ទំព័រដើមប្រវត្តិសាស្ត្រប្រាសាទភ្នំព្រះនេត្រព្រះ

ប្រាសាទភ្នំព្រះនេត្រព្រះ

“Prasat Phnom Preah Netr Preah“, Prasat Phnom Preah Netr Preah locates in Banteay Meanchey province. It was more likely in shape during the study of French scholar Lunet de Lajonquière. However, the state of the temple is very bad now, which is hard to see and understand the whole structure. Therefore, in this article, 3 points will be discussed such as general structure, the date of construction, and the official name of the temple.  The temple composes of 3 shrines and 1 Gopura. Accordingly, inscriptions of the temple show that the construction commenced in 938 AD by officer names “Ob” and continued by a niece of his wife in 949AD. However, it is unfinished. Concerned about the name, it is unclear. For instance, inscription K.216 gives the name of this mountain as “Kiripura”, which means the city of the mountain, and says that the temple is an Ashram dedicated to Lord Shiva. However, another inscription mentions a word as “Shivapada” which means Foot of Shiva. Thus, it is not known which one is the official name of the temple. Although the name of the temple is unclear and further study is needed, it is significant that the temple was built by an ordinary officer and his family with the date and other important information is informed.

ប្រាសាទភ្នំព្រះនេត្រព្រះមានទីតាំងឋិតនៅលើភ្នំតូចមួយឈ្មោះ ភ្នំព្រះនេត្រព្រះ ក្នុងឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ភ្នំនេះស្ថិតនៅដាច់តែឯងក្បែរវាលទំនាបទបន្លេសាបផ្នែកខាងពាយ័ព្យ។ បើយើងពិនិត្យ ឬសង្កេតមើលពីចម្ងាយតាមទិសណាមួយ យើងឃើញថា ភ្នំនេះមានទម្រង់ដូចជាគ្រាប់ភ្នែកមួយ លេចធ្លោឡើងពីទំនាបវាលស្រែដ៏វែង ហេតុដូចនេះហើយទើបអ្នកស្រុកហៅថាភ្នំព្រះនេត្រព្រះ។ ប៉ុន្តែនេះជាឈ្មោះដែលអាចនឹងកើតឡើងនាសម័យក្រោយ ឬសម័យកណ្តាល ហើយឈ្មោះដើមរបស់ភ្នំនេះនៅមិនទាន់មានការយល់ស្របរបស់អ្នកស្រាវជ្រាវនៅឡើយទេ ត្បិតមានសិលាចារឹកមួយចំនួនបាននិយាយរៀបរាប់អំពីការស្ថាបនាប្រាសាទនៅលើខ្នងភ្នំនេះ។

លោក ឡាហ្សង់ហ្គីយ៉េ បានទៅដល់ និងចុះបញ្ជីប្រាសាទនេះក្នុងលំដាប់លេខរៀងទី ៨៤១១ និងបានគូសប្លង់ប្រាសាទដែលអាចឃើញពីទ្រង់ទ្រាយដើមបាន ប៉ុន្តែសព្វថ្ងៃប្រាសាទនេះបានរលំបាក់អស់ និងមានការបំផ្លាញដោយសារសង្គ្រាម ការជីកកាយរកវត្ថុបុរាណ និងការសាងសង់សំណង់ពុទ្ធសាសនាថ្មីពីលើ ជាហេតុធ្វើឱ្យយើងពិបាកក្នុងការសម្រង់ប្លង់ដើមរបស់ប្រាសាទនេះឡើងវិញណាស់។

