ទំព័រដើមប្រវត្តិសាស្ត្រឈ្វែងយល់ខ្លះៗអំពីរាជធានីសម័យអង្គរ គ.ស៨០២ដល់១៤៣១ (ភាគ១)

ឈ្វែងយល់ខ្លះៗអំពីរាជធានីសម័យអង្គរ គ.ស៨០២ដល់១៤៣១ (ភាគ១)

“Understanding the city in Angkor period”, Angkor period was running from 802-1431AD and it had 4 main cities, Mahendraparvata, Hariharalaya, Yashodharapura and Chok Gargyar. However, Yashodharapura was again back as the city after Chok Gargyar. Furthermore, the Angkor period was ruled by many Kings. Thus, it is significant to understand the element and the concept of the city.

Mahendraparvata is the name of the mountain (Kulen Mountain), which the city of King Jayavarman II was set. Significantly, there is a temple name Prasat Krous Aram Rong Chin established as a coroneted temple for the King in the centre. Continuously, Bakong temple at Hariharalaya, Prasat Phnom Bakheng at Yashodharapura, Prasat Thom at Chok Gargyar, and Phimean Akas at Yashodharapura was also built for the same purpose. Besides, the city housed a significant number of temples dedicated to God (religion) and ancestor. 

By the time, the complexity of the city has changed, includes the purpose and aesthetic. For instance, after returned to Yashodharapura from Chok Gorgyar, King Rajendravarman II did not build the religious and ancestor temple, but rebuilt broken structures and built defensive structures with concerning of aesthetic. Another important King is Jayavarman VII. His city was more organized in the plan, concluding water structures, residents and temples.

As part of the important concern, the study could become a guide for further study.

ការផ្លាស់ប្តូរសម័យកាល និងការស្ថាបនាទីក្រុងដំបូងៗនៃសម័យអង្គរ គឺចាប់ផ្តើមឡើងដោយព្រះបាទជ័យវរ្ម័នទី២ (គ.ស៨០២ដល់ គ.ស៨៣៦) ដោយមានការតាំងរាជធានីជាច្រើននៅត្រើយខាងជើងឈៀងខាងលិចបឹងទន្លេសាប។ គេអាចដឹងតាមរយៈសិលាចារឹកថា​ ព្រះបាទជ័យវរ្ម័នទី២បានស្ថាបនារាជធានីសំខាន់មួយនៅលើខ្នងភ្នំឈ្មោះ មហេន្ទ្របវ៌ត (ភ្នំគូលេន) និងតំបន់មួយទៀតដែលលោកសឺដេសគិតថា ជាកន្លែងដែលព្រះអង្គគង់នៅ២ដង និងសុគត គឺហរិហរាល័យ (តំបន់រលួស សៀមរាប)។ ការគង់នៅតំបន់ហរិហរាល័យ គឺបានបន្តរហូតដល់ស្តេច២អង្គទៀត គឺព្រះបាទជ័យវរ្ម័នទី៣ គ.ស៨៣៤ដល់៨៧៧ (បុត្រារបស់ជ័យវរ្ម័នទី២) និងព្រះបាទឥន្ទ្រវរ្ម័នទី១ គ.ស៨៧ ដល់៨៨៩ (ក្មួយខាងប្រពន្ធរបស់ព្រះបាទជ័យវរ្ម័នទី២)។ ក្នុងតំបន់ហរិហរាល័យនេះ មានប្រាសាទបែបសាសនានិងបុព្វការីជនមួយចំនួន ហើយទីតាំងដែលគេគិតថាអាចជារាជវាំងនោះ គឺស្ថិតនៅក្នុងបរិវេណកំពែងរបស់ប្រាសាទព្រៃមន្ទីរ (ពាក្យមន្ទីរនេះមានន័យថារាជវាំង)។ ក្រោយមកបុត្រារបស់ព្រះបាទឥន្ទ្រវរ្ម័នទី១ ព្រះនាម យសោវរ្ម័នទី១ (គ.ស៨៨៩ដល់៩១០) បានផ្លាស់ប្តូរទីតាំងរាជធានីពីហរិហរាល័យ ទៅយសោធរបុរៈ ដោយមានផ្ចិតកណ្តាលហៅថា យសោធរបវ៌ត ឬយសោធរគីរី (ភ្នំបាខែង)។ ឈ្មោះរាជធានី យសោធរបុរៈ នេះត្រូវបានប្រើប្រាស់ និងគោរពដោយស្តេចក្រោយមកទៀតរហូតដល់សម័យអាណាចក្រអង្គរបានបញ្ចប់ ដោយការផ្លាស់ប្តូររាជធានីមកតំបន់ខាងត្បូងបឹងទន្លេសាបវិញ (ស្រីសន្ធរ លង្វែក ឧត្តុង្គ និងចតុមុខ)។

