ទំព័រដើមប្រវត្តិសាស្ត្រភ្នំសិវបាទតាមរយៈសិលាចារឹកបុរាណ

ភ្នំសិវបាទតាមរយៈសិលាចារឹកបុរាណ

សិវបាទគឺជាឈ្មោះភ្នំមួយ ដែលគេឃើញមានម្តងក្នុងសិលាចារឹកសម័យមុនអង្គរ និងមួយចំនួនក្នុងសម័យអង្គរ។ ពាក្យ សិវបាទ (សិវៈ+បាទ) ជាភាសាសំស្ក្រឹត មានន័យថា បាតជើង ឬស្នាមបាតជើងរបស់ព្រះសិវៈ។ យ៉ាងហោចណាស់មានសិលាចារឹកសម័យអង្គរចំនួន២០ផ្សេងគ្នា និងមានកាលបរិច្ឆេទផ្សេងគ្នា បង្ហាញអំពីពាក្យ ឬឈ្មោះសិវបាទនេះ។  ដោយសារវត្តមានក្នុងសិលាចារឹកផ្សេងគ្នានេះ ធ្វើឱ្យអ្នកសិក្សាស្រាវជ្រាវមួយចំនួនតែងមានមតិខុសគ្នាអំពីទីតាំងពិតប្រាកដរបស់សិវបាទនេះ។ តើសិវបាទ ឬភ្នំសិវបាទមានទីតាំងស្ថិតនៅកន្លែងណា? តើឈ្មោះភ្នំសិវបាទ អាចជាឈ្មោះដែលគេដាក់ឱ្យភ្នំឬប្រាសាទដទៃឬទេ? តើភ្នំសិវបាទអាចជា (ភ្នំ)ប្រាសាទអ្នកបួស ឬភ្នំព្រះនេត្រព្រះ?

តាមរយៈអត្ថបទសិលាចារឹកប្រាសាទអ្នកបួស (K.341ដល់344) និងប្រាសាទកន្តុប K.352 លោកសឺដេសគិតថា សិវាបាទ​គឺជាប្រាសាទអ្នកបួស

