ទំព័រដើមប្រវត្តិសាស្ត្រឈ្វែងយល់ខ្លះៗអំពីរាជធានីសម័យអង្គរ (ភាគ៣) រាជធានីហរិហរាល័យ

ឈ្វែងយល់ខ្លះៗអំពីរាជធានីសម័យអង្គរ (ភាគ៣) រាជធានីហរិហរាល័យ

ក្នុងអត្ថបទភាគ២ ខ្ញុំបានបង្ហាញអំពីនគរមហេន្ទ្របវ៌ត និងនគរហរិហរាល័យ។ ព្រះបាទជ័យវរ្ម័នទី២ បានយាងទៅតំបន់ជាច្រើន ភាគច្រើនត្រូវបានហៅថាជាក្រុង (បុរៈ) លើកលែងតែកន្លែង២ទេដែលត្រូវបានគេហៅថា នគរ (រាជធានី) គឺនគរមហេន្ទ្របវ៌្វត និងនគរហរិហរាល័យ។ ក្នុងអត្ថបទនេះ ខ្ញុំនិងលើកយកមកបង្ហាញលម្អិតអំពីរាជធានី ហរិហរាល័យ

រាជធានីហារិហរាល័យជាទីតាំងមួយដែលព្រះបាទជ័យវរ្ម័នទី២ បានស្ថាបនា ហើយប្រើជិវិតចុងក្រោយរបស់ព្រះអង្គគង់នៅ និងសុគតនៅទីនោះ។ យើងអាចដឹងតាមរយៈសិលាចារឹក ស្តុកកក់ធំ (K.235) ក្នុងអត្ថបទជាភាសាខ្មែរ បន្ទាត់ទី៨០ បង្ហាញថា ព្រះអង្គបានយាងទៅនគរហរិហរាល័យ និងសុគតនៅទីនោះ ប៉ុន្តែពុំមានកាលបរិច្ឆេទទេ (វ្រះ បាទ បរមេស្វរៈ ស្វគ៌្គត នៅ នគរ ហរិហរាលយ)។ រាជធានីនេះត្រូវបានរក្សា និងគ្រប់គ្រងបន្តដោយព្រះរាជបុត្រារបស់ព្រះអង្គ គឺព្រះបាទជ័យវរ្ម័នទី៣ (៨៣៦គ.សដល់៨៧៧គ.ស) និង ព្រះបាទឥន្ទ្រវរ្ម័នទី១ (៨៧៧គ.សដល់៨៨៩គ.ស)។

តើហរិហរាល័យនៅទីណា? មានរចនាសម្ព័ន្ធអ្វីខ្លះ?

ក្នុងដំណាក់កាលដំបូង រាជធានីហរិហរាល័យនេះ គឺជាទីកន្លែងដែលលោកសឺដេសបានគិតថា ព្រះបាទជ័យវរ្ម័នទី២បានគង់នៅ២ដង និងសុគតនៅទីនោះ ហើយនៅតែជារាជធានីរហូតដល់ការផ្លាស់ប្តូរទៅយសោធរបុរៈ ដោយព្រះបាទយសោវរ្ម័នទី១។ ហរិហរាល័យជាឈ្មោះដែលមានក្នុងសិលាចារឹក​ តែពុំត្រូវបានបញ្ជាក់ថាជាទីតាំងណាមួយឱ្យប្រាកដនោះទេ។ លោក Jenner បានសន្និដ្ឋានថា ហរិហរាល័យ គឺជារាជធានីទី២ របស់ព្រះបាទជ័យវរ្ម័នទី២​បន្ទាត់ពីរាជធានីឥន្ទ្របុរៈ។ លោកស្រី Savaros បានគិតថា ហរិហរាល័យគឺរាជធានីបុរាណ ហើយជាឈ្មោះរបស់ប្រាសាទលលៃ។

