ទំព័រដើមប្រវត្តិសាស្ត្រប្រជល់ក្នុងចម្លាក់បុរាណខ្មែរ

ប្រជល់ក្នុងចម្លាក់បុរាណខ្មែរ

Animal fighting game in Khmer art carving: Ancient Khmer art carving illustrates a very broad daily life of the people. It could be seen that on the walls, lintels and pediments of the temples show the carving of religious scenes and historical events. However, daily activities were also pointed out at the temple. One of the most remarkable scenes is the animal fighting game. Where? And What are they?  

The most important temples that show the animal fighting game are Baphuon, Angkor Wat and Bayon. The rule of the game itself did not indicate, only the view. In total, there are 9 animals shown in the fighting game.  They are Rooster, Boar, Golden fish, Goat, Horse, Bull, Elephant, Lion with elephant tusk (Gujasinha) and Buffalo.

Rooster fighting appears two times. One on a southern wall of the first gallery of Angkor Wat temple. Another similar scene shows at the southern wall of the Bayon temple. Boar fighting appears at Baphoun and Bayon temple. However, the scene at the Bayon temple has more elaborate. fighting fish shows at the southern wall of Bayon temple. For Goat, Horse, Bull, Elephant, and Lion with elephant tusk fighting show at Baphoun temple. Distinctively, Buffalo fighting does not have the scene on the wall of the temple, but illustrates by an inscription K.19, in the reign of King Jayavarman V. These are just a highlight scene of animal fighting games in Khmer art. We do not have any inscription or evidence detailing these activities. This is a difficult point to explain in detail about these games.

ជាការពិតណាស់ មនុស្សនៅលើពិភពលោកគ្រប់ទីកន្លែងតែងមានការកំសាន្តដោយល្បែងផ្សេងៗ ទាំងល្បែងបង្កើតដោយការធ្វើដោយឧបករណ៍ និងល្បែងដែលយកសត្វផ្សេងៗមកប្រជល់យកឈ្នះ និងចាញ់។ យ៉ាងណាមិញ ក្នុងសង្គមខ្មែរនាសម័យបុរាណក៏យ៉ាងដូច្នោះដែរ។ តាមចម្លាក់ក្រឡោតទាបនៅលើជញ្ជាំងប្រាសាទមួយចំនួន ពិសេសប្រាសាទបាភួន អង្គរវត្ត និងបាយ័ន្តបង្ហាញឱ្យយើងដឹងអំពីល្បែងប្រជាប្រិយមួយចំនួនដែលខ្មែរនាសម័យបុរាណបានលេងជាការកំសាន្ត និងអាចភ្នាល់ជាប្រាក់។

តើល្បែងប្រជល់ទាំងនោះមានអ្វីខ្លះ?

យើងពុំមានឯកសារជាសិលាចារឹកណាមួយនិយាយឱ្យលម្អិតអំពីល្បែង និងលក្ខន្តិកក្នុងការលេងនោះទេ ពោលគឺយើងអាចដឹងថា មានល្បែងទាំងនោះតាមរយៈចម្លាក់ក្រឡោតទាបនៅតាមប្រាសាទប៉ុណ្ណោះ។ ល្បែងទាំងនោះមានដូចជា៖