ជាដំបូង យើងពិនិត្យមើលពាក្យ និងឃ្លាក្នុងសិលាចារឹកដែលមានវត្តមានពាក្យសិវបាទសិន។ តាមសិលាចារឹក K.341N សិលាចារឹកប្រាសាទអ្នកបួសដែលមានកាលបរិច្ឆេទចាស់ជាងគេ គឺឆ្នាំ៧០០គ.ស និយាយអំពីការធ្វើអាជ្ញាឬការកំណត់ព្រំដី​(ភូមិ)របស់ កម្រតាងអញបរិគ្រហ ដល់ទេពនៅ សិវបាទ (វ្រះកម្រតេងអញសិវបាទ)។ ក្នុងសិលាចារឹកនេះហាក់បីដូចជាបង្ហាញថា សិវបាទគឺមានទីតាំងស្ថិតនៅប្រាសាទអ្នកបួសនេះ។ សិលាចារឹកប្រាសាទអ្នកបួស  K.342W ផ្ទាំងខាងលិច មានកាលបរិច្ឆេទឆ្នាំ ១០០៨គ.ស និយាយអំពីការប្រទានដង្វាយដល់ ឝិវាបាទបូវ៌្វ ដោយព្រះបាទសូរ្យវរ្ម័នទី១។ សិលាចារឹក​ K.342E ផ្ទាំងខាងកើត និយាយអំពី វ្រះ សភា ឝិវាបាទ។ សិលាចារឹក K.343S ក៏ជាសិលាចារឹកប្រាសាទអ្នកបួសដែរ មានកាលបរិច្ឆេទឆ្នាំ ៩៧៤គ.ស និយាយអំពីព្រះរាជគ្រូម្នាក់បានថ្វាយបង្គំដល់ព្រះបាទជ័យវរ្ម័ន(ទី៥) អំពីដីមួយកន្លែងនៅឯ វ្រះកម្រតេង អញឝិវបាទ ដែលគ្រួសារសន្តានរបស់ វាប ឥឝានឝិវា បានទិញឱ្យដល់ វ្រះកម្រតេង អញឝិវាបាទ ដោយបង្កើតស្រុកធ្វើអាស្រមដល់ព្រះរាជគ្រូ ជាទីដែលព្រះរាជគ្រូបានឱ្យដល់វ្រះកម្រតេងអញឝិវាបាទ។ មួយទៀត សិលាចារឹកប្រាសាទអ្នកបួស K.344 បង្ហាញពីការទិញដីធ្លីនៅភូមិឈ្មោះ ឆោក សង្កេ ឱ្យជាដីធ្លីដល់ វ្រះកម្រតេងអញឝិវបាទបូវ៌្វ។ សិលាចារឹកប្រាសាទតារស់ (ខាងត្បូងប្រាសាទអ្នកបួស) K.349 និយាយអំពីព្រះរាជបញ្ជារបស់ព្រះបាទរាជេន្ទ្រវរ្ម័ន (ទី២) ដល់ស្តេងអញនៅឯ រុទ្រ ដល់ក្រុមអាចារ្យទាំង៤ថ្នាក់ (ចតុរាចារ្យ) បន្ទូលដល់ ស្តេញ ឝិវាចារ្យយ ឱ្យមកស្ថាបនាជាព្រះកុតិ (ទុក ជេង ឥត) ឝ្រិយឝោធរាឝ្រម នៅឯ ឝិវបាទ។ សិលាចារឹកប្រាសាទកន្តុប K.352S មានទីតាំងនៅខាងត្បូងប្រាសាទតារស់។ បង្ហាញពីព្រះរាជបញ្ជាដល់មន្ត្រីមួយចំនួន ឱ្យនាំព្រះបន្ទូលប្រាប់ទៅបុរសឈ្មោះ ស្តេង បរមាចារ្យយ ជាក្លោញ ភ្នំវ្រះកម្រតេងអញឝិវបាទបូវ៌្វ  បោះព្រំដី។ សិលាចារឹកប្រាសាទកន្តុប  K.353S បង្ហាញអំពីការឱ្យដីធ្លី និងវត្ថុផ្សេងៗ ដល់ វ្រះកម្រតេងអញឝិវលិង្គ និងវ្រះកម្រតេងអញឝិវបាទ។  មួយទៀត សិលាចារឹកប្រាសាទកន្តុប K.353N ក្នុងឆ្នាំ១០៤៥គ.ស និយាយអំពីវិវាទដីចាស់ឈ្មោះ ថ្ពល។ ព្រះបាទសូរ្យវរ្ម័នទី១ បានបញ្ជាឱ្យវាស់ដីធ្លីនោះ មានបោះគោលសីមាជាទ្រព្យរបស់ព្រះអង្គដែលប្រទានទៅឱ្យមន្ត្រីឈ្មោះ វ្រះកម្រតេងអញវិទ្យេឝ្វរបន្ឌិត ដែលជាគ្រូបង្រៀននៅសិវាបាទ។ សិលាចារឹកប្រាសាទកន្តុបមួយទៀត K.354 បង្ហាញពីក្លោញភ្នំ វ្រះកម្រតេងអញសិវបាទ

