ទំព័រដើមប្រវត្តិសាស្ត្រវត្តមាន និងទិដ្ឋភាពចម្លាក់កូរសមុទ្រទឹកដោះនៅប្រាសាទអង្គរវត្ត

វត្តមាន និងទិដ្ឋភាពចម្លាក់កូរសមុទ្រទឹកដោះនៅប្រាសាទអង្គរវត្ត

The scene of Churning the ocean of Milk in Angkor Wat temple: A long scene of Churning the ocean of Milk was beautifully carved on the eastern wall of Angkor Wat temple, which was built in the reign of King Suryavarman II. What is Churning Ocean of Milk? What is the characteristic? And How many are they in the Angkor Wat temple?

Churning the ocean of Milk is an act of peace between God (Sura) and the Demon (Asura). It rearranges the Dharma (Order or Law) from the control of the Demon. It shows a collaboration between Sura (Female) and Asura (Male) to achieve immortality. This aspect could be similar to the worshipping of Shiva Linga (Male) and Yoni (Female) in a sense of prosperity and fertility. Remarkably, there were many things born during that occasion.

Churning the ocean of Milk at Angkor Wat is the longest and biggest scene in Khmer and Indian art. However, not every character is present. It is one of the most important religious stories in Khmer art, especially very popular in the reign of King Suryavarman II.

In addition to this scene, there are at least seven others in small size carved at Angkor Wat temple. Mainly, on the door frame, lintel and pediment. Therefore, there are 8 scenes in total.

Although there are many scenes present at Angkor Wat temple, they are not the same presentation. 

អង្គរវត្តជាសំណង់ប្រាសាទយ៉ាងធំនៅលើសកលលោក បែបហិណ្ឌូសាសនានិកាយ ព្រះវិស្ណុ ដែលត្រូវបានកសាងឡើងក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ (គ.ស១១១៣ដល់១១៥០) ប្រើសម្រាប់ជាទីដំកល់ព្រះសពរបស់ព្រះអង្គក្រោយពេលចូលទីវង្គត់។ ជាការពិតណាស់ អ្នកស្រាវជ្រាវភាគច្រើនតែងគិតថា ប្រាសាទនេះកសាងដើម្បីឧទ្ទិសដល់ព្រះវិស្ណុ ព្រោះចម្លាក់ទាំងឡាយស្ទើទាំងអស់គឺទាក់ទងនឹងទេវកថារបស់ព្រះវិស្ណុ។ មកដល់សព្វថ្ងៃ យើងនៅមិនទាន់ឃើញបដិមាព្រះវិស្ណុរបស់ប្រាសាទនេះទេ។ លោក សឺដេស បានសិក្សារួចហើយអំពីគោលដៅនៃការកសាងប្រាសាទអង្គរវត្តនេះ។ លោក សឺដេស គិតថាប្រាសាទអង្គរវត្តគឺជាផ្នូរ។ ចំនុចទាំងពីរនេះ ខ្ញុំក៏បានយល់ស្របដែរ តែខ្ញុំបានស្នើលើការប្រើប្រាស់ពាក្យថា ជាទីកន្លែងតំកល់ព្រះសព មិនមែនជាផ្នូរទេ។ នេះជាទស្សនៈរបស់ព្រះអង្គលើជំនឿនៃជិវិតក្រោយសេចក្តីស្លាប់។ ព្រះអង្គបានអោយគេរៀបចំរចនាសម្ព័ន្ធប្រាសាទយ៉ាងល្អឥតខ្ចោះ ទាំងទិសដៅដែលទាក់ទងនិងសមរាត្រី និងចក្ខុទស្សន៍មើលពីក្រៅទៅក្នុង ពិសេសគឺការលម្អដោយក្បាច់យ៉ាងរស់រវើក និងពោរពេញទៅដោយទេវកថានានា បែបសិវនិយម និងវិស្ណុនិយម។

