ក្នុងអត្ថបទភាគ១ បានលើកមកបង្ហាញត្រួសៗអំពីការចាប់ផ្តើមនូវសម័យអង្គរ និងការស្ថាបនារាជធានីនានាដោយក្សត្រផ្សេងៗ។ ការចាប់ផ្តើមស្ថាបនារាជធានីគោលសម្រាប់ការគ្រប់គ្រងរាជ្យ និងទឹកដីជាលើកដំបូងគឺនៅលើខ្នងភ្នំគូលេនសព្វថ្ងៃ ដែលនាសម័យនោះត្រូវបានគេប្រសិទ្ធិនាមហៅថា មហេន្ទ្របវ៌ត មានន័យថា ភ្នំដែលទេពជាធំនៃព្រះឥន្ទ្រ ក្នុងនាមជាព្រះសិវៈ។ ការស្ថាបនារាជធានីនេះឡើង ក្រោយព្រះបាទជ័យវរ្ម័នទី២បានតស៊ូធ្វើសង្គ្រាមយ៉ាងសកម្មគ្រប់ទីកន្លែង ដើម្បីរួបរួមអាណាចក្រដែលបានបែងចែកជាក្រុងតូចៗដឹកនាំដោយស្តេចត្រាញ់ មេទ័ព និងមន្ត្រីធំៗ នៅភាគខាងត្បូង ខាងជើង និងខាងលិចនៃបឹងទន្លេសាប។
មុននិងយល់អំពីរាជធានីមហេន្ទ្របវ៌ត ខ្ញុំសូមលើកយកជីវប្រវត្តិ និងសកម្មភាពរបស់ព្រះបាទជ័យវរ្ម័នទី២មកបង្ហាញបន្តិច។ ចំពោះបញ្ហានេះ មានអ្នកស្រាវជ្រាវជនជាតិបារាំងពីរនាក់បានធ្វើការសិក្សានិងធ្វើអំណះអំណាងរៀងៗខ្លួន ពិសេសលោក G. Cœdès និង លោក Claude Jacques។ ក្រោយមក លោក Michael Vickery (ជនជាតិអាមេរិកាំង)បានធ្វើការវិភាគគំនិតយោបល់ជនជាតិបារាំងទាំង២នេះ។ ការសិក្សាអំពីជីវប្រវត្តិ និងសកម្មភាពរបស់ព្រះបាទជ័យវរ្ម័នទី២ គឺពឹងផ្អែកលើសិលាចារឹកសំខាន់ៗមួយចំនួន។
ក្នុងសៀវភៅប្រវត្តិសាស្រ្តរបស់លោកសឺដេស (The Indianized States) និងអត្ថបទស្តីពីរាជធានីរបស់ព្រះបាទជ័យវរ្ម័នទី២គាត់បានធ្វើការសង្ខេបពីសម័យកាលរបស់ព្រះបាទជ័យវរ្ម័នទី២ ថា៖ ស្តេចអង្គនេះប្រហែលយាងមកពីជ្វាប្រហែលនៅរវាងឆ្នាំ៨០២ និងចាប់ផ្តើមបោះទីតាំងរាជធានីរបស់ព្រះអង្គនៅ ឥន្រ្ទបុរៈ គឺប្រហែលជាបន្ទាយព្រៃនគរ ខាងកើតខេត្តកំពង់ចាម។ ក្រោយមកទ្រង់បានផ្លាស់ទៅតំបន់មួយខាងជើងបឹងទន្លេសាប គឺទឹកដី ភវបុរៈ។ នៅពេលពួកគេបានទៅដល់ស្រុកភាគខាងកើត មហាក្សត្របានប្រទានដីនិងភូមិមួយដែលហៅថា កុតិ (មិនមែនក្រុងឬធានីទេ)ទៅអោយគ្រួសាររាជបុព្វជិតនោះ។ ក្រោយមក ព្រះអង្គបានគ្រងរាជ្យនៅទីក្រុង ហរិហរាល័យ សព្វថ្ងៃគេស្គាល់ថារលួស ដែលមានចំងាយប្រហែល១៨គ.