សិលាចារឹកទាំង១០ផ្ទាំងខាងលើបង្ហាញអំពីឈ្មោះ ឝិវបាទ ជាទីកន្លែងមួយដែលអាចស្ថិតនៅលើភ្នំសិវបាទ (ប្រាសាទអ្នកបួស)។ ប្រាសាទ២ដែលនៅក្នុងតំបន់ជាមួយគ្នា ឬនៅក្បែរគ្នា ក៏មានសិលាចារឹករំលឹកដល់ភ្នំសិវបាទដែរ។ សិលាចារឹកផ្សេងពីនេះ គឺសិលាចារឹកដែលគេចារលើក្លោងទ្វារ ហើយបង្ហាញពីឈ្មោះភ្នំឝិវបាទ ដែលមានចំនុចខុសពីសិលាចារឹករបស់ប្រាសាទទាំង៣ខាងលើបន្តិច។ សិលាចារឹក K.831 សិលាចារឹកទួលគល់ និយាយអំពីបញ្ជាតាមរយៈព្រះគ្រូ និង កំស្តែងអញ រាជកុលមហាមន្ត្រិ ដល់មន្ត្រីឈ្មោះ    ម្រតេញ ឝិវបាទ ទុឡោវ ឱ្យទៅប្រាប់ដល់បុរសឈ្មោះ វាប អានន្ទន ជាអ្នករបាំ ឱ្យដឹងអំពីទំហំដីស្រុក ស្រែ ខ្ញុំបំរើ និងទ្រព្យផង។ K.158C ជាសិលាចារឹកទួលប្រាសាទ (ព្រះខ័នកំពង់ស្វាយ) និយាយអំពី ខ្លោញស្រូវឝិវាបាទបូវ៌្វ នៅឯ ខ្វល។ K.91B សិលាចារឹកគោកត្រពាំងស្រុក (ជើងព្រៃ កំពង់ចាម) បង្ហាញពីមន្ត្រីម្នាក់ (ប្រហែលរាជគ្រូ) ឈ្មោះ វ្រះ កម្រតេងអញកវីឝ្វរបណ្ឌិត ដែលជាគ្រូបបង្រៀននៅឯ ឝិវបាទ បានទារទ្រព្យជាដីធ្លី ហើយស្ថាបនាព្រះលិង្គ និងព្រះភគវតិ។ K.235 សិលាចារឹកស្តុកកក់ធំ ក្នុងបន្ទាត់ទី៨៧ និយាយអំពីការទិញដីរបស់ជនបរទេស (បរទេស) និងមន្ត្រីផ្សេងទៀត រួមទាំងបុរសម្នាក់ឈ្មោះ ស្តេង សិវាបាទ ដែលជាក្លោញពល និងជាក្លោញខេត្ត (ក្លោញវិស័យ) ឈ្មោះខ្ទក។ K.298សិលាចារឹកប្រាសាទអង្គរវត្ត ថែវខាងត្បូងស្លាបខាងលិច បង្ហាញពីវត្តមានព្រះបាទសូរ្យវរ្ម័នទី២ គង់នៅលើភ្នំសិវបាទ ជំនុំរឿងពល។ K.216S សិលាចារឹកប្រាសាទភ្នំព្រះនេត្រព្រះ និយាយអំពីការធ្វើអំណោយដល់ទេពនៅ ឝិវាបាទ (កម្រតេងអញឝិវាបាទ)។ K.136 សិលាចារឹកលង្វែក និយាយអំពីការធ្វើអំណោយដល់ទេពជាច្រើននៅកន្លែងផ្សេងគ្នា។ បន្ទាត់ចុងក្រោយគេបង្អស់ (៤៥) បង្ហាញពីទេពមកពី ឝិវបាទបច្ចិម។ សិលាចារឹកប្រាសាទឃ្លាំង K.542N បង្ហាញពីការបោះគោលដីធ្លី ដែលមានព្រំខាងជើងទៅ ឝិវបាទបច្ចិម។ K.180N (Sivapadapura)  សិលាចារឹកប្រាសាទ៥ (ខេត្តព្រំទេព) បង្ហាញក្នុងបន្ទាត់ទី៧ អំពីការធ្វើអំណោយដល់ទេពឝវ៌ នៅសិវបាទបុរៈ។

សិលាចារឹកទាំង១០ផ្សេងនេះ ធ្វើឱ្យយើងពិបាកក្នុងការសន្និដ្ឋានអំពីទីតាំងដើមរបស់ភ្នំសិវបាទ ដែលលោកសឺដេសបានស្នើថាជាប្រាសាទអ្នកបួសណាស់។ វាហាក់បីដូចជាភ្នំសិវបាទមានទីតាំងនៅកន្លែងផ្សេងៗគ្នា ពោលគឺឈ្មោះភ្នំសិវបាទមិនកំណត់ថាជាទីតាំងជាក់លាក់តែមួយដូចឈ្មោះទីតាំងប្រាសាទសំខាន់ៗផ្សេងទៀត។ វាអាចជាឈ្មោះសាធារណៈ ឬទូទៅដែលមនុស្សនៅតំបន់ផ្សេងៗហៅសំគាល់លើភ្នំដែលមានក្នុងតំបន់របស់ខ្លួន។ ការសិក្សាបច្ចុប្បន្ននេះមានការខ្វែងគំនិតគ្នា ពិសេសគឺការមិនយល់ស្របជាមួយនិងសំណើររបស់លោកសឺដេស ហើយគេផ្តោតឬចាប់អារម្មណ៍ថា ភ្នំសិវបាទគឺជាឈ្មោះភ្នំព្រះនេត្រព្រះ។ មុននិងសំយោគលើសម្មតិកម្មទាំង២នេះ យើងត្រូវសិក្សសិលាចារឹកទាំង២០ឱ្យបានច្បាស់លាស់សិន។