ព្រះអង្គបានជ្រើសរើសយកទេវកថាសំខាន់ៗក្នុងនិកាយព្រះវិស្ណុមកបង្ហាញតាមជញ្ជាំងថែវទី១ ដូចជា៖ រឿងមហាភារត រឿងរាមកេរ្តិ៍ រឿងចម្បាំងរវាងទេពនិងអសុរៈ រឿងចម្បាំងរវាងព្រះក្រឹស្ណៈនិងអសុរបាណា រឿងចម្បាំងរវាងព្រះក្រឹស្ណៈនិងយក្សឈ្មោះនរក ការប្រជុំរវាងព្រះអង្គនិងក្បួនកងទ័ព ដំណើរជិវិតក្រោយការស្លាប់ (ឋានសួគ៌ និងឋាននរក) និងរឿងកូរសមុទ្រទឹកដោះយកទឹកអម្រឹតជាដើម។

       តើទេវកថាកូរសមុទ្រទឹកដោះជាអ្វី?

រឿងកូរសមុទ្រទឹកដោះគឺជាសកម្មភាពនាំមកវិញនូវសន្តិភាព និងច្បាប់ដែលត្រូវបានគ្របគ្រងដោយពួកអសុរៈ និងការរៀបចំឡើងវិញនូវ ធម៌។ វាគឺជាទេវកថាដែលចង់បង្ហាញពីការរួមបញ្ជូលគ្នា ឬសហការគ្នារវាងពួកសុរៈ (ស្ត្រី) និងពួកអសុរៈ (បុរស) ដែលហេតុនាំអោយមានអ្វីជាអមតៈ ឬតំណាងដោយទឹកអម្រឹត។ ប្រសិនបើយើងប្រៀបធៀបទៅនិងការគោរពព្រះសិវៈ គឺដូចគ្នានិងគោរពបូជាដល់ លិង្គ (បុរស) និងស្នាទ្រោនី (ស្ត្រី) គឺជាអ្វីដែលនាំអោយមានភោគផល និងការបន្តពូជជាអមតៈដែរ។ បើពុំមានធាតុ២នេះទេ គឺគ្រប់ភាវរស់ទាំងអស់និងដាច់ពូជ។ ទេវកថានេះ បង្ហាញពីអ្វីដែលជាលទ្ធផលកើតចេញពីការរួបរួមគ្នា ទាំងទឹកអម្រឹត (តំណាងអោយភាពអមតៈ) ទាំងវត្ថុផ្សេងជាច្រើន ដូចជា៖ (១) ព្រះចន្ទ្រ និព្រះអាទិត្យ (២)បរិជត ជារុក្ខជាតិដ៏ស្អាត​យកដាំនៅឋានព្រះឥន្ទ្រ (៣) ដំរីក្បាល៣ ឈ្មោះព្ធវ៌ត ជាយានជំនិះព្រះឥន្ទ្រ (៤) កមធេនុ គោនៃភាពសម្បូរ (៥) មទិរ ទេពស្រីនៃស្រា ជាមហេសីរបស់ព្រះវរុណ (៦) កល្បវ្រិក្ស ដើមឈើនៃការបំពេញសេចក្តីប្រាថ្នា (៧) ពពួកទេពអប្សរ (៨) សេះសួគ៌ឈ្មោះ ឧច្ច័ហស្វរៈ (៩) ព្រះនាងលក្ម្សី មហេសីរបស់ព្រះវិស្ណុ (១០) បន្ចជន្យ ជាខ្យងស័ង្ខរបស់ព្រះវិស្ណុ (១១)ធ្នូសិល្ប៍របស់ព្រះវិស្ណុ (១២) ត្បូងមានតម្លៃផ្សេងៗ (១៣) ធនវនតរិ ជាទេពនៃថ្នាំ លេចចេញពីទឹកកាន់វត្ថុដ៏មានតម្លៃ គឺ (១៤) ទឹកអម្រឹត។  

តើវត្តមាន និងទិដ្ឋភាពចម្លាក់កូរសមុទ្រទឹកដោះនៅប្រាសាទអង្គរវត្តមានលក្ខណៈបែបណា? និងចំនួនប៉ុន្មាន?

