ទំព័រដើមប្រវត្តិសាស្ត្រសម្មតិកម្មបឋមស្តីអំពី ភ្នំបូកនិងឈ្មោះដើម

សម្មតិកម្មបឋមស្តីអំពី ភ្នំបូកនិងឈ្មោះដើម

ក្នុងរាជ្យព្រះបាទយសោវរ្ម័នទី១ (៨៨៩គ.សដល់៩១០គ.ស) ព្រះអង្គបានផ្លាស់រាជធានីពីនគរហរិហរាល័យ ដែលស្ថាបនាឡើងតាំងពីរាជ្យព្រះបាទជ័យវរ្ម័នទី២ (៨០២គ.សដល់៨៣៦គ.ស) និងបន្តគង់នៅដោយព្រះបាទជ័យវរ្ម័នទី៣ (៨៣៦គ.សដល់៨៧៧គ.ស) និងព្រះបាទឥន្ទ្រវរ្ម័នទី១ (គ.ស៨៧៧ដល់៨៨៩គ.ស) ទៅយសោធរបុរៈ ដែលជារាជធានីថ្មីរបស់ព្រះអង្គ។ ព្រះអង្គបានប្រសិទ្ធិនាមព្រះរាជធានីថ្មី ហៅថា យសោធរបុរៈ ដោយមានភ្នំមួយជាផ្ចិតកណ្តាលនៃរាជធានី ឈ្មោះហៅថា យសោធរគិរិ (ជាភាសាសំស្ក្រឹត) ឬហៅថា វ្នំកន្តាល (ភាសាខ្មែរបុរាណ)។ ព្រះអង្គបានស្ថាបនាប្រាសាទដ៏ធំមួយនៅលើកំពូលភ្នំ (ធម្មជាតិ) នោះ ដែលសព្វថ្ងៃមានឈ្មោះថា ប្រាសាទភ្នំបាខែង តំណាងឱ្យរាជ្យរបស់ព្រះអង្គ។

ក្រៅពីនេះ ព្រះអង្គបានស្ថាបនាប្រាសាទ២ទៀតនៅលើកំពូលភ្នំ២ផ្សេងគ្នាដែរ។ ប្រាសាទទី១ មានទីតាំងស្ថិតនៅខាងត្បូងរាជធានី គឺប្រាសាទភ្នំក្រោម (ឧទិ្ទសដល់ទេពត្រិមូត៌ិ) ដែលភ្នំនេះមានឈ្មោះដើមជាភាសាខ្មែរហៅថា វ្នំករោម (K.262) តែពុំមានឈ្មោះជាភាសាសំស្ក្រឹតនោះទេ។ ប្រាសាទមួយទៀតស្ថិតនៅភាគឥសាន្តនៃនគរយសោធរបុរៈ ដែលគេស្គាល់ថា ប្រាសាទភ្នំបូក។ បើយើងពិនិត្យមើលទីតាំងភ្នំទាំង៣ គឺវាបង្កើតបានជាចំនុច៣ ឬត្រីកោណ១ ដែលភ្នំបាខែងស្ថិតនៅចំកណ្តាល(កណ្តាល) ភ្នំក្រោមស្ថិតនៅខាងត្បូង(ក្រោម/ទាប) និងភ្នំបូកស្ថិតនៅខាងជើង(លើ/ខ្ពស់) ដូចនេះបានជាខ្មែរបុរាណហៅភ្នំបាខែងថា ភ្នំកន្តាល ព្រោះស្ថិតនៅកណ្តាលគេ ភ្នំក្រោមហៅថា ភ្នំករោម ព្រោះនៅខាងក្រោមទាបក្បែរមាត់បឹងទន្លេសាប និងភ្នំបូក(ខ្ពស់) នៅខាងលើ។  អ្វីដែលជាបញ្ហាសម្រាប់អ្នកស្រាវជ្រាវ គឺមកដល់សព្វថ្ងៃ ឈ្មោះដើមរបស់ភ្នំបូកនេះនៅមិនទាន់ដឹង និងមានការសិក្សាពន្យល់បកស្រាយនៅឡើយទេ។ តើឈ្មោះដើមរបស់ភ្នំបូកមានដែរឬទេ?

