ទំព័រដើមនិទានកថាគ្រូបង្រៀនស្រុកស្រែ (ភាគទី៣)

គ្រូបង្រៀនស្រុកស្រែ (ភាគទី៣)

(៤.កាត់វាលស្រែពេលយប់)

         ក្រោយពេលប្រជុំគ្នាបានមួយថ្ងៃ នៅពេលយប់ងងឹតមើលគ្នាមិនស្គាល់ លោកគ្រូម៉េងបានជូនបងហមទៅផ្ទះអាចារ្យសម នៅខាងលិចដើមពោធិ។ ផ្តាំផ្ញើសព្វគ្រប់រួចកាលណាលោកគ្រូម៉េងត្រឡប់មកវិញ។ ឯចំណែកបងហម អាចារ្យសមក៏បានបណ្តើរគ្នាចេញ ទៅទៀត អ្នកថ្មើរជើង ទាំងពីរនាក់ដើរយ៉ាងលឿនមិនបានផ្លាស់ប្តូរសំដីរកគ្នាទេ។ គាត់ដើរឲ្យឆាប់ដល់ ដើម្បីឲ្យផុតពីមុខប៉ូលីស ឲ្យឆាប់ឃ្លាតឆ្ងាយពីផ្លូវថ្នល់។ កន្លះម៉ោងក្រោយគាត់ទៅដល់ភូមិប្រាសាទ។ ចេញផុតធ្លាក្រោយភូមិជិតដើមចំបក់ គាត់ឃើញស្រមោលមនុស្សមួយស្ទុងបានដើរចេះទៅ។ បងហមទុចអង្គុយក្រាបចុះ។ អាចារ្យសមបានដើរទៅទៀត។ ជិតដល់ស្រមោលនោះគាត់ក្អកគ្រហែមស្រែកហៅថា

អាដែងអើយមកទៅផ្ទះ យប់ងងឹតណាស់ កុំនៅយូរពេក។

ស្រមោលមនុស្សស្ទុយបានទុច ហើយស្រែកឆ្លើយថា យីលោកពូទេ អញ្ជើញទៅណា?

អញស្មានតែខ្មោចលង។ ខំសូត្រគាថាមួយចប់ទៅហើយ មិនដឹងជាខ្មោចអន្ទិតឡឹងសោះ។ ម៉េចទៅណាទាំងយប់ដូចនេះ? ទៅភូមិអូរប្ញស្សី ទៅសួរបងខ្ញុំឆ្លងទន្លេ…

បងអន្ទិតឡឹងណាមួយ? បងឡេងណា វាបានកូនស្រី រឺប្រុស?

ក្រៅពីការប្រជុំគ្នានៅផ្សារ គេបានឆ្លៀតទៅសួរសុខទុក្ខមិត្តនៅភូមិឃុំ។ គេសួរដំណឹងពីភូមិដើមប្ញស្សី។ គេជិះកង់ទៅលេងគរ គេទៅជួបនឹងបងសែមនៅភូមិជើង។ គេសួរដំណឹងពីនាយអេង គេនឹកអនុស្សាវរីយ៍ពីគ្រូម៉ៅ។ គេចង់ទៅកំពង់ គេចង់ទៅពាម គេចង់ទៅភូមិពូសម។ គេចង់ធ្វើគ្រប់…តែពេលចូលរៀនជិតមកដល់។ លោកគ្រូច័ន្ទក៏លាន់មាត់ថា មិនទាន់បានអីផង ដល់ពេលទៅវិញហើយ។

         លោកគ្រូម៉េងឃើញថ្ងៃបែកគ្នាជិតមកដល់ បានស្នើបងហមឲ្យរៀបចំផ្ទះលាមិត្តដែលត្រូវទៅ។ បងហមបានពឹងអាចិកគ្រុយ ជាអ្នកដៃស្រស់ខាងគុយទាវគោ នៅក្បែរម៉ាស៊ីនស្រូវមុខផ្ទះគាត់ អាចិកគ្រុយបានកាប់មាន់ កាប់ទាយកមកឲ្យនិយាយប៉ៃឡាំសើចលេងថា អញឡឹងហើយពួកអាបងហមឯងនេះឡូចតែអញអីចឹង។ អញក្រ អញចូលចិត្តតែអាណាជួយ អ្នកក្រឡូចស្រុកចិនឥលូវ…។

