ប្រុងពលី

“ប្រុងពលី”​ ជាកិច្ចមួយដ៏សំខាន់ដែលខ្មែរតែងតែរៀបចំធ្វើដំបូងគេនៅគ្រប់ពិធីធំៗនៅក្នុងជំនឿ​ និងទំនៀមទម្លាប់ខ្មែរ។  “ប្រុង”​ មានន័យដូចនឹង​ “រៀបចំ” ដែរ​  ឧទាហរណ៍អ្នកស្រុកនៅអង្គរច្រើននិយាយ​ “ប្រុងម៉ោងប៉ុន្មាន? (រៀបចំធ្វើម៉ោងប៉ុន្មាន? )”​ រីឯ​ “ពលី”​  មានន័យថា​ “ការបូជា,​ ពលិកម្ម​”​ និយាយឲ្យងាយយល់​ គឺយើងត្រូវខាតបង់អ្វីមួយដើម្បីទៅដល់ទិសដៅថ្មីមួយ​។

ធម្មតាកិច្ចនេះ​ដែលត្រឹមត្រូវពិតប្រាកដនោះ​ គឺរៀបចំនៅចន្លោះពេលថ្ងៃ​ និងយប់ ​(ព្រលប់)​ ប៉ុន្តែដោយសារកិច្ចរៀបចំពេលយប់​ ងងឹត​ពិបាក​ (ជាពិសេសអ្នកស្រុកខាងជើង, អ្នកអង្គរ)​ រៀបចំនៅចុងរសៀល​ (ខ្ទង់ម៉ោងបួនរសៀល)​។ មូលហេតុដែលត្រូវរៀបចំនៅជិតយប់​ ពីព្រោះកិច្ចនេះ​ គឺសំដៅលើ​និមិត្តរូប​ “បូជាមនុស្ស”។  តាមធម្មតាគេសម្លាប់ស្រី​ ពីព្រោះស្រីមាន​អំណាចអស្ចារ្យ​ម្យ៉ាងនៅក្នុងខ្លួន។  ពេលខ្លះគេកប់មនុស្សស្រី​  ជាពិសេសស្រីដែលមានផ្ទៃពោះ​ ។ ប៉ុន្តែវាគ្រាន់តែជានិមិត្តរូប​ប៉ុណ្ណោះ​ ពេលដែលរៀបកិច្ច​ គេចេះតែនិយាយឧបកិច្ចថាដូច្នោះ​ ។

បើពិធីណាដែលធំ​ មានទង់​ (កិច្ចលើកទង់)​។  កិច្ចប្រុងពលី​ និងលើកទង់​មានទំនាក់ទំនងគ្នា​ មានន័យថា​ “ស្លាប់”​ និង​ “រស់”​ ពោលគឺមួយទៅលើ​ និងមួយខាងទៅក្រោម។  ទង់គេដាក់នៅទិសឦសាន​ គេមិនកប់ទៅក្នុងដីទេ​ ដាក់ឲ្យផុតពីដី​ សំដៅទៅលើ។  បើបុណ្យសព​គេមានដាក់ទង់​  ពីព្រោះចង់ឲ្យអ្នកដែលស្លាប់​បានទៅលើ។  ធម្មតា​ពេលដែលលើកទង់​ គេឆាកហូរខ្លាំងៗណាស់​ ជួនកាលមានបាញ់ជាកាំជ្រួចផង​ (មែនទែនការបាញ់កាំជ្រួច​ គឺសម្រាប់បុណ្យសពលោកសង្ឃដែលល្បី​ធំៗ)។ បើនិយាយឲ្យវែងឆ្ងាយបន្តិច​ ប្រុងពលីមានស្រទាប់ជំនឿបី​ គឺ​ជំនឿជីវចល​ ព្រះពុទ្ធសាសនា​ និងព្រហ្មញ្ញសាសនា។

ដើមឡើយកិច្ចប្រុងពលីនេះ​ ពិតប្រាកដ​ គឺទាក់ទងនឹងជំនឿខ្មែរ​ដែលអ្នកស្រាវជ្រាវហៅ​ថា​ “ជំនឿជីវចល”។ ប៉ុន្តែសព្វថ្ងៃ​ ហេតុដូចម្ដេចបានជាក្លាយទៅជា​ “ក្រុងពាលី​” ជាពិសេសអ្នកខាងត្បូង​។ និយាយនេះពុំមែនថាអ្នកខាងត្បូងខុសទេ មកពីអាចារ្យមិនយល់ច្បាស់អំពីកិច្ចពិធី ​ហៅ​ “ក្រុងពាលី”​ ដូច្នោះ ទៅអ្នកធម្មតាក៏ចេះតែហៅ​ ក្រុងពាលីតាមដូច្នោះទៅ (តាមខ្ញុំដឹងមានវត្តនៅម្ដុំភ្នំពេញ អាចារ្យ និងព្រះសង្ឃ ហៅ “ប្រុងពលី” ដែរ។

“ក្រុង”​ មានន័យថា​ “ស្ដេច”​ (ឧ.​ ព្រះចៅក្រុងកម្ពុជា)​ រីឯ​ “ពាលី”​ គឺទាក់ទងនឹងរឿងទេពកថាព្រហ្មញ្ញសាសនា​ ដែលព្រះនារាយណ៍ដើរបីជំហ៊ានរំលងភពទាំងបី​។  ទេពកថានោះមានយក្សមួយឈ្មោះ​ “ពាលី”​ ដើរអួតក្អេងក្អាង​ ថាខ្លួនខ្លាំង​  ដល់ភ្នាល់ចាញ់ព្រះនារាយណ៍ទៅ​ អត់ដីនៅ​ ព្រះនារាយណ៍ក៏ឲ្យទៅនៅក្រោមដី​មិនឲ្យនៅជាមួយគេឯង​ ព្រោះយក្សនោះខូចពេក។ យក្សក្អេងក្អាងនេះមិនល្អ​ ចុះហេតុអ្វីត្រូវលើកដម្កើង​ ដល់ទៅរៀបពិធី​ ហើយចាំបាច់ទៅស្នើសុំធ្វើអ្វី? ស្រទាប់មួយទៀតទាក់ទងនឹង​ព្រះពុទ្ធសាសនា។ ស្រទាប់ព្រះពុទ្ធសាសនា​ គឺ “នាងគង្ហីង”​។ នាងគង្ហីង​ គឺជាដី​ តែមិនមែនជាទេពថែរក្សាដីទេ​ គ្រាន់តែគេធ្វើជារូបតំណាងឲ្យទៅជារូបរាងមនុស្ស។ ក្នុងស្រទាប់ជំនឿទាំងបីនេះ​ បញ្ជាក់ម្ដងទៀត​ គឺការដែលធ្វើទាក់ទងនឹង​ “ការបូជា​ ពលិកម្ម”​ ក្នុងជំនឿជីវចលនេះឯង​ដែលត្រឹមត្រូវ ។

អត្ថបទដើម៖ លោក ញឹម សុធាវិន្ទ

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!