មភាគអាគ្នេយ៌អង្គរ។ បន្ទាប់ពីនោះមក ព្រះអង្គបានយាងទៅកសាងរាជធានី អមរេន្រ្ទបុរៈ ដែលទីតាំងនេះប្រហែលជានៅភាគពាយ័ព្យ (បាត់ដំបង)។ ក្រោយមក ព្រះបាទជ័យវរ្ម័នទី២ បានយាងទៅ មហេន្រ្ទបវ៌ត ដែលគេជឿថា ភ្នំគូលេន ទីនោះជាកន្លែងប្រារព្ធពិធីសាសនាមួយ ដើម្បីអោយព្រះអង្គក្លាយទៅជា ចក្រវាតិន ដែលពិធីនេះរៀបចំដោយព្រាហ្មណ៌ម្នាក់ឈ្មោះថា ហិរណ្យទាម ដែលមកពីជនបទ។ បន្ទាប់ពីនោះមក ព្រះអង្គប្រហែលជាបានបញ្ចប់រាជ្យនៅ ហរិហរាល័យ រវាងគ.ស៨៥០។
ចំណែកលោក ខ្លូដ ហ្សាក បានធ្វើសេចក្តីសន្និដ្ឋានខុសពីលោកសឺដេសបន្តិច គឺ៖ គាត់សរសេរថា មិនយូរប៉ុន្មានក្រោយពីយាងមកដល់កម្ពុជាវិញ រវាងគ.ស៧៧០ ព្រះបាទជ័យវរ្ម័នទី២ បានដឹកនាំនៅ ឥន្រ្ទបុរៈ (បន្ទាយព្រៃនគរ) និងប្រហែលជានៅ វ្យាធបុរៈ (បាភ្នំ)ផងដែរ។ ក្រោយមកនៅរវាងគ.ស៧៧០ដល់៧៨០ ទ្រង់បានគ្រប់គ្រងអាណាចក្រ សម្ភុបុរៈ (ក្រចេះ)។ នៅរវាងគ.ស៧៨០ និង៨០២ ប្រហែលព្រះអង្គបានវាយដណ្តើមយក ភវបុរៈ (សំបូរព្រៃគុក)។ តពីនោះមក ព្រះអង្គបានកាន់កាប់ អនិន្ទិតបុរៈ (ប្រាសាទអកយំ) ស្ថិតនៅកណ្តាលតំបន់អង្គរ រួចកាន់កាប់ កុតិ នៅខាងកើតអង្គរ និង ហរិហរាល័យ ហើយនិង អមរេន្រ្ទបុរៈ (បាត់ដំបង)។ លោក ក្លូតហ្សាហ្គ មានសំយោគថ្មីខុសគ្នាបន្តិចចំពោះពត៌មានស្តីអំពី ព្រះបាទជ័យវរ្ម័នទី២ គឺជាសំយោគមួយដែលពឹងផ្អែកទៅលើសិលាចារឹក K.583 ពាក់ព័ន្ធនិងព្រះបាទជ័យវរ្ម័នទី២ និងបុត្រារបស់ទ្រង់ឈ្មោះ ឥន្រ្ទយុធ ក្នុងឆ្នាំ៧៩០។
នេះជាគំនិតរបស់អ្នកស្រាវជ្រាវទាំង២ ហើយលោក វិហ្គីរី បានសំយោគលើសម្មតិកម្មទាំង២នេះ ហើយស្នើឡើងថា៖ (១) ព្រះបាទជ័យវរ្ម័នទី២ ជាអ្នកដឹកនាំ ឬជាស្តេចត្រាញ់តំបន់ណាមួយ ប្រហែលនៅភាគអាគ្នេយ៌កម្ពុជា អាចជា វ្យាធបុរៈ ឬឥន្រ្ទបុរៈ ឬទាំងពីរតំបន់ក្នុងឆ្នាំ៧៧០។ (២) ប្រហែលនៅឆ្នាំ៧៨០ ព្រះបាទជ័យវរ្ម័នទី២បានទទួលអោយឡើងគ្រងរាជ្យនៅសម្ភុបុរៈ (ក្រចេះ) ជាតំបន់ដែលមានរាជវង្សក្សត្រីដឹកនាំផ្ទាល់នៅទីនោះ ហើយប្រហែលព្រះអង្គបានរៀបអភិសេកជាមួយក្សត្រីមួយអង្គនៅសម្ភុបុរៈ។ (៣) ក្នុងឆ្នាំ៧៩០ ព្រះអង្គ និងបុត្រាព្រះនាម ឥន្រ្ទយុធ បានច្បាំងប្រឆាំងចាមដោយទទួលបានជោគជ័យ (ពេលនោះមជ្ឍមណ្ឌលកណ្តាលចម្ប៉ានៅ ប៉ានទូរ៉ង់ហ្គា ឬជិតកម្ពុជាខាងត្បូង)។ (៤) ក្នុងកំឡុងពីឆ្នាំ៧៨០ដល់៨០២ ព្រះបាទជ័យវរ្ម័នទី២បានកាន់កាប់តំបន់ជាច្រើននៅភាគខាងជើងកម្ពុជា រួមទាំងបាត់ដំបង និងសៀមរាបផង។ (៥) នៅឆ្នាំ៨០២ ឬក្រោយនេះ ព្រះអង្គបានប្រារព្ធពិធីនៅលើភ្នំមហេន្រ្ទបវ៌ត ដើម្បីអោយខ្លួនព្រះអង្គក្លាយជាស្តេច អស្ចារ្យ ជាចក្រវតីន។ ក្រោយមករាជធានីព្រះអង្គក៏តាំងនៅហរិហរាល័យ (រលួស)។
ទាំងនេះជាការវែកញែករបស់អ្នកទាំង៣អំពីដំណើរនិងសកម្មភាពរបស់ព្រះបាទជ័យវរ្ម័នទី២ ពិសេសព្រឹត្តិការណ៍ឆ្នាំ៨០២គ.ស។
ការពិតយើងមិនដឹងថា តើមានព្រឹត្តិការណ៌អ្វីកើតឡើងនៅឆ្នាំ៨០២នោះទេ ព្រោះយើងពុំមានសិលាចារឹកណាមួយដែលចារនៅក្នុងឆ្នាំនោះ ហើយរៀបរាប់អំពីព្រឹត្តិការណ៍កើតឡើងទាំងនោះទេ។ អ្វីដែលយើងដឹង គឺបានមកពីសិលាចារឹកដែលចារក្រោយព្រឹត្តិការណ៍ជាង២៥០ឆ្នាំ។
ពត៌មានស្តីអំពីការតាំងរាជធានីនៅមហេន្ទ្របវ៌ត ទាំងកិច្ចពិធី កម្រតេងជគតតរាជ (លទ្ធិទេវរាជ) ធ្វើនៅឆ្នាំ ៨០២គ.ស ជាពត៌មានដែលបានមកពីសិលាចារឹកស្តុកកក់ធំ K.235 អាចចារក្នុងឆ្នាំ១០៥២គ.ស (៩៧៤ស.ក) រាជ្យព្រះបាទឧទ័យទិត្យវរ្ម័នទី២ (១០៥០គ.សដល់១០៦៦គ.ស) គឺជាង២៥០ក្រោយព្រឹត្តិការណ៍នោះ។ ក្នុងអត្ថបទជាភាសាខ្មែរ បន្ទាត់ទី៥៦ បង្ហាញថា មន វ្រះ បាទ បរមេស្វរៈ ប្រតិស្ថា កម្រតេង ជគត ត រាជ នៅ នគរ ស្រី មាហេន្ទ្របវ៌្វត មានន័យថា ព្រះបាទបរមេស្វរៈ (មរណៈនាមរបស់ព្រះបាទជ័យវរ្ម័នទី២) បានស្ថាបនានិងធ្វើពិធី កម្រតេង ជគត ត រាជនៅនគរស្រីមហេន្ទ្របវ៌ត (ភ្នំគូលេន)។ ក្នុងបន្ទាត់ទី៨០ បង្ហាញថា ព្រះអង្គសុគតនៅនគរហរិហរាល័យ ( វ្រះ បាទ បរមេស្វរៈ ស្វគ៌្គត នៅ នគរ ហរិហរាលយ)។ ឃ្លាទាំង២នេះ បង្ហាញថាព្រះអង្គបានទៅបង្កើតនគរមហេន្ទ្របវ៌ត និងចុងក្រោយយាងទៅសុគតនៅឯនគរហរិហរាល័យវិញ។
តើរាជធានីមហេន្ទ្របវ៌តនៅទីណា? និងមានរចនាសម្ព័ន្ធអ្វីខ្លះ?