ពាក្យហរិហរាល័យមានក្នុងសិលាចារឹកដំបូងក្នុងសតវត្សទី៩ (ឆ្នាំ៨៩១ស.ក ឬ៩៦៩គ.ស) ក្នុងសិលាចារឹក K.848 នៅប្រាសាទស្វាយព្រាហ្ម និយាយអំពីព្រះរាជសារដល់ក្រុមមនុស្ស (ព្រឹទ្ធគ្រាម និងបុរសប្រធាន) នៅឯហរិហរាល័យ។  សិលាចារឹកមួយទៀត នៅប្រាសាទស្រង៉ែ K.933 ក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី១ (១០០២គ.សដល់១០៥០) និយាយអំពីការថ្វាយអាស្រមមួយនៅហរិហរាល័យ។  សិលាចារឹកដែលបង្ហាញច្បាស់ថា ​ហរិហរាល័យគឺជា រាជធានី (នគរហរិហរាលយ) គឺសិលាចារឹកស្តុកកក់ធំ K.235 ដែលបានបង្ហាញពីដំណើរយាងទៅកាន់ទីនោះ និងសុគតនៅទីនោះដែរ។  សិលាចារឹកមួយទៀត នៅប្រាសាទបាយ័ន្ត K.293 បង្ហាញអំពីទេពដែលស្ថិតនៅហរិហរាល័យ។ ទាំងនេះគឺជាពត៌មានដែលយើងដឹងអំពីឈ្មោះ នគរហរិហរាល័យ ឬហរិហរាល័យ តាមរយៈសិលាចារឹកបុរាណ។

ប្រសិនបើយើងពិនិត្យមើលលើឃ្លាក្នុងសិលាចារឹកស្តុកកក់ធំហៅ ហរិហរាល័យ ថា នគរ គឺមានន័យថាជា ធា​នី ឬរាជធានី ដែលមិនសំដៅតែលើប្រាសាទមួយនោះទេ។ វាអាចជាបណ្តុំហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលមានទាំងព្រះរាជវាំង ប្រាសាទ ផ្ទះ និងសំណង់សាធារណៈផ្សេងៗ។ ក្នុងតំបន់រលួសសព្វថ្ងៃ ទីតាំងដែលមានលក្ខណៈជារាជវាំង គឺជាបរិវេណកំពែង និងផ្នែកខាងក្នុងនៃប្រាសាទព្រៃមន្ទីរ។ ពាក្យ មន្ទីរ ក្នុងសម័យបុរាណមានន័យថា វាំង។ ពាក្យនេះអាចជាពាក្យបុរាណដែលគេបានហៅ និងប្រើជាបន្តបន្ទាប់មកដល់សព្វថ្ងៃ ហើយអាចសំដៅទៅលើទីតាំងរាជវាំងចាស់ តាំងពីរាជ្យព្រះបាទជ័យវរ្ម័នទី២មកម្ល៉េះ។ យើងអាចបែងចែករាជធានីហរិហរាល័យ​ជាបីដំណាក់កាល គឺ៖

ក.នគរហរិហរាល័យក្នុងព្រះបាទជ័យវរ្ម័នទី២

ហរិហរាល័យក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២ អាចជាបរិវេណកំពែងប្រាសាទព្រៃមន្ទីរ។ រចនាសម្ព័ន្ធខាងក្នុងមានតែប្រាសាទព្រៃមន្ទីរ សាងអំពីឥដ្ឋ និងថ្មបាយក្រៀម មានប្រាង្គ៣បែរទៅទិសខាងកើត។ ប្រាសាទនេះអាចជាទីសក្ការៈបូជាដល់ទេព (សិវៈ)។ ចំណែកឯសំណង់រាជវាំងអាចសាងអំពីឈើប្រក់ក្បឿង។ ប៉ុន្តែយើងមិនមានភស្តុតាងគ្រប់គ្រាន់សម្រាប់បកស្រាយពន្យល់ពីអំសំណង់ទាំងនោះទេ ព្រោះពុំមានការធ្វើកំណាយស្រាវជ្រាវលម្អិតនៅក្នុងបរិវេណ ឬទីធ្លាខាងក្នុងកំពែងប្រាសាទព្រៃមន្ទីរនេះទេ។ នៅក្រៅកំពែងនេះ មានប្រាសាទមួយចំនួនដែលអាចត្រូវបានស្ថាបនាក្នុងរាជ្យព្រះអង្គ ដូចជាប្រាសាទត្រពាំងផុង ស្វាយព្រាហ្ម ទទឹងថ្ងៃ និងគោកដូងជាដើម។​

