ទំព័រដើមហោរាសាស្ត្រឆ្នាំទាំង៤ ឆ្លូវ ថោះ រោង កុរ រាសីឡើងខ្ពស់ត្រដែត លោកអ្នកជាម្ចាស់នៃភោគទ្រពសម្...

ឆ្នាំទាំង៤ ឆ្លូវ ថោះ រោង កុរ រាសីឡើងខ្ពស់ត្រដែត លោកអ្នកជាម្ចាស់នៃភោគទ្រពសម្បត្តិ និងតំណែងការងារល្អសម្រាប់ជីវិតក្នុងថ្ងៃនេះ

ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ១២កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពស​២៥៦៤

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកនឹងទទួលបានជោគជ័យរាល់ការងារទាំងឡាយ ប៉ុន្តែភាពប្រកដប្រជាទាំងនេះទាក់ទងនឹងឥរិយារបស់អ្នក។ សូមរក្សាការងារដែលអ្នកកំពុងដំណើរការសិន ប៉ុន្តែប្រសិនបើអ្នកមិនរីករាយនឹងការងារចាស់ ការផ្លាស់ប្តូរត្រូវតែច្បាស់លាស់។ សូមធ្វើទំនាក់ទំនងនឹងមនុស្សដែលស្ថិតក្នុងចំណោមការងាររបស់អ្នក ពិសេសថ្នាក់លើ និងដៃគូពាណិជ្ជកម្ម។ ក្រៅពីនេះដើម្បីធានាភាពរីកចម្រើនឲ្យបានយូរសូមស្វែងសិក្សាវិជ្ជាជីវបន្ថែម។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចធ្វើកិច្ចការនានាបានដោយមិនមានអ្វីជំទាស់ ហើយមិនបាច់រកមើលកាលទេសនោះទេ។ អ្នកធ្វើការរាជការនឹងអាចទទួលបានដំណឹងល្អទាក់ទងនឹងឳកាសការងារដ៏រីករាយ ចំណែកអ្នកប្រកបអាជីវកម្មនឹងទទួលបានប្រាក់ចំណេញយ៉ាងច្រើន ប៉ុន្តែលោកអ្នកមិនត្រូវមានចរិករឹងរូសនោះទេ រស់នៅដោយស្ងប់ស្ងាត់នោះសំណាងផ្នែកហិរញ្ញវត្ថុកើនឡើងទ្វេរគុណ។ សម្រាប់សេចក្តីសុខ សូមលោកអ្នកធ្វើការដាក់ទាន ឬចែករំលែកធនធានខ្លះទើបជាការល្អប្រសើរ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរកស៊ីជួញដូរដំណើរការទៅជាធម្មតា។ ក្នុងថ្ងៃនេះលោកអ្នកអាចសម្រេចចិត្តរក្សា ឬផ្លាស់ប្តូរកិច្ចការងារតាមក្តីប្រាថ្នា ហើយលទ្ធផលដែលទទួលបានគឺជាលទ្ធផលវិជ្ជមាន ដូច្នេះមិនគួរមិនកង្វល់ចំពោះករណីនេះទេ។ ក្រៅពីនេះ សូមមានចិត្តសណ្តោសនឹងមនុស្សទន់ខ្សោយ និងកុំពាក់ព័ន្ធបញ្ហារបស់អ្នកដទៃ បើទោះជាមនុស្សដែលអ្នកស្គាល់ច្បាស់ក៏ដោយ។ កុំឲ្យគុណក្លាយជាទោស។ ការធ្វើដំណើរផ្លូវឆ្ងាយគួរមានការប្រុងប្រយ័ត្នខ្ពស់ និងរក្សាពាក្យសំដី។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។  រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងាររបស់លោកអ្នកស្ថិតក្នុងសញ្ញាណល្អប្រសើរណាស់ កុំមានភាពស្ទាក់ស្ទើរក្នុងការចាប់យកឳកាសការងារ និងការបណ្តាក់ទុន។ រាសីថ្ងៃនេះមានទំនោរខ្លាំងទៅលើកិច្ចការជាក្រុម។ លោកអ្នកអាចនឹងជួបបញ្ហាប្រទាក់ក្រឡាតិចតួច ប៉ុន្តែសូមកុំបារម្ភ ពីព្រោះមានមនុស្សចាំជួយអ្នកបាន ប៉ុន្តែសូមមានភាពស្មោះត្រង់ជានិច្ច។ សូមប្រយ័ត្នមនុស្សផ្ទុយភេទដែលធ្លាប់មានបញ្ហាជាមួយអ្នក ពីព្រោះលោកអ្នកកំពុងមានសញ្ញាណនៃការបាត់បង់តុល្យភាពក្នុងទំនាក់ទំនង និងភាពស្មោះត្រង់។​