ពិតណាស់ តាមរយៈសិលាចារឹកស្តុកកក់ធំ គេបានស្គាល់ពីឈ្មោះរាជធានីមហេន្ទ្របវ៌ត ដែលជាទីកន្លែងធ្វើពិធីពិសិដ្ឋរបស់ព្រះបាទជ័យវរ្ម័នទី២។ អ្នកស្រាវជ្រាវមុនៗបានអោយគំនិតខុសៗគ្នាលើទីតាំងរបស់មហេន្ទ្របវ៌្វតនេះ។ លោក Aymnier ដែលបានធ្វើការនៅលើខ្នងភ្នំគូលេន តែដោយសារអវត្តមាននៃប្រាសាទសំខាន់នៅទីនោះ លោកបានគិតថា មហេន្ទ្របវ៌្វតគឺស្ថិតនៅក្រោមជើងភ្នំ ឬប្រាសាទបេងមាលា និងលោក Loius Finot ថានៅប្រាសាទព្រះខ័ន។ ក្រោយការរកឃើញដោយ លោក Goloubew នូវប្រាង្គប្រាសាទជាច្រើនធ្វើអំពីឥដ្ឋ ដែលមានក្បាច់ចម្លាក់ក្នុងចន្លោះ សិល្បៈខ្មែរសម័យដើម និងសិល្បៈសម័យព្រះបាទឥន្ទ្រវរ្ម័ន ទើបគេសម្រេចរួមគ្នាមួយថា មហេន្ទ្របវ៌្វតគឺជាភ្នំគូលេន (រូបលេខ៣)។ គេដឹងទៀតថា មានប្រាសាទជាច្រើនត្រូវបានស្ថាបនានៅលើភ្នំនោះ ហើយប្រាសាទដែលគេចាប់អារម្មណ៍និងយល់ថាជាទីតាំងធ្វើពិធី គឺប្រាសាទ គ្រួសព្រះអារាមរោងចិន ឬអារាមរោងចិន (រូបលេខ៤)។ ក្រោយការសិក្សារបស់លោក Stern បង្ហាញថាមានប្រាសាទសាងនៅក្នុងតំបន់នោះជាង៣០។ ប៉ុន្តែ គេមិនបានដឹងពិតប្រាកដអំពីការរៀបចំក្រុងនៅទីនោះទេ ហើយការសិក្សាលើរចនាសម្ព័ន្ធនានារបស់រាជធានីនេះក៏មិនមានដែរ។ ក្រោយឆ្នាំ២០១៨ ដោយមានការស្រាវជ្រាវបន្ថែមរបស់ក្រុមមូលនិធិបុរាណវិទ្យា និងការអភិវឌ្ឍន៍កម្មវិធីភ្នំគូលេន រួមនិងអាជ្ញាធរជាតិអប្សរា គេបានជួបប្រទះនូវរចនាសម្ព័ន្ធកំពែង១នៅលើខ្នងភ្នំគូលេន ហៅថា បន្ទាយ ឬផ្ទះគូចារ្យ។ បន្ទាយនេះមានទីតាំងនៅខាងជើងប្រាសាទគ្រួសអារាមរោងចិន ដែលមានបណ្តោយកើតលិចប្រហែល៦០០ម៉ែត្រ និងទទឹងប្រហែល៤០០ម៉ែត្រ ហើយមានសំណង់ឥដ្ឋមួយចំនួននៅចំកណ្តាលបន្ទាយនោះ (រូបលេខ៥)។
គេបានធ្វើកំណាយនៅតាមកន្លែងមួយចំនួន (រូបលេខ៦) ដោយបានប្រទះឃើញនូវរចនាសម្ប័ន្ធសំណង់ផ្សេងៗ ពិសេសនៅផ្នែកខាងកើត ធ្វើអំពីឥដ្ឋ (រូបលេខ៧ និងលេខ៨) និងមានសំណល់ក្បឿងដែលជាគ្រឿងប្រក់ដំបូលសំណង់ឥដ្ឋ ថ្ម និងឈើ។ ជាបណ្តោះអាសន្ន គេបានស្នើថា ទីតាំងដែលគេហៅថា បន្ទាយ នេះអាចជអតីតរាជវាំងរបស់ព្រះបាទជ័យវរ្ម័នទី២នៅលើខ្នងភ្នំ មហេន្ទ្របវ៌្វត។ ប៉ុន្តែ រចនាសម្ព័ន្ធផ្សេងៗរបស់រាជវាំងនេះនៅមិនទាន់បានសិក្សាលម្អិតនៅឡើយទេ។
ជាសង្ខេប យើងអាចដឹងថា រាជធានីមហេន្ទ្របវ៌ត គឺស្ថិតនៅលើខ្នងភ្នំគូលេន ហើយអាចមានរាជវាំងមួយសម្រាប់ការគង់នៅរបស់ព្រះបាទជ័យវរ្ម័នទី២ មុនការយាង ចុះមកហរិហរាល័យ។ ក្រោយការរកឃើញកំពែងដែលអ្នកស្រុកហៅថា បន្ទាយឬផ្ទះគូ ចារ្យ ធ្វើអោយអ្នកស្រាវជ្រាវកាន់តែមានពន្លឺលើព៌តមានរាជវាំងចាស់នៅមហេន្ទ្របវ៌តនេះ។ កំណាយស្រាវជ្រាវបែបបុរាណវិទ្យាក៏ត្រូវបានអនុវត្តជាបណ្តើរៗ ហើយគេអាចនិងយល់ច្បាស់អំពីរចនាសម្ព័ន្ធរាជធានី និងរាជវាំងនេះនាពេលអនាគត។
——————————————-
