ទំព័រដើមនិទានកថាស័ង្ខសិល្បជ័យ (ភាគទី១១)

ស័ង្ខសិល្បជ័យ (ភាគទី១១)

បន្ទាប់ពីបានស្តាប់ហើយ បទុមាជឿថាអនាគតនៃបុត្រនឹងបានត្រាស់ជាព្រះពុទ្ធនាំសត្វលោកទៅរកសេចក្តីសុខ។

នេះនឹងនិយាយពីស្តេចពាលទាំងប្រាំមួយនាំកេសរសុមន្ទានិងបុត្រីសំដៅនគរបញ្ចាល។ កេសរសុមន្ទាជេរថាៈ “ពួកអស់ឯងនាំយើងទៅណា យើងចាំក្មួយយើង ស័ង្ខសិល្បជ័យ ដែលបានកាន់រាជអាជ្ញាទៅច្បាំងនឹងយក្សយកយើងមក ពួកអស់ឯងចេញពីណាមកឆក់យកយើងដូច្នេះ…”។ ពួកស្តេចពាលទាំងប្រាំមួយឆ្លើយទៅទាំងកំរោលថាៈ “យើងនាមទៅនគរបញ្ចាលអ្នកនឹកប្តីពេកឬ ទើបស្តីរវើរវាយថា មានស័ង្ខសិល្បជ័យឯណាទៅវិញ គឺមានតែពួកយើងទេដែលច្បាំងយកពីយក្សមក ហើយបើនៅរឹងទទឹង យើងនឹងកាត់ក្បាលយកទៅតែម្តង កុំឲ្យខុសអាជ្ញា”។ កេសរសុមន្ទាស្តាប់ហើយគិតថាៈ “បើរឹងទទឹងមិនថ្នមសំដីនឹងពួកវា សមស្លាប់ឥតការ”។ គិតហើយទើបស្រដីស្រួលវិញថាៈ “ក្មួយអើយ! មាតាចាញ់ហើយ ចិត្តស្រាលដូច្នេះចូរក្មួយកុំគិត ឥឡូវតើត្រូវនិយាយអ្វីប្រាប់មាតាមក នឹងងាលនិយាយបានដូចគ្នា…”។ ពួកស្តេចពាកលទាំងប្រាំមួយគិតស្មានថា កេសរសុមន្ទាត្រូវជាមួយ ក៏រ៉ាយរ៉ាប់រឿងទាំងអស់ប្រាប់ដោយឥតលាក់បាំង។ ចំណែកកេសរសុមន្ទាធ្វើជាសើចលេង ហាក់ដូចជាភ្លេចស័ង្ខសិល្បជ័យ។

លុះទៅដល់នគរ​ស្តេចពាលខ្លះក៏ចូលទៅទូលបិតាមុន ព្រះអង្គសេនាកុត្តរាជទ្រង់សណ្តាប់រួច សោមនស្សពេកក្រៃទ្រង់ចាត់ឲ្យមន្រ្តីអ្នកមុខអ្នកការ រៀបចំដង្ហែរអនុជក្សត្រីចូលរាជវាំង…។ ព្រះអង្គសេនាកុត្តរាជទ្រង់ទតឃើញ កេសរសុមន្ទាមកដល់ ក៏ឳបគ្នាសោយសោកយ៉ាងខ្លាំងរហូតដល់សន្លប់បាត់ស្មារតី…។ បន្ទាប់ពីភីលៀងបានយកទឹកមកប្រោះព្រំមក ក៏ដឹងព្រះកាយឡើងវិញ ទ្រង់សួរសុខទុក្ខអនុជក្សត្រី។ កេសរសុមន្ទា ក៏បានរៀបរាប់ពីដំណើរដែលស័ង្ខសិល្បជ័យបានទៅច្បាំងយកពីយក្ស និងនាគមកហើយក៏ត្រូវមានគ្រោះធ្លាក់ចូលជ្រោះបាត់ខ្លួនរហូត…។ ព្រះអង្គសេនាកុត្តរាជទ្រង់សណ្តាប់រួចក៏ជឿជាក់ថា ស័ង្ខសិល្បជ័យពិតជាបុត្រដែលមានតេជបារមីពិតប្រាកដមែន ទ្រង់សោយសោកនឹកស្រណោះដល់បុត្រា។ ចំណែកស្តេចពាលទាំងប្រាំមួយឃើញដូច្នោះស្រឡាំងកាំង មិននឹកស្មានថាកេសរសុមន្ទាមានកលល្បិចដូច្នេះសោះ ទើបទូលបិតាវិញថាៈ “ព្រះមាតុច្ឆានឹកប្តីពេក ទើបរវើរវាយនិយាយមិនត្រូវ…តាមពិតពួកខ្ញុំទេដែលទៅច្បាំងពីយក្សមក មិនមានស័ង្ខសិល្បជ័យឯណាទេ ហើយតើពេលនេះបិតាទ្រង់ព្រះតម្រិះយ៉ាងណា? ព្រោះថាបិតាបានប្រាប់ថាឲ្យបុត្រយកមាតុច្ឆាមកនឹងប្រគល់រាជសម្បត្តិឲ្យគ្រប់គ្រង”។

