ទំព័រដើមប្រវត្តិសាស្ត្រលក្ខណៈទូទៅនៃកុលាលភាជន៍ខ្មែរសម័យអង្គរ (ភាគ២)

លក្ខណៈទូទៅនៃកុលាលភាជន៍ខ្មែរសម័យអង្គរ (ភាគ២)

ក្នុងអត្ថបទមុនខ្ញុំបានបង្ហាញខ្លះហើយអំពីពាក្យកុលាលភាជន៍ ដែលមានន័យថាវត្ថុសម្រាប់ដាក់ ឬផ្ទុកធ្វើអំពីដីឥដ្នដុត។ ក្នុងអត្ថបទនេះខ្ញុំ​ និងលើកយកពីលក្ខណៈទូទៅដែលអ្នកសិក្សាអំពីកុលាលភាជន៍ បានកំណត់លើអត្តសញ្ញាណផលិតផលភាជន៍ដែលមានផលិតនៅក្នុងប្រទេសខ្មែរនាសម័យអង្គរ។​តើគេបែងចែកកុលាលភាជន៍ខ្មែរនាសម័យអង្គរយ៉ាងដូចម្តេច?ដើម្បីឱ្យងាយស្រួលក្នុងការយល់ និងធ្វើចំណាត់ថ្នាក់លើកុលាលភាជន៍ដែលរកបានពីបណ្តាឡបុរាណ និងស្ថានីយប្រវត្តិសាស្ត្រនានា អ្នកសិក្សាអំពីកុលាលភាជន៍បានព្យាយាមបែងចែកភាជន៍ទាំងនោះតាមចំនុចសំខាន់ៗមួយចំនួន ដូចជា៖

១.គុណភាព

គុណភាពគឺសំដៅទៅលើការដុតឬការផ្តល់កំដៅដល់ភាជន៍។ ជាធម្មតាកុលាល​ភា​ជន៍ខ្មែរក្នុងសម័យអង្គរត្រូវបានគេដុតនៅក្នុងឡបិទជិត ហើយសីតុណ្ហភាពគឺអាចមានចាប់ពី៩០០អង្សាសេរហូតដល់១១០០ឬ១២០០អង្សាសេ។ ប៉ុន្តែ យើងសង្កេតឃើញមានភាជន៍ ជួនកាលក្បឿង មួយចំនួនអាចទទួលកំដៅក្នុងសីតុណ្ហភាពទាប គឺអាចត្រឹម៦០០ទៅ៧០០អង្សាសេ ដោយសារតែមានចំនុច២យ៉ាង គឺ៖ (ក) អាចជាការដុតលើកទីមួយ មុននឹងយកមកលាបទឹករលោង (Glaze)។ (ខ) ដោយសារភាជន៍ ឬក្បឿងទាំងនោះនៅឆ្ងាយពីប្រភពកំដៅ (ភាជន៍ច្រើន យើងរកឃើញនៅផ្នែកខាងក្រោយ ក្បែរបំពង់ផ្សែង) ជាហេតុធ្វើឱ្យវាមិនអាចទទួលកំដៅខ្លាំងដូចភាជន៍ដែលគេរៀបចំនៅក្បែរភ្លើង។ ដោយសារតែការទទួលកំដៅមិនដូចគ្នានេះហើយទើបអ្នកសិក្សាអំពីភាជន៍របស់ខ្មែរ ព្យាយាមបែងចែកភាជន៍ទាំងនេះជា២គុណភាព គឺ៖ (ក)ភាជន៍រឹង (Stoneware) និង(ខ) ភាជន៍ផុយ (Eartheware)។