រចនាសម្ព័ន្ធទូទៅនៃសំណង់

ប្រាសាទនេះសង់នៅលើកំពូលភ្នំផ្នែកខាងត្បូង មានស្លាកស្នាមកំពែង និងក្លោងទ្វារនៅផ្នែកខាងកើត (សព្វថ្ងៃស្ទើបាត់អស់ហើយ) និងប្រាង្គកណ្តាលមួយ ធ្វើអំពីឥដ្ឋ មានស៊ុំទ្វារធ្វើអំពីថ្មភក់ពណ៌លឿង និងផ្កាឈូក វើអំពីឥដ្ឋតាលមួយបែរមុខទៅទិសខាងកើត ភ្ជាប់ដោយសំណង់លយ (មណ្ឌប) ដែងពិបាកក្នុងការសម្រង់ប្លង់ដើមរបស់ប្រាសាទនេះឡើងវិញណាស់រាម ការជីកកាបែរមុខទៅទិសខាងកើត ភ្ជាប់ដោយសំណង់លយ (មណ្ឌប) ដែលមានស៊ុំទ្វារនិងបង្អួចធ្វើអំពីថ្មភក់។ សំណង់ដើមទាំងមូលរបស់ប្រាសាទនេះអាចធ្វើអំពីឥដ្ឋភាគច្រើន និងថ្មភក់សម្រាប់ទ្វារ បង្អួច សសរពេជ្រ និងផ្តែរ។ នៅសម័យសង្គ្រាម នៅចំកណ្តាលសំណង់មណ្ឌប ជាទីតាំងដំឡើងកាំភ្លើងធំសម្រាប់ប្រយុទ្ធ បានធ្វើឱ្យខ្ទ័រ និងរលំប្រាសាទ ជញ្ជាំងស្ទើទាំងស្រុង ជាហេតុធ្វើឱ្យយើងមិនអាចមើលឃើញពីទ្រង់ទ្រាយដើមទាំងស្រុងរបស់ប្រាសាទនេះបាន។ តាមរយៈគំនូរប្លង់របស់លោកឡាហ្សង់ហ្គីយ៉ា លោកបានបែងចែករចនាសម្ព័ន្ធរបស់ប្រាសាទនេះ គឺមានប្រាង្គ(A) ជាប្រាង្គតូច១មួយនៅខាងជើង(B) ជាប្រាង្គកណ្តាល(C) ជាបន្ទប់ធំបន្តពីមុខប្រាង្គកណ្តាល និង(D)ជាបន្ទប់គោបុរៈខាងកើត។ តាមស្ថានភាពជាក់ស្តែង ប្រាសាទនេះនៅមិនទាន់បានស្ថាបនារួចរាល់ជាស្ថាពរទេ ព្រោះគ្រឿងលម្អស្ថាបត្យកម្មភាគច្រើននៅធ្វើទាន់រួចនៅឡើយ។

កាលបរិច្ឆេទនៃការសាងសង់

តាមរយៈសិលាចារឹកចំនួន៣ ដែលគេបានជួបប្រទះនៅប្រាសាទភ្នំព្រះនេត្រព្រះនេះ អាចឱ្យគេសិក្សាបានអំពីដំណើរការនៃការស្ថាបនាប្រាសាទនេះ។  ក្រោយមក លោកសឺដេស បានចុះបញ្ជីសិលាចារឹកទាំងនោះ គឺ K.215 (មាន១៨បន្ទាត់) ជាសិលាចារឹកនៅស៊ុំទ្វារខាងកើត (ផ្ទៃខាងត្បូង) របស់ប្រាង្គធំកណ្តាល (ប្រាង្គB) (រូបលេខ៤) និង K.216 ជាសិលាចារឹកនៅលើស៊ុំទ្វាររបស់អគារ (C) ខាងមុខប្រាង្គកណ្តាល (មាន២ផ្ទាំង ដែលផ្ទាំងទី១មាន៥១បន្ទាត់ និងផ្ទាំងទី២មាន១៩បន្ទាត់)។ សិលាចារឹកទាំង៣ផ្ទាំងមានកាលបរិច្ឆេទផ្សេងៗគ្នា និងនិយាយអំពីព្រឹត្តិការណ៍ផ្សេងគ្នាដែរ។ សិលាចារឹក K.215 អាចត្រូវបានចារក្នុងឆ្នាំ ៨៧១ស.ក (៩៤៩គ.ស) រំលឹកអំពីរឿងរ៉ាវនៃការចាប់ផ្តើមសាងសង់ប្រាសាទនេះ (អាស្រម) ក្នុងឆ្នាំ ៨៦០ស.ក (៩៣៨គ.ស) ដោយបុគ្គលម្នាក់ឈ្មោះ លោញ អប នៅឯ វ្រៃតំវ្វង (ព្រៃដំបង)។ តែក្រោយមក ក្នុងឆ្នាំ ៨៧១ស.ក (៩៤៩គ.ស) លោញ អប បានស្លាប់បាត់ ហើយការសាងសង់ប្រាសាទនោះត្រូវបានបញ្ឈប់ឬផ្អាក ហើយមានស្ត្រីឈ្មោះ ហៀង ត្រូវជាក្មួយខាងម្តាយ រួមនិងមនុស្សជាសាច់ញាតិមួយចំនួនទៀត បានបន្តការសាងសង់អាស្រមនេះ។