តាមរយៈសិលាចារឹកស្តុកកក់ធំ K.235 ផ្ទាំងD ពីបន្ទាត់ទី១ដល់ទី១១ យើងអាចធ្វើការវិភាគលើពាក្យ និងឃ្លាមួយចំនួន ដែលអាចអោយយើងសន្និដ្ឋានអំពីឈ្មោះដើមរបស់ប្រាសាទភ្នំបូក។ ក្នុងបន្ទាត់ទី៣ និងទី៤ បង្ហាញអំពីបុគ្គលឈ្មោះ ស្តែងអញ រុទ្រាចារ្យយ ដែលជាប្អូនរបស់ ស្តែងអញ សិវកៃវល្យ បានទៅបួសរៀននៅទីកន្លែងមួយឈ្មោះ ហៅថា វិស័យជើងភ្នំឈ្មោះថ្កោ។ ក្រោយមក ស្តែងអញ រុទ្រាចារ្យយបានបង្គំសុំដី (ភូមិ) តំបន់នោះ ពីព្រះបាទវិស្ណុលោក (ជនបង្គំសុំតំបន់នោះដើម្បីស្ថាបនាជាស្រុក ហើយដាក់ឈ្មោះអោយថា ភនទៅបួសរៀននៅទីកន្លែងមួយ័យវរ្ម័នទី៣) ដើម្បីស្ថាបនាជាស្រុក ហើយដាក់ឈ្មោះអោយភ្នំនោះថា ភទ្រគិរិ។ តាមរយៈឈ្មោះទីកន្លែងមួយចំនួនក្នុងបន្ទាត់ទី១១ យើងអាចគូសបង្ហាញខ្លះអំពីទីតាំងតំបន់ឬកន្លែងទាំងនោះ។ តាមព្រះរាជបញ្ជារបស់ព្រះបាទ បរមឝិវលោក (យសោវរ្ម័នទី១) សន្តានរបស់ព្រះគ្រូ កម្រតេងវាមឝិវ បានស្ថាបនាសំណង់នានានៅ ឥន្ទ្របុរៈ​ (បន្ទាយព្រៃនគរ កំពង់ចាម) និងស្រុក ភវលយញ្យង(?) អមរេន្ទ្របុរៈ (ក្បែរប្រាសាទអកយំ) ស្រុក កុតិបូវ៌្វទិស (តំបន់ប្រាសាទបន្ទាយក្តី) និងស្រុក ភទ្រគិរិ ជេង វ្នំ។   ក្នុងឃ្លាខាងលើរបស់អត្ថបទសិលាចារឹកនេះ យើងមានបញ្ហាមួយដែលត្រូវសិក្សាវែកញែក គឺ៖

 ទី១៖ គឺពាក្យ ថ្កោ (Finot) ឬផ្កោ (Chhany) ដែលមានបង្ហាញតែម្តងគត់ក្នុងសិលាចារឹកស្តុកកក់ធំ ក្នុងផ្ទាំង Dបន្ទាត់ទី៣។ ពាក្យនេះពុំមានបង្ហាញក្នុងសិលាចារឹកផ្សេងទេ ហើយបន្ទាប់ពីការសុំពីព្រះបាទជ័យវរ្ម័នទី៣ ដោយព្រាហ្មណ៍ឈ្មោះរុទ្រាចារ្យយ នូវភូមិក្នុងតំបន់ភ្នំនោះ ហើយបានប្តូរឈ្មោះភ្នំ ដោយដាក់ឈ្មោះថ្មីហៅថា ភទ្រគិរិ  ហើយពាក្យឬឈ្មោះវ្នំថ្កោត្រូវបានឈប់ប្រើក្នុងឃ្លាក្រោយៗក្នុងសិលាចារឹកស្តុកកក់ធំនេះ។ ពោលគឺគេប្រើតែឈ្មោះ ភទ្រគិរិ ពីរបីដងទៀតក្នុងសិលាចារឹកដដែល (ផ្ទាំង B បន្ទាត់ទី៩, ១៦ និង៧០)។ ក្នុងផ្ទាំង B បន្ទាត់ទី៧០ ជាអត្ថបទភាសាសំស្ក្រឹត ហៅថា ភទ្រទ្រិ =ភទ្រគិរិ។

ទី២៖ ពាក្យ ថ្កោ ឬឈ្មោះ វ្នំថ្កោ គឺអាចជាពាក្យចាស់មុនការយាងមកដល់របស់ព្រះបាទជ័យវរ្ម័នទី២ និងក្សត្រផ្សេងៗ រួមទាំងគ្រួសារព្រាហ្មណ៍ផងដែរ។ មនុស្សនៅតំបន់នោះស្គាល់និងហៅភ្នំនោះថា វ្នំថ្កោ ឬផ្កោ មុនការស្ថាបនាស្រុកនៅទីនោះ ហើយកែឈ្មោះហៅភ្នំនោះថា ភទ្រគិរិ

