“Trapeang Kuk, Garbhagriha in Khmer architecture”, Garbhagriha is a Sanskrit word that means sanctum sanctorum or womb chamber. It is the innermost sanctum of the temple, where resides the main icon. It is mainly a room with one door and without a window. Also, only Brahmana or Guru allows to enter and to do the worship. The form of Garbhagriha varies from one to another temple and period. However, there are significant examples of Garbhagrihas in early Khmer architecture such as Ashram Maharosei, Kuk Vihear, North Kuk, Bayang temple, and Trapeang Kuk temple. Considerably, it is uncertain whether Trapeang Kuk covered with the roof and when exactly it was built? Relatedly, Datta and Beynon have studied and concluded that Kuk Vihear at Sambo Prei Kuk roofed with a wooden structure. In contrast, Trapeang Kuk remains only some fragment of bricks. Even though there is still a limitation of evidence, to a certain extent Trapeang Kuk might be covered with a wooden structure. Based on architectural design and decoration, Trapeang Kuk might be built during the reign of King Isanavarman I (616-637 AD) or King Bhavavarman II (638-657). Although the suggestion has made, further study, especially archaeological findings are vital to support this hypothesis.
គភ៌គ្រឹះ គឺជាកូនបន្ទប់នៅផ្នែកខាងក្នុងបង្អស់នៃសំណង់ប្រាសាទ មានទ្វារតែមួយ ដែលជាកន្លែងសម្រាប់តម្កល់ទេពសំខាន់ជាងគេ ហើយបើនៅក្នុងសិល្បៈខ្មែរនាស.វ.ទី៧ គភ៌គ្រឹះមានរាងបួនជ្រុងស្មើនិងបួនជ្រុងទ្រវែង។ រីឯនៅស្រុកឥណ្ឌាមានគភ៌គ្រឹះខ្លះមានរាងប្រាំបីជ្រុង រាងរង្វង់ក៏មានដែរ។ គភ៌គ្រឹះ គឺជាកន្លែងសក្ការសំខាន់នៃសំណង់ណាមួយដែលហាមមិនឱ្យមនុស្សធម្មតាចូលធ្វើកិច្ចឡើយ លើកលែងតែពួកព្រាហ្មណ៍ ហើយខាងក្នុងគភ៌គ្រឹះវិញ គេតម្កល់អាទិទេពណាក៏បាន ពោល គឺធ្វើទៅតាមការនិយមរបស់សង្គមមនុស្សដែលបានកសាងដែលអាចជាព្រះសិវក្នុងទម្រង់ជាសិវលិង្គ និងទម្រយោនី ព្រះវិស្ណុឬអវតាររបស់ទ្រង់។ល។ ក្នុងជំនឿឥណ្ឌា ព្រាហ្មណ៍ត្រូវធ្វើកិច្ចថ្វាយទេពជារៀងរាល់ថ្ងៃ ដោយក្នុងមួយថ្ងៃត្រូវរៀបចំបួនដង ហើយកិច្ចចុងក្រោយ គឺការដើរប្រទក្សិណជុំវិញគភ៌គ្រឹះវិញបន្ទាប់ពីបញ្ចប់កិច្ចសព្វគ្រប់។