ខ.នគរហរិហរាល័យក្នុងព្រះបាទជ័យវរ្ម័នទី៣

ព្រះបាទជ័យវរ្ម័នទី៣ បានបន្តរាជ្យពីព្រះបាទជ័យវរ្ម័នទី២ ចាប់ពីឆ្នាំ៨៣៦គ.ស​ដល់៨៧៧គ.ស គឺមានរយៈពេលយូរ រហូតដល់៤១ឆ្នាំ។ ប៉ុន្តែយើងហាក់ដូចពុំដឹងអំពីសកម្មភាព និងព្រឹត្តិការណ៍នានាក្នុងរាជ្យព្រះអង្គសោះ។ យើងពុំឃើញមានសំណង់សំខាន់ អ្វីដែលត្រូវបានស្ថាបនាឡើងដោយព្រះអង្គក្នុងតំបន់ហរិហរាល័យនេះទេ។ ព្រះអង្គអាចបន្តប្រើប្រាស់សមិទ្ធិផលរបស់ព្រះបិតាព្រះអង្គ។ តាមរយៈសិលាចារឹកមួយចំនួន និងមរណៈនាមរបស់ព្រះអង្គ បង្ហាញថា ព្រះអង្គជាស្តេចដែលនិយម និងគោរពលើព្រះវិស្ណុច្រើនជាព្រះសិវៈ។ ប្រាសាទមួយចំនួនអាចត្រូវបានស្ថាបនាបន្ថែមពីបិតា ក្នុងរាជ្យរបស់ព្រះអង្គ ដូចជា៖ ស្វាយព្រាហ្ម ត្រពាំងផុង គោកពោធិ និងប្រាសាទដែលឧទ្ទិសដល់ព្រះវិស្ណុ   ព្រះឥន្ទ្រកោសីយ និងគោកចកជាដើម។

គ.នគរហរិហរាល័យក្នុងព្រះបាទឥន្ទ្រវរ្ម័នទី១        

ព្រះបាទឥន្ទ្រវរ្ម័នទី១ បានបន្តរាជ្យពីព្រះបាទជ័យវរ្ម័នទី៣ ពីឆ្នាំ៨៧៧គ.ស ដល់៨៨៩គ.ស។ ក្រោយពីបានឡើងសោយរាជ្យ ព្រះអង្គបានស្ថាបនាសំណង់ប្រាសាទថ្មីដើម្បីឧទ្ទិសដល់បុព្វការីជន គឺប្រាសាទព្រះគោ (៨៧៩គ.ស) និងប្រាសាទដ៏ធំតំណាងឱ្យរាជ្យព្រះអង្គ គឺប្រាសាទបាគង (៨៨១គ.ស)។ ព្រះអង្គមានព្រះទ័យលើប្រព័ន្ធធារាសាស្ត្រ និងកសិកម្ម ដោយព្រះអង្គបានសន្យាថា ក្រោយព្រះអង្គឡើងសោយរាជ្យ ព្រះអង្គនិងជីកស្រះទឹកមួយ គឺបារាយណ៍ ឥន្ទ្រតដក ដែលមានទំហំបណ្តោយប្រហែល៣៨០០ម៉ែត្រ (កើតលិច) និងទទឹងប្រហែល៨០០ម៉ែត្រ (ជើងត្បូង)។ ព្រះអង្គអាចបន្តប្រើប្រាស់សំណង់រាជវាំងចាស់នៅកក្នុងបរិវេណប្រាសាទព្រៃមន្ទីរ ឬក៏ផ្នែកខ្លះនៅជុំវិញប្រាសាទព្រះគោ ដែលជាយោបល់របស់អ្នកស្រី ពៅ សាវរស់។