ទី៣៖ តើពាក្យ ថ្កោ ឬផ្កោ មានន័យដូចម្តេច? ជាក់ស្តែង ពាក្យនេះមានវត្តមានតែម្តងគត់ក្នុងសិលាចារឹកនេះ។ វាមានក្នុងសិលាចារឹកសតវត្សទី១៣មួយផ្សេងទៀត K.241 ជាឈ្មោះរបស់បុរសម្នាក់ហៅថា សិ ថ្កោ ។ អ្នកស្រី ពៅ សាវរស់ ក៏មិនអាចពន្យល់អំពីអត្ថន័យរបស់ពាក្យនេះដែរ។ វត្តមានរបស់ពាក្យនេះមានតិចតួចពេកក្នុងសិលាចារឹក ហើយក៏មិនបង្ហាញអំពីអត្ថន័យរបស់ពាក្យនេះ វាជាមូលហេតុធ្វើអោយយើងពិបាកក្នុងការស្វែងយល់អំពីឫសគល់នៃពាក្យនេះណាស់។ ពាក្យនេះ អាចជាពាក្យកម្លាយពីពាក្យ តង្កោដែលមានបង្ហាញក្នុងសិលាចារឹកពីរបីផ្សេងទៀត ដូចជា សិលាចារឹក K.184 (៩២១គ.ស) K.292 (១០១១គ.ស) និង K.206 (១០៤២គ.ស) ដែលមានន័យថាជាប្រភេទរុក្ខជាតិម្យ៉ាង សព្វថ្ងៃហៅថា ដើមដង្កោ អាចធ្វើជាគ្រឿងជ្រលក់ ឬធ្វើជាអាហារបាន។   ប៉ុន្តែពាក្យ តង្កោក្នុងសិលាចារឹកទាំង៣ផ្សេងនេះគ្រាន់តែឈ្មោះទីកន្លែងផ្សេង ពុំមានទាក់ទងនិងស្ថាននាម វ្នំថ្កោ នេះទេ។ ក្នុងករណីទី២ តាមការយល់របស់លោក Chhany ដែលពាក្យក្នុងសិលាចារឹកនេះ អាចជាពាក្យ ផ្កោ ដែលយើងស្ទើពុំមានក្នុងសិលាចារឹកដទៃឡើយ។ លោក Jenner គិតថា វាពាក្យ ឬភាសានិយាយនៃពាក្យ ថ្កោ។  

ទី៤៖ យើងអាចសិក្សាលើទីតាំងដែលបានបង្ហាញក្នុងបន្ទាត់ទី១១ ដែលសន្តានរបស់ កម្រតេង ឝិវឝ្រម បានស្ថាបនាអ្វីផ្សេងៗក្នុងតំបន់នោះ។ តំបន់ចុងក្រោយ២ ដែលយើងគួរពិចារណា​ គឺ ស្រុកកុតិបូវ៌្វទិស និងស្រុកភទ្រគិរិជេងវ្នំ។ ទីកន្លែងផ្សេងៗសុទ្ធសឹងតែនៅតំបន់ឆ្ងាយៗពីអង្គរ លើកលែងតែស្រុកកុតិបវ៌្វទិស ដែលគេសន្និដ្ឋានថា ជាតំបន់ជុំវិញប្រាសាទបន្ទាយក្តីសព្វថ្ងៃ។ ស្រុកភទ្រគិរិដែលឈ្មោះដើមហៅថា វ្នំថ្កោឬផ្កោ ជាទីតាំងអាចនៅក្បែរនិងស្រុកកុដិដែរ ព្រោះកំស្តែងរុទ្រាចារ្យយបានទៅបួសរៀននៅទីនោះ ដោយចាកចេញពីស្រុកកុដិទៅ។ ភ្នំដែលនៅក្បែរតំបន់នោះគឺអាចជាភ្នំបូកសព្វថ្ងៃ បើយើងគិតអំពីភ្នំដទៃទៀត គឺភ្នំបាខែង និងភ្នំក្រោម គឺមានឈ្មោះបង្ហាញស្រាប់ក្នុងអត្ថបទសិលាចារឹកជាមួយគ្នានេះ។