ក្នុងសម័យអាណាចក្រអង្គរ មានព្រឹត្តិការណ៍មួយដែលគួរឱ្យកត់សម្គាល់ គឺការផ្លាស់ប្តូរ និងបោះបង់ចោលរាជធានីយសោធរបុរៈដោយព្រះបាទជ័យវរ្ម័នទី៤ (គ.ស៩២៨ដល់៩៤៤) ទៅតំបន់ខាងជើងភ្នំគូលេន មានឈ្មោះថា​ ឆោកគគ្យរ/ឆោកគគីរ (កោះកេរ)។ ក្រោយពីការចូលទីវង្គត់របស់ព្រះបាទជ័យវរ្ម័នទី៤ រាជធានីឆោកគគ្យរត្រូវបានបោះបង់ ដោយសារព្រះបាទរាជេន្ទ្រវរ្ម័នទី២ (គ.ស៩៤៤ដល់៩៦៨) ជាកូនដើមរបស់មហេសីព្រះ បាទជ័យវរ្ម័នទី៤ បានយាងត្រឡប់មកតាំងរាជធានីនៅយសោធរបុរៈវិញ។​ តាមសិលាចារឹកមួយចំនួនបានបង្ហាញថា ព្រះបាទរាជេន្ទ្រវរ្ម័នបានស្តារឡើងវិញនូវរាជធានីហេដ្ឋារចនាសម្ព័ន្ធនានារបស់យសោធរបុរៈដែលបានកក់ស្ទះ ហួតហែង ស្ទើក្លាយជាវាលហស្ថាន។ នៅពេលនោះព្រះអង្គបានអោយគេស្ថាបនារាជវាំងថ្មី១នៅខាងជើងយសោធរគីរី ដែលស្ថិតនៅក្នុងរាជធានីយសោធរបុរៈដដែល ដែលរាជវាំងនោះអាចមានឈ្មោះថា ចតុទ្វារ ដែលមានបង្ហាញភាគច្រើនក្នុងសិលាចារឹកសតវត្សទី១១។ នេះមានន័យថា ព្រះអង្គបានគោរពយ៉ាងស្មោះស្ម័គដល់កិត្តិនាមព្រះបាទយសោវរ្ម័ន និងរាជធានីដំបូងរបស់ព្រះអង្គ ដោយពុំបានកែប្រែឈ្មោះថ្មីរបស់រាជវាំងតាមព្រះនាមរបស់ព្រះអង្គឡើយ។ ប៉ុន្តែបើយើងសិក្សាលើសិលាចារឹកមួយចំនួនក្នុងសតវត្សទី៩-១០ បង្ហាញថា ព្រះបាទយសោវរ្ម័នទី១ ហាក់បីដូចជាបានស្ថាបនារាជវាំងមួយរួចហើយនៅតំបន់ជុំវិញរាជវាំងអង្គរធំ ព្រោះមានមន្ត្រីមួយចំនួនបានចារសិលាចារឹកនិយាយអំពីការធ្វើអំណោយដល់ទីប្រាសាទនៅក្នុងយសោធរបុរៈ។ ក្រោយមក ទើបមានការរៀបចំឡើងវិញ និងសាងសង់បន្ថែម ឬរៀបចំឡើងវិញនូវរាជវាំងដែលកសាងដោយព្រះបាទយសោវរ្ម័នទី១។