ចម្លាក់រឿងកូរសមុទ្រទឹកដោះនៅអង្គរវត្ត ជាផ្ទាំងចម្លាក់ដែលធំ និងវែងជាងគេ ក្នុងសិល្បៈខ្មែរ និងឥណ្ឌា ប៉ុន្តែតួអង្គទាំងអស់ដែលចូលរួមក្នុងដំណើរការកូរនេះ មិនត្រូវបានបង្ហាញគ្រប់ទេ។ លោក សេង សោតបានសិក្សាអំពីផ្ទាំងចម្លាក់នេះរួចហើយ។ រឿងកូរសមុទ្រទឹកដោះ ហាក់បីដូចជាមានប្រជាប្រិយភាពណាស់ ក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២។ ក្រៅពីចម្លាក់ផ្ទាំងធំនេះ (កម្ពស់ជាង២ម. និងបណ្តោយជាង៤០ម.) សិល្បករបានឆ្លាក់រឿងកូរសមុទ្រទឹកដោះនេះនៅតាមកន្លែងផ្សេងៗទៀត ក្នុងប្រាសាទនេះ។ យ៉ាងតិចណាស់ មានផ្ទាំងចម្លាក់នេះចំនួន៧ផ្សេងទៀតដែលមាននៅតាមស៊ុំទ្វារ ផ្តែរ និងហោជាង។ ដូចនេះចម្លាក់កូរសមុទ្រទឹកដោះនៅអង្គរវត្តមានចំនួន៨ផ្ទាំង។

       តើចម្លាក់ទាំងនោះនៅកន្លែងណាខ្លះ?

 ចម្លាក់មាននៅស៊ុំទ្វារ ហោជាង ផ្តែរ និងជញ្ជាំងខាងកើតស្លាបខាងត្បូងនៃថែវទី១។

១.ចម្លាក់ទី១៖ មានទីតាំងស្ថិតនៅលើស៊ុំទ្វារខាងជើង (ផ្នែកខាងកើត) របស់ប្រាង្គនៅជ្រុងនីរតី។ ចម្លាក់នេះមានប្រវែងប្រហែល៦០សង់ទីម៉ែត្រ បង្ហាញពីទេពវិស្ណុតោងបង្គោល (ភ្នំមណ្ឌរ) តួអង្គសុរៈ៥នាក់កាន់ខាងក្បាលនាគ និងតួអង្គអសុរៈ៥នាក់កាន់ខាងកន្ទុយ (តាមរឿង តួអង្គជាអសុរៈកាន់ខាងក្បាល តែចម្លាក់នេះគេធ្លាក់អោយសុរៈកាន់ខាងក្បាលវិញ។ នៅសង្ខាងព្រះវិស្ណុមានតួអង្គ២ លើកដៃប្រណមក្នុងរង្វង់ (ប្រហែលជាព្រះចន្ទ្រ និងព្រះអាទិត្យ)។ នៅចំខាងក្រោមព្រះវិស្ណុមានចម្លាក់សត្វអណ្តើក និងទេពស្រីមួយ (អាចជាលក្ស្មី ឬមទិរ)។ នៅសង្ខាងអណ្តើកមានចម្លាក់តួអង្គ (២ម្ខាង)។

២.ចម្លាក់ទី២៖ មានទីតាំងនៅលើជញ្ជាំងខាងលិច នៃជ្រុងពាយ័ព្យរបស់ប្រាង្គនិរតី ថែវទី១។ ចម្លាក់នេះមានបង្ហាញច្រើនអំពីតួអង្គចូលរួមកូរសមុទ្រទឹកដោះ និងវត្ថុដែលលេចចេញពីការកូរ។ ក្រុមអសុរៈមានចំនួន១០នាក់កាន់ខាងក្បាលនាគ និងក្រុមសុរៈមាន១០នាក់ដែរ កាន់ខាងកន្ទុយ។ នៅខាងក្រោមមានសត្វអណ្តើកទ្រភ្នំនិងតួអង្គទេពស្រីម្នាក់ (មទិរ) រួមទាំងក្បាលសេះឧច្ច័ហស្វរៈ។ នៅខាងលើជាព្រះវិស្ណុតោងអោបសសរ ហើយនៅក្បែរ ខាងស្តាំដៃទ្រង់មានតួអង្គស្រីម្នាក់ ប្រហែលព្រះនាងលក្ស្មី។ នៅសង្ខាងព្រះវិស្ណុគឺព្រះចន្ទ្រ និងព្រះអាទិត្យ ហើយនៅលើបង្អស់គឺជាពួកទេពអប្ស។