សិលាចារឹកប្រាសាទអ្នកបួស (K.341 K.342W K.342E K.343S K.344) សិលាចារឹកប្រាសាទតារស់ (K.349) និងសិលាចារឹកប្រាសាទកន្តុប (K.352S K.353S K.353N K.354) បានផ្តល់ពត៌មានបញ្ជាក់ថា ភ្នំសិវបាទ/កម្រតេងអញសិវបាទ គឺជាភ្នំឬប្រាសាទអ្នកបួស។ សិលាចារឹក K.341 មានកាលបរិច្ឆេទឆ្នាំ៧០០គ.ស បង្ហាញពីការកំណត់ព្រំដីនៅសិវបាទ មាន័យថា ប្រាសាទអ្នកបួសជាត្រូវបានស្ថាបនាមុនឆ្នាំ៧០០គ.ស គឺសម័យមុនអង្គរ ហើយគេបានកំណត់ឈ្មោះប្រាសាទនោះថា សិវបាទ រួចទៅហើយ។ សិលាចារឹកប្រាសាទតារស់ K.349 បង្ហាញយ៉ាងច្បាស់អំពីរាជបញ្ជារបស់ព្រះបាទរាជេន្ទ្រវរ្ម័នទី២ ឱ្យមន្ត្រីមកស្ថាបនាប្រាង្គធ្វើអំពីឥដ្ឋ ដែលជាកុតិតំណាងឱ្យ យសោធរាស្រម នៅឯសិវបាទ។ សិលាចារឹក និយាយអំពីការបោះព្រំដីនៅសិវបាទ។ K.353N បង្ហាញពីវិវាទដីធ្លី នៅសិវបាទ ហើយព្រះបាទសូរ្យវរ្ម័នទី១ បានចេញរាជបញ្ជាឱ្យមន្ត្រីនៅទីនោះវាស់កំណត់ព្រំដី ដែលព្រះអង្គយក និងប្រទានឱ្យ វ្រះកម្រតេងអញវិទ្យេឝ្វរបន្ឌិត ដែលជាគ្រូបង្រៀននៅសិវបាទនោះ។សិលាចារឹកK.91B បង្ហាញពីមនុស្សម្នាក់ឈ្មោះ វ្រះកម្រតេងអញកវីឝ្វរបណ្ឌិត ដែលជាគ្រូបបង្រៀននៅឯ ឝិវបាទ។ សិលាចារឹក K.158C បង្ហាញពីបុរសម្នាក់មានងារជាក្លោញស្រូវសិវបាទបូវ៌្វ នៅទីតាំងមួយឈ្មោះ ខ្វល។ តាមអត្ថន័យក្នុងសិលាចារឹកទាំងនេះបញ្ជាក់ថា សិវបាទ ឬភ្នំសិវបាទ គឺប្រាសាទអ្នកបួស

ផ្ទុយពីនេះ សិលាចារឹកភ្នំព្រះនេត្រព្រះ K.216S ក្នុងអត្ថបទសំស្ក្រឹត បន្ទាត់ទី១៦ បង្ហាញថា សិវបាទ ស្ថិតនៅក្នុងតំបន់គិរិបុរៈ (សិវបាទគិរិបុរេ)។ ក្នុងអត្ថបទជាភាសាខ្មែរក៏បានហៅភ្នំនេះថា គិរិបុរៈ ហើយមានការស្ថាបនា និងធ្វើដង្វាយដល់ទេពនៅទីនោះ ឈ្មោះហៅថា កម្រតេងជគតសិវបាទ។ សិលាចារឹក K.298 បង្ហាញពីសកម្មភាពរបស់ព្រះបាទសូរ្យវរ្ម័នទី២ បានធ្វើការប្រជុំពល និងបញ្ចុះពលពីភ្នំឈ្មោះ សិវបាទ។  ចំនុចទាំង២នេះ នាំឱ្យគេគិតថា ភ្នំសិវបាទ គឺជាភ្នំព្រះនេត្រព្រះសព្វថ្ងៃ (ឈ្មោះបុរាណគិរិបុរៈ)។    

សិលាចារឹកដទៃទៀត ដូចជា សិលាចារឹកលង្វែក K.136 និងសិលាចារឹកប្រាសាទឃ្លាំង K.542N មានវត្តមានពាក្យ សិវបាទបច្ចឹម។ សិលាចារឹក K.344  K.342W និង K.158C បង្ហាញពីឈ្មោះទេព នៅសិវបាទបូវ៌្វ  (វ្រះកម្រតេងអញឝិវបាទបូវ៌្វ)។

នេះគឺជាបញ្ហាដែលគួរពិចារណា អំពីពាក្យ សិវបាទ ដែលមានបង្ហាញក្នុងសិលាចារឹកទាំងនេះ។ វាហាក់បីដូចជា សិវបាទមានទីតាំងផ្សេងគ្នា គឺសិវបាទបូវ៌្វ (នៅទិសខាងកើត) និងសិវបាទបច្ចឹម (នៅទិសខាងលិច)។ តើវាអាចឈ្មោះសាធារណៈមួយ ដែលគេប្រើសម្រាប់ទីតាំងណាមួយដែលគេបានស្ថាបនារួចហើយ ប្រសិទ្ធិនាមថា សិវបាទ។ វាដូចគ្នានិងពាក្យមួយចំនួនដែលគេបានប្រើសម្រាប់ហៅទីតាំងប្រាសាទដែលគេស្ថាបនារួចហើយ។ ឧទាហរណ៍ ពាក្យ ភិមាល័យ ដែលគេរកឃើញនៅប្រាសាទ២ផ្សេងគ្នា គឺប្រាសាទពោធិរោងជាង និងប្រាសាទគោកចាន់ (K.340)។ 

ក្នុងករណីដែលពាក្យ សិវបាទ អាចប្រើជាទូទៅ (សាធារណៈ) សម្រាប់ហៅទីកន្លែងដែលគេស្ថាបនា យើងអាចសន្និដ្ឋានថា ពាក្យ ភ្នំសិវបាទ ក្នុងសិលាចារឹកទាំងនេះ គឺជាទីកន្លែងផ្សេងគ្នា យ៉ាងហោចណាស់ក៏មាន២ដែរ គឺ ភ្នំសិវបាទបូវ៌្វ និងសិវបាទបច្ចឹម (រូបលេខ១)។ យើងអាចយល់បានថា សិវបាទបូវ៌្វ គឺសំដៅលើទីតាំងប្រាសាទអ្នកបួស គឺស្របទៅនិងមតិរបស់លោកសឺដេស។ រីឯភ្នំសិវបាទបច្ចឹម អាចសំដៅលើប្រាសាទភ្នំព្រះនេត្រព្រះ។ សិលាចារឹក (K.341 K.342W K.342E K.343S K.344) សិលាចារឹកប្រាសាទតារស់ (K.349) និងសិលាចារឹកប្រាសាទកន្តុប (K.352S K.353S K.353N K.354) អាចបញ្ជាក់យ៉ាងច្បាស់អំពីភ្នំសិវបាទនៅទិសខាងកើត ហើយមានន័យសំដៅលើភ្នំ ឬប្រាសាទអ្នកបួស (រូបលេខ២ និងលេខ៣)។ រីឯសិវបាទក្នុងសិលាចារឹកភ្នំព្រះនេត្រព្រះ គឺបង្ហាញត្រឹមតែជាឈ្មោះទេព (កម្រតេងជគតសិវបាទ) ពុំបានបង្ហាញថាភ្នំនោះឈ្មោះភ្នំសិវបាទទេ ហើយឈ្មោះដើមរបស់ភ្នំនោះគឺ គិរិបុរៈ (រូបលេខ៤)។

