ទំព័រដើមប្រវត្តិសាស្ត្រសិលាចារឹកភូមិជន្លូសចាស់ K.១៤១៤

សិលាចារឹកភូមិជន្លូសចាស់ K.១៤១៤

សិលាចារឹក​នេះមានប្រភពមកពីទួលបុរាណ​មួយ​ ស្ថិតនៅ​ក្នុងភូមិជន្លូស ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។​ នៅសម័យក្រោយសង្គ្រាម ទី​តាំង​ភូមិ​នេះ​ជា​កន្លែង​ប្រទាញ​ប្រទង់​គ្នា​ជា​មួយ​ខ្មែរក្រហម។ មកដល់ទសវត្សឆ្នាំ៨០ រដ្ឋការ​បាន​បង្កើត​ភូមិ​ជន្លូស​ថ្មី ​នៅ​ក្បែរ​ទី​រួម​ស្រុក​ប្រាសាទ​បល្ល័ង្ក​បច្ចុប្បន្ន ​រួម​ទាំង​ទី​តាំង​ផ្សេងៗ​ទៀត​ដូច​ជា​សាលា​សំណាក់ វត្តជាដើមដោយដាក់ឈ្មោះដូចភូមិចាស់ទាំងស្រុង ដើម្បី​ឱ្យ​ប្រជា​ពល​រដ្ឋមករស់នៅកន្លែងថ្មីឱ្យមានអារម្មណ៍ថាដូចជាទីតាំងចាស់។ យ៉ាង​នេះក្ដី ប្រជាពលរដ្ឋមួយចំនួន​ពុំបានផ្លាស់លំនៅទៅភូមិថ្មីឡើយ។

នៅភូមិជន្លូសចាស់នោះ មានទីទួលមួយហៅថាទួលជន្លូស ជាទីតាំងអ្នកតាចាស់ស្រុក។ នៅ​លើ​ទី​ទួល​នេះ​មាន​សង់​រោង​ជា​ខ្ទម​អ្នក​តា​ចាស់​ស្រុក​មួយ ដែល​មាន​ជើង​ទម្រ​បដិមា​មួយ​ចំនួន​ និង​សិលា​ចារឹក​មួយ​ផ្ទាំង​ដែល​ចុះលេខ K.១៤១៤ មានទំហំ ២៩ស.ម. x ២៤ស.ម. ​ x ៤ស.ម. ។  «ជន្លូស» ជាស្ថាននាមមួយដែលបន្សល់មកតាំងពីបុរាណ ដូចមានភស្ដុតាងតាមរយៈសិលាចារឹកនេះដែល​សរសេរ​ជា​ «ជន៑ល្វស៑»។

សិលាចារឹកនេះមានកាលបរិច្ឆេទ​នៅឆ្នាំ​៨៨៧នៃមហាសករាជ ត្រូវ​នឹង​គ្រិស្ដសករាជ៩៦៥ ចារពីព្រះរាជបញ្ជា​របស់​ព្រះមហាក្សត្រ ​ត្រាស់បង្គាប់ម្រតាញខ្លោញស្រីនរបតីវីរវម៌្ម​និងក្រុមមន្ដ្រីជាច្រើនទៀត ទូលព្រះរាជបញ្ជា​ឱ្យដល់វាបម្នាក់ទៅ​ពិនិត្យដីនិងភោគផលរបស់ប្រាសាទ​នៅឯ​ជន្លូស និងឱ្យ​ប្រគល់​​​ដីដែលមានជម្លោះត្រឡប់មកប្រាសាទវិញ ដោយសង់​​គោលនិងសិលាចារឹកដើម្បីកុំឱ្យមានជម្លោះជាថ្មីម្ដងទៀត។

មន្ដ្រីឈ្មោះ ម្រតាញខ្លោញស្រីនរបតីវីរវម៌្ម នៅក្នុង​សិលាចារឹកនេះ យើងធ្លាប់ប្រទះនៅក្នុងសិលាចារឹក​ពីរ គឺសិលាចារឹកវត្តតាព្រះយ៉ា K.១១៥២ និងសិលា​ចារឹកប្រាសាទចារ K.២៥៧។  សិលាចារឹកទាំងនេះបង្ហាញថា ម្រតាញ​ខ្លោញស្រីនរបតីវីរវម៌្ម បម្រើការរាជការតាំងពីរាជ្យ​ព្រះបាទរាជេន្ទ្រវម្ម៌ទេវ​(រាជេន្ទ្រវរ្ម័ន ៩៤៤-៩៦៨គ.ស.) រហូត​ដល់​រាជ្យព្រះបាទ​សូរ្យវម៌្ម​ទេវ​ទី១(សូរ្យវរ័្មនទី១ ១០០២-១០៥០គ.ស.)។ ក្នុងសិលាចារឹកនេះ​បញ្ជាក់ថាលោកកំពុងបម្រើក្នុង​រាជ្យ​ព្រះបាទរាជេន្ទ្រវម៌្មទេវនាចុងស.វ.ទី១០។ តាមរយៈសិលាចារឹក K.២៥៧ ក្នុងរាជ្យព្រះបាទសូរ្យវម៌្មទេវទី១ ម្រតាញរូបនេះ​ឡើងឋានៈនិងមានងារ​​ជា «កំស្ដែងស្រីនរ​បតីវីរវម៌្ម»។  