Understanding the city in the Angkor period (Part 2), Mahendraparvata (Kulen mountain): The city Mahendraparvata established by King Jayavarman II, after conducting many political activities inside and outside the territory. The background of the King has become a viral topic, especially under the study of G. Coedès, Claude Jacques and Michael Vickery. G. Coedès suggests that the King might come from Java, in 802 and set the city at Indrapura (Banteay Prei Nokor, east of Kampong Cham?). Later, he moved to the north of Tonle Sap, in Bhavapura. After giving a village names Kuti to a Guru, he moved to control in Hariharalya (Present-day Rolous). He also built a city name Amarendrapura (North-west of Battambang province). In contrast, Claude Jacques says that after returning in 770-780 CE, the King invaded Sambhupura (Kratie) and then in 780 and 802 he invaded Bhavapura (Sambo Prei Kuk). Later on, Aninditapura (Prasat Akyom), Kuti (east of Angkor), Hariharalaya and Amarendrapura were captured and controlled. The suggestion of Claude Jacques bases on the information from inscription K.583. The argument of both scholars was combined by Michael Vickery. He states that King Jayavarman II might be a leader of an area in 770 CE. In 780 he became a King in Sambhupura, where he married a princess. In 790, he and his son were fighting against Champa (east of Cambodia). In 802 CE, the King was celebrating a ceremony on Mahendraparvata to claimed himself as the King of the Kings. It is not known what happened in 802CE because no information, excepts 250 years later.
Where is the city Mahendraparvata? And What are the elements of the city?
According to Aymonier, Mahendraparvata is located on the foot of Kulen mountain or in Beng Mealea. In contrast, Loius Finot states that it is in Prasat Preah Khan. However, after the discovery of many brick temples by Goloubew, the scholars suggest that the city is on Mahendraparvata or Kulen mountain.
The city has many temples and the most important ritual temple is Krous Aram Rong Chin/Aram Rong Chin. After the studies, Stern claims that there are about 30 temples were built in the city. The studies in 2018 provide more concrete information. A wall of the city names Banteay or Pteh Kou Cha was discovered. It has 600m length and 400m width and has a temple in the middle. From the excavation in the east, many temple structures include stone, brick and wood were found. Primarily, Banteay might be the palace of King Jayavarman II. However, other structures are not yet studied.
In conclusion, the city of King Jayavarman II is on Kulen mountain. It could have a palace before descending to Hariharalaya. The above information could build a platform for a further archaeological study about the element of the city and the royal palace in the future.
អត្ថបទដើម៖ លោក សុខ កែវ សុវណ្ណារ៉ា