ហោរាសាស្រ្តប្រចាំ ថ្ងៃអាទិត្យ ទី៧ ខែមីនា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ៩រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពស២៥៦៤
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ អ្នកមានឳកាសច្រើនដើម្បីទទួលផលល្អពីការងារ និងមុខជំនួញ ដូច្នេះសូមមានភាពរហ័សរហួន កុំឲ្យឳកាសល្អសម្រាប់ការងាររបស់អ្នកកន្លងផុតទៅ។ សូមជៀសវាងការជជែកវែកញែក ឬសូម្បីទទួលការណែនាំពីមនុស្សនៅជុំវិញខ្លួនក្នុងពេលនេះប្រសិនបើអ្នកគ្មានទំនុកចិត្ត ពីព្រោះហេតុការណ៍នានាអាចកើតឡើងដោយមិនមានការគ្រោងទុក។ ប្រសិនបើអ្នកខ្លាចការលួចបន្លំ ឬនិយាយពាក្យបញ្ចើចបញ្ចើរ សូមរក្សាភាពស្ងប់ស្ងៀម និងគួរចំណាយពេលវេលាគិតគូរឲ្យបានម៉ត់ចត់។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរអាជីវកម្ម និងកិច្ចការងារនានារបស់អ្នកដំណើរការទៅដោយរលូន និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មនុស្សជុំវិញខ្លួន។ ក៏ប៉ុន្តែសូមរក្សាការងារចាស់ដែលអ្នកកំពុងដំណើរការសិន ពីព្រោះការងារថ្មីមិនទាន់អាចកំណត់ទិសដៅបានច្បាស់លាស់នៅឡើយ។ ប្រសិនបើអ្នកសម្រេចចិត្តចាក់ចេញ នោះលោកអ្នកត្រូវត្រៀមគម្រោងផែនការឲ្យបានល្អិតល្អន់ ដោយរួមទាំងវិធីសាស្រ្តដោះស្រាយបញ្ហាផងដែរ។ សូមរក្សាទំនាក់ទំនងល្អជានិច្ច ដើម្បីរក្សាតុល្យភាពកិច្ចការងាររបស់អ្នក។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារនានារបស់លោកអ្នកនឹងទទួលបានជោគជ័យយ៉ាងគាប់ចិត្ត ដូច្នេះសូមកុំមានការភ័យខ្លាច សូមសម្រេចចិត្តធ្វើអ្វីដែលអ្នកបានគ្រោងទុក។ ក៏ប៉ុន្តែសូមលោកអ្នកកុំធ្វើការផ្លាស់ប្តូរអ្វីឡើយ ប្រសិនបើអ្នកមិនមានគម្រោងច្បាស់លាស់ ឬមិនទុកចិត្ត។ ចំពោះសញ្ញាណហិរញ្ញវត្ថុ គឺស្ថិតនៅលើគន្លងផ្លូវរបស់អ្នក ដូច្នេះអ្នកអាចនឹងទទួលបានប្រាក់កាសជាច្រើននៅក្នុងអនាគតដ៏ខ្លីនេះ។ បន្ថែមពីនេះទៀត ប្រសិនបើអ្នកទទួលបានឳកាស ដើម្បីកែប្រែកំហុសពីអតីត ចូរធ្វើវាភ្លាម។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ការងារ និងរបរអាជីវកម្មរបស់លោកអ្នក ហាក់មិនសមប្រកបដូចការប៉ងប្រាថ្នា ឬទុនដែលអ្នកបោះចេញនោះទេ។ ក៏ប៉ុន្តែសូមកុំទាន់បាក់ទឹកចិត្ត ប្រសិនបើអ្វីដែលអ្នកកំពុងរំពឹងទុកមិនឆ្លើយតបតាមបំណងប្រាថ្នា ព្យាយាម និងចំណាយពេលវេលាបន្ថែមបន្តិចទៀតសិន។ លោកអ្នកគួរគិតគូររកច្រកថ្មី សំលឹងមើលបញ្ហា និងដោះស្រាយដោយភាពឆ្លាតវៃ។ អ្នកអាចទទួលគំនិតយោបល់នានាបាន តែត្រូវគិតគូរឲ្យបានវែងឆ្ងាយមុនសម្រេចជឿជាក់។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការងារ និងអាជីវកម្មមានសកម្មភាពមមាញឹក និងទទួលបានផលជាទីគាប់ចិត្ត។ ពេលវេលាសំណាងរបស់អ្នកមានពេញមួយថ្ងៃ ប៉ុន្តែសំណាងនេះទាក់ទងនឹងទង្វើនៃការឆ្លើយតបរបស់អ្នកចំពោះស្ថានភាពដែលនឹងអាចកើតឡើង។ ហេតុដូច្នេះសូមរក្សាចិត្តគំនិត ការឆ្លើយតបរបស់អ្នកគួរតែត្រូវចំណាយពេលគិតឲ្យម៉ត់ចត់។ សូមកុំចាប់យកការងារច្រើនពេកក្នុងពេលតែមួយ ដាក់ចោលការងារខ្លះទើបប្រសើរ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារនានារបស់លោកអ្នក ដំណើរការទៅយ៉ាងល្អប្រសើរណាស់ ព្រមទាំងគ្មានផលរំខានអ្វីនោះឡើយ។ ដូច្នេះសូមលោកអ្នកប្រើប្រាស់ឳកាសនេះទាញយកផលឲ្យបានល្អបំផុត។ លោកអ្នកក៏អាចទទួលដំណឹងចំពោះការធ្វើដំណើរទស្សនកិច្ច និងការពិភាក្សាលើការងារធំផងដែរក្នុងរយៈពេលនេះ ដូច្នេះសូមត្រៀមគម្រោងការ។ ចំពោះកាលទេសខ្លះ ដែលអ្នកទទួលអារម្មណ៍ពិបាកក្នុងការដោះស្រាយលើមុខរបរការងារ ចូរកុំភ្លេចសុំជំនួយពីមនុស្សអ្នកទុកចិត្ត។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានារបស់អ្នកដំណើរការទៅដោយភាពជោគជ័យ និងគ្មានផលរំខានអ្វីគួរឲ្យកត់សម្គាល់នោះទេ។ លោកអ្នកក៏អាចទទួលបានដំណឹងល្អចំពោះការងារដែលបានខំប្រឹងប្រែងកន្លងមកដែរ។ នៅវេលានេះ បើអ្នកគិតចង់ធ្វើអ្វីមួយ សូមកុំស្ទាក់ស្ទើរ ឆ្ពោះទៅមុខជាដរាបទោះក្នុងកាលទេសណាក៏ដោយ។ សម្រាប់អ្នករកស៊ីជួញដូរ ចូរប្រយ័ត្នពាក្យសំដីបន្តិច។ រក្សាខ្លួន និងគំនិតប្រាជ្ញា កុំចំណាយទៅលើការងារដែលមិនសូវសក្តិសមនឹងអ្នក ឬដែលអ្នកមិនប្រាកដ។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ អ្នកមានថាមពលខ្ពស់ដើម្បីធ្វើកិច្ចការផ្សេងៗដោយទំនុកចិត្ត និងបញ្ឈប់បញ្ហាគ្រប់យ៉ាង ដែលអាចកើតមានក្នុងពេលនេះ។ ក្រៅពីនេះ ដោយយោងទៅលើលទ្ធភាពនៃគំនិតយោបល់ល្អ ដែលអ្នកមានក្នុងពេលនេះ គឺលោកអ្នកអាចនឹងដោះស្រាយរឿងធំតូចដែលបានកើតឡើងដោយជោគជ័យ។ ចំពោះផ្នែកហិរញ្ញវត្ថុវិញ លោកអ្នកកំពុងតែកាន់សញ្ញាណទ្រព្យមហាសាលនៅក្នុងដៃ ដូច្នេះសូមធ្វើយ៉ាងណាកុំឲ្យឳកាសបាត់បង់ដោយងាយ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងែនេះស្រុតចុះ។ កិច្ចការងារ និងអាជីវកម្មរបស់អ្នកហាក់ប្រទះនឹងភាព រអាក់រអួលដោយមិនរំពឹងទុក។ ចំណែកបញ្ហាតូចតាចជាច្រើនអាចនឹងកើតឡើង ដែលបណ្តាលឲ្យលទ្ធផលនៃកិច្ចការរបស់អ្នកមិនអាចទទួលផលធំដុំនាពេលនេះ។ សូមយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងស្ថានការណ៍។ ជាពិសេសសម្រាប់អ្នកប្រកបការងាររាជការ ត្រូវប្រយ័ត្នប្រយែងក្នុងការគ្រប់គ្រងទិដ្ឋភាពការងារ និងទំនាក់ទំនងក្នុងការិយាល័យ។ ប្រសិន បើអាចគួរចែករំលែកការទទួលខុសត្រូវខ្លះទៅមិត្តរួមការងាររបស់អ្នក។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីថ្ងៃនេះផ្សារភ្ជាប់ទៅនឹងព្រឹត្តិការណ៍ជោគជ័យដែលគួរឲ្យចាប់អារម្មណ៍។ អ្នកនឹងទទួលអារម្មណ៍រីករាយ ចំពោះការផ្លាស់ប្តូរល្អៗក្នុងជីវិតនាពេលនេះ។ ចូរដើរឆ្ពោះទៅរកគោលដៅ ដែលអ្នកបានគ្រោងទុក ពីព្រោះការងារនោះ ជាការងារដែលអាចទទួលផលយ៉ាងប្រសើរ។ ក៏ប៉ុន្តែសូមកុំទុកចិត្តនឹងអារម្មណ៍ខ្លួនជ្រុលហួសពេក។ ចូរចងចាំថា ការពិភាក្សាផ្តោះប្តូរគំនិតយោបល់នៅក្នុងក្រុម ឬជាមួយដៃគូជំនួញអាចជួយបញ្ជៀសពីបញ្ហា និងការខាត់បង់។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ចូរប្រយ័ត្នប្រយែងគ្រប់ទិដ្ឋភាពការងារ និងទំនាក់ទំនងជាមួយសមាជិកក្នុងក្រុមការងារទាំងមូល។ ជាពិសេស សម្រាប់អាជីវករ ចូររក្សាភាពទន់ភ្លន់ រស់រាយរាក់ទាក់ ព្រមទាំងអនុគ្រោះផងដែរ។ ប្រសិនបើអ្នកអាចធ្វើបាន នោះរឿងធំនឹងក្លាយជារឿងតូចដែលមិនធ្វើឲ្យប៉ះពាល់ដល់ទិន្នផលការងារធ្ងនធ្ងរ។ ប្រសិនបើលោកអ្នកមានអារម្មណ៍ធុញទ្រាន់ចំពោះការងារដែលកំពុងមានក្នុងដៃ សូមដកឃ្លាចេញបន្តិច ហើយពិនិត្យរកភាពខ្វះចន្លោះ។ ដោយឡែកការផ្លាស់ប្តូរការងារ គឺទាន់អាចធ្វើទៅបានទេ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះប្រសិនបើអ្នកប្តេជ្ញាចិត្តធ្វើអ្វីមួយ ចូរកុំស្ទាក់ស្ទើរ ព្រោះលោកអ្នកនឹងទទួលជោគជ័យយ៉ាងល្អប្រសើរណាស់។ ថ្ងៃនេះមានអំណោយផលដល់កិច្ចការជាក្រុម ដូច្នេះសូមយកចិត្តទុកដាក់គំនិតយោបល់របស់មិត្តរួមការងារ ឬដៃគូអាជីវកម្ម។ ទោះបីយ៉ាងនោះក្តី អ្នកអាចទទួលអារម្មណ៍ខកចិត្តតិចតួច ប៉ុន្តែសូមកកុំបាក់ទឹកចិត្ត ព្រោះនេះជាស្ថានភាពដែលអាចកែប្រែបានតាមរយៈគម្រោងផែនការលំអិត និងឥរិយាបថនៃការសម្តែងចេញ។
រៀបរៀងដោយ៖ កញ្ញា មាស សុភាព