ចំពោះលក្ខណៈសំណេរ​នៅក្នុងសិលាចារឹកនេះហាក់ប្លែកបន្ដិច ដ្បិត​ពាក្យមួយចំនួនដែល​មាន​ពីរព្យាង្គពុំប្រើវិធីតម្រួតទេ បែរជា​ប្រើវិធីសរសេរបន្ដគ្នាទៅវិញ។ បើ​យើង​ពិនិត្យ​លើ​ក្បួន​សំណេរ​ប្រព័ន្ធព្រាហ្មីក្ដីនិងទេវនាគរីក្ដី កាលណា​មានព្យញ្ជនៈមួយនៅ​បន្ទាប់ពី​ព្យញ្ជនៈដែល​មាន​សញ្ញាវិរាមនៅខាងលើ​ គេ​អាច​សំយោគ(សរសេរត្រួតលើគ្នា​ឬភ្ជាប់គ្នា​ដោយលុបផ្នែកណាមួយ)​ព្យញ្ជនៈពីរនោះ​ចូលគ្នាបាន។ ឬម្យ៉ាងទៀត​គេ​មិនសំយោគ ​រួចសរសេរបន្ដគ្នាធម្មតាក៏បាន​។ ឧ. कङ्कर និង कङ्कर ​។ ករណី​នេះ នាំឱ្យយើង​អាច​ធ្វើបុនស្ថាបនកម្ម(Reconstruction) បានថាពាក្យខ្មែរបុរាណមួយនាសម័យ​មុន​អង្គរ​ដែល​មានតួ​ប្រកប​ខាង​ចុង​ គេអាចសរសេរបីរបៀបដូចជា ផោង៑  ផោង្ង  ផោង៑ង,  ទង៑ ទង្ង ទង៑ង។ ពាក្យជាទូទៅដែល​ឃើញច្រើនតែសរសេរជា មន្ត្រី បន្ទ្វល៑ សង្គោ​ល៑ នៅក្នុង​សិលាចារឹកនេះបែរ​សរសេរជា មន៑ត្រិយ បន៑ទ្វល៑ សង៑គោល៑។ សូម្បីតែពាក្យ​ អ្ជិ ក៏សរសេរជា អជិ វិញដែរ។ ទាំងនេះជាលក្ខណៈផ្នែក​សំណេរ​​បុរាណ​មួយដែលគួរឱ្យកត់សម្គាល់។

——————————————————

Inscription from Janlus village K.1414

Inscription K.1414 discovered from an ancient mount, located in Janlus village, Toul Kroel commune, Balang district, Kampong Thom province. It has 29cm x 24cm x 4cm, written on a pedestal. Janlus is an ancient name of the location here, which is written in the inscription as “Jnlvs”.

It is dated to 887 Çaka or 965 CE and mentions a comment of the King to Mratañ Khloñ Sri Narapativarma (officer) and a group of musicians. Also, ordered a Vāp (officer) to check the land and the productions of a temple in Janlus and asking to return the land that was quarreling to the temple. Additionally, he ordered to establish a boundary mark and make an inscription to avoid further argument.

Significantly, the officer names Mratañ Khloñ Sri Narapativarma appears in two other inscriptions, Vat Ta Preah Ya K.1152 and Prasat Char K.257, mentions that Mratañ Khloñ Sri Narapativarma worked for the government from the reign of King Rajendravarman (944-968 CE) to the reign of King Suryavarman I (1002-1050 CE). Thus, while the inscription was written, he worked for King Rajendravarman, the end of the 10th century. Then, in the reign of King Suryavarman I, he was promoted to Kaṃsteṅ Sri Narapativarma

Importantly, the way that the inscription was written seems to be strange because some words that have two consonants were not put on one another, but placed one after another. This way of writing against the rule of Brahmi and Devanagari system. Therefore, it could be seen that the ancient Khmer script in the Pre-Angkorian period that has a consonant at the end could be written in 3 different ways. For instance, Poṅ / Poṅṅ / Poṅṅa.

អត្ថបទដើម៖ លោក ហ៊ុន ឈុនតេង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!