៣.ចម្លាក់ទី៣៖ មានទីតាំងស្ថិតនៅលើស៊ុំទ្វារ (ផ្ទាំងខាងជើង) ខាងកើតនៃប្រាង្គពាយ័ព្យ របស់ថែវទី១។ តួអង្គសុរៈ៣នាក់កាន់កន្ទុយនាគ (ខាងស្តាំដៃព្រះវិស្ណុ) និងអសុរៈ៣នាក់កាន់ក្បាលនាគ។ ខាងក្រោមជារូបអណ្តើក ក្បាលសេះ និងទេពស្រីម្នាក់។ ព្រះវិស្ណុអោបសសរ និងនៅលើនោះជាព្រះព្រហ្ម។

   ៤.ចម្លាក់ទី៤៖ មានទីតាំងនៅលើស៊ុំទ្វារខាងត្បូង (ផ្ទាំងខាងលិច) នៃបន្ទប់ខាងត្បូង របស់ថែវទី២។ ដោយសារស៊ុំទ្វារនេះមានភាពរិករិលខ្លាំង វាពិបាកក្នុងការកំណត់តួអង្គប៉ុន្តែ យើងអាចមើលឃើញតួអង្គកូរសមុទ្រ ម្ខាងមានចំនួន២នាក់។ ខាងក្រោមមានរាងជាសត្វអណ្តើកទ្រផើង ឬថូ១។

   ៥.ចម្លាក់ទី៥៖ មានទីតាំងនៅលើស៊ុំខាងកើត នៃទ្វារខាងត្បូង បន្ទប់ខាងជើងរបស់ថែវទី២។  យើងដឹងតាមរយៈតួអង្គ២ម្ខាង ខាងស្តាំជាពួកអសុរៈកាន់ខាងក្បាល និងពួកសុរៈនៅខាងឆ្វេងកាន់កន្ទុយ។ នៅខាងក្រោមជាសត្វអណ្តើក និងក្បាលសេះឧច្ច័ហស្វរៈ។ នៅខាងលើជាព្រះវិស្ណុអោបតោងសសរ។ នៅសង្ខាងព្រះវិស្ណុ ជាចម្លាក់តួអង្គផ្សេងៗ។

   ៦.ចម្លាក់ទី៦៖ ជាចម្លាក់នៅលើហោជាង (?) ខាងកើតរបស់ប្រាង្គកណ្តាលដែលភ្ជាប់ពីថែវទី១ មករួតព្រះពាន់។ ព្រះវិស្ណុឈរនៅចំកណ្តាល ជាន់លើខ្នងអណ្តើក។ ពួកអសុរៈកាន់ខាងក្បាលនាគ (ខាងស្តាំដៃព្រះវិស្ណុ) ហើយពួកសុរៈកាន់ខាងកន្ទុយ។  ពួកអសុរៈមានមេដឹកនាំចំនួន២ ដែលមានមុខច្រើន។ នៅខាងសុរៈមានតួអង្គ១ មានមុខមាត់ជាអសុរៈ (រាហ៊ូ?) និងមានតួអង្គជាហនុមាន ឬសុគ្រីព។ ពុំមានបង្ហាញតួអង្គឬវត្ថុក្នុងចម្លាក់នេះទេ។  