ទី៥៖ ក្នុងបន្ទាត់ទី៤៨និង៤៩ បង្ហាញអំពីកិច្ចការរបស់រាជបុរោហិត ឈ្មោះ កំស្តេង ស្រី​ ជយេន្ទ្របណ្ឌិត នៅស្រុកភទ្រគិរិ ដោយធ្វើពិធីបើកព្រះនេត្របដិមាទេព និងស្ថាបនាស្រុកឡើងវិញ ដោយធ្វើទំនប់ ធ្វើវលយ (សំណង់មូលជារង្វង់) ធ្វើអគារអោយព្រះគោ (គោឝាល)។ ទិដ្ឋភាពសព្វថ្ងៃជុំវិញភ្នំបូកនេះ ទោះជាមិនទាន់មានការស្រាវជ្រាវលម្អិត តែយើងឃើញថា នៅជើងភ្នំផ្នែកខាងកើតហាក់បីដូចជាទំនប់ដីដែលគេលើកនិងបុកបង្ហាប់ និងមានសំណង់ប្រាសាទ (លាក់នាង) នៅភាគឥសាន្ត ក្បែរជើងភ្នំទៀតផង។

ទី៦៖ យើងគិតឡើងវិញម្តងទៀតអំពីពាក្យ ថ្កោ ឬផ្កោ។ ក្នុងបន្ទាត់ទី៤៩ និយាយអំពីការស្ថាបនាអគារ ឬសំណង់សម្រាប់ព្រះគោ គឺហាក់បីដូចជាទីកន្លែងនោះជាទីតាំងមួយមានសារសំខាន់សម្រាប់គោដែលមានជិវិត និងជាគោនៃការគោរពបូជា ឬក៍អាចជាគោថ្ម (បដិមា) ដែលមនុស្សនៅតំបន់នោះ និងគ្រួសារព្រាហ្មណ៍ទាំងនេះយកចិត្តទុកដាក់ក្នុងការថែរក្សា។ ពាក្យ ផ្កោ បើយើងនិយាយ ឬភាសារបស់មនុស្សក្នុងតំបន់ខ្លះ រមែងតែងនិយាយដាច់បំបាត់សម្លេងខ្លះ ឧទាហរណ៍ បើយើងនិយាយថា ស្អែកចង់ទៅមើលប្រាសាទព្រះគោ នោះពាក្យព្រះគោ អាចបញ្ចេញសំលេងតែ ផ្កោ (ប៉-គោ)។ បើនិយាយក្នុងលក្ខណៈមិនផ្លូវការមួយ ពាក្យ ផ្កោ អាចជាពាក្យនិយាយ (ខ្លី/ញាប់) របស់មនុស្ស សំដៅលើពាក្យ ព្រះគោ (ផ្កោ=ផកោ>ព្រះគោ/វ្រះគោ)។

ទី៧៖ យើងពិនិត្យមើលលើពាក្យ ឬឈ្មោះបច្ចុប្បន្នរបស់ភ្នំនេះ គឺ ភ្នំបូក។ ពាក្យបូក មានន័យថា ខ្ពស់ ឬអ្វីដែលងើបផុតពីគេ។ អត្ថន័យទី២​ គឺវាអាចទាក់ទងនិងភាពលយខ្ពស់នៃខ្នងសត្វគោ ដែលយើងហៅថា បូកគោ។ សព្វថ្ងៃមានជួរភ្នំមួយក្នុងខេត្តកំពត គេហៅថា ភ្នំបូកគោ ព្រោះរូបរាងនៃការសណ្តូកនៃជួរភ្នំនោះ មើលទៅរាងដូចបូកគោ។ ចំពោះភ្នំបូកក្នុងតំបន់អង្គរនេះវិញ គឺវាអាចមានន័យសំដៅទៅលើភ្នំដែលមានរាងដូចបូកគោដែរ តែមនុស្សសម័យមុន (ក្រោយអង្គរឬសម័យកណ្តាល) អាចហៅភ្នំនេះ ភ្នំបូក ព្រោះបើយើងសង្កេតមើលភ្នំនេះពីទិសខាងត្បូងឬនិរតី ឬឥសាន្ត យើងនិងឃើញភ្នំនេះមានរាងដូចបូកគោដែរ (រូបលេខ៤)។