សិលាចារឹក K.216 មានពីរផ្ទាំង និងមានកាលបរិច្ឆេទផ្សេងគ្នាដែរ។ ផ្ទាំងទី១សរសេរជាភាសាខ្មែរ មាន១៩បន្ទាត់ ឆ្នាំ ៩២៧ស.ក (១០០៥គ.ស) និង៩២៩ស.ក (១០០៧គ.ស) និយាយពីការថ្វាយស្លោករបស់មេទ័ព (ក្លោងពល) ជូនដល់ព្រះបាទជ័យវីរវរ្ម័ន និងការធ្វើចំណាំនៃដង្វាយរបស់ស្តេចជូនដល់ទេពនៅ គីរីបុរៈ។  សិលាចារឹកផ្ទាំងទី២មាន៥១បន្ទាត់ ដែលបន្ទាត់ទី១ដល់ទី២៥ជាភាសាសំស្ក្រឹត និងពីទី២៦ដល់៥១ ជាភាសាខ្មែរ។ អត្ថបទទាំង២និយាយអំពីការធ្វើដង្វាយជាទាសាទាសី ដីធ្លី និងវត្ថុផ្សេងៗដល់ទេពនៅ សិវបាទ ក្នុងតំបន់ឬក្រុង គីរីបុរៈ ក្នុងឆ្នាំ៩២៨ស.ក (១០០៦គ.ស) គឺក្នុងរាជ្យព្រះបាទជ័យវីរវរ្ម័ន (១០០១គ.សដល់១០១០គ.ស)។

ដូចចនេះ កាលបរិច្ឆេទនៃការសាងសង់ប្រាសាទនេះគឺអាចចាប់ផ្តើមក្នុងឆ្នាំ៩៣៨នៃគ្រឹស្គសករាជ ដោយបុគ្គលឈ្មោះ លោញ អប និងបន្តសាងសង់ម្តងទៀតក្នុងឆ្នាំ ៩៤៩នៃគ្រឹស្គសករាជ ដោយក្មួយស្រីខាងម្តាយរបស់បុគ្គលឈ្មោះ លោញ អប នោះ។ ប៉ុន្តែយើងមិនដឹងថាមានមូលហេតុអ្វីទេ បានជាប្រាសាទនេះនៅតែមិនបានធ្វើរួចរាល់ជាស្ថាពរ។ រហូតមកដល់រាជ្យស្តេចក្រោយៗ ក៏ពុំមានការស្ថាបនាបញ្ចប់ដែរ គឺគ្រាន់តែការមកធ្វើចំណាំ និងដង្វាយដល់ទីអាស្រមនេះ(ប្រាសាទ)ប៉ុណ្ណោះ។

