“Prasat Ambeng Nom”, Located in Prich village, Sakream commune, Balang district, Kampong Thom province, Prasat Ambeng Nom seems did not catches very much attention from tourist and also European scholars. It has 3 brick shrines on a laterite flat form which are in line face to the east, surrounded by a moat and two ponds at the north. Concerned with the name Ambeng, it is not certain whether related to the local legend about a requesting of utensils or the name of grass. However, the most important thing about this temple is about two fragments of inscription and the architectural structure of the temple. The inscription might be dated to the 11th century, mentions a family who had to work from the reign of King Rejendravarman until the KingJayavarman. Also, illustrates many quarrels includes very interesting physical punishments. Besides, the Buddhist pantheon Lokesvara and Buddha have also mentioned. However, based on the structure and architectural elements, Prasat Ambeng Nom might be built in the reign of King Rajendravarman, 10th century, and Pre Rup style. Therefore, the temple was built before the installation of the inscription and the original deity is unknown.
ប្រាសាទអំបែងនំ មានទីតាំងស្ថិតនៅភូមិព្រិច ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដែលមានចម្ងាយប្រមាណ ៨០គីឡូម៉ែត្រខាងជើងទីរួមខេត្តកំពង់ធំ និងស្ថិតនៅភាគឦសានទីប្រជុំជនឃុំសាគ្រាមប្រមាណ ៤គីឡូម៉ែត្រ។ ទីតាំងនេះ ស្ថិតនៅមិនឆ្ងាយពីតំបន់ប្រាសាទបាកាណ ក្នុងទឹកដីស្រុកសង្គមថ្មី ខេត្តព្រះវិហារប៉ុន្មានឡើយ ពោល គឺមានន័យថា បើតំបន់បាកាណ ជាក្រុងដ៏សំខាន់មួយនៅសម័យអង្គរ ទីតាំងប្រាសាទអំបែងនំក៏អាចជាសហគមន៍មនុស្សធំមួយគ្រាន់បើដែរ។ ដ្បិត នៅម្តុំប្រាសាទអំបែងនំ មានប្រាសាទបុរាណយ៉ាងតិចក៏ជាង ១០កន្លែង ដែលប្រាសាទទាំងនោះមានអាយុកាលនៅរវាងស.វ.ទី១០-១១។