ទី៨៖ ចំនុចមួយទៀត ពាក្យ បូក នេះដដែលក៏អាចក្លាយមកពីពាក្យដើម ផ្កោ ដែរ។ នៅក្នុងទំនៀមទំលាប់ខ្មែរ ទោះជាភ្នំមួយ ឬប្រាសាទមួយត្រូវបានប្រសិទ្ធិនាមជាភាសាសំស្ក្រឹតក៏ដោយ តែខ្មែរនៅតែហៅឈ្មោះភ្នំឬប្រាសាទនោះ ជាឈ្មោះខ្មែរដដែល។ ឧទាហរណ៍ សិលាចារឹកប្រាសាទត្រពាំងរពៅ K.690 និយាយពីការកំណត់ព្រំដីរបស់ប្រាសាទ និងការពិនិត្យមើលដី (ភូមិ) នៅ ភ្នំកណ្តាល ។ ក្នុងករណីនេះ ទោះបីភ្នំផ្កោ ត្រូវបានដូចឈ្មោះទៅជា ភ្នំភទ្រគិរិ  ក៏ដោយ តែប្រជារាស្ត្រធម្មតានៅតែហៅឈ្មោះ ផ្កោ ដដែល ហើយអាចបន្តរហូតមកដល់សម័យក្រោយអង្គរ ទោះពុំមានសិលាចារឹកបង្ហាញបញ្ជាក់ក៏ដោយ។ តើពាក្យ ផ្កោ នេះអាចក្លាយមកជាពាក្យ បូក ឬទេ? វាអាចមាន២ករណី (១)គឺ ផ្កោ=ផោក>ពោក>បូក (២) ផ្កោ=ផកោ >បូកោ >បូកគោ>បូក។ នេះជាចំនុចវិភាគលើការវិវត្តន៍នៃពាក្យ ដែលអាចមានការប្រែប្រួលសម្លេង ឬការនិយាយរបស់មនុស្សផ្សេងគ្នា ឬសម័យកាលផ្សេងគ្នា។ ឧទាហរណ៍ ដូចជាឈ្មោះភូមិព្រះដាក់សព្វថ្ងៃ ដែលក្លាយពីពាក្យសម័យអង្គរ យសោធរតដក>តដក>តាកាដ>បតក>ព្រះដាក់។   

សរុបមក ចំនុចទាំងប៉ុន្មានខាងលើនេះ គ្រាន់តែជាពត៌មាននិងហេតុផលសម្រាប់បកស្រាយអំពីឈ្មោះដើមរបស់ភ្នំបូក ក្នុងតំបន់អង្គរសព្វថ្ងៃ។ យើងពុំមានពត៌មានលម្អិតច្រើនពីសិលាចារឹកសម័យអង្គរដែលបង្ហាញរៀបរាប់អោយជាក់ច្បាស់ថា ភ្នំបូកនេះដើមឡើយមានឈ្មោះអ្វីនោះទេ។

តាមរយៈសិលាចារឹកស្តុកកក់ធំ និងសម្មតិកម្មមួយចំនួនដែលខ្ញុំបានបង្ហាញក្នុងចំនុចទាំង៨ខាងលើ ខ្ញុំសូមស្នើថា ឈ្មោះដើមរបស់ភ្នំបូក គឺអាចជា វ្នំផ្កោ/ថ្កោ ដែលបានបង្ហាញក្នុងបន្ទាត់ទី៤ ផ្ទាំងD ហើយក្រោយមកត្រូវបានកែទៅជា ភទ្រគិរិ

_________________________________________

The first hypothesis of Phnom Bok and its ancient name: King Yaçovarman (889-910 AD) moved the capital city from Hariharaya to Yaçodharapura. The new city had Yaçodharakiri or Phnom Kandal in the center, which he built Bakheng temple on the top. Also, he built two temples on two different mountains, Prasat Phnom Krom and Prasat Phnom Bok. These three mountains have created a triangle, in which Bakheng is at the center, Phnom Krom is in the south and Phnom Bok is in the north. However, as one of the most important mountains, the ancient name of Phnom Bok remains unknown. Does Phnom Bok have an ancient name? 

According to Sdok Kak Thom inscription, K. 235, 1st to 11th lines give a clue to the ancient name of Phnom Bok. It says Steṅ Añ Rudrācarya who is a brother of Steṅ Añ Sivakaivalya was studying in an area names Visay Jeṅ Vnaṃ Jmoh Thko. Later, the name was changed by Steṅ Añ Rudrācarya to Bhadrakiri. Although the name is revealed, 8 points will be supporting the hypothesis. 

First, the word Thko or Phko appears just once time. Second, it existed and knew before the presence of Kings and Brahman. Third, Thko might be derived from Tangko, but not the name of the mountain. Fourth, The relation between Sruk Kutipurvatisa (in Angkor) to Vnaṃ Thko. Fifth, the embankment at the northern part of the foot of the mountain similar to the description in the Sdok Kak Thom inscription. Sixth, the word Phko might be related to the word Ko (cow). Seventh, the word Bok might be related to a mound on the back of the cow. Eighth, the word Bok might be related to the word Phko. In conclusion, the ancient name of Phnom Bok was Vnaṃ Thko/Phko and later changed to Bhadrakiri. 

អត្ថបទដើម៖ លោក សុខ កែវ សុវណ្ណារ៉ា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!