ព្រះអង្គសេនាកុត្តរាជទ្រង់សណ្តាប់រួចមានបន្ទូលថាៈ “បុត្រអើយ! ពេលនេះមិនទាន់ថាអ្វីបានទេ ព្រោះបុត្រនិយាយផ្សេងចំណែកមាតុច្ឆានិយាយផ្សេង…”។ ក្រោយពីបានសំណេះសំណាលរួចមក ព្រះអង្គសេនាកុត្តរាជទ្រង់ចាត់ចែងឲ្យរៀបចំរាជវាំង ដើម្បីធ្វើពិធីថ្វាយព្រះពរដល់ក្សត្រីទាំងពីរអង្គ ដោយមានមន្ត្រីតូចធំជាច្រើនមកចូលរួម។

និយាយពីឈ្មួញសំពៅបើកតាមឆ្នេរ ដែលកេសរសុមន្ទាដាក់ស្បៃផ្សង ហើយក៏ឃើញស្បៃនិងស្នៀតសក់គិតថាៈ “របស់នេះមានតម្លៃណាស់ តើនរណានឹងយកមកទុកចោលទីនេះ?” គិតហើយឈ្មួញក៏រើសស្បៃដែលកេសរសុមន្ទាបានផ្សង គឺពេលដែលឈ្មួញសំពៅទៅដល់នគរបញ្ចាលចំពេលដែលព្រះអង្គសេនាកុត្តរាជរៀបចំពិធីចងដៃអនុជក្សត្រី។

ឈ្មួញសំពៅគិតថា តើនឹងបានអ្វីទៅថ្វាយក្សត្រី ឲ្យសមព្រះកិត្តិយសក្សត្រីគិតចុះឡើងគឺមានតែស្បៃ និងស្នៀតសក់យកទៅថ្វាយព្រះអង្គសេនាកុត្តរាជ។ ព្រះនាងកេសរសុមន្ទាទតឃើញ ស្បៃ ណិងស្នៀតសក់ដូច្នោះ ក៏ទូលព្រះរៀបថាៈ “ស្បៃ និងស្នៀតសក់នេះហើយ ដែលខ្ញុំបានផ្សង…”។ ស្តេចស្តាប់រួចហើយទ្រង