ម៉្យាងទៀត សិលាចារឹក K.298 បង្ហាញថា ព្រះបាទសូរ្យវ្ម័នទី២បញ្ចុះពលនៅភ្នំសិវបាទនោះ (រូបលេខ៥) គឺប្រហែលសំដៅលើភ្នំសិវបាទនៅប្រាសាទអ្នកបួស មិនមែននៅសិវបាទប្រាសាទភ្នំព្រះនេត្រព្រះទេ។ យើងអាចប្រៀបធៀបជាមួយសិលាចារឹកមួយចំនួនទៀត ដែលបង្ហាញពីសកម្មភាពរបស់ព្រះបាទសូរ្យវរ្ម័នទី២ ដែលផ្តើមឡើងសោយរាជ្យនៅប្រាសាទ ឬតំបន់ព្រះវិហារ មុនយាងមកតំបន់អង្គរ ដូចជាសិលាចារឹកប្រាសាទភ្នំសណ្តក និងព្រះវិហារជាដើម។ សរុបមក យើងអាចធ្វើសេចក្តីសន្និដ្ឋានបណ្តោះអាសន្នថា ភ្នំសិវបាទ ឬសិវបាទ អាចមាន២កន្លែងផ្សេងគ្នា៖ (ទី១) គឺសិវបាទបូវ៌្វ នៅប្រាសាទអ្នកបួស និង(ទី២) អាចជា  សិវបាទបច្ចឹម នៅប្រាសាទភ្នំព្រះនេត្រព្រះ។ នៅលើភ្នំព្រះនេត្រព្រះ មានស្នាមព្រះបាទ២ ដែលគេដាប់លុងថ្មភ្នំធ្វើ ហើយគេប្រហែលជាហៅឈ្មោះទេពនៅទីនោះថា កម្រតេងជគាតសិវបាទ តាមរយៈស្នាមព្រះបាទទាំង២នោះ (រូបលេខ៦)។

————————————————————-

Phnom Sivapada through the inscription

Sivapada is the name of a mountain found in the Khmer inscription of the Pre-Angkorian and Angkorian periods. Sivapada derives from a combination of Siva and Pada means the foot or footprint of Lord Siva. There are 20 inscriptions of the Angkorian period mention about Sivapada. Accordingly, scholars give different interpretations about the exact location of Sivapada. Where is Sivapada or Sivapada mountain? Is it possible the name of the other mountain or the temple? Is it also possible the mountain/Neak Bous temple or Phnom Preah Neat Preah?

The exact location of Sivapada draws significant attention from the scholar includes Coedes to think that it is the name of Prasat Neak Bous, based on Neak Bous inscription K.341-344 and inscription of Prasat Kantup K.352.

Significantly, there are 10 inscriptions, K.341N (North) (Neak Bous), K.342W (Neak Bous), K.342E (Neak Bous), K.343S (Neak Bous), K.344 (Neak Bous), K.349 (Prasat Ta Ros), K.352S (Prasat Kantup), K.353S (Prasat Kantup), K.353N (Prasat Kantup), K.354 (Prasat Kantup) suggest that Sivapada could be a location on Sivapada mountain (Prasat Neak Bous).

Furthermore, there are other 10 inscriptions, K.831 (Toul Gul) and K.158C (Toul Prasat-Preah Khan Kampong Svay), K. 91B (Kok Trapang Sruk- Cheng Prei of Kampong Cham), K. 235 (Sdok Kak Thom), K.298 (Prasat Angkor Wat), K.216S (Prasat Phnom Preah Neat Preah), K.136 (Lonvek), K. 542N (Prasat Khlang), K.180N (Sivapadapura), Inscription Prasat Pram (Phrom Tep province) seem to give a significant doubt or disagree with the suggestion of Coedès. This information could be suggested that Sivapada does not refer to an exact location. It is possibly a name of a public place or just a common word that people call the mountain in their location.

The contrasting argument between the scholars has brought another suggestion, Sivapada might be the name of Preah Neat Preah mountain. Therefore, it important to look very carefully at the information from the 20 inscriptions once again. According to Neak Bous and Prasat Kantup inscriptions, Sivapada could be Prasat Neak Bous.

According to Phnom Preah Net Preah inscription, K.216S, Sanskrit language, line 16th shows Sivapada is located in an area calls Kiripura and Khmer language also calls this mountain as Kiripura, where there was an offering to a God, Kamrateṅ Jagat Sivapada. Also, inscription K.298 shows King Suryavarman II had a meeting with the troops on Sivapada. There are other inscriptions, K.136 (Longvek), K.542N (Prasat Khlang) mentions the word, Sivapada Paccim. In opposite, K.344, K.342W, and K.158C mention the word, Sivapada Pūrvva.

In conclusion, Sivapada mountain or Sivapada could be two different locations, Sivapada Pūrvva (East) could be indicated to the location of Prasat Neak Bous and Sivapada Paccim (West) could be indicated to Prasat Phnom Preah Net Preah. Also, because on the top of Preah Net Preah mountain has two footprints carved mountain.

អត្ថបទដើម៖ លោក សុខ កែវ សុវណ្ណារ៉ា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!