ប្រាសាទអំបែងនំ ហាក់ស្ថិតនៅឆ្ងាយពីក្រសែភ្នែកអ្នកស្រាវជ្រាវមកពីតំបន់អឺរ៉ុប ដ្បិតនៅមុនស.វ.ទី២១ ពុំធ្លាប់មានអ្នកស្រាវជ្រាវណាបានសិក្សាអំពីប្រាសាទនេះឡើយ ដែលអាចមកពីទីតាំងនេះនៅឆ្ងាយពីទីប្រជុំជនពេក ហើយជាតំបន់ព្រៃក្រាស់ និងត្រូវធ្វើដំណើរដោយជិះទូកឆ្លងស្ទឹងមួយ ព្រោះទីតាំងនេះពុំមានស្ពាន។ ប៉ុន្តែ មកដល់ឆ្នាំ២០០៨ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សហការជាមួយសាលាបារាំងចុងបូព៌ាប្រទេសបានចុះបញ្ជីប្រាសាទនេះ ក្នុងសៀវភៅបញ្ជីសារពើភណ្ឌស្ថានីយបុរាណវិទ្យានៅខេត្តកំពង់ធំ។
បើស្តាប់ឮឈ្មោះប្រាសាទថា “អំបែងនំ” ហាក់ដូចជាចម្លែកបន្តិច ដ្បិតនៅទូទាំងប្រទេសកម្ពុជាមិនធ្លាប់មានប្រាសាទណាមួយមានឈ្មោះបែបនេះឡើយ។ អ្នកភូមិមួយចំនួនដែលរស់នៅក្បែរៗប្រាសាទរៀបរាប់ថា “កាលពីមុនមក គេហៅប្រាសាទនេះថា ប្រាសាទអំបែង ហើយក្រោយមកក៏គេហៅថា អំបែងនំ ដ្បិតគាត់យល់ថា ប្រាសាទនេះជាប់ទាក់ទងនឹងជំនឿនៃការបន់ស្រន់សុំអំបែងចាន ឬអំបែងឆ្នាំង….”។ តាមការរៀបរាប់នេះ យើងពិបាកនឹងជឿថាប្រភពនៃឈ្មោះប្រាសាទនេះកើតឡើងពីរឿងនេះណាស់ ដ្បិតយើងគប្បីដឹងថា ការបង្កើតជាស្ថាននាមអ្វីមួយនៅក្នុងផ្នត់គំនិតមនុស្សខ្មែរ គេច្រើនតែផ្តោតទៅលើបរិស្ថានទូទៅនៅទីនោះស្រាប់ដូចជា រុក្ខនាម សត្វនាម …..។ យើងគិតថា ឈ្មោះ “អំបែងនំ” នេះអាចចេញពីប្រភពអ្វីមួយផ្សេងដែលយើងមិនដឹង។ ឧទាហរណ៍ថា កាលពីមុនមកគេឃើញថ្មបញ្ចុះនៅទីនោះ ដែលមានចោះរន្ធជុំវិញក្នុងនិម្មិតរូបនៃទេពក្នុងព្រហ្មញ្ញសាសនា តែអ្នកស្រុកមិនស្គាល់ក៏អាចហៅថ្មនោះថា “អំបែង” បានដែរ។ ជួនកាលទៀត គេឃើញស្នាមអ្វីមួយរាងដូចរន្ធមូលៗនៅជាប់នឹងប្រាសាទ ដូចស្នាមនៅប្រាសាទស្រីគ្រប់ល័ក្ខណក្នុងតំបន់ប្រាសាទសំបូរព្រៃគុក ក៏គេអាចហៅថា “អំបែង” ក៏មាន ឬអាចឃើញអ្វីផ្សេងពីនោះដែលមានសណ្ឋានជារន្ធមូលៗដូចអំបែង។ បើគិតទៅវាប្រៀបដូចជានៅប្រាសាទភ្នំស្រះខ្ចៅដែរ ពោល គេហៅថាស្រះខ្ចៅមិនមែនសំដៅលើប្រាសាទទេ គឺគេសំដៅលើថ្មនៅជុំវិញស្រះដែលមានចម្ងាយប្រមាណ៤០០ម៉ែត្រពីប្រាសាទដែលមានរាងវិលវង់ដូចគូទខ្ចៅ ក៏គេហៅស្រះនោះថា “ស្រះខ្ចៅ” តែគេបានច្នៃរឿងព្រេងទៅជា មានព្រះមហាក្សត្រចិញ្ចឹមសត្វខ្ចៅនៅក្នុងស្រះទៅវិញ។ អ្វីដែលគួរចាប់អារម្មណ៍មួយទៀត គឺនៅឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ មានទួលបុរាណមួយឈ្មោះថា “ស្បូវអំបែង”។ ករណីនេះ ពាក្យ “អំបែង” អាចជាប្រភេទមួយនៃស្បូវក៏ថាបាន ពោល គឺអាចជាឈ្មោះរុក្ខនាមដែរ។