គិតក្នុងចិត្តថា បុត្ររបស់ទ្រង់បានរួចជីវិតហើយ។

លុះចប់ពិធី ទ្រង់បានចាត់ឲ្យរៀបប្រាសាទប្រាំពីរជាន់ ឲ្យកេសរសុមន្ទានិងសុពណ៌ទេវីគង់នៅ។ កេសរសុមន្ទា និងបុត្រីកាលរស់នៅក្នុងប្រាសាទហើយ ដោយចេះតែនឹងរលឹកដល់បុត្រស័ង្ខសិល្បជ័យ ហើយទ្រង់សោយសោកជារៀងរាល់ថ្ងៃ…។ ស្តេចពាលទាំងប្រាំមួយក៏យកលេសទូលបិតាថាៈ “ក្សត្រីទាំងពីរកើតទុក្ខព្រោះនឹកប្តី ឥឡូវមិនដឹងឆ្កួតឬជាទេ គួររកមេមត់មកបញ្ជាន់”។ ស្តេចសណ្តាប់ហើយក៏ឲ្យរកពេទ្យ ឬមេមត់មកបញ្ជាន់ តែត្រូវកេសរសុមន្ទាវាយត្រូវយ៉ាងដំណំ ថែមទាំងនិយាយថាៈ “អញគ្មានឈឺអីទេ មកចងដៃអញធ្វើអ្វី?”។ គ្រូពេទ្យនិងមេមត់ទាំងអស់ខ្លាចរត់លែងហ៊ានមកទៀត។ អាមាត្យក៏ទៅក្រាបទូលស្តេចៗ ទ្រង់ក្រោធជាខ្លាំងថាៈ “អញខំលំបាកទៅយកវាមកស្មានថាគាប់ ដឹងអីវាឆ្កួតអាល័យប្តីទាំងអស់គ្នា បើដូច្នោះសង់ខ្ទមឲ្យវារស់នៅក្រៅវាំងទៅប្រសើរជាង”។ លុះកន្លងពេលក្រោយមក ព្រះរាជាទ្រង់យាងចេញទៅព្រះរោងដោយមានអាមាត្យគាល់ផង។ កាលនោះមានជីងចក់មួយធ្លាក់ចំលើភ្លៅព្រះអង្គ។ ព្រះអង្គក៏អញ្ជើញហោរាមកគន់គូរមើល ហោរាទាំងអស់ទូលថាៈ “ទ្រង់នឹងបានយល់បុត្រ ដែលមានឬទ្ធិចេស្តាលើសគេទាំងជម្ពូទ្វីប ឥតមានគូរប្រៀបឡើយ”។ ព្រះរាជាទ្រង់សណ្តាប់រួចត្រេកអរពេកក្រៃ ​ទ្រង់ប្រទានមាសជាច្រើនដល់ហោរា។ បន្ទាប់មកទ្រង់ក៏យាងទៅរកកេសរសុមន្ទា ទ្រង់មានបន្ទូលថា “តើប្អូនយំដោយសារនឹកប្តី ឬមួយយ៉ាងណា?”។ កេសរសុមន្ទាសណ្តាប់រួចក៏មានបន្ទូលថាៈ “បងនេះ ក៏ព្រួយពីរឿងហ្នឹងដែរ…”។ បន្ទាប់មកព្រះរាជា ក៏ត្រាស់បញ្ជាឲ្យអាមាត្យ ទៅមើលដល់មណ្ឌលស័ង្ខសិល្បជ័យ។ អាមាត្យក៏បានទៅដល់ ហើយលបមើលឃើញថាអស្ចារ្យពេកក្រៃ ដោយឃើញស័ង្ខសិល្បជ័យគង់លើរាជសីហ៍ ហើយមានទេពតាហែហមជាច្រើន។ អាមាត្យបានឃើញដូច្នោះហើយ ក៏ប្រញាប់ត្រលប់ទៅទូលព្រះរាជាវិញ។ កេសរសុមន្ទា និងសុពណ៌ទេវី ក៏ក្រាបលាព្រះរាជាទៅមុន ព្រះអង្គសេនាកុត្តរាជផ្តាំថាៈ “យើងមកទីនេះនឹងទទួលបុត្រ ត្រលប់ទៅនគរវិញ”។ ក្សត្រីកេសរសុមន្ទានិងបុត្រីយាងតាមអាមាត្យ រហូតទៅដល់មណ្ឌលស័ង្ខសិល្បជ័យ ឃើញជាក់ជាក្មួយមែនក៏ចូលក្នុងមណ្ឌល ហើយបន្ទូលហៅថាៈ “នែ! ចៅស័ង្ខសិល្បជ័យមកអាយឆាប់រ៉ា ម្តាយបែកពីបុត្រយូរហើយ”។ ស័ង្ខសិល្បជ៧យឮសម្លេងងាកមើល យល់ជាក់ព្រះមាតុច្ឆាទើបយាងចុះចាករាជសីហ៍ឳបព្រះមាតុច្ឆា សោយសោករៀបរាប់ទាំងអស់គ្នា។ ស័ង្ខសិល្បជ័យបានប្រាប់មាតុច្ឆាថាៈ “ពួកស្តេចពាលទាំងនោះច្រានខ្ញុំធ្លាក់ជ្រោះ តែបានព្រះឥន្រ្ទមកជួយ និងយកទឹកសុរាអម្រឹតពីសួគ៌ាមកប្រោះព្រំ ហើយនាំមកដាក់ដល់មណ្ឌលវិញ”។ បន្ទាប់មកស័ង្ខសិល្បជ័យក៏នាំព្រះមាតុច្ឆាទៅជួបមាតាទាំងពីរ ហើយក៏បានណែនាំ ឲមាតាបានស្គាល់មាតុច្ឆាដែលខ្លួនបានទៅយកពីយក្ស។

