កំពែង ឬ កំផែង?

ពាក្យ “កំពែង” ក្លាយមកពីពាក្យខ្មែរបុរាណ “កំវេង” ដែលមានចារនៅក្នុងសិលាចារឹកតាំងពីស.វទី១០ (K. 760 នៅស.វទី១០, K. 56 ស.វទី១០, K. 235 ស.វទី១១) ហើយប្រើរហូតមកដល់សព្វថ្ងៃនេះ។ ទាក់ទងនឹង “វ” ក្លាយមកជា “ព” ឬជា “ភ” ចាប់ផ្ដើមប្ដូរ ឬមាន ប្រើតាំងពីសម័យកណ្ដាលនៅរវាងស.វទី១៧មកម្លេះ នេះបើយោងតាមសិលាចារឹកនៅសម័យកណ្ដាល ជាពិសេសសិលាចារឹកដែលចារនៅអង្គរវត្ត។ សម័យកណ្ដាលដែល យើងទម្លាប់ហៅតាមការចាត់កាលប្រវត្តិរបស់អ្នកស្រាវជ្រាវបារាំង “សម័យក្រោយអង្គរ” នោះ ពោលគឺចាប់ពី ស.វទី១៤ ដល់ស.វទី១៩។ នៅសម័យកណ្ដាល សៀមបានយកពាក្យនេះទៅប្រើ ដោយនៅក្នុងភាសាសៀមគ្មានសម្លេង “ព” មានតែសម្លេង “ផ” ដូច្នោះហើយត្រូវបញ្ចេញសម្លេង​ ឬហៅថា “កំផែង”។

ពេលដែលខ្មែរធ្លាក់ចុះ បន្ទាប់ពីសម័យអង្គរ និងដោយមានការទទួលឥទ្ធិពលពីសៀមមកវិញខ្លះនោះ ម្យ៉ាងទៀតដោយខ្មែរខ្លួនឯងភ្លេចផង សព្វថ្ងៃនេះប្រើច្របូកច្របល់ ខ្លះនិយាយថា “កំពែង” ខ្លះថា “កំផែង”។ អ្នករស់នៅម្ដុំខេត្តបាត់ដំបង និងបន្ទាយមានជ័យជាដើម ពាក្យ “កំផែង” នេះនិយាយរត់មាត់ទៅហើយ។ ខេត្តដែលនៅជាប់ស្រុកសៀម ឬធ្លាប់នៅក្រោមការគ្រប់គ្រងរបស់សៀមជាពិសេសនៅស.វទី១៩ ដូចជាខេត្តបាត់ដំបង (សព្វថ្ងៃបំបែកជាខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ) និងសៀមរាបមួយភាគ បានទទួលឥទ្ធិពលវប្បធម៌ សាសនា និងភាសាពីសៀម។ ឧទាហរណ៍ “ស្បែកធំ” អ្នកបាត់ដំបង និងតំបន់ខ្លះនៃខេត្តសៀមរាបហៅ “ណាំងស្បែក” ដែលពាក្យ “ណាំង” ជាភាសាសៀម ដែលភាសាខ្មែរគឺ “ស្បែក”។ ភ្លេងពិណពាទ្យ ហៅថាភ្លេងសៀម ឬផផាតជាដើម និងមានពាក្យជាច្រើនទៀត។ 

ត្រឡប់មកពាក្យ “កំពែង” វិញ ខេត្ត ឬទីកន្លែងដែលមិនបានទទួលឥទ្ធិពលខ្លាំងពីសៀម ដូចជាខេត្តពោធិសាត់ដែលនៅជាប់ខេត្តបាត់ដំបង និងទីកន្លែងដទៃទៀតមានវត្តឈ្មោះ “វត្តកំពែង” ច្រើនណាស់​ ដូចជាវត្តកំពែងនៅខេត្តកំពត និងខេត្តកំពង់ចាម ជាដើម ។ល។ រីឯនៅខេត្តបាត់ដំបងមានវត្តល្បីមួយឈ្មោះ “វត្តកំផែង” ដែលនេះបញ្ជាក់ពីឥទ្ធិពល របស់សៀមមកលើខ្មែរមួយជាឧទាហរណ៍ស្រាប់។ វត្តកំផែងនេះល្បី ដោយសារមាន ចម្រៀងដ៏ពិរោះរបស់លោក ស៊ីន ស៊ីសាមុត ដែលមានចំណងជើងថា “ភូមិវត្តកំផែង” (ភូមិវត្តកំផែង រៀមសូមថ្លែងទុក្ខ ស្នេហ៍ខានជួបមុខ រាយជាទំនុក ទុក្ខកម្មស្នេហ៍ខ្ញុំ…)។

អ្វីដែលខ្ញុំលើកពាក្យ “កំពែង” ជាឧទាហរណ៍មួយក្នុងចំណោមពាក្យខ្មែរមួយគំនរទៀតមកនិយាយមិនមែនមានន័យថាឲ្យខ្មែរយើងអភិរក្សនិយមពេកទេ ការជះឥទ្ធិពលវប្បធម៌ទៅវិញទៅមករវាងប្រទេសមួយ និងប្រទេសមួយទៀតជារឿងធម្មតានៅលើលោកនេះ។ ប៉ុន្តែគ្រាន់តែចង់ឲ្យមានការយល់ដឹង និងប្រើប្រាស់បានត្រឹមត្រូវនូវអ្វីដែលយើងមានហើយ និងជាការជួយថែរក្សាវប្បធម៌ខ្មែរប៉ុណ្ណោះ។

អត្ថបទដោយ៖ លោក ញឹម សុធាវិន្ទ

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!