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារ និងមុខរបររបស់អ្នកមានដំណើរការយ៉ាងរលូន ព្រមទាំងមានមនុស្សជាច្រើនគាំទ្រទំនុកបំរុងផងដែរ។ ប្រសិនបើអ្នកមិនអាចសម្រេចចិត្តក្នុងកិច្ចការអ្វីមួយសូមពន្យាពេល និងពិភាក្សាជាមួយមនុស្សនៅក្នុងគ្រួសារ។ ចូរធ្វើទំនាក់ទំនងល្អជាមួយមនុស្សដែលនៅជុំវិញខ្លួន ពិសេសដៃគូពាណិជ្ជកម្ម ដើម្បីទទួលបានលាភធំ និងការជឿទុកចិត្ត។ សម្រាប់សេចក្តីសុខផ្ទាល់ខ្លួនទាមទារលោកអ្នកឲ្យគិតគូរជាថ្មី ធ្វើយ៉ាងណារក្សាតុល្យភាពរវាងការងារ និងជីវិតផ្ទាល់ខ្លួន។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ី និងការងាររបស់អ្នកចម្រើនលូតលាស់ណាស់។ ប៉ុន្តែសូមមានការប្រុងប្រយ័ត្ន ធ្វើយ៉ាងណាកុំឲ្យភាពមានបានទាំងនេះបំផ្លាញសេចក្តីសុខក្នុងក្រុមគ្រួសារ។ ដោយឡែកលោកអ្នកប្រហែលជាដល់ពេលគិតគូរគម្រោងការងារជាថ្មី​ ពីព្រោះភាពដដែលៗកំពុងតែរក្សាអ្វីៗមិនឲ្យរីកចម្រើនុ។ ត្រូវប្រយ័ត្នប្រយែង ក្រែងចាញ់បោកគេ ហើយជំលោះក៏រឹតតែត្រូវជៀសឲ្យផុត។ ថ្ងៃនេះសញ្ញាណល្អផ្នែកហិរញ្ញវត្ថុមានក្នុងផ្លូវរបស់អ្នក ដូច្នេះចូររៀបចំគម្រោងច្បាស់លាស់មួយ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកល្អជាមធ្យម។ មុខរបរ និងកិច្ចការងារនានានឹងទទួលបានអំណោយផលល្អប្រសើរណាស់។ សូមធ្វើកិច្ចការណាមួយឲ្យបានច្បាស់លាស់ ​ចំណែកការចាប់យកការងារច្រើនក្នុងពេលតែមួយគឺសូមហាមជាដាច់ខាត។ សូមប្រយ័ត្នចាញ់បោកគេ សូម្បីមនុស្សដែលលោកអ្នកស្គាល់ច្បាស់ក៏ដោយ។ ការចំណាយលុយកាក់គួរគិតគូរជាថ្មី ប្រយ័ត្នខាតបង់នៅពេលក្រោយ។ ទន្ទឹមនឹងនេះ លោកអ្នកទទួលបានអំណោយផលសម្រាប់ការទទួលបានដំណឹង និងការដោះស្រាយស្ថានការណ៍។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។​​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអំណោយផលខ្លាំងណាស់ចំពោះផ្នែកហិរញញ្ញវត្ថុ ដូច្នេះសូមចាប់យកឳកាសការងារនានា និងការបណ្តាក់ទុនផងដែរ។ ដោយឡែកប្រសិនបើអ្នកមានការលំបាកខ្លះក្នុងការដំណើរការការងារ​ សូមព្យាយាមរក្សាអ្វីៗឲ្យស្ថិតក្នុងស្ថានភាពដដែលសិន ពីព្រោះការផ្លាស់ប្តូរមិនទាន់អាចទទួលបានផលចំណេញអ្វីឡើយ។ ជៀសវាងធ្វើការងារដែលមិនយល់ច្បាស់។ សម្រាប់ភាពអវិជ្ជមានថ្ងែនេះអាចនឹងកើតឡើងខ្លះៗ ដូច្នេះសូមរក្សាភាពអត់ធ្មត់។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ីជួញដូរ និងការងាររបស់លោកអ្នកប្រព្រឹត្តិទៅជាធម្មតា ប៉ុន្តែលោកអ្នកអាចកែប្រែស្ថានការណ៍ឲ្យប្រសើរឡើងបានដោយរៀបចំគម្រោងការងារថ្មី។ ចំពោះស្ថេរភាពហិរញ្ញវត្ថុគឺកំពុងតែត្រូវគំរាមកំហែង ដូច្នេះសូមចាយវាយឲ្យបានត្រឹមត្រូវ។ កុំភ្លេចការពិភាក្សាយោបល់ពីមនុស្សដែលទុកចិត្តប្រសិនបើអ្នកមិនអាចរកផ្លូវណាមួយឲ្យប្រាកដ ប៉ុន្តែសូមជៀសវាងការជឿទុកចិត្តមនុស្សដោយងាយ។ ថ្ងៃនេះតម្រូវ្យលោកអ្នករស់នៅក្នុងស្ថានភាពស្ងប់ស្ងាត់ ហើយការអបអរសាទរចំពោះភាពជោគជ័យក៏មិនមានអ្វីជាការចាំបាច់នោះទេ។  