បើក្រឡេកមើលវចនានុក្រមខ្មែរវិញ “អំបែង” មានថ្នាក់ពាក្យជានាមសព្ទដែលមានន័យថា បន្ទះបំណែកនៃក្អម ឆ្នាំង ចានជាដើម (អំបែងក្អម អំបែងចាន) និងន័យមួយទៀតថា គឺក្អមដីឬឆ្នាំងដីដែលគោះចោះត្រង់ក្អេងម្ខាងឲ្យមានចន្លោះធំល្មមដល់ការសម្រាប់លីងអ្វីៗ (ឧទា. លីងពោតពីរបីអំបែង)។ នៅក្នុងសិលាចារឹកបុរាណខ្មែរ ក៏មានកត់ត្រាពាក្យ “អំបែង” ដែរ តែគេសំណេរដែលកត់ត្រាជា “អំបេង” ដ្បិតនៅសម័យបុរាណមិនមានប្រើស្រៈ “ែ” ដូចសព្វថ្ងៃនេះឡើយ។ ប៉ុន្តែ ន័យរបស់ពាក្យនេះនៅក្នុងសិលាចារឹកភាគច្រើនជាឈ្មោះរបស់មនុស្ស។ ឧទាហរណ៍ សិលាចារឹកប្រាសាទកំផុស ខេត្តព្រះវិហារ ចុះបញ្ជីលេខ K.669 មានរៀបរាប់អំពីនារីម្នាក់ឈ្មោះថា “អំបេង”, សិលាចារឹកភ្នំបាសិត ខេត្តកណ្តាល K.78 រៀបរាប់ពីបុរសម្នាក់ឈ្មោះ “អំបេង” ដូចគ្នា។
ប្រាសាទអំបែងនំ កសាងឡើងអំពីឥដ្ឋ មានតួប៉មបីរត់ជួរគ្នាពីជើងទៅត្បូង បែរមុខទៅទិសខាងកើត សាងនៅលើខឿនថ្មបាយក្រៀមខ្ពស់ផុតពីដី មានកសិន្ធុទឹកព័ទ្ធជុំវិញ ផ្លូវចូលពីទិសខាងកើត និងមានស្រះចំនួនពីរនៅខាងជើង ។ តួប៉មកណ្តាលនៅមានរូបរាងល្អច្រើន តែតួប៉មពីរទៀតនៅអមសងខាងបានបាក់បែកផ្នែកដំបូល នៅសល់ត្រឹមតែកំណាត់ដំបូលចុះមកក្រោម។ តួប៉មទាំងបីនេះ មានទ្វារចូលពីទិសខាងកើត ហើយទិសបីផ្សេងទៀតគេមានលម្អជាទ្វារបញ្ឆោត។ ការលម្អនៅលើតួប៉មប្រាសាទទាំងបីនេះ មានលក្ខណៈដូចគ្នានឹងគុកលិចឬប្រាសាទត្នោតជុំខាងលិចនៅក្នុងស្រុកបារាយណ៍ស្ទើរទាំងស្រុង ពោល គឺគេតម្រៀបឥដ្ឋជាថ្នាក់ៗស្តួចទៅលើ ហើយក្នុងថ្នាក់នីមួយៗបង្ហាញជាក្បាច់ទ្វារបញ្ឆោតគ្រប់ជាន់។
ដោយឡែក ក្បាច់លម្អស្ថាបត្យកម្មដែលធ្វើអំពីថ្មភក់នៅប្រាសាទនេះ ពុំសូវមាននៅសល់ច្រើនដូចប្រាសាទផ្សេងៗទេ ពោល ក្រៅអំពីស៊ុមទ្វារប្រាសាទ យើងឃើញមានតែជើងទម្របដិមាមួយ និងបំណែកសសរពេជ្ររាងប្រាំបីជ្រុងមួយប៉ុណ្ណោះ (រូបទី៩-១០)។ សសរពេជ្រនេះ បាក់បែកនៅសល់កំណាត់ខ្លីប្រវែង ២០ស.ម.ប៉ុណ្ណោះ ដែលលម្អដោយក្បាច់ត្របកឈូក និងក្បាច់អង្គរ ក្នុងទម្រង់សិល្បៈរចនាបថប្រែរូប ឬបន្ទាយស្រីនាស.វ.ទី១០(រូបទី១១)។
នៅប្រាសាទអំបែងនំ គេធ្លាប់រកឃើញគោលចារឹកមួយផ្ទាំងដែលបាក់បែកជាពីរកំណាត់។ គេបានយកគោលចារឹកនេះទៅរក្សាទុកនៅវត្តក្រយា ហើយក្រោយមកនៅឆ្នាំ២០១៥ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ធំ បានយកសិលាចារឹកនេះមកតភ្ជាប់គ្នាវិញនិងរក្សាទុកនៅសារមន្ទីរខេត្តកំពង់ធំ។ អក្សរចារឹកនេះ គេចារឹកនៅលើគោលសីមាដែលមើលទៅដូចផ្កាឈូក