ប្រជល់មាន់

ការប្រជល់មាន់អាចជាល្បែងដែលមានការពេញនិយមជាងគេក្នុងសង្គមខ្មែរ ដ្បិតល្បែងនេះត្រូវបានឆ្លាក់បង្ហាញជាលើកដំបូងនៅលើជញ្ជាំងប្រាសាទអង្គរវត្ត​ ដែលជាប្រាសាទយ៉ាងសំខាន់សម្រាប់ព្រះរាជាក្រោយចូលទីវង្គត់ គឺព្រះបាទសូរ្យវរ្ម័នទី២ (គ.ស១១១៣ដល់១១៥០)។ ចម្លាក់នេះត្រូវបានឆ្លាក់នៅលើជញ្ជាំងខាងត្បូងនៃជ្រុងឥសាន្តនៃប្រាង្គជ្រុងនិរតីរបស់ថែវទី១ (រូបលេខ១) ជាចម្លាក់បង្ហាញពីវង្សត្រកូលអភិជនជាតិចិនដែលអាចមានភរិយាជាប់ខ្សែស្រឡាយនិងក្សត្រ ស៊ីផឹកនៅលើទូក លេងអុក និងលេងជល់មាន់ទៀតផង។ ចម្លាក់នេះបង្ហាញថា មនុស្សទាំងនោះ​ទាំងជនជាតិខ្មែរ និងចិនមានទឹកមុខសប្បាយរីករាយយ៉ាងខ្លាំងក្នុងការលេងល្បែងជល់មានរបស់ពួកគេ។ មានមនុស្ស២នាក់កាន់មាន់ដាក់ផ្ជល់គ្នា និងមនុស្ស២នាក់ទៀតនៅខាងលើកន្តៀតមាន់ម្នាក់មួយបង្អួតគ្នា ហើយលាដៃត្រង ហាក់បីដូចជាការទទួលឬភ្នាល់ជាប្រាក់។ ចម្លាក់បែបនេះមានបង្ហាញម្តងទៀតនៅលើជញ្ជាំងស្លាបខាងកើត នៃថែវខាងត្បូងរបស់ប្រាសាទបាយ័ន្ត (រូបលេខ២)។ ចម្លាក់នៅទីនេះពុំសូវមានភាពរស់រវើកដូចនៅប្រាសាទអង្គរវត្តទេ តែគេបង្ហាញយ៉ាងច្បាស់ពីមនុស្ស២ក្រុម គឺម្ខាងជាជនជាតិខ្មែរ (ខាងឆ្វេងឬលិច) និងម្ខាងទៀតជាជនជាតិចិន (ស្តាំឬកើត) កាន់មាន់ម្នាក់១ ផ្ជុលគ្នា។ មនុស្សម្នាក់ក្នុងក្រុមកាន់មាន់ជន្លរគ្នា រីឯអ្នកដទៃគឺមានកាយវិការជជែក តថ្លៃគ្នាក្នុងការភ្នាល់យ៉ាងសកម្ម។ នេះបញ្ជាក់ថា ល្បែងប្រជល់មាន់គឺអាចជាល្បែងដែលមានប្រជាប្រិយភាព និងពេញនិយមខ្លាំងរបស់មនុស្សក្នុងសង្គមខ្មែរនាសម័យនោះ។  

ប្រជល់ជ្រូក (ព្រៃ)

ល្បែងប្រជល់ជ្រូកពុំមានក្នុងសង្គមខ្មែរសព្វថ្ងៃទៀតទេ។ នៅសម័យបុរាណ ល្បែងប្រជល់ជ្រូកអាចជាល្បែងដែលមានប្រជាប្រិយភាពដូចនិងការប្រជល់មាន់ផងដែរ។ ចម្លាក់ប្រជល់ជ្រូកដែលបង្ហាញជាលើកដំបូង​ គឺនៅតាមជញ្ជាំងប្រាសាទបាភួន ជាចម្លាក់ក្នុងក្បាច់អង្កត់ការេតូចៗ (រូបលេខ៣) ដោយពុំមានបង្ហាញពីតួអង្គមនុស្សដែលចូលរួមក្នុងការជល់នោះទេ។ ចម្លាក់ទាំងនេះមានលក្ខណៈ និងទិដ្ឋភាពជាប់ទាក់ទងនឹងទេវកថាខ្លះ ជាជីវភាពធម្មតាខ្លះ ដែលយើងអាចឃើញនៅតាមជញ្ជាំងថែវដែលធ្លាក់ជុំវិញប្រាសាទនោះ។ ចម្លាក់នៅប្រាសាទបាយ័ន្តបង្ហាញយ៉ាងច្បាស់អំពីការប្រជល់ជ្រូក (រូបលេខ៤) គឺមានមនុស្ស២នាក់កាន់ខ្សែចងជ្រូកម្នាក់១ មកដាក់ផ្ជុលទល់មុខនឹងគ្នា។ មនុស្សផ្សេងៗដែលនៅពីក្រោយមានកាយវិការតវ៉ា លើកដៃ ប្រហែលជជែករឿងភ្នាល់ជាប្រាក់។