នៅដំណាក់កាលដំបូង មុនពេលដែលខ្មែរសាងសង់ប្រាសាទសម្រាប់គោរពបូជា បុព្វបុរសខ្មែរបានជីកលុងភ្នំសម្រាប់ធ្វើជាកន្លែងតម្កល់ទេពគោរពបូជា ដូចឃើញមានជាឧទាហរណ៍ជាក់ស្តែងនៅភ្នំដា ស្រុកអង្គរបុរី ខេត្តតាកែវ។ ក្រោយមកប្រពៃណីនៃការសាងប្រាសាទសម្រាប់គោរពបូជាដល់សាសនាចាប់ផ្តើមមានសន្ទុះឡើងនៅរវាងស.វ.ទី៦ ហើយពេលនោះទៀតសោត ខ្មែរនៅអនុវត្តតាមឥណ្ឌាច្រើន តែខ្លះក៏មានលក្ខណៈជាសំណង់បែបខ្មែរក៏មាន។ អ្វីដែលយើងចាប់អារម្មណ៍នោះ គឺមានសំណង់ប្រាសាទខ្មែរខ្លះគេបានសាងគភ៌គ្រឹះនៅផ្នែកខាងក្នុងមួយជាន់ទៀត ដែលមានលក្ខណៈដូចឥណ្ឌាដែរ។ ប្រាសាទទាំងនោះគេស្គាល់ឈ្មោះថា ប្រាសាទអាស្រមមហាឫស្សី (ភ្នំដា) គុកវិហារ (សំបូរព្រៃគុក) គុកខាងជើង (ភ្នំហាន់ជ័យ) ប្រាសាទភ្នំបាយ៉ង់។ សំណង់គភ៌គ្រឹះទាំងបួនដែលបានរៀបរាប់នេះ ធ្លាប់មានសិក្សាដោយ កញ្ញា ភុយ ម៉ីចៀន ម្តងរួចមកហើយកាលពីឆ្នាំ២០១៩។ ដូច្នេះក្នុងអត្ថបទនេះ ខ្ញុំសូមណែនាំប្រាសាទមួយទៀតដែលមានសំណង់គភ៌គ្រឹះ ដូចគ្នាមកបង្ហាញ ពោល គឺប្រាសាទត្រពាំងគុក ដែលមានទីតាំងស្ថិតនៅភូមិព្រះឃ្លាំង ឃុំក្រាំងដូង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ ប្រាសាទត្រពាំងគុក គឺជាប្រាសាទដែលមានគភ៌គ្រឹះដែលសាងឡើងអំពីថ្មភក់មានរាងបួនជ្រុងស្មើ បែរមុខទៅទិសខាងកើត។
ក្នុងមួយជ្រុងមានប្រវែង២ម៉ែត្រដែលតាមទិសនីមួយៗគេធ្វើដោយយកផ្ទាំងថ្មភក់ចំនួនពីរមកផ្គុំគ្នា លើកលែងច្រកខាងកើតដែលជាច្រកចូលប៉ុណ្ណោះ។ ការផ្គុំថ្មភក់របៀបនេះ មានលក្ខណៈប្លែកពីគុកវិហារនៅសំបូរព្រៃគុកដែលគេយកផ្ទាំងថ្មតែមួយប៉ុណ្ណោះមកផ្គុំ ហើយគុកជើងនៅហាន់ជ័យវិញគេយកថ្មបីផ្ទាំងមកផ្គុំជាប់គ្នាបានជាជញ្ជាំង។
សសរផ្អោបត្រពាំងគុក គេបានឆ្លាក់ក្បាច់លម្អជាផ្កាឈូកវិវឌ្ឍចាប់ពីចេញផ្ការហូតដល់រីក ដោយលក្ខណៈបែបនេះឃើញមាននៅសសរមណ្ឌបនៃក្រុមប្រាសាទយាយព័ន្ធ តួប៉មS2 ហើយជាលក្ខណៈក្បាច់ខ្មែរលំនាំឥណ្ឌាខ្លះៗនៅស.វ.ទី៧ក្នុងរចនាបថសំបូរព្រៃគុក។ ក្បាច់សសរផ្អោបនេះ ក៏មានលក្ខណៈស្រដៀងគភ៌គ្រឹះនៅគុកជើង (ភ្នំហាន់ជ័យ) ដែរ ប៉ុន្តែបើធៀបជាមួយគុកវិហារនៅសំបូរព្រៃគុកមិនសូវដូចគ្នាទេ។ រីឯផ្នែកខាងកើតដែលជាច្រកចូលនៃប្រាសាទត្រពាំងគុក យើងមិនអាចដឹងបានច្រើនអំពីរចនាសម្ព័ន្ធទេ ដោយសារផ្ទាំងថ្មបានបាក់រលំទាំងស្រុងទៅហើយ ពោល គឺយើងមិនដឹងថាច្រកចូលនេះមានផ្តែរទ្វារនិងសសរពេជ្រដូចនៅគភ៌គ្រឹះគុកជើង (ភ្នំហាន់ជ័យ) ឬមិនមានដូចគភ៌គ្រឹះគុកវិហារនៅសំបូរព្រៃគុកឡើយ ហើយបើយើងពិនិត្យ ក្នុងសំណេររបស់លោក Lunet De Lajonquière គាត់ក៏មិនបានរៀបរាប់អំពីផ្តែរឬសសរពេជ្រអ្វីដែរ ប៉ុន្តែគាត់បានរៀបរាប់នៅខាងក្នុងគភ៌គ្រឹះធ្លាប់មានគេតម្កល់រូបបដិមាព្រះគណេសតូចមួយ និងមានរូបព្រះវិស្ណុគង់នៅលើគ្រុឌមួយអង្គទៀត។ ចំណែកការលម្អនៅជញ្ជាំងខាងលើវិញ យើងឃើញតែថ្មឆ្លាក់រាងបួនជ្រុងឆ្លាក់ចេញរូបរាងដូចកូនប្រាសាទចម្លង ប៉ុន្តែដោយសារថ្មរាងបួនជ្រុងនេះបាក់ពីជញ្ជាំងទៅហើយ យើងពិបាកកំណត់ថាគេដាក់នៅកន្លែងណានៃផ្នែកខាងលើឱ្យបានច្បាស់នោះទេ ហើយបើយើងមើលប្លង់របស់អ្នកស្រាវជ្រាវមុន លោកបានគូររូបប្រាសាទចម្លងនេះដាក់នៅចំកណ្តាលនៃផ្នែកខាងលើ។ ក្រៅពីនេះ នៅក្បាលជញ្ចាំងខាងលើមានចម្លាក់គុឌុ តែការឆ្លាក់ ពុំសូវល្អដូចធ្លាប់ឃើញនៅគុកវិហារ(សំបូរព្រៃគុក)ឡើយ។
ចំពោះការលម្អនៅផ្នែកជញ្ជាំងខាងក្រោមវិញ យើងមិនដឹងមានលម្អជាក្បាច់អង្កលុង ដូចឃើញនៅគភ៌គ្រឹះគុកជើង និងគុកវិហារឡើយ ដ្បិតពំនូកដីបានកប់ជិតអស់ទៅហើយ។ អ្វីដែលគួរកត់សម្គាល់ពិសេសម្យ៉ាងទៀតនោះគឺ នៅជុំវិញគភ៌គ្រឹះត្រពាំងគុកគេបានតម្រៀបថ្មភក់ស្តើងៗកម្រាស់ប្រហែល ១០ស.ម. កម្ពស់ជិត១ម៉ែត្រ និងទទឹង៨០ស.ម. ជារបងហ៊ុមព័ទ្ធជុំវិញ ដោយលក្ខណៈបែបនេះយើងមិនធ្លាប់ឃើញមាននៅគុកវិហារ និងគុកជើងនោះឡើយ។ ជាពិសេសនោះ នៅតាមជ្រុងនៃរបងដែលធ្វើអំពីថ្មមានចម្លាក់ជាក្បាច់ផ្កាផ្សេងៗទៀតផង។
គភ៌គ្រឹះប្រាសាទត្រពាំងគុក ទំនងមានសំណង់ឈើមួយគ្របពីលើ ដ្បិតករណីបែបនេះយើងធ្លាប់ឃើញមាននៅគភ៌គ្រឹះគុកវិហារនៅសំបូរព្រៃគុក ដែលអ្នកស្រាវជ្រាវសាកលវិទ្យាល័យវ៉ាសេដាធ្លាប់បានស្រាវជ្រាវកន្លងមក និងការគិតរបស់លោក Datta & Beynon ដែលយល់ថាគុកជើងនៅភ្នំហាន់ជ័យអាចមានសំណង់ឈើគ្របពីលើដូចគ្នា។ ក្រៅពីនេះ បើយើងក្រឡេកមើលរចនាសម្ព័ន្ធជុំវិញ យើងឃើញមានត្រពាំងមួយនៅខាងកើតប្រាសាទដែលអ្នកស្រុកនៅទីនោះហៅឈ្មោះថា “ត្រពាំងគុក” រីឯនៅខាងជើងត្រពាំងគុកមានត្រពាំងធំមួយទៀតដែលអ្នកស្រុកហៅថា “តាបុណ្យ” ឬ “ព្រះបុណ្យ”។ ឈ្មោះ “តាបុណ្យ” ឬ “ព្រះបុណ្យ” អាចមានទំនាក់ទំនងជាមួយអាងស្តុកទឹកសំខាន់ៗចំនួនពីរនៅទីក្រុងអង្គរធំដែលប្រាសាទនៅចំកណ្តាលគេបានហៅឈ្មោះថា “មេបុណ្យ”។ ជារួមសំណង់គភ៌គ្រឹះរបស់ប្រាសាទត្រពាំងគុក ទំនងជាសាងឡើងនៅស.វ.ទី៧ នាសម័យចេនឡា ក្នុងកំឡុងរជ្ជកាលព្រះបាទឦសានវរ្ម័នទី១ (គ.ស.៦១៦-៦៣៧) ឬក៏អាចរជ្ជកាលព្រះបាទភវវរ្ម័នទី២ (គ.ស.៦៣៨-៦៥៧) ដែលយើងអាចចាត់ទុកថាជាស្ថាបត្យកម្មដែលកម្រមួយ ដ្បិតសំណង់គភ៌គ្រឹះរបៀបនេះមានមិនច្រើនឡើយក្នុងសិល្បៈខ្មែរ។
អត្ថបទដើម៖ លោក ម៉ង់ វ៉ាលី