ជាពីរផ្នែក ហើយចារឹកជាភាសាខ្មែរបុរាណ។ ផ្ទាំងទី១ មានចារឹកចំនួន ២៨ បន្ទាត់ តែដើមៗវគ្គនៃបន្ទាត់នីមួយៗមានរលុបអក្សរច្រើន និងផ្ទាំងទី២ មានចារឹកចំនួន ៤៤ បន្ទាត់ ហើយមិនសូវមានរលុបអក្សរដូចផ្ទាំងទី១ទេ។ អក្សរចារឹកនេះ រៀបរាប់អំពីពូជពង្សមន្រ្តីម្នាក់ដែលធ្លាប់បានបម្រើរាជការតាំងពីរជ្ជកាលព្រះបាទរាជេន្រ្ទវរ្ម័នរហូតដល់រាជ្យព្រះបាទជ័យវីរវរ្ម័ន ពោល គឺរៀបរាប់អំពីរឿងជម្លោះជាច្រើនករណី ជាពិសេសគឺជម្លោះដីធ្លីរបស់បូជនីយដ្ឋានសាសនា។ ដើម្បីដោះស្រាយជម្លោះទាំងនេះ ព្រះមហាក្សត្រអង្គនីមួយៗ បានចេញព្រះរាជបញ្ជាប្រើមន្រ្តីមានតួនាទីប្រធានតុលាការចុះទៅកាត់ក្តីផ្ទាល់។ ចំណុចគួរកត់សម្គាល់នោះគឺ ព្រះរាជាទ្រង់បង្គាប់ឲ្យប្រើទណ្ឌកម្មដល់អ្នកដែលចាញ់ក្តី ដូចជា វះមាត់ ទះកំផ្លៀង កាត់ដៃ កាត់ជើង បោះដែកក្តៅលើខ្លួន ។ល។ សិលាចារឹកនេះទំនងចារឹកឡើងនៅក្នុងរជ្ជកាលរបស់ព្រះបាទជ័យវីរវរ្ម័ន ដើមស.វ.ទី១១ (គ.ស.១០០១-១០០៦ ឬ១០១០) ប៉ុន្តែបានរំឭកព្រឹត្តិការណ៍ចាស់ៗកន្លងមក។ ទិន្នន័យ អក្សរចារឹកនេះក៏បាននាំឲ្យយើងដឹងអំពីអាទិទេពដែលគេបានកសាងមាន ព្រះកម្រតេងអញលោកេសូរ និងព្រះកម្រតេងអញតថាគត ។ ប៉ុន្តែ យើងមិនដឹងថា តើអាទិទេពដែលរៀបរាប់នេះដាក់នៅប្រាសាទនេះមែនឬមិនមែននោះទេ? ប្រសិនបើតម្កល់នៅប្រាសាទនេះមែន មានន័យថា ប្រាសាទអំបែងនំ គឺកសាងឡើងដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយាន និកាយវជ្រយាន។
ជារួមបើយើងពិនិត្យទៅលើស្ថាបត្យកម្មប្រាសាទ និងសិលាចារឹក គឺមិនស៊ីសង្វាក់គ្នានោះទេ ពោល គឺមានន័យថា ប្រាសាទអំបែងនំ កសាងឡើងនៅស.វ.ទី១០ នាចុងរចនាបថប្រែរូប ក្នុងរជ្ជកាលព្រះបាទរាជេន្រ្ទវរ្ម័ន (គ.ស.៩៤៤-៩៦៧) ប៉ុន្តែសិលាចារឹកវិញជាគោលចារឹកដែលគេយកទៅតម្កល់នៅសម័យក្រោយ គឺដើមស.វ.ទី១១ ក្នុងរជ្ជកាលព្រះបាទជ័យវីរវរ្ម័ន (គ.ស.១០០១-១០០៦ ឬ១០១០)។ ករណីនេះ គឺមានលក្ខណៈដូចនៅគុកលិចឬប្រាសាទត្នោតជុំខាងលិចស្រុកបារាយណ៍ដូច្នោះដែរ ពោល គឺប្រាសាទសាងនៅរជ្ជកាលព្រះបាទរាជេន្រ្ទវរ្ម័ន និងសិលាចារឹកគេយកទៅតម្កល់នៅរជ្ជកាលព្រះបាទជ័យវីរវរ្ម័នដូចគ្នា។ ប៉ុន្តែ ខុសត្រង់ថានៅគុកលិចឬប្រាសាទត្នោតជុំខាងលិច ពុំមែនរៀបរាប់អំពីជម្លោះ ឬការកាត់ក្តីអ្វីឡើយ គេរៀបរាប់អំពីការបោះបង្គោលព័ទ្ធយកដីព្រៃរំដេង ដែលជាដីទំនេរសម្រាប់សាងសង់ជាសាសនដ្ឋាន។
អត្ថបទដើម៖ លោក ម៉ង់ វ៉ាលី