         ពេលបាយ ផ្តាច់វ៉ាកងគេជួបជុំគ្នាដប់នាក់។ លោកគ្រូវ៉ាត លោកគ្រូរ៉េត បានមកតាំងពីកំពង់។ លោកគ្រូសេនបានមកពីពាម។ គេចំអែចំអន់គ្នាលេង។ គេសរសើរពីសម្លគេថាបើតែឆ្ងាញ់យ៉ាងនេះមកទៀតហើយ។ គេថាលោកគ្រូវ៉ាតពូកែលាងចាន…។

         រួចបាយគេក៏បាននិយាយពីការដែលគេបាននជួបប្រទះនៅក្រោយពេលបែកគ្នាប៉ុន្មានខែមុន។ លោកគ្រូថាន់បានដំអូញមុនថា

ពិបាកណាស់ស្រុកចំការនោះ។ ខ្ញុំទ្រាំមិនបានទេ។ ឆ្នាំក្រោយសូមរត់ហើយ ថាម៉េចក៏ថាចុះពិបាកណាស់។ តាំងពីផ្លាស់ទៅ ខ្ញុំចាយលុយអស់សន្ធឹក។

តុងទីនមួយក្បាល អស់រលីង មិនដឹងបានអ្វី…។ ម៉ែអាថាមិនស្រួល អាកូនតូចឈឺជាប់…។

ចំណែកខ្ញុំក៏ជាប់ណាស់ដែរ។ ប្រាក់ខែលែងគ្រប់តែម្តង លោកគ្រូច័ន្ទបានកាត់។ ឯងនៅឯមេឃ ឯដី ឯណា ឯនោះ ឯកូនប្រពន្ធនៅនេះ។ គេទៅភងមិនបាន ផ្ទះពីរខ្ចីគេចាយរាល់ខែ និយាយពីយ៉ាប់លែងនិយាយខ្ញុំមិនដែលចេញស្តីប្រាប់នរណាទេរឿងនេះ…។

ស្តាប់ឮដូចនេះ លោកគ្រូម៉េងបានកាត់

មិនមែនតែលោកគ្រូឯងទេ ដែលវេទនា។ គ្រប់គ្រូតូចតាចស្រទាប់ក្រោមវេទនាដូចគ្នា។ លោកគ្រូហេង អ្នកគ្រូម៉ន បន្លាស់លោកគ្រូក៏វេទនាណាស់ដែរ។ អ្នកគ្រូម៉នត្រូវផ្លាស់មកទីនេះ ឃ្លាតពីឪពុកម្តាយចាស់ៗ នៅឯភ្នំពេញឯណោះ។ ឯចំណែកលោកគ្រូៗ ដែលនៅមិនមែនស្រួលដែរ។ យើងតឹងទ្រូងជាប់។ ដូចលោកគ្រូ ជ្រាបហើយ មិនចាំបាច់រាប់រៀបឲ្យវែងឆ្ងាយទេ…។ លោកគ្រូដឹងហើយជួបប្រទះហើយ…។​ ខ្ញុំជៀសធ្វើនាម៉ឺន តុលាការ បាល័ដ្ឋ ព្រោះខ្ជិលអែបអប ខ្ជិលសូក ដល់មកធ្វើជាគ្រូនៅតែឮសំនូក នៅតែជួបរបៀបលុតក្រាប។  ឳកាសណាទៅយើងនឹងបានផុតការសំលុតទៀត…។ តើធ្វើដូចម្តេចទៅ?

