ទំព័រដើមប្រវត្តិសាស្ត្រសករាជដែលខ្មែរប្រើ

សករាជដែលខ្មែរប្រើ

Sakaraja that Khmer use“, Khmer uses 4 Eras, Maha Sakaraja (Great/Major Era), Buddhist Era, Chula Sakaraja (Lesser Era), and the Christian Era. Among all, Maha Sakaraja which is Çaka firstly appeared in Khmer inscription at Vat Toul Kamnou, K.600. Later on, it appears in many inscriptions, especially the Modern Inscription of Angkor. This existence also illustrates that even Theravada Buddhism became the state religion in the reign of King Srindravarman, early 15th century, Maha Sakaraja was still using. Moreover, Maha Sakaraja still using the entire Middle Period.

Moreover, the Buddhist Era appeared in Vat Tralok inscription, K.746 and the inscription Vat Ramlok, K.27, mentioned both the Buddhist Era and Chula Sakara. Significantly, by comparison between both inscriptions Vat Tralok and Vat Ramlok, the date provides a very big gap. Similarly, they appeared on the coins of King Ang Doung in, 19th century. These remarkable happenings could be given a very crucial doubt. It is whether because King Ang Doung always taken into account the field of literature, or might be due to the King adopted Siam practices through schooling at Siam. Accordingly, it could be seen that Çaka provides enough needs for the Khmer calendar. However, since the Buddhist Era, Chula Sakaraja and Christian Era arrived, Çaka became Maha Sakaraja to avoid confusing.

 

មកទល់ថ្ងៃនេះ ខ្មែរប្រើសករាជចំនួន៤ គឺមហាសករាជ ពុទ្ធសករាជ ចុល្លសករាជ និងគ្រិស្ដសករាជ។ សករាជដែលប្រើ​ដំបូង​គេគឺ “ឝក” ត្រូវនឹង​បច្ចុប្បន្នថា “មហាសករាជ”។ កាលបរិច្ឆេទដែលចាស់ជាងគេមាននៅក្នុងសិលាចារឹកទួល​វត្តគំនូរ(K.600)​ ស្រុកអង្គរបុរី ខេត្តតាកែវ។ សិលាចារឹកចារថា […ត្រៃត្រីឝោត្តរបញ្ចឝតឝកបរិគ្រហ ត្រយោទឝីកេត…] ដែលមានសេចក្ដីថា “ឆ្នាំ៥៣៣សកៈ(មហាសករាជ) ១៣កើត”។ បើតាមទិន្នន័យសិលាចារឹកខ្មែរនៅក្នុងសម័យមុនអង្គរនិងសម័យអង្គរ ខ្មែរប្រើសករាជតែមួយគត់គឺ “ឝក” ដែលត្រូវគ្នានឹងពាក្យ “​មហាសករាជ” ពេលបច្ចុប្បន្ន។

តាមរយៈសិលាចារឹកដែលបានចុះបញ្ជីកន្លងមក យើងប្រទះឃើញពាក្យ​ “មហាសករាជ” តែម្ដងគត់នៅក្នុងសិលាចារឹកវត្តតាំងធ្លក​(K.746) ខេត្តកំពង់ចាម ដែលចារថា [(១)សព្ភមសម្តុព្រះពុទ្ធសក្រាចព្រះសាសណា (២)អតិកន្ដាកន្លោងទោវហេិ្យបាន​២៤៣១ព្រះ(៣)វសាមហាក្ខរាជលើងបា្ន១៨១០ចុលសក្ខរាជ១២៥០ (៤)ឆ្នាំមជូតនខ្សតសំរេិទ្ធិក្ខគីម្ហន្ដរតូវខែពីសាក…]។ កាលបរិច្ឆេទដែលមានប្រើពាក្យ “មហាសករាជ” នេះ មានអាយុតិចជាងកាសប្រាក់របស់ព្រះបាទអង្គដួង​ដែល​បោះ​ក្រោយឆ្នាំ១៨៥០ ប៉ុន្ដែនៅលើកាសប្រាក់នោះចុះកាលបរិច្ឆេទឡើងគ្រងរាជ្យសម្បត្តិរបស់ទ្រង់។ លើកាសនោះបង្ហាញកាលបរិច្ឆេទព្រះសករាជ២៣៩០(ព.ស.) មហាសករាជ១៧៦៩ ចុល្លសក្ខរាជ១២០៩ ឆ្នាំមមែ នព្វស័ក ថ្ងៃចន្ទ ២កើត ខែផល្គុន។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺពាក្យ “សករាជ” ដែលធ្លាប់តែសម្គាល់ឆ្នាំជា ចុល្លសករាជ ដូចក្នុងសិលាចារឹកវត្តរំលក(K.27:5, 11, 18) និងមហាសករាជ ដូចក្នុងសិលាចារឹកអង្គរវត្តនានាកាលពីមុន នៅក្នុងកាក់នេះបែបជាមកសម្គាល់ពុទ្ធសក​រាជទៅវិញ។ “ឝក” ឬ “មហាសករាជ” កើត​ក្រោយគ្រិស្ដសករាជចំនួន៧៨ឆ្នាំ ដូច្នេះបើនឹងរកឆ្នាំមហាសករាជមកជាគ្រិស្ដសករាជ​ ត្រូវបូកឆ្នាំមហាសករាជនិង៧៨។

បើគិតពីការ​ប្រើពុទ្ធសករាជវិញ ទោះបីជាខ្មែរចាប់ផ្ដើមកាន់ពុទ្ធសាសនាថេរវាទ​នៅក្នុងរាជ្យព្រះបាទស្រិន្ទ្រ​វម៌្ម​ក៏ដោយ ពេលនោះខ្មែរពុំទាន់ប្រើពុទ្ធសករាជនៅឡើយទេ គឺនៅប្រើមហាសករាជដដែល។ យើងមានសិលាចារឹកគោកស្វាយចេក(K.745)​ ដែលជាសិលាចារឹកភាសាបាលីថេរវាទចាស់ជាងគេ និងជាសិលាចារឹករបស់ព្រះបាទស្រីន្ទ្រវម៌្មដែលជាក្សត្រកាន់ពុទ្ធសាសនាថេរ​វាទមុនគេក្នុងប្រវត្តិសាស្ត្រខ្មែរជាភស្ដុតាង ដូចមានឃ្លា​ថា [… ១២៣០ឝក នវមីកេត បុឞ្យ អាទិត្យវារ អឝ្វិនីនក្សត្រ បាទវ្យរតិស្រចត្ឫតិយ គិនុវ្រះករុណាតបរមបវិត្រវ្រះបាទកម្រតេងអញ​ឝ្រីឝ្រីន្ទ្រវម៌្មទេវ ប្រេចារឝិលាប្រសឞ្ដកតគិស្រុកអំវៅស្រុកចុងឆ្ទិង…] ដែលប្រែសម្រួលជាខ្មែរទំនើបថា “ឆ្នាំ១២៣០សកៈ ៩កើត ខែបុស្ស ថ្ងៃអាទិត្យ អស្វិនីនក្សត្រ(ឆ្នាំមមី) (វេលា)បាទពីរផុតយាមទី៣។ ព្រះករុណា​ដ៏បរមបពិត្រព្រះបាទស្រីស្រីន្ទ្រវម៌្មទេវៈ បានបញ្ជាឱ្យចារឹកព្រះរាជសាសន៍លើសិលា(អំពី)ដើមទងភូមិអំពៅនិងភូមិចុងស្ទិង…”។ សិលាចារឹករបស់ព្រះអង្គនៅឯប្រាសាទបន្ទាយស្រី(K.569) ក៏ចារជាឆ្នាំមហាសករាជដែរ គឺនៅឆ្នាំ១២២៨សកៈ។ នាសម័យលង្វែក ខ្មែរនៅតែបន្ដប្រើ​មហាសករាជដដែល ដូចមានភស្តុតាង​​សិលាចារឹករបស់ព្រះរាជមាតាសុជាតា(K.303) ចារ​ថា​ […លុះជាតឥលូនេះមន្គិលុះត១៤៩៩សក ឆ្លូនក្សត្រ ចតុទ៌្ទឝិកេត អាសាធ្យ សោពារ…] មានសេចក្ដី​ថា “លុះជាតិឥឡូវនេះ គឺមកដល់ឆ្នាំ១៤៩៩សកៈ ឆ្នាំឆ្លូវ ទី១៤កើត ខែអាសាធ ថ្ងៃសៅរ៍”។ សិលាចារឹកនៅសម័យកណ្ដាល ជាពិសេស​ក្នុងក្រុមសិលាចារឹកនគរវត្ត(IMA) មាន​ចារឹកឆ្នាំសុទ្ធតែមហាសក​រាជ បើទោះជា​ពេលនោះ​ខ្មែរ​បានកាន់ពុទ្ធសាសនាប្រហែល​ជាង៤០០ឆ្នាំទៅហើយក្ដី ប៉ុន្ដែខ្មែរ​នៅតែប្រើ​មហាសករាជ​ ខ្មែរ​មិន​បាន​ប្រើ​ពុទ្ធសករាជទេនៅពេលនោះ។

