចំណែកភាពរិះគន់ពីមិត្តភក្តិ គួរកុំយកចិត្តទុកដាក់ពេក។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកនៅក្នុងថ្ងៃឡើងខ្ពស់ត្រដែត។ ថ្ងៃនេះគ្មានហេតុការណ៍អ្វីដែលគួរឲ្យចាប់អារម្មណ៍ ឬដែលរំខានភាពរីកចម្រើនរបស់អ្នកនោះទេ។ ប្រសិនបើអ្នកមានបំណងជ្រើសរើសការងារថ្មី សូមកុំមានភាពស្ទាក់ស្ទើរព្រោះរាល់ភាពជោគជ័យគឺឈរនៅខាងអ្នក។ សូមជៀសវាងឲ្យបានការនិយាយបំផ្លើស ដែលនាំឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរ ហើយកុំចូលទៅពាក់ព័ន្ធការសន្ទនាលើប្រធានបទផ្សេងៗ គួរលះបង់ពេលវេលារបស់អ្នកដើម្បីធ្វើការអភិវឌ្ឍន៍ការងារទើបមានប្រយោជន៍។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីលោកអ្នកនៅក្នុងថ្ងៃនេះក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរបស់អ្នកមានដំណើរការល្អប្រសើរខ្លាំងណាស់ ដូច្នេះគ្មានអ្វីគួរឲ្យព្រួយបារម្ភទេ។ ក្នុងថ្ងៃនេះសំដីរបស់លោកអ្នកមានឥទ្ធិពលលើគំនិតយោបល់របស់មនុស្សនៅជុំវិញខ្លួន ដូច្នេះគួរឆក់យកឳកាសបង្កើនភាពរីកច្រើនបន្ថែម។ ថ្ងៃនេះក៏ជាពេលវេលាល្អក្នុងការដោះស្រាយបញ្ហាដែលជាប់គាំងពីមុនមកដែរ ដោយសារលោកអ្នកអាចស្គាល់ពីស្ថានការណ៍ និងចេះបន់បែនបានល្អ។ សូមព្យាយាមធ្វើសកម្មភាពភ្លាមៗ និងជឿទុកចិត្តលើវិចារណញាណរបស់ខ្លួន។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ នៅថ្ងៃនេះនឹងសន្យាផ្តល់ដល់អ្នកនៅជោគជ័យទាំងអស់ ហើយអ្វីដែលគួរឲ្យរីករាយទៅទៀត គឺភាពជោគជ័យនោះមិនចាំបាច់ត្រូវរងចាំរហូតដល់ថ្ងៃស្អែកនោះទេ។ សូមគ្រប់គ្រងពេលវេលា និងការសម្រេចចិត្តឲ្យបានល្អ ធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់ការងាររបស់អ្នកឡើយ។ ចំពោះការខិតខំធ្វើកិច្ចការដែលអ្នកគ្មានបទពិសោធន៍សោះ មិនអាចហុចផលដល់អ្នក ហើយថែមទាំងផ្តល់នូវកង្វល់ផងដែរ។ សូមព្យាយាមកុំប្រតិកម្មនឹងស្ថានការណ៍ថ្មីៗឡើយ។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានជោគជ័យគួរជាទីមោទន។ ទន្ទឹមនឹងនេះលោកអ្នកនឹងទទួលបានពត៌មានដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើននៅពេលល្ងាច។ សូមអរគុណចំពោះការតស៊ូព្យាយាម និងសមត្ថភាពក្នុងការសម្របខ្លួនទៅនឹងកាលទេស ពីព្រោះអាកប្បកិរិយានេះនឹងនាំដល់អ្នកនូវប្រយោជន៍ជាច្រើន។ ក្រៅពីនេះលោកអ្នកមានគំនិតរស់រវើក និងអាចបន់បែនបាន។ ទោះបីយ៉ាងនេះ សូមកុំភ្លេចគម្រោងផែនការលំអិត និងយុទ្ធសាស្រ្តដោះស្រាយបញ្ហា។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមធ្វើសកម្មភាពឲ្យឆាប់រួសរាន់ ហើយក៏មិនចាំបាច់បារម្ភខ្លាចមុខខ្លាចក្រោយឡើយ ពីព្រោះលោកអ្នកទទួលបានភាពឆ្លាតវៃក្នុងការដោះស្រាយបញ្ហា។ ផ្ទុយទៅវិញ ចំពោះលោកអ្នករាជការ បែរជាមិនទទួលបានអ្វីឲ្យសមបំណងនោះទេ ជាពិសេសតួនាទីការងារ។ លោកអ្នកត្រូវសម្របខ្លួនឲ្យបានល្អទៅក្នុងបញ្ហា ហើយប្រសិនបើអាចជៀសបានកុំពាក់ព័ន្ធនឹងករណីហិរញ្ញវត្ថុណាមួយឡើយ។ រឹតតែវិសេសជាងនេះទៅទៀត គឺកុំឲ្យគេខ្ចីបុល ប្រយ័ត្នអាសារបង់។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ សូមលោកអ្នកត្រៀមខ្លួនចំពោះករណីទំនាស់ជាមួយមនុស្សក្នុងក្រុមការងារ ហេតុដូច្នេះសូមព្យាយាមនិយាយអ្វីកុំឲ្យរំខានដល់ផ្លូវចិត្តរបស់អ្នកដទៃ បើទោះបីជាអ្នកយល់ថាគំនិតយោបល់អ្នកត្រឹមត្រូវបែបណាក៏ដោយ។ ម្យ៉ាងទៀត មិនគួរសុំជំនួយពីអ្នកដទៃឡើយ។ សូមគ្រប់គ្រងខ្លួនអ្នកពេញមួយថ្ងៃតែម្តង។ ក្នុងនោះដែរ ដើម្បីស្រោចស្រង់ស្ថានការណ៍សូមរួមចំណែកដល់ការធ្វើអំណោយទាន។
រៀបរៀងដោយ៖ កញ្ញា មាស សុភាព