២.ការលាបស្រទាប់រលោង

ស្រទាប់រលោង (Glaze) គឺជាប្រភេទថ្នាំម្យ៉ាងដែលផ្សំឡើងពីទឹក ផេះ ខ្សាច់ ដែក ឬសារធាតុផ្សេងៗមួយចំនួនទៀតសម្រាប់ផលិតពណ៌ស្រទាប់រលោងនោះ។ តាមការរកឃើញកុលាលភាជន៍នៅតាមស្ថានីយកំណាយ ប្រាសាទបុរាណ ពិសេសនៅតាមឡបុរាណក្នុងតំបន់អង្គរ បង្ហាញថា ភាជន៍នៅសម័យនោះមានលាបស្រទាប់រលោងផ្សេងៗគ្នា ទៅតាមប្រភេទ និងទំហំភាជន៍។ ភាជន៍ខ្លះពុំមានលាបស្រទាប់រលោងទេ។ ដូចនេះគេបែងចែកជាដំបូងសម្រាប់ចំណាត់ថ្នាក់លក្ខណៈបែបហ្នឹង គឺភាជន៍ដែលមិនមានលាបទឹកស្រទាប់រលោង (Unglazed ware) និងភាជន៍ដែលមានលាបទឹកស្រទាប់រលោង (Glazed ware)។ ចំពោះភាជន៍ដែលមិនមានទឹកស្រទាប់រលោង គេមិនបែងចែកអ្វីផ្សេងទៀតទេ។  រីឯភាជន៍ដែលមានស្រទាប់រលោងគេ បែងចែកទៅតាមពណ៌របស់ស្រទាប់រលោងនោះ មានដូចជា៖ ស្រទាប់រលោងពណ៌បៃតង (Green) បៃតងប្រផេះ (Greyish Green) ពណ៌លឿងខ្ចី (Pale Yellow) ពណ៌លឿងចំបើង (Yellow) និងពណ៌ត្នោត (Brown)។ ភាជន៍ខ្លះត្រូវបានគេលាបស្រទាប់រលោងចំនួន២ពណ៌ ឧទាហរណ៍ បំណែកភាជន៍រកឃើញនៅប្រាសាទតុបខាងលិច មានលាបពណ៌បៃតង និងពណ៌ត្នោត។ភាជន៍នៅតាមបណ្តាឡមួយចំនួនពុំមានលាបទឹកស្រទាប់រលោងទេ តែមានលាបទឹកដីឥដ្ឋ (Clay Slip) ដែលមានជាតិដែកច្រើន ធ្វើភាជន៍មានសភាពរឹងខ្លាំង និងរលោងដូចលាបជ័រឈើ ឧទាហរណ៍ដូចជាភាជន៍នៅឡសរសី និងឡបង្កោង ដែលភាជន៍មានពណ៌ប្រភេទនេះត្រូវបានលោក Groslierដាក់នាមឱ្យថា ភាជន៍មានពណ៌ស្រាក្រហមទំពាំងបាយជូ (Lie de Vin)។ ដូចនេះយើងអាចកំណត់លើចំនុចនេះបានជា៖ (ក) ភាជន៍គ្មានស្រទាប់រលោង (Unglazed ware)។ (ខ)ភាជន៍មានស្រទាប់រលោង (Glazed Ware) ដែលអាចមានពណ៌បៃតង លឿង និងត្នោត។ (គ)ភាជន៍មានលាបទឹកដីឥដ្ឋ (Slipped ware) ជាទូទៅមានពណ៌ក្រហមចាស់ ឬក្រហមត្នោត។

៣.ប្រភេទ ឬរូបរាង

ជាធម្មតា អ្នកសិក្សាលើភាជន៍តែងធ្វើការបែងចែកភាជន៍ ឬបំណែកភាជន៍ដែលរកបាន ជាដំបូង​ គឺការចំណាត់ថ្នាក់លើរូបរាង ឬប្រភេទរបស់វាទាំងនោះ។ បន្ទាប់មក​ទើបគេបែងចែកទៅតាមគុណភាព និងស្រទាប់រលោង។ តាមការសិក្សាអំពីកុលាលភាជន៍ខ្មែរ ដោយជនជាតិបរទេស និងជនជាតិខ្មែរ គេបែងចែកភាជន៍ទាំងនោះទៅតាមឈ្មោះ ឬពាក្យខ្មែរដែលប្រើសព្វថ្ងៃ។ ការសិក្សាកុលាលភាជន៍នៅឡអន្លង់ធំជាលើកដំបូង លោកឆាយ វិសុទ្ធ និងកញ្ញា ចាប​ សោភារ៉ាបានបែងចែកភាជន៍ខ្មែរចំនួន ១៤ប្រភេទ គឺ ដន្លាប់ ខួច កោដ្ឋ ពែង ចានក្រឡោម ក្រឡ កន្ទិន ក្អម ផើង ពាង ក្បឿងផ្ងារ ក្បឿងផ្កាប់ ក្បឿងសន្លឹករកា និងក្បឿងរងស្បូវ។ ការសិក្សាកុលាលភាជន៍នៅតាមបណ្តាឡផ្សេងៗទៀត ក៏រកឃើញមានភាជន៍ដែលមានរូបរាងដូចនៅឡអន្លង់ធំនេះដែរ ដូចជាឡខ្នារពោធិ និងឡតានីជាដើម។  រូបរាងភាជន៍ទាំងនេះមានដូចជា៖

     ក.ដន្លាប់ ដែលរកឃើញនៅតាមបណ្តាឡទាំងនោះ ភាគច្រើនជាភាជន៍តូច ដែលមានទំហំអង្កត់ផ្ចិតពី២.៥សង់ទីម៉ែត្រទៅ៦សង់ទីម៉ែត្រ និងកម្ពស់ប្រហែល៥សង់ទីម៉ែត្រ។ ជាទូទៅ យើងឃើញមានពីរបែប គឺដន្លាប់មានបាតមូល និងដន្លាប់មានជើងខ្លីបន្តិច។ ដន្លាប់ទាំងនេះភាគច្រើនជាភាជន៍រឹង មានស្រទាប់រលោងពណ៍បៃតង ឬពណ៌លឿង។