បើយើង​មើល​ការ​​ចាប់ផ្ដើមគិតឆ្នាំជាពុទ្ធសករាជវិញ គឺយើងឃើញមានប្រើព្រមគ្នាជាមួយកាលបរិច្ឆេទចុល្លសករាជ ដែលមានក្នុង​សិលាចារឹក​វត្តរំលក(K.27) ​នៅស្រុក​ព្រៃ​កប្បាស ខេត្តតាកែវ។ កាលបរិច្ឆេទ​ជាឆ្នាំពុទ្ធសករាជ​នោះ ចារជាភាសា​បាលីសុទ្ធថា […សិរីសាក្យមុនិ សព្វញុពុទ្ធស្ស បរិនីព្វានទិវសតោបត្ថាយ ចតុទិន្ន ចតុមាស្ស ឯកុនតឹង្សាឯកសតសំវច្ឆរ សតាទិកានី ទ្វេសំវច្ឆរ សហស្សានីអតីកន្ដានី អហេសុំ…] មានសេចក្ដីប្រែសម្រួលថា “ចាប់តាំងពីថ្ងៃដែលព្រះសិរីសាក្យមុនី ព្រះសព្វញ្ញូពុទ្ធដ៏មានយស ទ្រង់យាងចូលបរិនិព្វាន បាន​អតិកន្ដារ​កន្លងទៅចំនួន​ ពីរពាន់មួយរយម្ភៃប្រាំបួនឆ្នាំ បួនខែ និងបួនថ្ងៃ…”។ ចំណែកឯការប្រើប្រាស់ពុទ្ធសករាជក្នុងសិលាចារឹកភាសាខ្មែរវិញ យើងឃើញដំបូងគេតាម​រយៈសិលាចារឹក​វត្តតាឡោក(K.746) ដូចមានសេចក្ដីចារថា […ព្រះពុទសក្រាជ​បានពីរ(ពាន)បួនរយវស្សា…]។ បើយើងគិតពីគម្លាត ​ដែល​យើងឃើញការគិតឬសញ្ញាណដំបូង នៃការគិតកាលបរិច្ឆេទជាពុទ្ធសករាជ ដែលមានក្នុងសិលាចារឹកវត្តរំលកនិងសិលាចារឹក​វត្ត​តាឡោក គឺឆ្ងាយគ្នាណាស់​ដែរ។ ព្រះពុទ្ធសករាជ​កើត​មុន​គ្រិស្ដសករា​ជ​​ចំនួន៥៤៣ឆ្នាំ បើចង់គិតពុទ្ធសករាជ​មកជាគ្រិស្ដសករាជ​ ត្រូវ​ដកពុទ្ធសករាជនិង៥៤៣។

ចំណែកឯ ចុល្លសករាជ វិញឃើញមានចារដំបូងក្នុងសិលាចារឹកវត្តរំលក នៅក្នុងផ្នែកភាសាខ្មែរដូចមានសេចក្ដីថា […ឰតកា្លពីសា្ងអារាម្ម​នេះ កុនក្សត្រសករាជបា្ន៩៤៩គ្រាសើកព្រះនរេស្ស…] ប្រែសម្រួលថា “រីឯកាលពីពេលសាងសង់​វត្តអារាមនេះនៅឆ្នាំកុរ (ចុល្ល)សករាជ៩៤៩ នៅ​គ្រាសឹកសង្គ្រាមរបស់​ព្រះនរេស្ស…”។ ចុល្លសករាជ កើត​ក្រោយគ្រិស្ដសករាជចំនួន​៦៣៨ឆ្នាំ។ ចុល្លសករាជ មានន័យថាសករាជតូច ផ្ទុយនឹងមហាសករាជ ជាសករាជធំ។