អ្នកស្រាវជ្រាវភាគច្រើនគិតថា ព្រះបាទរាជេន្ទ្រវរ្ម័នទី២បានកសាងកំពែងរាជធានីថ្មីដោយកាត់ផ្នែកខ្លះរបស់កំពែងរាជធានីយសោធរបុរៈ។ យោងតាមសិលាចារឹកដែលហៅថាចតុទ្វារ រាជធានីថ្មី និងរាជវាំងថ្មីនេះអាចមានច្រកទ្វារចំនួន៤។ ការកសាងឬរៀបចំក្រុងអាចមិនទាក់ទងនិងសាសនាប៉ុន្មានទេ គឺភាគច្រើនទាក់ទងទៅ និងសោភ័ណភាព និងកិច្ចការពារ។ ចំណុចនេះវាខុសពីការរៀបចំរចនាសម្ព័ន្ធប្រាសាទដែលឧទ្ទិសដល់ទេព ឬទស្សនៈបុគ្គល។   ប៉ុន្តែអ្វីដែលចាំបាច់នោះគឺការរៀបចំកន្លែងធ្វើពិធីសាសនាដ៏សំខាន់មួយ សម្រាប់អភិសេកព្រះអង្គម្ចាស់អោយក្លាយទៅជាស្តេចនៃមនុស្ស និងជាស្តេចនៃទេពដែលគេអាចដឹងតាមរយៈសិលចារឹកហៅថា ពិធី កម្រតេង ជគត ត រាជ ឬលទ្ធិទេវរាជ។ សំណង់បែបនេះ យើងឃើញមានដំបូងនៅរាជធានីមហេន្ទ្របរ៌ត គឺប្រាសាទគ្រួសអារាមរោងចិន(ក្នុងរាជព្រះបាទជ័យវរ្ម័នទី២) បន្ទាប់មក គឺអាចប្រាសាទបាគង (រាជ្យព្រះបាទឥន្ទ្រវរ្ម័នទី១) ប្រាសាទភ្នំបាខែង (រាជ្យព្រះបាទយសោវរ្ម័នទី១) ប្រាសាទធំ កោះកេរ (រាជ្យព្រះបាទជ័យវរ្ម័នទី៤) ប្រាសាទភិមានអាកាស (រាជ្យព្រះបាទរាជន្ទ្រវរ្ម័នទី២ រហូតដល់ឧទ័យទិត្យវរ្ម័នទី២)។ ការរៀបចំប្រាសាទបែបនេះ គឺជាប្រាសាទដែលនៅចំកណ្តាលក្រុង ឬផ្ចិតនៃរាជធានី ជាពិសេសនោះ គឺជាប្រាសាទតំណាងឱ្យរាជ្យ។

ការកសាងទីក្រុងយសោធរបុរៈដំបូងដោយព្រះបាទយសោវរ្ម័នទី១ មានប្រាសាទភ្នំបាខែង ជាចំណុចកណ្តាល ហៅព្រះអង្គបានហៅភ្នំនោះថា វ្នំកន្តាលដែលលោក Victor Goloubew ដើមឡើយបានគិតថាជាប្រាសាទបាយ័ន្ត។ ប៉ុន្តែចំពោះ ទីតាំងព្រះរាជវាំងរបស់ព្រះអង្គ នៅមិនទាន់មានការស្រាវជ្រាវឱ្យបានច្បាស់នៅឡើយទេ។ វាអាចស្ថិតនៅភាគខាងជើងនៃភ្នំបាខែង ឬក៏ផ្នែកខ្លះក្នុងក្រុងអង្គរធំ។ ក្រោយការយាង   ត្រឡប់ពីកោះកេរមកវិញ ព្រះបាទរាជ្ទ្រវរ្ម័នទី២ បានសាងរាជវាំងនៅខាងជើង ដោយឈរត្រង់ជាមួយនិងប្រាសាទមេបុណ្យខាងកើតតាមអ័ក្សលិចកើត។ រាជវាំងចតុទ្វារជាទីតាំងសំខាន់ ហើយស្ទើគ្រប់ស្តេចដែលសោយរាជ្យតែងគង់នៅទីនោះ ទើបរចនាសម្ព័ន្ធមួយចំនួនត្រូវបានកែប្រែ និងបន្ថែម ធ្វើឱ្យពិបាកយល់ និងសន្និដ្ឋានអំពីទម្រង់ដើម។ រចនាសម្ព័ន្ធចុងក្រោយបង្អស់ដែលយើងអាចមើលឃើញសព្វថ្ងៃនៃទីក្រុង គឺរាជធានីអង្គរធំក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ (គ.ស១១៨១ដល់១២២០)។