គិតមួយស្របក់លោកគ្រូច័ន្ទ បានឲ្យយោបល់

យើងខំពង្រីកសមាគមសាលារៀន​ ខំច្រាកលុយ ខំឡើងប្រក់សាលា​ តើយើងធ្វើដើម្បីផ្គាប់ផ្គុននរណា?  យើងដេឡបានស្ម័ក្រចិត្តរួមគ្នាចាយកំលាំងកាយ កំលាំងប្រាក់ដូចនេះមិនមែនដើម្បីបុណ្យសក្តិ ដើម្បីតំរូវចិត្តលោកនោះក៏ទេដែរ គឺយើងធ្វើដើម្បីកូននប្រជាជន ដើម្បីប្រឆាំងនឹងអវិជ្ជា។ ការយើងធ្វើនេះបានផលជាក់ស្តែងទេ? មិនបានដូជបំណងយើងទាំងអស់ពិតមែន តែសាលាដែលទ្រេតទ្រោតធ្លុះធ្លាយ យើងបានទ្រទល់តំរង់ យើងបានប្រក់ជួសជុល យើងបានទាំងបង្កើតថ្នាក់ពីរថែមទៀត បើឲ្យកុមារាកុមារី តូចៗបានរៀនជា១០០នាក់ផង។ ចំពោះការយើងធ្វើនេះ តើប្រជាជនខឹងនឹងយើងទេ? ប្រជាជនស្រឡាញ់យើងជួយយើងពេញទីមានពូសាន ជាដើមបានទាំងខំធ្វើពាក្យទៅសូមគ្រូពីកំពង់ពីភ្នំពេញរដ្ឋសភាទៀតផង។ ម្យ៉ាងទៀតកាលពីដើមឆ្នាំចូលរៀនមុននេះ អ្នកស្រុកម៉ាស៊ីនស្រូវជួយការពារយើងពេញទី…។ គេទាំងបានផ្តិតមេដៃ ធ្វើញាត្តិទាមទារកុំឲ្យមិត្តយើងខ្លះផ្លាស់ចេញពីស្រុកយើងនេះផង តែបំណងប្រជាជនមិនសំរេច គឺមកពីមិនទាន់មានកំលាំងគ្រប់គ្រាន់ធ្វើឲ្យស្តាប់យើង។ ក្នុងភូមិ ក្នុងឃុំ ក្នុងស្រុក ក្នុងខេត្ត ក្នុងប្រទេស ក្នុងលោក កំលាំងដែលធំជាងគេ គឺកំលាំងសាមគ្គី។ យើងគ្រូស្រទាប់ក្រោមតូចតាច ដែលវេទនាត្រូវចេះរកសាមគ្គីចងបាច់គ្នានៅគ្រប់ ឃុំគ្រប់ស្រុក ឡើងផ្តុំគ្នា ធ្វើជាសមាគមគ្រូដើម្បីឈានទៅធ្វើសហពន្ធសមាគមគ្រូខ្មែរ នៅប្រទេសយើងទាំងមូល។ យើងត្រូវចេះរួបរួមជាមួយអ្នកស្រុក ម៉ែឪសិស្ស រិះរករបៀបបង្រៀនក្មេងឲ្យឆាប់ចេះ ហើយអប់រំវាឲ្យបានជាមនុស្សមួយល្អ ខ្ពើមអំពើអយុត្តិធម៌ ឲ្យចេះស្រលាញ់ការហត្ថកម្ម ពលកម្ម។ យើងត្រូវឆ្លៀតប្រជុំគ្នាតែក្បួនខ្នាត ជាភាសាជាតិយើងឲ្យសិស្ស ឲ្យម៉ែសិស្ស។ យើងមិនត្រូវគិតខុស ដេកចាំសៀវភៅបារាំងពីប៉ារីស ពីព្រៃនគរ ពីលោកនេះ លោកនោះ រឺពីជំនួយអាមេរិកាំងទេ។ យើងត្រូវយល់ឲ្យជាក់ថា មានតែគ្រូចេះផ្តុំគ្នាទេ ដែលអាចកែប្រែការរៀនសូត្រទៅតាមស្រុកឯករាជ្យ។ ដោយហេតុនេះហើយបានជាខ្ញុំមិនសូវគិតពីរឿងផ្លាស់ទៅណាសោះ តាមតែគេដាក់ចុះ តែលាក់បាំងអ្វី ពិបាកតែដឹកអីវ៉ាន់ចុះឡើងរើម្តងៗ ខាតមិនតិចទេ។ កុំអីខ្ញុំរវល់ទោម្និញទេ គេដាក់ភូមិណាដាក់ចុះ។ តាំងពីចូលកងមក ខ្ញុំបានបង្រៀនក្មេងវិញ ហើយខ្ញុំបានឆ្លៀតប្រែសៀវភៅបានពីរក្បាលដែរ។ ខ្ញុំគិតថាដល់ចុងឆ្នាំ១៩៥៦នេះ រកខ្ចីលុយគេបោះផ្សាយហើយ។ បងហមបានស្តាប់លោកគ្រូច័ន្ទ គ្មានប្រែប្រួល។ គាត់ចេះតែងក់ក្បាលថា ត្រូវហើយៗ គាត់បានកាត់ថាៈ