តាំងតែពីដើមមក គេប្រើតែ “ឝក(សក)” តែមួយ គឺគ្រប់គ្រាន់ហើយ ប៉ុន្ដែតាំងពីមានចុល្លសករាជ ពុទ្ធសករាជ និងគ្រិស្ដសករាជមក ឆ្នាំ“ឝក(សក)” បានប្ដូរជា “មហាសករាជ” ដើម្បីកុំឱ្យច្រឡំជាមួយសករាជដទៃទៀត។ ដូចក្នុងករណីសិលាចារឹក​វត្តរំលក ដូច្នេះដែរ កាលបរិច្ឆេទជាចុល្លសករាជ គេសរសេរត្រឹមតែ “សករាជប្នា៩៤៩” ប៉ុណ្ណោះ។ យើងឃើញមានប្រើពាក្យ “ចុល្លសករាជ” នេះម្ដងទៀត​នៅ​ក្នុងសិលាចារឹកវត្តតាំងធ្លកដូចបានបង្ហាញខាងលើត្រង់បរិយាយអំពីមហាសករាជ។ ទាំងការប្រើពុទ្ធសករាជនិងចុល្លសករាជ គឺយើងឃើញមានប្រើនៅក្នុងសិលាចារឹកវត្តរំលក ដែលជាសិលាចារឹក​មានឥទ្ធិពលពីសៀម​​ ទាំងសំណេរនិងការប្រើប្រាស់ចុល្លសករាជ ដែលពេញនិយមប្រើប្រាស់ខ្លាំងជាងគេ​នៅស្រុកសៀម។ លោកបណ្ឌិត វង់ សុធារ៉ា បានអះអាងថា “ម្ល៉ោះហើយ យើងគិតថាសិលាចារឹកនេះ(សិលាចារឹកវត្តរំលក) ទំនង​ជាសរសេរ​ក្នុងរាជ្យព្រះបាទស្រីសុរិយោពម៌្ម ឬព្រះបាទជយជេដ្ឋាទី២ ដែលធ្លាប់រស់នៅស្រុកសៀមយ៉ាងយូរនោះឯង”។ យើងគួរពិចារណាមើលលើគម្លាតនៃការ​ប្រើប្រាស់ពុទ្ធសករាជនិងចុល្លសករាជដែលដាច់គ្នាយូរ រួចទើបចាប់ផ្ដើម​ឃើញ​មាន​ម្ដងទៀតចាប់ពីរាជ្យព្រះបាទអង្គដួង ​ដែលបន្ទាប់មកក៏ចាប់ផ្ដើមរីកសាយភាយ ដូចមានឃើញក្នុងកាសប្រាក់​ សិលាចារឹកវត្តតាំងធ្លក ច្បាប់ក្រមនានាដែលបោះពុម្ពផ្សាយនៅឆ្នាំ១៨៩១ និងបន្ដ​មកដល់រាជ្យព្រះករុណាស៊ីសុវត្ថិជាដើម។ ដែលយល់ថាចាប់រីកសាយភាពបែបនេះ ដ្បិតយើងគ្រប់គ្នាដឹងថាព្រះអង្គដួងជាក្សត្រ ដែលយកចិត្តទុកដាក់លើវិស័យ​អក្សរសាស្ត្រ​​ជាតិនាជំនាន់នោះ។ ប៉ុន្ដែចំណុចមួយទៀតដែលគួរនឹងពិនិត្យមើលឱ្យវែងឆ្ងាយ​ ដើម្បីឱ្យជ្រះស្រឡះក្នុងចិត្តនោះគឺថា តើការប្រើប្រាស់នេះជាឥទ្ធិពលមកពីសៀមឬទេ? ព្រោះទ្រង់ជាក្សត្រទទួលបានការអប់រំច្រើន​ពីស្រុកសៀម ឯព្រះសង្ឃសំខាន់ៗនៅកម្ពុជានាជំនាន់មុនក៏សុទ្ធតែបានឆ្លងកាត់ការរៀនសូត្រនៅស្រុកសៀមដូចគ្នា។

អត្ថបទដើម៖ លោក ហ៊ុន ឈុនតេង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!