បើយើងពិនិត្យមើលទីតាំងបរិវេណប្រាសាទព្រះគោ យើងឃើញថា ជាបរិវេណដែលមានព័ទ្ធដោយកសិ្សណយ៉ាងធំមួយ មានបណ្តោយពីជើងទៅត្បូងប្រហែល៥០០ម៉ែត្រ និងទទឹងពីកើតទៅលិចប្រហែល៤០០ម៉ែត្រ។ ក្នុងបរិវេណនេះ ក្រៅពីប្រាសាទព្រះគោដែលមានទីតាំងនៅភាគខាងកើត ឈៀងខាងត្បូងនៃបរិវេណ យើងឃើញថាមានទីធ្លាដ៏ធំនៅភាគខាងជើង ដែលសព្វថ្ងៃពុំទាន់មានការសិក្សាស្រាវជ្រាវលម្អិតនៅតំបន់ខាងក្នុងនោះទេ។ ក្នុងករណី ព្រះបាទឥន្ទ្រវរ្ម័នទី១ បានរៀបចំទីនោះជារាជវាំងថ្មី គឺប្រហែលព្រះអង្គបោះបង់ចោលរាជវាំងឯព្រៃមន្ទីរ ហើយមកស្ថាបនារាជវាំងថ្មីនៅខាងជើង (ក្នុងបរិវេណ កស្សិណ) និងស្ថាបនាប្រាសាទព្រះគោ ដើម្បីឧទ្ទិសដល់បុព្វការីជន ពិសេសគឺព្រះបាទជ័យវរ្ម័នទី២។ រាជវាំងថ្មីនេះស្ថិតនៅចន្លោះសំណង់ធំសំខាន់២ គឺបារាយណ៍ ឥន្ទ្រតដក (សំណង់រក្សាទឹក) និងប្រាសាទបាគង (ប្រាសាទតំណាងឱ្យរាជ្យ)។   

ជាសង្ខេប យើងដឹងថាព្រះបាទជ័យវរ្ម័នទី២បានស្ថាបនា​ ឬយាងមកគងនៅរាជធានី មួយឈ្មោះ នគរហរិហរាល័យ ហើយព្រះអង្គបានសុគតនៅទីនោះ។ ក្រោយមកព្រះរាជបុត្រាព្រះអង្គ គឺព្រះបាទជ័យវរ្ម័នទី៣បានបន្តស្នងរាជ្យ និងគង់នៅនគរហរិហរាល័យដដែល។ ព្រះរាជវាំងរបស់ក្សត្រទាំងពីរអាចជាបរិវេណកំពែងរបស់ប្រាសាទព្រៃមន្ទីរ។ ក្រោយមក ព្រះបាទឥន្ទ្រវរ្ម័នទី១ បានបន្តរាជ្យ ហើយព្រះអង្គអាចគង់នៅរាជវាំងចាស់មួយរយៈ ហើយអាចស្ថាបនារាជវាំងថ្មីនៅក្នុងបរិវេណប្រាសាទព្រះគោ ដោយបានកសាងប្រាសាទព្រះគោដើម្បីឧទ្ទិសដល់បុព្វការីជន ពិសេសគឺសម្រាប់ព្រះបាទជ័យវរ្ម័នទី២ (ជាស្តេចដែលបានប្រកាសឯករាជ្យអោយកម្ពុជា និងបានបង្រួបបង្រួមប្រទេសឡើងវិញ) និងប្រាសាទបាគង (តំណាងអោយរាជ្យ) ពិសេសគឺសំណង់សាធារណៈដែលផ្គត់ផ្គងដល់ប្រព័ន្ធកសិកម្មនានា។

