(៦.ស្រីៗ)
ក្រោយដែលបងហមបានចេញបាត់ទៅ គ្រូៗឈប់មកលេងផ្ទះគាត់ទៀត។ លោកគ្រូម៉េងដែលជាអ្នកធ្លាប់ប្រមូលជើងឈប់ចេញមុខ។ លោកគ្រូច័ន្ទឈប់អើតតែម្តង ការប្រជុំជិះកង់ហក់ចុះហក់ឡើងទាំងហ្វូងៗ ពីផ្លូវបំបែកទៅដើមពោធិ ទៅគរ ទៅភូមិ ឯកើតក៏បានឈប់ធ្វើ។ ម្នាក់ៗសុទ្ធតែប្រយ័ត្នមាត់ ប្រយ័ត្នក និយាយអ្វីៗសុទ្ធតែគិតសុទ្ធតែចោលភ្នែកមើលឆ្វេងស្តាំ។
ដំណឹងចាប់ចងចេះតែបានឮស្ទើររាល់តែថ្ងៃ។ បន្តិចគេឃើញអាស៊ើបគីញកំពុងបរទៅសាលាស្រុក បរទៅពាម ឆ្លងទៅជើងទិសភូមិ គរ…។ បន្តិចគេឮថាគ្រូនេះត្រូវផ្លាស់ចោលទៅក្រចេះ បន្តិចគេឮថាលោកគ្រូនោះទេ មកធ្វើវចាងហ្វាងសាលារៀនស្រុកម៉ាស៊ីនស្រូវនេះ។ ពាក្យចចាមអារាមទាំងនេះ បានធ្វើឲ្យក្រុមបងហមអស់កំលាំងជាច្រើន។
សេចក្តីសង្ឃឹមថាមុខជាបានគ្នាគេខ្លះបានរសាយ។ ម្នាក់បែរជាព្រួយបារម្ភអនាគតខ្លួនដល់ចូលកងធំវិញ។ ដើម្បីពង្រឹងស្មារតីក្រុមគាត់ លោកគ្រូច័ន្ទបានហុចយោបល់ថា “គង់តែផ្លាស់បញ្ជូនទៅដល់ណាក៏ខ្ញុំមិនរវល់គិត”។ ឲ្យតែកន្លែងមានមនុស្ស។ ទៅស្រុកភូមិយើងរួបរួមជាមួយប្រជាជនខំកសាងសាលារៀនទៀត ហើយបបួលគ្រូៗមានចំណេះគ្រប់គ្រាន់ល្មមឲ្យប្រជុំគ្នាបកប្រែ សរសេរក្បួនខ្នាតជាភាសាយើង ឲ្យសិស្សរៀន។ ខ្ញុំមិនខ្វល់ទេតាមតែគេផ្លាស់ចុះ…។
ប្រុសៗមិនបានមកផ្ទះបងហមពិត តែអ្នកសនប្រពន្ធគាត់ នៅតែមានភ្ញៀវពេញផ្ទះ។ ពូព្រឿងចេញចូលផ្ទះគាត់ញឹកដូចដើម។ អ្នកមួននៅតែមកធាក់ម៉ាស៊ីនដេរអាវរាល់ល្ងាច។
ម៉ែអារ៉ាប្រពន្ធលោកគ្រូវ៉ាត នៅត្បូងថ្នល់បំបែកបានឆ្លៀតមកសួរសុខទុក្ខគាត់ដែរ។ អ្នកប្រពន្ធលោកគ្រូម៉េងបានមកខ្សិបប្រាប់គាត់ថាៈ ប្តីខ្ញុំទៅភ្នំពេញពីថ្ងៃអាទិត្យមុន បានជួបពូៗសុខសប្បាយជាទេ ផ្តាំថាកុំឲ្យមីងព្រួយគិតពីគាត់ពេក ខំតែរកស៊ីបានហើយ។
អ្នកប្រពន្ធគ្រូច័ន្ទ បានប្រើអាកូនប្រុសច្បងគាត់យកសម្លឲ្យអ្នកសនញឹក។
ឯចំណែកម៉ែអាថា ប្រពន្ធលោកគ្រូច័ន្ទមកញឹកជាងគេ។ គាត់រួសរាយរាក់ទាក់ណាស់ ហើយចេះនាំអ្នកសននិយាយកែអផ្សុកពីនេះពីនោះ។ អាកប្បកិរិយាស្មោះត្រង់ស្និទ្ធស្នាល បានធ្វើឲ្យហ៊ាននិយាយប្រាប់ពីទុក្ខគាត់។ ព្រឹកមួយ អ្នកប្រពន្ធលោកគ្រូថាន់ ត្រលប់មកពីផ្សារចូលទៅលេងអ្នកសន។ នៅតែពីរនាក់ស្ងាត់ដូចនេះ អ្នកសនបានសួរថាៈ
នាងបានដឹងដំណឹងពីពូនាងទេ ហើយម៉េចទៅប្អូនម៉ៅ?