ប្រជល់ត្រីក្រឹម

នៅលើជញ្ជាំងស្លាបខាងលិចនៃថែវខាងត្បូងរបស់ប្រាសាទបាយ័ន្ត មានចម្លាក់បង្ហាញពីមនុស្សមួយក្រុមអង្គុយជុំវិញពាងមួយ ដោយម្នាក់ៗបើកភ្នែកសំលឹងទៅក្នុងពាងនោះ (រូបលេខ៥)។  មនុស្ស២នាក់លូកដៃទៅក្នុងពាង ហាក់បីដូចជាសកម្មភាពចាប់អ្វីនៅក្នុងនោះ។ ចំណែកមនុស្ស២នាក់នៅខាងក្រោយ (ពីលើ) មានកាន់វត្ថុម្នាក់មួយនៅដៃម្ខាង ហើយងើយសំលឹងទៅវត្ថុនោះ គឺប្រៀបដូចជាការមើលត្រីក្នុងដបដែរ។ ចំនុចនេះ វាមានលក្ខណៈដូចគ្នាទៅនឹងការប្រជល់ត្រីក្រឹមក្នុងសង្គមខ្មែរជាង៣០ឆ្នាំមុន ដែលជាទូទៅគេដាក់ត្រីក្នុងពាងតូចល្មមឱ្យជល់គ្នា ហើយមើលពីលើ។ បើយើងប្រៀបធៀបមកសព្វថ្ងៃ គឺមានទិដ្ឋភាពខុសបន្តិច ត្រង់ថា គេតែងដាក់ត្រីឱ្យជល់គ្នានៅក្នុងកែវថ្លា ហើយមើលពីចំហៀង (ដោយមានច្បាប់ហាមមើលពីលើ ព្រោះខ្លាចត្រីផ្អើល)។

ឃ.ប្រជល់ពពែ

បច្ចុប្បន្ន ល្បែងប្រជល់ពពែនៅមានតាមបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ីខាងលិច ឥណ្ឌា និងអារ៉ាប់ជាដើម។ ក្នុងសង្គមខ្មែរសម័យបុរាណ សត្វពពែអាចជាប្រភេទសត្វដែលគេចិញ្ចឹមសម្រាប់យកសាច់ជាសំខាន់ ព្រោះវាផ្តល់នូវថាមពលជាងសាច់សត្វដទៃ ហើយយើងឃើញមានវត្តមានពាក្យពពែក្នុងសិលាចារឹក តាំងពីសតវត្សទី៧មកម្ល៉េះ ឧទាហរណ៍ ដូចជាសិលាចារឹក K.600 និយាយអំពីអំណោយដល់ទីប្រាសាទ និងទេព ក្នុងនោះមានសត្វពពែចំនួន១០ក្បាលផងដែរ។ ចម្លាក់បង្ហាញពីការប្រជល់សត្វពពែនេះ គឺមានតែតាមជញ្ជាំងថែវរបស់ប្រាសាទបាពួន ជាចម្លាក់តូចៗក្នុងការេ (រូបលេខ៦)។

ប្រជល់សេះ

យើងពុំមានភស្តុតាងបង្ហាញអំពីការប្រជល់សេះតាមរយៈសិលាចារឹកទេ។ ចម្លាក់ប្រជល់សេះមានបង្ហាញនៅតាមជញ្ជាំងថែវរបស់ប្រាសាទបាពួនដែរ (រូបលេខ៧)។ សេះជាសត្វមួយដែលកម្រនិងជល់ឬខាំគ្នាណាស់។ ក្នុងពេលបច្ចុប្បន្ននេះ​ប្រសិនបើគេចង់ឱ្យសេះឈ្មោលខាំ ឬប្រយុទ្ធគ្នា គឺគេតែងយកសេះញីមួយមកធ្វើជាធ្នាក់ ឱ្យសេះឈ្មោលដណ្តើមគ្នា ប្រយុទ្ធគ្នារហូតដល់មានអ្នកចាញ់ ហើយរត់ចេញទៅ។