ព្រះបាទជ័យវរ្ម័នទី៧ ដើមឡើយជាស្តេចកាន់ហិណ្ឌូសាសនា បានកែប្រែខ្លួនជាពុទ្ធសាសនិកយ៉ាងខ្ជាប់ខ្ជួន ដោយមានការជួយជ្រំជ្រែង ពីមហេសីបានស្ថាបនាសំណង់ផ្សេងៗផ្សារភ្ជាប់រវាងពុទ្ធសាសនា និងហិណ្ឌូសាសនា។ ព្រះអង្គបានរៀបចំទីក្រុងឱ្យមានរូបរាងច្បាស់លាស់ ដោយការកសាងកំពែងថ្មបាយក្រៀមនិងថ្មភក់យ៉ាងរឹងមាំ មានបរិមាត្រ៩គីឡូម៉ែត្រ (៣គ.មបួនជ្រុង) និងក្លោងទ្វារចំនួន៥។ ក្នុងការកែប្រែទីក្រុងថ្មីនេះ ព្រះអង្គពុំបានយកប្រាសាទភិមានអាកាសជាផ្ចិតកណ្តាលទេ គឺព្រះអង្គបានកសាងប្រាសាទមួយទៀត (អាចកសាងនៅលើប្រាសាទចាស់) គឺប្រាសាទបាយ័ន្ត ស្ថិតនៅចំនុចកណ្តាល ឆ្លុះគ្នានិងក្លោងទ្វារ៤ ជើង (ទ្វារដីឆ្នាំង)ត្បូង (ទ្វារទន្លេអុំ) លិច (ទ្វារតាកាវ) និងកើត (ទ្វារខ្មោច)។ ក្លោងទ្វារ១ទៀត គឺឋិតនៅលើអ័ក្សលិចកើតជាមួយប្រាសាទភិមានអាកាស ដែលអាចជាក្លោងទ្វារចាស់តាំងពីសម័យរាជវាំងចតុទ្វារ គេហៅថា ទ្វារជ័យ។ តាមការស្រាវជ្រាវរបស់លោក Gaucher បានរកឃើញថា ក្រុងអង្គរធំត្រូវបានរៀបចំឱហតមានរបៀប ដូចក្រឡាចត្រង្គ (ស្ទើដូចគ្នានិងរាជធានីចិនបុរាណ) ដោយមានប្រព័ន្ធប្រឡាយទឹក ឬអូរ និងទំនប់ខ្ពស់ដែលមានសំណង់ផ្ទះ និងប្រាសាទផងដែរ។ ព្រះបាទជ័យវរ្ម័នទី៧បានរៀបចំក្រុងអង្គរធំជារាជធានីសំខាន់ និងរឹងមាំដើម្បីការពារពីសត្រូវ។ ប៉ុន្តែព្រះអង្គបានកសាងប្រាសាទមួយនៅខាងជើងក្រុងនេះ ជាកន្លែងដែលព្រះអង្គទទួលបានជ័យជំនះលើទ័ពចាមចុងក្រោយ គឺប្រាសាទព្រះខ័(ឈ្មោះបច្ចុប្បន្ន) ដោយហៅក្រុងថ្មីរបស់ព្រះអង្គថា នគរជ័យស្រី។ ក្រៅពីរាជធានី យសោធរបុរៈ និងក្រុងអង្គរធំ (មិនដឹងឈ្មោះដើម តែអ្នកស្រាវជ្រាវភាគច្រើនហៅថា យសោធរបុរៈទី៥) និងនគរជ័យស្រី មានប្រាសាទមួយចំនួនទៀតដែលមានឈ្មោះហាក់បីដូចជាក្រុងស្វ័យតមួយ ដូចជាអនិន្ទិតបុរៈ (ប្រាសាទអកយំ) ជាក្រុងមុនសម័យអង្គរ កបិលបុរៈ (ប្រាសាទកបិលបូរ) និងទ្វិជេន្ទ្របុរៈ (ប្រាសាទព្រះឥន្ទ្រកោសីយ) ជាដើម។

អត្ថបទនេះ គ្រាន់តែជាសេចក្តីសង្ខេបអំពីការកកើតទីក្រុងឬរាជធានីដំបូងនាដើមសម័យអង្គរ និងការផ្លាស់ប្តូរទីតាំងរាជធានីថ្មីៗ ក្នុងសម័យអាណាចក្រអង្គរ។ អត្ថបទក្រោយនឹងលើកយកបង្ហាញលម្អិតអំពីទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធក្នុងនីមួយៗ។

អត្ថបទដើម៖ លោក សុខ កែវសុវណ្ណារ៉ា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!