ឪពុកអាថាបានទៅកំពង់ពីថ្ងៃព្រហស្បតិ៍មុនកាលដាច់ខែ។ គាត់បានទៅជួបគ្រូម៉ៅនៅគុក យកបារីទៅឲ្យ…។ ម៉ែអារ៉ាក៏គេបានយកក្រូចទៅឲ្យដែរ ម៉ែអារ៉ានិយាយប្រាប់ខ្ញុំថា គាត់ព្រួយចង់យំអាណិតគ្រូម៉ៅ តែគ្រូម៉ៅនៅស្រស់ញញឹមគ្មានគ្រាមបន្តិចឡើយ។
អរតែបានសុខសប្បាយទៅ ខ្ញុំអុជធូបថ្វាយព្រះរាល់ល្ងាចឲ្យតែគាត់បានចេញឆាប់។ ចុះចំណែកពូនាងៗ បានដឹងដែររឺទេ។
គាត់សុខសប្បាយជាទេ កុំទៅព្រួយពីខ្លាំងពេកមីងអើយ ស្រុកយើងសុខសប្បាយហើយ ពូមិនស្លាប់ទេ…។ លាក់បាំងអ្វីកាលពីឆ្នាំទៅមួយនោះ កាលស្រុកយើងនៅច្បាំងនោះ ពេលដែលឪអាថាត្រូវទៅកំពង់ពេលនោះខ្ញុំព្រួយចិត្តណាស់…។ ពេលឪអាថាទៅបាត់ម្តងៗខ្ញុំដេកមិនលក់ទេ ខ្លាចតែគាត់ត្រូវបញ្ជូនទៅឆ្ងាយត្រូវស្លាប់…។ តែឥលូវគង់តែគាត់ទៅបាត់មួយខែក៏មិនសូវព្រួយដែរ…។ បើដល់ចូលកងវិញគេផ្លាស់គាត់ទៅចុងកាត់មាត់ញក មេមត់ ចំការលើ ក៏ខ្ញុំមិនព្រួយដូចមុនដែរ…។ ស្រុកយើងសន្តិភាព ហើយមិនព្រួយពីត្រូវគ្រាប់ឆេះផ្ទះទៀតទេ…។
នាងខុសខ្ញុំ។ លោកគ្រូមានប្រាក់ខែ។ នាងគ្មានគិតពីធ្វើស្រែ ហើយខែនេះភ្លៀងស្រួលផង។ ខ្ញុំនៅស្រែបីទៀតមិនទាន់ដាស់…។ មីខ្សុនក្មួយខ្ញុំវាឈប់ទៅម៉ាស៊ីនស្រូវរវល់តែមើលគោ ហើយខ្ញុំទៀតក៏ខានទៅលក់ឯចំការ…។ ម្យ៉ាងទៀតស្រុកសាន្តត្រាន្តហើយ គួរតែបានសុខមូលត្រកូលគ្នា បែរទៅជាព្រាត់ប្រាស់រកស៊ីលែងបានទៅវិញ។
កុំព្រួយអីរកជួលគេធ្វើសិនទៅ ឪអាថាប្រមូលគ្នាជាមួយលោកគ្រូម៉េង លោកគ្រូច័ន្ទ និងគ្រួឯទៀតថារៃប្រាក់គ្នា គាត់យកមកជូនមីងជួលគេភ្ជួរ។ តាមខ្ញុំដឹងប្រហែលពីរបីថ្ងៃទៀតគេយកមកជូនមីងហើយ…។ ខ្ញុំអរគុណនឹងគំនិតនេះណាស់។ តែសព្វថ្ងៃនេះអ្នកស្រែរវល់គ្រប់គ្នា។ គេកំពុងបង្ខំធ្វើស្រែគេដែរ គ្មាននរណាមួយទាន់ទំនេរទេ។ គង់តែមានលុយក៏មិនងាយជួលបានភ្លាមដែរ…។ ពូព្រឿងបានដេកលបស្តាប់នៅល្វែងផ្ទះគាត់ ឮដូចនេះក៏បានឆ្លើយកាត់ថា មិនដឹងជាទុក្ខសោកដល់ណាទៀតទេ។ កុំព្រួយពីរឿងធ្វើស្រែនោះ ឲ្យតែមានបាយឲ្យអ្នករាស់ស៊ី។ ចាំខ្ញុំនិយាយពឹងអ្នកខ្វាវ នៅភូមិមុខឲ្យរកគ្នាជួយភ្ជួរ…។ ប្រពន្ធលោកគ្រូថាន់ត្រេកអរបានកាត់ភ្លាមថាៈ ពូខំរកអ្នកភ្ជូរឲ្យបានចុះ ចំណែកបាយទឹកស្រេចលើយើង…។ ខ្ញុំយកដំណឹងនេះប្រាប់ឪអាថាគាត់មុខជាត្រេកអរមិនខាន…។
ថាដល់ត្រង់នេះគាត់ក្រោកហើយនិយាយតៈ ដល់ពេលដាំបាយ។ ខ្ញុំសូមលាពូ មីងសិនហើយ ភ្ជួររាស់ថ្ងៃណាប្រាប់ខ្ញុំឲ្យដឹងមុន…
(សូមរងចាំតាមដាន រឿង គ្រូបង្រៀនស្រុកស្រែ ភាគទី៦ នៅសប្តាហ៍ក្រោយ)
រៀបរៀងដោយ៖ កញ្ញា មាស សុភាព