         ពិរោះមែន ត្រូវមែន ម្ល៉ឹងហើយនៅតែខ្ទាតបានទៀត។ ណេះយកតែមួយកែវពិសារលោកចាងហ្វាង។

         លោកគ្រូច័ន្ទបានយកតែលាងបំពង់ក មើលជុំវិញឃើញលោកគ្រូថាន់ដេកគងថ្ងាស់។ រួចគាត់បានតទៀតថាៈ

មានតែសាមគ្គីផ្តុំគ្នាដូចបានស្តីរួចមកហើយនេះទេ ដែលអាចឲ្យយើងរួចពីក្តីទុក្ខសព្វថ្ងៃ។ ខ្ញុំគ្មានឃើញអ្វីទៀតទេ មើលលោកគ្រូរ៉េតមានអ្វីថែមទៀតទេ…។ ខ្ញុគិតដូចតែលោកគ្រូអីចឹង “លោកគ្រូរ៉េតឆ្លើយ” តែការអនុវត្តឲ្យបានដូចជាពិបាកនៅកំពង់ តាំងពីខ្ញុំទៅបង្រៀនប៉ុន្មានខែនេះ ឃើញគ្រូខ្លះនៅជាប់របៀបបុរាណ ច្រើនហើយហ៊ានបង្អាក់ខ្ញុំកុំឲ្យខ្នះខ្នែងពេក ម៉ាៗ យកតែប្រាក់ខែបានហើយ។

ចំណែកខ្ញុំវិញឃើញគ្រូច្រើនបានចំរើន “លោកគ្រូច័ន្ទកាត់” កាលខ្ញុំទៅកំពង់ស្ពឺ ឆ្នាំទៅធ្វើមេប្រយោគប្រលងវិញ្ញាបនបត្រ ខ្ញុំបានជួបគ្រូ៤-៥នាក់ មកពីក្រចេះ ពីកំពត ពីសៀមរាប ពីព្រៃវែង ពីតាខ្មៅ។ យើងបានជជែកគ្នាសុទ្ធតែមានយោបល់ដូចគ្នាទាំងអស់។ គ្រូខ្លះបានសន្យាថា ត្រលប់ទៅកន្លែងខ្លួនវិញ គិតគូប្រជុំគ្នា ធ្វើសមាគមសរសេរសៀវភៅ។

         ខាងពាមក៏យើងគិតដែរ “លោកគ្រូសេនបានកាត់” តែអ្នកបានស្រួលខ្លួនមិនសូវរវល់ទេ។ ហេតុនេះហើយ បានជាខ្ញុំច្រើនរត់មកជាមួយលោកគ្រូម៉េងវិញ។

លោកគ្រូម៉េងបានឆ្លើយៈ

នៅស្រុកម៉ាស៊ីនស្រូវ ឥលូវមានគ្រូជិត១០០នាក់។ យើងមានគំនិតដូចគ្នាក្នុងការបង្កើតបណ្ណាល័យមួយវិញសៀវភៅឲ្យប្រជាជនខ្ចី។ យើងសង្ឃឹមថា មិនជាយូរប៉ុន្មានទេ យើងមុខជាផ្តុំគ្នាធ្វើផ្នែកសមាគមគ្រូបាន…។

         យប់កាន់តែជ្រៅ វោហារកាន់តែខ្សោយ។ ខ្លះដេកគងថ្ងាស ខ្លះស្ងាប។ ឃើញដូចនេះលោគ្រូម៉េងបានបញ្ចប់ថាៈ ការជួបជុំនេះមិនឥតប្រយោជន៍ទេ យើងបានផ្លាស់ប្តូរគំនិតគ្នាងហើយបានមូលមតិគ្នាស្ទើរទាំងស្រុង។ យើងត្រូវខំកែប្រែការរៀនសូត្រយើង…។ បន្ទាប់មកលោកគ្រូមួយម្តងៗ បានចេញ ខ្លះជិះកង់ ខ្លះដើរទៅផ្ទះតែរៀងខ្លួន ឯចំណែកលោកគ្រូរ៉េតមិនបានទៅវិញទេ គាត់នៅសំណាក់យប់នេះ ជាមួយបងហម។

(សូមរងចាំតាមដាន រឿង គ្រូបង្រៀនស្រុកស្រែ ភាគទី៤ នៅសប្តាហ៍ក្រោយ)

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!