ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ទី៥ ខែមីនា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ៧រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពស២៥៦៤
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងមុខរបររកស៊ីនឹងទទួលបានផលចំណេញ និងអាចសម្រេចផលបានយ៉ាងគាប់ចិត្ត។ ថ្ងៃនេះគំនិតយោបល់របស់អ្នកទទួលបានការយកចិត្តទុកដាក់ និងលើកតម្កើងខ្លាំងណាស់ ប៉ុន្តែសូមស្វែងរកឱកាសល្អដើម្បីធ្វើវា។ កុំនិយាយស្តីច្រើន ប្រសិនបើស្ថានការណ៍មិនអំណោយផល ហើយជៀសវាងលូកដៃក្នុងកិច្ចការដែលជាបន្ទុករបស់មិត្តរួមការងាររបស់អ្នក។ ដោយឡែក សូមប្រយ័ត្នក្នុងការចាយវាយ ដើម្បីកុំឲ្យមានហានិភ័យក្នុងផ្នែកសេដ្ឋកិច្ច។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លាភសំណាងជាប្រាក់កាសជាច្រើននឹងធ្លាក់ដល់ដៃលោកអ្នកដែលប្រកបអាជីវកម្ម ចំណែកអ្នកធ្វើការងាររដ្ឋឯកជននឹងបានសម្រេចគម្រោងការងារដែលបានដាក់ចេញ។ ទោះបីយ៉ាងនេះក្តី លោកអ្នកអាចជួបប្រទះនឹងបញ្ហាដែលនឹងកើតឡើងក្នុងរវាងមិត្តរួមក្រុម ដោយការយល់ច្រលំ ដូច្នេះសូមព្យាយាមធ្វើការងារឲ្យម៉ត់ចត់ និងដោះស្រាយបញ្ហាឲ្យបានឆាប់ជាការល្អ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ីជួញដូរ និងការងាររបស់លោកអ្នកនឹងទទួលបានភាពកាក់កបណាស់ ម្យ៉ាងទៀតអ្នកមានមនុស្សជុំវិញសុទ្ធតែជាមនុស្សដែលអាចពឹងពាក់បាន។ ថ្ងៃនេះលោកអ្នកអាចគិតគូរពីការផ្លាស់ប្តូរការងារ ឬចាប់យកកិច្ចការផ្សេងបានដោយទទួលបានជោគជ័យគួរជាទីមោទន ប៉ុន្តែលោកអ្នកមិនត្រូវឈានជើងដោយគ្មានគម្រោងផែនការលម្អិតក្នុងដៃនោះទេ។ កុំពាក់ព័ន្ធបញ្ហារបស់អ្នកដទៃ ហើយជៀសជម្លោះជាដាច់ខាតទោះតិចតួចក្តី។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកនឹងមានមនុស្សជាច្រើនចាំគាំទ្រ និងជួយយកអាសារក្នុងកិច្ចការងារនានា។ ថ្ងៃនេះមិនគួរប្រាស្រ័យកិច្ចការងារធំដុំជាមួយមនុស្សដែលអ្នកមិនសូវស្គាល់ ឬត្រូវបានគេណែនាំមកឲ្យនោះទេ។ ទន្ទឹមនឹងនោះដែរ សូមកុំទាន់សម្រេចចិត្តផ្លាស់ប្តូរកិច្ចការងារនៅពេលនេះ ព្រោះអ្វីៗមិនទាន់ប្រាកដទាំងស្រុងទេ។ អ្នកត្រូវការពេលបន្ថែមសម្រាប់កិច្ចការងារចាស់របស់អ្នក។ សូមមានក្តីមេត្តា អនុគ្រោះ និងរៀនសម្រេចចិត្តលើកិច្ចការងារដោយភាពឈ្លាសវែ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងរបររកស៊ីជួញដូរទទួលបានជោគជ័យយ៉ាងខ្លាំង ចំណែកភោគទ្រព្យហូរចូលផ្ទះមិនដាច់។ អ្នកអាចសម្រេចចិត្តធ្វើការងារសំខាន់បាន ព្រោះពាក្យសំដីអ្នកនឹងមានអ្នកជឿទុកចិត្តជាច្រើន។ កុំខ្លាចក្នុងការសាកល្បងបណ្តាក់ទុន ឬជ្រើសរើសមុខតំណែងថ្មី ព្រោះឱកាសទទួលបានជោគជ័យមានពេញលេញក្នុងថ្ងៃនេះ។ លើសពីនេះសូមយកចិត្តទុកដាក់ក្នុងការសម្អិតសម្អាងខ្លួន ដើម្បីលោកអ្នកអាចមានលទ្ធភាពធ្វើទំនាក់ទំនងក្នុងមុខរបរកាន់តែប្រសើរ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបរអាជីវកម្ម និងកិច្ចការដែលអ្នកកំពុងធ្វើនឹងមានតែភាពចម្រើនលូតលាស់ណាស់ ចំណែកប្រាក់កាសក៏ហូរចូលមិនដាច់។ ថ្ងៃនេះគ្មានអ្វីអាចបង្អាក់មុខរបរការងារ និងអាជីវកម្មរបស់លោកអ្នកបានឡើយ។ បើអ្នកសម្រេចចិត្តបង្កើតមុខរបរការងារថ្មី ឬធ្វើការបណ្តាក់ទុន សូមកុំភ័យខ្លាច និងបារម្ភអ្វីឡើយព្រោះនឹងអាចសម្រេចទៅដោយជោគជ័យ។ សូមមានចិត្តសណ្តោសប្រណី ដល់មនុស្សទន់ខ្សោយ ពិសេសត្រូវយកចិត្តទុកដាក់លើទំនាក់ទំនងជាមួយមនុស្សក្នុងក្រុមការងារ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរបស់លោកអ្នកប្រព្រឹត្តិទៅដោយរលូន និងគ្មានហេតុជំទាស់ឡើយ។ ប៉ុន្តែសូមផ្អាកការផ្លាស់ប្តូរសិនទើបជាការប្រសើរជាង។ កំហុសតិចតួចអាចកើតឡើង ប៉ុន្តែសូមដោះស្រាយដោយសន្តិវិធី និងយោគយល់។ ថ្ងៃនេះលោកអ្នកមានលទ្ធភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងពត៌មាន និងស្ថានការណ៍ ដូច្នេះរាល់ផលលំបាកនានាដែលនឹងកើតមាន គឺលោកអ្នកអាចដោះស្រាយបាន។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ អ្នកប្រកបការងារនឹងទទួលបានផលសម្រេចក្នុងគម្រោងដែលបានដាក់ចេញ ហើយឳកាសសម្រាប់មុខតំណែងគឺវិជ្ជមាន។ ចំណែកអ្នកប្រកបអាជីវកម្មនឹងទទួលបានការគាំទ្រពីអតិថិជនល្អៗ និងផលចំណេញយ៉ាងច្រើន។ ទោះបីយ៉ាងនេះក្តី លោកអ្នកអាចជួបប្រទះនឹងបញ្ហា ឬផលរំខានខ្លះៗ ប៉ុន្តែសូមកុំមានការភ័យខ្លាច ព្រោះលោកអ្នកអាចដោះស្រាយបានដោយជោគជ័យ។ ក្នុងថ្ងៃនេះ ជាទូទៅលោកអ្នកអាចកំណត់ដឹងនូវចំណុចអវិជ្ជមានរបស់ខ្លួន។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលយ៉ាងល្អប្រសើរណាស់ទាក់ទងនឹងលុយកាក់ ដូច្នេះលោកអ្នកជាអាជីវករនឹងទទួលបានផលចំណេញយ៉ាងពេញចិត្ត។ ដោយឡែកមន្ត្រីរាជការ និងបុគ្គលិកការងារឯកជនក៏មិនចាញ់អ្នករកស៊ីប៉ុន្មានដែរ ព្រោះការងាររបស់អ្នកនឹងទទួលបានជោគជ័យ ហើយមុខតំណែងការងារក៏ស្ថិតក្នុងផ្លូវវិជ្ជមានផងដែរ។ ប៉ុន្តែសូមចងចាំថា កុំបន្ធូរដៃក្នុងការប្រឹងប្រែងឲ្យសោះ។ ទន្ទឹមនឹងនេះ សូមយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងការសម្តែងចេញរបស់អ្នកទៅមជ្ឈដ្ឋានខាងក្រៅ។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបរអាជីវកម្ម និងការងារនានារបស់លោកអ្នកនឹងអាចសម្រេចផលបានជាទីគាប់ចិត្ត។ សូមកុំមានចិត្តស្ទាក់ស្ទើរ ចូរចាប់យកឳកាសនានាដែលមាននៅក្នុងថ្ងៃនេះ។ សូមធ្វើទំនាក់ទំនងជាមួយមនុស្សទាំងឡាយនៅជុំវិញខ្លួនអ្នក ប៉ុន្តែសូមជឿទុកចិត្ត និងយកយោបល់របស់ពួកគេដោយការពិចារណាខ្ពស់។ ចូរត្រៀមខ្លួនទប់ស្កាត់នឹងបញ្ហាតូចតាចនានាដែលនាំកង្វល់ដល់ជីវិតអ្នក ដោះស្រាយឲ្យបានឆាប់ ហើយមិនត្រូវមានការភ័យខ្លាចឡើយ។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកល្អជាមធ្យម។ លោកអ្នកដែលប្រកបរបរជួញដូរនឹងទទួលបានកម្រៃចំណេញទ្វេរគុណ។ សម្រាប់បុគ្គលិកកម្មករនឹងទទួលបានឳកាសការងារដ៏ប្រសើរជាងមុន ព្រមទាំងបានទទួលការគាំទ្រយ៉ាងខ្លាំង។ ចូរប្រុងប្រយ័ត្នពាក្យសំដី អាកប្បកិរិយាច្រងេងច្រងាង ការមើលងាយស្ថានការណ៍ និងកុំទាក់ទងការងារធំដុំជាមួយមនុស្សដែលអ្នកមិនសូវស្គាល់ច្បាស់។ លើសពីនេះសូមកុំទាន់សម្រេចចិត្តធ្វើការងារថ្មី រងចាំឳកាសបន្តិចទៀតសិន ពីព្រោះភាពអវិជ្ជមានស្ថិតក្នុងខ្សែបណ្តោយផ្លូវរបស់អ្នក។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ ។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ លាភសំណាង និងមុខតំណែងការងារនឹងទទួលបានដំណឹងនៅថ្ងៃនេះ ប៉ុន្តែសូមប្រយ័ត្នពាក្យសំដី។ លោកអ្នកគួរធ្វើទំនាក់ទំនងល្អឲ្យបានច្រើនជាមួយថ្នាក់លើ និងមិត្តរួមការងារ។ កុំខ្លាចក្នុងការពិភាក្សា និងបញ្ចេញគំនិតយល់ឃើញរបស់អ្នក។ សូមព្យាយាមគ្រប់គ្រងគំនិតយោបល់វិជ្ជមានគ្រប់ហេតុការណ៍ទាំងអស់ បើអ្នកអាចធ្វើបានលោកអ្នកនឹងអាចដោះស្រាយបញ្ហាដោយងាយ។ លោកអ្នកមិនគួរជឿទុកចិត្តមនុស្សដោយងាយៗនោះទេ។
រៀបរៀងដោយ៖ កញ្ញា មាស សុភាព