     ខ.ខួច​ ជាភាជន៍តូច និងធំល្មម មានក្អេងធំ កតូច និងមាត់រីក ដូចផ្លែពួច។ ខួចខ្លះធំអាចមានក្អេងទំហំប្រហែល១០ទៅ១៥សង់ទីម៉ែត្រ និងកម្ពស់១៥ទៅ២០សង់ទីម៉ែត្រ។​​ ភាជន៍ទាំងនេះភាគច្រើនរឹង និងមានស្រទាប់រលោងពណ៌បៃតង និងពណ៌ត្នោត។

     គ.កោដ្ឋ​ ជាភាជន៍មានរាងស៊ីឡាំង បាតសំប៉ែត មានគម្របទាល ខ្លះស្រួចជាថ្នាក់ឡើងលើ។ កោដ្ឋមានទំហំធំល្មម អង្កត់ផ្ចិតពី៦ទៅ១០សង់ទីម៉ែត្រ និងកំពស់ពី១០ទៅ១៥សង់ទីម៉ែត្រ។ កោដ្ឋជាភាជន៍រឹង និងមានស្រទាប់រលោងពណ៌បៃតង និងលឿង។

     ឃ.ពែង ជាភាជន៍តូចៗល្មម ទំហំអង្កត់ផ្ចិតពី៥ទៅ៨សង់ទីម៉ែត្រ និងកំពស់ប្រហែល៧សង់ទីម៉ែត្រ។ ពែងមានក្អេងត្រង់ និងបាតរាបស្មើ ជាភាជន៍រឹង លាបទឹកដីឥដ្ឋ។ ភាគច្រើនឃើញមានផលិតនៅឡសរសី និងបង្កោង។

     ង.ចានក្រឡោម​ ចានជាប្រភេទចានក្រឡោម មានបាតសំប៉ែត ក្អេងរាវ រីកចេញក្រៅ និងគែមមាត់ស្តួចធ្លាក់ចេញក្រៅ។ វាមានទំហំពី១០ទៅ១៨សង់ទីម៉ែត្រ និងកម្ពស់ពី៨ទៅ១០សង់ទីម៉ែត្រ។ ចានជាភាជន៍រឹង មានស្រទាប់រលោងពណ៌បៃតង និងពណ៌លឿង។

     ច.ក្រឡ​ ក្រឡជាភាជន៍មានបាតតូច ក្អេងធំ និងមាត់ទូលាយ។ វាមានទំហំក្អេងប្រហែលពី១០ទៅ១៨សង់ទីម៉ែត្រ និងកម្ពស់ពី១៥ ទៅ២៥សង់ទីម៉ែត្រ។ ភាជន៍ទាំងនេះមានគុណភាពរឹង និងមានស្រទាប់រលោងពណ៌បៃតង។

     ឆ.កន្ទិន កន្ទិនជាភាជន៍មានរាងដូចក្រឡ ប៉ុន្តែមាត់របស់កន្ទិនតូចជាង។ វាមានទំហំអង្កត់ផ្ចិតក្អេងពី១៥ទៅ២៥សង់ទីម៉ែត្រ និងកម្ពស់ពី២០ទៅ៣០សង់ទីម៉ែត្រ។ វាជាភាជន៍មានគុណភាពរឹង ខ្លះពុំមានស្រទាប់រលោង និងភាគច្រើនមានស្រទាប់រលោងពណ៌បៃតងប្រផេះ។

     ជ.ក្អម ក្អមដែលរកបាននៅតាមបណ្តាឡក្នុងតំបន់អង្គរ មានរូបរាងខុសពីក្អមផលិតក្នុងពេលបច្ចុប្បន្ន។ ជាធម្មតា ក្អមទាំងនេះមានរាងដូចស្គរ ឬផ្លែពួច ពោលគឺមានបាតរាបស្មើ ក្អេងប៉ោង កស្តួច និងមាត់បើករីកចេញក្រៅ។ វាមានទំហំធំល្មម អង្កត់ផ្ចិតក្អេងពី១៨ទៅ២៥សង់ទីម៉ែត្រ និងកម្ពស់ពី២៥ទៅ៣០សង់ទីម៉ែត្រ។ វាមានគុណភាពរឹង ខ្លះគ្មានស្រទាប់រលោង (តែមានលាបទឹកដីឥដ្ឋ ពិសេសនៅឡខ្នារពោធិ និងឡបង្កោង) ខ្លះមានស្រទាប់រលោងពណ៌បៃតង និងលឿងចំបើង។