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានាប្រព្រឹត្តិទៅដោយភាពចម្រើនលូតលាស់ណាស់។ ថ្ងៃនេះពាក្យសំដីរបស់អ្នកហាក់មានអំណាច និងទទួលបានការគោរពកោតក្រែងខ្លាំងណាស់ ដូច្នេះសូមប្រើប្រាស់ឳកាសនេះដោះស្រាយបញ្ហាកន្លងមក និងដាក់ចេញកិច្ចការងារដែលអ្នកគ្រោងទុកចុះ។ សូមកុំទាក់ទងនឹងការខ្ចីបុលនានា លោកអ្នកអាចនឹងខាតបង់ទាំងស្រុង។ ក្រៅពីនេះ សូមគិតគូរបង្កើនភាពទាក់ទាញជាមួយនឹងការផ្លាស់ប្តូរការតុបតែងខ្លូន ពីព្រោះនេះជាកូនសោរនៃភាពជោគជ័យរបស់អ្នកផងដែរ។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះគ្មានអ្វីអាចបង្អាក់មុខរបរការងារ និងអាជីវកម្មរបស់លោកអ្នកបានឡើយ។ អ្នកអាចធ្វើការបណ្តាក់ទុនលើកិច្ចការងារថ្មី ក៏ដូចជាអាចបោះបង់ការងារចាស់ផងដែរ ពីព្រោះការងារថ្មីក៏នឹងផ្តល់ផលដ៏ប្រសើរ។ សូមកុំទាន់ទុកចិត្តនឹងសមត្ថភាពការងារដែលអ្នកអាចធ្វើបាន គម្រោងការងារច្បាស់លាស់មិនត្រូវបោះបង់ចោលនោះទេ។ ប្រយ័ត្នមនុស្សនិន្ទាឈ្នានីសបំផ្លាញផែនការអ្នក ដូច្នេះគ្រប់គ្រងការសំងាត់។ ទោះបីយ៉ាងនេះក្តី លោកអ្នកទទួលបានអំណោយផលក្នុងការគ្រប់គ្រងស្ថានភាព និងធ្វើឲ្យអ្វីៗទៅជាងាយស្រួល។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។​ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលាភសំណាងជាច្រើននឹងហូរចូលក្នុងផ្ទះរបស់អ្នកយ៉ាងប្រាកដ ប៉ុន្តែសំណាងទាំងនេះទាក់ទងនឹងមនុស្សចាស់ ដូច្នេះសូមធ្វើគារវកិច្ចល្អ។ ចំពោះការបណ្តាក់ទុន ការផ្លាស់ប្តូរការងារថ្មី ឬដំណើរបេសកកម្មការងារអាចនឹងកើតឡើងដោយមិនបានគ្រោងទុក ដូច្នេះសូមត្រៀមខ្លួនទទួលយក និងធ្វើការឲ្យបានល្អ។ សម្រាប់ការទិញចូលអចលនទ្រព្យនឹងទទួលបានមង្គលយ៉ាង​ប្រសើរណាស់។ សូមផ្អាកការធ្វើដំណើរផ្លូវឆ្ងាយប្រសិនបើអ្នកទទួលអារម្មណ៍អស្ថេរភាព ពីព្រោះលោកអ្នកនៅមានពេលវេលាគ្រប់គ្រាន់ដើម្បីសម្រេចបានជោគជ័យធំ។

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,200SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!