ប្រជល់គោ

ពាក្យ គោ ជាភាសាសំស្ក្រឹត រីឯពាក្យខ្មែរដែលមានប្រើនៅសម័យបុរាណ គេតែងប្រើពាក្យ ត្មុរ។ ការប្រជល់គោអាចជាល្បែងដែលមានប្រជាប្រិយភាពដែរក្នុងសម័យបុរាណ ហើយរហូតមកដល់សព្វថ្ងៃ ក៏នៅមានតំបន់ខ្លះនៅថែរក្សាការលេងល្បែងនេះ។ ល្បែងប្រជល់គោនៅតែមានប្រជាប្រិយភាពនៅឥណ្ឌា និងសៀម។ ចម្លាក់ប្រជល់សត្វគោមានបង្ហាញនៅលើជញ្ជាំងប្រាសាទបាពួនដែរ។

ប្រជល់ដំរី

ដំរីជាសត្វដែលមានតួនាទីសំខាន់ក្នុងសង្គមខ្មែរ នាសម័យបុរាណ ដែលគេបានចាប់ និងផ្សាំងសម្រាប់បំរើដល់ការងារទូទៅប្រចាំថ្ងៃ និងពិសេស គឺចូលរួមក្នុងចម្បាំង។នាសម័យបុរាណ ដំរីត្រូវបានគេហ្វឹកហ្វឺនឱ្យមានការប្រយុទ្ធគ្នារវាងដំរី និងដំរី ដើម្បីជាបទពិសោធន៍ប្រយុទ្ធជាមួយដំរីសត្រូវ។ ទំនៀមបែបនេះ មាននៅតែបន្តធ្វើនៅស្រុកសៀមនៅឡើយ។ ចំពោះចម្លាក់ប្រជល់ដំរីមានបង្ហាញនៅតាមជញ្ជាំងថែវប្រាសាទបាពួន (រូបលេខ៩)។

ប្រជល់គុជសិង្ហ

គុជសិង្ហមានន័យថា តោមានប្រមោយដំរី។ នេះជាប្រភេទសត្វក្នុងទេវកថា ដែលមិនមានពិតនៅក្នុងធម្មជាតិនេះទេ។ ជាការកែច្នៃ គេបានឆ្លាក់ចម្លាក់ប្រយុទ្ធគ្នារវាងគុជសិង្ហនៅលើជញ្ជាំងថែវប្រាសាទបាពួនដូចម្លាក់ប្រជល់សត្វដទៃដែរ (រូបលេខ១០)។

ប្រជល់ក្របី

សិលាចារឹកមួយ K.91 ក្នុងសតវត្សទី១១ និយាយអំពីគ្រួសារមន្ត្រីបំរើដល់ក្សត្រជាច្រើនជំនាន់ ហើយក្នុងជំនាន់ក្សត្រឈ្មោះ វ្រះ បាទ បរមវីរលោក(ជ័យវរ្ម័នទី៥ គ.ស៩៦៨ដល់១០០០) ស្តេចបានបង្គាប់ឱ្យមន្ត្រីម្នាក់ផ្ជុលក្របី ហើយក្របីបានឈ្នះលេខ១ ( វ្រះ បាទ បរមវីរលោក ប្រេ អោយ ផ្ជុល ក្របិ ជ្នះ កាប ម្វយ តោង តាច​ ចុញ….) ស្តេចបានតែងតាំងឱ្យមានតំណែង និងងារជា វ្រះ​ កម្រតេង អញ ឝ្រី វីរបរាក្រម។  ក្រៅពីសិលាចារឹកនេះ យើងពុំមានភស្តុតាងណាបង្ហាញពីល្បែងប្រជល់ក្របីជាចម្លាក់ ដូចការប្រជល់សត្វដទៃទេ។ ទាំងនេះ គឺជាការបង្ហាញដោយត្រួសៗអំពីចម្លាក់ទាក់ទងនិងការប្រជល់សត្វដែលមាននៅក្នុងសង្គមខ្មែរសម័យបុរាណ។ យើងពុំមានឯកសារឬភស្តុតាងជាសិលាចារឹកដែលរៀបរាប់លម្អិតអំពីសម្មភាពទាំងនេះទេ។ នេះជាចំនុចពិបាកក្នុងការបកស្រាយពន្យ ល់អំពីល្បែងប្រជល់ទាំងនេះឱ្យបានល្អិតល្អន់ណាស់។

អត្ថបទដើម៖ លោក សុខ កែវ សុវណ្ណារ៉ា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!