កេសរសុមន្ទាបានរៀបរាប់ថាៈ “ពេលនេះព្រះរៀមសេនាកុត្តរាជ បានយាងមកដល់ព្រៃហើយ នឹងមកទទួលបុត្រស័ង្ខសិល្បជ័យ និងមហេសីចូលនគរវិញ…”។ ព្រះនាងបទុមាស្តាប់រួចហើយថាៈ “ប្អូនអើយ! ប្អូនមករកបងនេះមិនថា ដ្បិតប្អូននិរទោស ចំណែកព្រះអង្គវិញនោះ ទ្រង់បានបំបរបង់ពួកយើងហើយ ទ្រង់ថាយើងនេះចង្រៃពុំមានសណ្តោសប្រណីអ្វីឡើយ ឥឡូវយើងបានសុខស្រួល ទើបស្តេចមកទទួលយើងទៅវិញ សូមប្អូនជួយគិតផងចុះ”។ កាលនោះទាំងកេសរបុប្ផាក៏ពោលពាក្យទាំងខឹងដែរ។ កេសរសុមន្ទាយល់ម្ចាស់បងខឹងដូច្នោះក៏លោម សុពណ៌ទេវីនិងស័ង្ខសិល្បជ័យក៏បានលោមមាតាទាំងពីរដែរថាៈ “បំណាច់ព្រះអង្គខំយាងពីឆ្ងាយមករកហើយ សូមមាតាទាំងពីរឈប់ខឹងទៅ”។ បទុមានិងកេសរបុប្ផា ដោយបុត្រទាំងពីរលោមច្រើនដងច្រើនគ្រាពេក ក៏ទន់ចិត្តព្រមតាម ទើបស័ង្ខសិល្បជ័យឃាត់មាតុច្ឆាកុំអាលទៅទូលបិតាថ្វី ចាំខ្ញុំរៀបចំមណ្ឌលសិន…។

រួចស្រេចស័ង្ខសិល្បជ័យអង្គព្រះពោធិសត្វ ក៏ផ្សងថាៈ “បើអង្គអញបានត្រាស់ជាព្រះពុទ្ធស្សលោកា នាំសត្វអសង្ខេយ្យដាក់ដល់និព្វានមែននោះ សូមទេវតាសោឡសសួគ៌ាមេត្តាប្រោសប្រាណ ជួយជាបរិវារពេញក្នុងមណ្ឌលនេះនាពេលនេះហោង”។ ការផ្សងរបស់ស័ង្ខសិល្បជ័យបណ្តាលឲ្យក្តៅដល់ព្រះឥន្ទ្រ ទ្រង់បើកព្រះទិព្វចក្ខុទត ទើបដឹងថាស័ង្ខសិល្បជ័យត្រូវការឲ្យជួយ ទើបទ្រង់ប្រកាសអស់ទេវតា ពួកកិន្នរ ឲ្យចុះទៅនាមណ្ឌលស័ង្ខសិល្បជ័យក្នុងពេលនេះ។ លុះរៀបចំរួចស្រេចហើយ ស័ង្ខសិល្បជ័យក៏បានចាត់ឲ្យព្រះវិស្វកម្មទៅទទួលព្រះបិតាមក…។ នៅពេលដែលព្រះអង្គសេនាកុត្តរាជយាងមកដល់ហើយ ស័ង្ខសិល្បជ័យចាត់អស់ទេពកញ្ញាឲ្យយាងសម្តេចព្រះបិតាចូលក្នុងមណ្ឌល។ ព្រះអង្គសេនាកុត្តរាជ ទ្រង់ទតមើលទិព្វស្ថានដ៏អស្ចារ្យ ហើយទ្រង់ព្រះចិន្តាថាៈ “នេះជាស្ថានទិព្វអស្ចារ្យ ភ្នែកអញថ្ងៃនេះហៅមានភ័ព្វ”។ ទ្រង់មិនស្គាល់រាជបុត្រ សូម្បីតែបទុមា និងកេសរបុប្ផាក៏ប្លែកដែរ។ ស័ង្ខសិល្បជ័យ ទ្រង់យាងបិតាឡើងគង់លើទិព្វអាសនៈ ហើយបទុមានិងកេសរបុប្ផាក៏បានក្រាបបង្គំព្រះអង្គសេនាកុត្តរាជ។  ព្រះអង្គសេនាកុត្តរាជទ្រង់មានបន្ទូលៈ

(សូមរងចាំតាមដានរឿងស័ង្ខសិល្បជ័យភាគទី១២ នៅសប្តាហ៍ក្រោយ)

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!