អំពីឈ្មោះដើមរបស់ភ្នំ និងប្រាសាទ

ព្រះនេត្រព្រះជាឈ្មោះថ្មី ដែលយើងមិនដឹងពីប្រភពដើមថាលេចឡើងនៅពេលណា និងដោយសារនរណាជាអ្នកផ្តើមហៅដែរ ប៉ុន្តែឈ្មោះនេះអាចត្រូវបានហៅនៅពេលខ្មែរទទួលនូវរបត់ពុទ្ធសាសនាថេរវាទ ឬក្រោយសម័យអង្គរ។ តាមសិលាចារឹក K.216 បានបង្ហាញថា ភ្នំនេះដើមឡើយមានឈ្មោះហៅថា គីរីបុរៈ។ ចំណែកឯប្រាសាទវិញ គឺជាអាស្រមដែលគេសាងឧទ្ទិសដល់ទេពព្រះឥសូរ។ ក្នុងអត្ថបទសិលាចារឹក ផ្ទាំងទី២ដែលមាន៥១បន្ទាត់ បានបង្ហាញពីឈ្មោះទេពដែលគេគោរពនិងធ្វើដង្វាយនៅគីរីបុរៈនេះ ហៅថា សិវបាទ (កម្រតេង ជគាត សិវបាទ)។  យើងមិនទាន់ដឹងច្បាស់ថា ពាក្យ សិវបាទនេះ ជាឈ្មោះរបស់ប្រាសាទនេះដែរ​ ឬត្រឹមជាឈ្មោះរបស់ទេពដែលគេតម្កល់នៅទីនោះ។ ពាក្យសិវបាទនេះមានច្រើននៅក្នុងសិលាចារឹកដទៃទៀត ហើយត្រូវបានស្នើរឡើងដំបូងដោយលោកសឺដេសថា ពាក្យសិវបាទដែលរកឃើញក្នុងសិលាចារឹកទាំងប៉ុន្មាន ប្រហែលជាឈ្មោះប្រាសាទភ្នំសណ្តក (កំពង់ធំ)។ អ្នកស្រី ពៅ សាវរស់បានលើកឡើងថា ពាក្យសិវបាទ

អាចជាឈ្មោះទីកន្លែងផ្សេងគ្នា។ ថ្មីៗនេះ លោក វង់ សុធារ៉ា បានសិក្សាពីសិលាចារឹកប្រាសាទភ្នំព្រះនេត្រព្រះនេះ ហើយបានបកស្រាយថា សិវបាទ គឺជាឈ្មោះប្រាសាទភ្នំព្រះនេត្រព្រះនេះ។

យ៉ាងណាមិញ ចំនុចនេះយើងនិងលើកមកវែកញែកក្នុងអត្ថបទក្រោយ ស្តីអំពីនាមស័ព្ឌ សិវបាទក្នុងសិលាចារឹកបុរាណខ្មែរ។

ជាសង្ខេប យើងអាចដឹងថា ប្រាសាទនេះជាប្រាសាទមួយដែលត្រូវបានកសាងឡើងដោយរាស្ត្រសាមញ្ញ (លោញ អប) និងគ្រួសាររបស់គាត់ គឺមិនមែនដោយមន្ត្រីធំ ឬស្តេចទេ។ វាជាប្រាសាទមួយដែលមានសិលាចារឹកបញ្ជាក់យ៉ាងច្បាស់លាស់អំពីឆ្នាំនៃការសាងសង់ (៩៣៨គ.ស) និងការសាងសង់បន្ត។ ប៉ុន្តែការងារសាងសង់នេះមិនត្រូវបានបញ្ចប់ជាស្ថាពរទេ។ ក្រោយមកទៀត មន្ត្រីដែលស្ថិតនៅក្រោមព្រះបាទជ័យវីរវរ្ម័នបានមកទូលសុំ និងធ្វើដង្វាយផ្សេងៗ មានទាំងមនុស្ស ដីស្រែ និងវត្ថុដល់អាស្រមនេះ។

អត្ថបទដោយ៖ សុខ កែវ សុវណ្ណារ៉ា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!