កិច្ចចេញវស្សា

ចេញវស្សា ជាពាក្យដែលប្រជាជនសាមញ្ញហៅសម្គាល់ថ្ងៃពេញបូណ៌មី ខែអស្សុជ  ប៉ុន្តែតាមពុទ្ធសាសនាហៅថា បវារណា។ បវារណា មានន័យថា ការបើកឳកាសឲ្យនិយាយឲ្យសួរតាមការគួរ ឬតាមត្រូវការ។  កិច្ចបវារណានេះ តាមពុទ្ធានុញ្ញត ធ្វើឡើងនៅថ្ងៃពេញបូណ៌មី ខែអស្សុជ ដោយគិតចាប់តាំងពីថ្ងៃ០១រោច ខែអាសាធ ដែលជាថ្ងៃចូលវស្សាមក រហូតគម្រប់ត្រីមាសពេញបូរិបូណ៌ ហើយមួយឆ្នាំអាចធ្វើបានតែម្តងប៉ុណ្ណោះ។ ហេតុដូច្នេះ ចេញវស្សា ឬបវារណា ជាកិច្ចរបស់ព្រះសង្ឃ មិនមែនជាកិច្ចរបស់ពុទ្ធសាសនិកនោះទេ ក៏ប៉ុន្តែដោយសារមានសទ្ធា និងប្រាថ្នាកុសលផលបុណ្យ ពុទ្ធសាសនិកបានរៀបចំគ្រឿងដង្វាយបូជានានាប្រគេនចំពោះព្រះសង្ឃ នៅវេលាព្រឹក ព្រមជាមួយកិច្ចផ្សេងៗ ដូចជានិមន្តលោកទេសនាគម្ពីរនានា ពិសេសទេសនាមហាជាតក។  

កិច្ចបវារណារបស់ព្រះសង្ឃ ប្រព្រឹត្តិទៅនៅវេលាល្ងាច ប្រហែលជាម៉ោងប្រាំពីរ នៃថ្ងៃបញ្ចប់កិច្ចនៅចាំវស្សា។ ក្នុងនោះព្រះសង្ឃគ្រប់អង្គទូទាំងវត្តអារាម ដែលព្រះអង្គគង់ចាំព្រះវស្សាបានគ្រប់បីខែហើយ តែងចូលមកព្រះវិហារ ឬរោងឧបោសថ ដើម្បីប្រជុំបើកឳកាសនិយាយរំលឹកគ្នាទៅវិញទៅមក ប្រាប់ពីទោសកំហុស ឬការមន្ទិលសង្ស័យនានា។ ព្រះសង្ឃមួយអង្គៗ និមន្តព្រះសង្ឃដទៃទៀតឲ្យចង្អុលបង្ហាញ ឬប្រាប់ពីកំហុសរបស់លោក ដែលបានប្រព្រឹត្តិក្នុងអំឡុងគង់ចាំព្រះវស្សាអស់ត្រីមាស។ 

កិច្ចបវារណា គឺជាបំណងរបស់ព្រះពុទ្ធសាមណគោត្តម ដើម្បីឲ្យសង្ឃគ្រប់អង្គស្រលាញ់រាប់អានអាធ្យាស្រ័យទោសកំហុស ឬមិនមើលបំណាំគ្នា ដែលនាំឲ្យរង្គោះរង្គើរក្នុងរង្វង់សង្ឃ និងជាហេតុនាំឲ្យមិនជាទីជ្រះថ្លាដល់ពុទ្ធបរិស័ទទាំងឡាយ។ លើសពីនេះទៅទៀត នៅក្នុងវិន័យ ព្រះសង្ឃធ្វើកិច្ចបវារណាមានចំនួន៣៖ ទី១ បវារណាជាសង្ឃ ទី២ បវារណា ជាគណៈ និងទី៣ បវារណា ជាអធ្ឋិដ្ឋាន។ ព្រះសង្ឃដែលត្រូវធ្វើកិច្ចបវារណា មានយ៉ាងតិច៥អង្គ ក៏ប៉ុន្តែបើវត្តណាដែលមានព្រះសង្ឃត្រឹម៤អង្គ ៣អង្គ ឬ២អង្គ លោកឲ្យធ្វើកិច្ចបវារណាជាគណៈ។ ក្នុងករណីវត្តណាមានព្រះសង្ឃតែមួយអង្គ លោកឲ្យបវារណា ​ជាអធិដ្ឋាន។

សូមបញ្ជាក់ផងដែរថា ដើមទងនៃទំនៀមកិច្ចចេញវស្សា ឬបវារណាភ្ជាប់គ្នានឹងកិច្ចចូលវស្សា។ កិច្ចចូលវស្សា ផ្តើមឡើងដោយការមិនពេញចិត្តរបស់បរិស័ទ ចំពោះការនិមន្តទៅមកគ្រប់កាលរដូវដូចសាមញ្ញជន​ ដែលបណ្តាលឲ្យជាន់ស្មៅទាំងឡាយ និងបៀតបៀនវត្ថុដែលមានជីវិត ហេតុដូច្នេះព្រះសម្មាសម្ពុទ្ធក៏បញ្ញត្តិឲ្យសង្ឃទាំងអស់គង់ចាំព្រះវស្សាចំនួន៣ខែ។

ក្នុងអំឡុងគង់ចាំព្រះវស្សា សង្ឃមិនអនុញ្ញាតឲ្យចេញក្រៅលើសពីមួយថ្ងៃ ឬសឹងនៅខាងក្រៅវត្តបានឡើយ។ ក្នុងករណីចាំបាច់ ព្រះសង្ឃអាចគង់នៅក្រៅវត្តរយៈពេល៧ថ្ងៃ តែលោកត្រូវត្រឡប់មកវិញជាដាច់ខាតនៅថ្ងៃទី៧។  ការនេះយល់ថាជាបញ្ញត្តិដ៏តឹងតែង ហើយព្រះសង្ឃយល់ថាខ្លួនរស់នៅដូចជាសត្វចិញ្ចឹម ត្រូវគេប្រមាថ គ្មានសេរីភាព មិនរីករាយ ជាដើម។ អាស្រ័យហេតុនេះ ព្រះសម្មាសម្ពុទ្ធអនុញ្ញាតឲ្យព្រះសង្ឃដែលនៅចាំវស្សារួចហើយ ធ្វើកិច្ចបវារណា។

អត្ថបទដើម៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!