   ៧.ចម្លាក់ទី៧៖ ជាផ្ទាំងចម្លាក់យ៉ាងធំនៅលើជញ្ជាំងរបស់ថែវខាងកើត ស្លាបខាងត្បូង។ ព្រះវិស្ណុឈរចំកណ្តាល លើសត្វអណ្តើក (កុម៌) ។ នៅខាងស្តាំដៃព្រះវិស្ណុគឺជាក្រុមអសុរៈ ដែលមានមេដឹកនាំ៣នាក់។ នៅខាងឆ្វេង គឺពួកសុរៈ ដែលមានតួអង្គសំខាន់៣ គឺរាហ៊ូ ព្រះព្រហ្ម និងហនុមាន (ឬសុគ្រីប) ខាងលើព្រះវិស្ណុមានតួអង្គម្នាក់ ជាទេពប្រុស ប្រហែលជា ធនវនតរិ ជាអ្នកកាន់ទឹកអម្រឹត។ ខាងបំផុត គឺជាពពួកអប្សរ។ ប៉ុន្តែ បានសន្និដ្ឋានថា ជាព្រះឥន្ទ្រ។

   ៨.ចម្លាក់ទី៨៖ ជាចម្លាក់នៅលើផ្តែរខាងជើង របស់ប្រាង្គបាកាណ។ សិល្បករបានធ្វើចម្លាក់នេះអោយមានលក្ខណៈដូចទៅនិងចម្លាក់ទី៧ដែរ។ ព្រះវិស្ណុឈរនៅចំកណ្តាល ងារមកស្តាំ ខាងពួកអសុរៈ ដែលមានចំនួន៤នាក់ (មេធំចំនួន៣) និងពួកសុរៈកាន់ខាងកន្ទុយ មានតួអង្គអសុរៈ១ (រាហ៊ូ) ព្រះព្រហ្ម និងហនុមាន (ឬសុគ្រីព)។

សរុបមក យើងឃើញថា ទេវកថារឿងកូរសមុទ្រទឹកដោះនៅប្រាសាទអង្គរវត្ត គឺមានការនិយមខ្លំង ពិសេសព្រះបាទសូរ្យវរ្ម័នទី២ ដែលទ្រង់បានបង្គាប់អោយគេរៀបចំផ្ទាំងចម្លាក់យ៉ាងធំនេះ។  ក្រៅពីចម្លាក់ធំ នៅមានចម្លាក់តូចៗផ្សេងទៀតនៅតាមស៊ុំទ្វារ ផ្តែរ និងហោជាង។ អ្វីដែលគួរអោយចាប់អារម្មណ៍ គឺថា​ចម្លាក់តូចៗនៅតាមស៊ុំទ្វារមានបង្ហាញពីតួអង្គចូលរួមច្រើនជាងចម្លាក់ធំនៅលើជញ្ជាំងថែវខាងកើត។ ចំណែកការឆ្លាក់ក៏មានភាពមិនប្រក្រតីដែរ គឺមានចម្លាក់ខ្លះបង្ហាញពីពួកអសុរៈកាន់ខាងកន្ទុយនាគ ពេលខ្លះកាន់ខាងក្បាល។ ចម្លាក់ទី៨ នៅលើផ្តែរខាងជើងរបស់ប្រាង្គបាកាណ មានបង្ហាញពីតួអង្គដូចគ្នាទៅនិងចម្លាក់ទី៧ ពោលគឺមានព្រះវិស្ណុនៅកណ្តាល បែរព្រះភ័ក្ត្រទៅខាងអសុរៈដែលនៅខាងស្តាំដៃព្រះអង្គ (ចម្លាក់ទី៧ បែរព្រះភ័ក្ត្រទៅខាងពួកសុរៈ)។ ពួកអសុរៈកាន់ខាងក្បាល មានសមាជិក៤នាក់ (មេដឹកនាំដែលមានមុខច្រើន៣នាក់)និងខាងឆ្វេងគឺពួកសុរៈ មានសមាជិក៤ដែរ (រាហ៊ូ ព្រះព្រហ្ម និងហនុមាន)។

អត្ថបទដើម៖ លោក សុខ កែវ សុវណ្ណារ៉ា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,800SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!