ចំពោះរចនាសម្ព័ន្ធរាជវាំងទាំង២នៅក្នុងនគរហរិហរាល័យនេះ គឺនៅពុំទាន់មានការសិក្សាស្រាវជ្រាវឱ្យបានច្បាស់លាស់ទេ។ អ្វីៗដែលយើងដឹង គឺជាសម្មតិកម្មតាមរយៈ ព៌តមានសិលាចារឹក និងការសន្និដ្ឋានប៉ុណ្ណោះ។ វាទាមទារឱ្យមានការធ្វើកំណាយនៅតាមបណ្តាទីតាំងមួយចំនួនក្នុងបរិវេណប្រាសាទទាំង២ ដើម្បីស្វែងរកភស្តុតាងជាសំណង់ និងសម្ភារៈសំណង់ផ្សេងៗ ក្នុងការបកស្រាយអំពីបញ្ហាទាំងនេះ។

————————————————————————–

Understanding the city in the Angkor period, Hariharalaya

Hariharalaya was the last city and where King Jayavarman II spent the rest of his life. The information about his settlement and the death listed in Sdok Kak Thom inscription K.235, Khmer language, line 80. However, there is no date informed. Where is Hariharalay? And what are the infrastructures of the city?

Coedès suggests that King Jayavarman II stayed in Hariharaly for two times and he passed away in this city. Hariharalaya is the name listed in the inscription, but the exact location is unknown. Jenner says that Hariharalaya was the second city of King Jayavarman II after Indrapura. Also, Savaros suggests that Hariharalaya was an ancient city and the name of Prasat Lolei.  

 Hariharalaya firstly appeared in the 9th century (892Caka or 969CE) in K.848 of Prasat Svay Pream, described an order to the groups of people in Hariharalaya. Sra Nge inscription K.933 from the reign of King Suryavarman I (1002-1050CE), mentioned the offering of an Ashrama in Hariharalaya. Sdok Kak Thom inscription K.235 informed about the arrival and the death of the King. Also, Bayon inscription K.293 described the deities in Hariharalaya. 

Based on the Sdok Kak Thom inscription, Hariharalaya mentioned as Nagara meaning city. It was the place where there were many infrastructures, including the royal palace, dwellings, and public buildings. Nowadays, the area in Rolous that could be the royal palace is the wall and the inner part of Prasat Prei Monti. Remarkably, in ancient times Monti means palace. 

Hariharalaya could be divided into 3 phases. 

Firstly, Hariharalaya in the reign of King Jayavarman II. It could be around the wall of Prei Monti temple. Prei Monti temple made of brick and laterite. It has 3 shrines face east. It could be a worship place for lord Shiva. The royal palace might be built from wood and roof tiles. However, further study is needed.

Secondly, Hariharaylaya in the reign of King Jayavarman III (the successor). There is not much information about the activity and historical event in the reign of King Jayavarman III. Also, there is no important temple that was built, or probably he continued to use the previous structures from his father. According to the inscription, King Jayavarman III worshipped lord Vishnu rather than lord Shiva. Some temples that he continued to build from the father are Svay Pream, Trapang Pong, and Kok Po. The temples dedicated to Lord Vishnu are Preah En Kosei and Kok Chak.  Thirdly, Hariharalaya in the reign of King Indravarman I. After the coronation, King Indravarman I built the temple for his ancestors. They are Preah Ko (879CE) and Bakong temple (881CE). He made a Baray names Indratadaka, 3800m from east to west and 800 m from north to south in that area. He could also use the temples in Prei Monti and some parts of Preah Ko temple, based on Savaros Pou. From the observation, the area of Prasat Preah Ko might be used as a new royal palace after Preai Monti.

អត្ថបទដើម៖ លោក សុខ កែវ សុវណ្ណារ៉ា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!