      ញ.ផើង ជាភាជន៍មានបាតរាបស្មើ និងមានរន្ធមួយនៅចំកណ្តាល មានក្អេងធំ រីកចេញក្រៅ មាត់បើកចំហ។ វាមានទំហំប្រហែល៣០ទៅ៣៥សង់ទីម៉ែត្រ និងកម្ពស់ប្រហែល៣០ទៅ៤៥សង់ទីម៉ែត្រ។ ផើងមានគុណភាពរឹង តែមិនមានលាបស្រទាប់រលោងទេ។

     ដ.ពាង ពាងជាភាជន៍មានរាងដូចផើង តែខុសត្រង់មិនមានរន្ធចំកណ្តាលនៅបាត។ វាមានទំហំប្រហែល៣០ទៅ៤៥សង់ទីម៉ែត្រ និងកម្ពស់ប្រហែល៣០ទៅ៤០សង់ទីម៉ែត្រ។ ពាងមានគុណភាពរឹង តែពុំមានស្រទាប់រលោងទេ។

     ឋ.ក្បឿងផ្ងារ ក្បឿងផ្ងារ ឬញី ជាប្រភេទភាជន៍សម្រាប់សំណង់ស្ថាបត្យកម្មប្រាសាទ និងអគារផ្សេងៗ។ ក្បឿងប្រភេទនេះមានរាងតូចរាវនៅខាងចុង (ក្រោម) រីកនៅខាងលើ និងមានដោះមួយនៅផ្នែកខាងក្រោមសម្រាប់ទាក់និងដៃរណែងដំបូល។ វាមានទំហំទទឹងប្រហែល១០ទៅ១៤សង់ទីម៉ែត្រ បណ្តោយពី២០ទៅ២៣សង់ទីម៉ែត្រ និងកម្ពស់៥ទៅ៧សង់ទីម៉ែត្រ។ វាមាន២គុណភាព គឺផុយ (មិនមានស្រទាប់រលោង) និងរឹង (គ្មានស្រទាប់រលោង និងមានស្រទាប់រលោងពណ៌បៃតង)។

     ឌ.ក្បឿងផ្កាប់ វាមានរាងដូចក្បឿងផ្ងារ តែមានលក្ខណៈផ្ទុយគ្នា គឺមានរាងរីកធំនៅខាងក្រោម រួមតូចនៅខាងលើ និងមានដោះស្រួចវែងនៅខាងក្នុង សម្រាប់ទាក់និងក្បឿងផ្ងារ។ វាមានទំហំ និងគុណភាពដូចក្បឿងផ្ងារដែរ។

     ឍ.ក្បឿងរងស្បូវ ជាក្បឿងនៅចុងបញ្ចប់ផ្នែកខាងក្រោមនៃដំបូល មានរាងជាត្របកឈូកបញ្ឈរ ឬជាក្បាលនាគជាដើម។ ជាធម្មតា ក្បឿងនេះផ្សំឡើងពីក្បឿងផ្កាប់នៅផ្នែកខាងក្រោយ និងក្បាច់ក្បាំងនៅផ្នែកខាងមុខ។ ក្បាច់ក្បាំងនេះមានក្បាច់លម្អផ្សេងៗ ដូចជាត្របកឈូក ក្បាលនាគ ឬគ្រុឌចាប់នាគជាដើម។ វាមានទំហំ និងគុណភាពដូចក្បឿងផ្កាប់ដែរ។ 

     ណ.ក្បឿងសន្លឹករកា ជាក្បឿងព្រំដំបូល មានរាងដូចត្រយ៉ូងចេកបញ្ឈរ។ វាផ្សំឡើងពីក្បឿងផ្កាប់ និងជន្លូញដែលមានរាងថ្នាក់ៗ និងស្រួចនៅផ្នែកខាងលើ។ វាមានទំហំប៉ុនក្បឿងផ្កាប់ និងកម្ពស់ពី៣០ទៅ៤០សង់ទីម៉ែត្រ។ ក្បឿងទាំងនេះមានគុណភាពរឹង ខ្លះគ្មានស្រទាប់រលោង និងខ្លះទៀតមានស្រទាប់រលោងពណ៌បៃតង។      

ជាសង្ខេប នេះជាចំនុចចាប់ផ្តើម និងជាលក្ខណៈទូទៅក្នុងការយល់អំពីការសិក្សាកុលាលភាជន៍ខ្មែរនាសម័យអង្គរ។ ការសិក្សាលម្អិតលើសនេះ គឺយើងត្រូវវិភាគទៅលើចំនុចផ្សេងៗទៀត រួមមានការផលិត ឬបច្ចេកទេសធ្វើ សមាសធាតុផ្សំក្នុងដីឥដ្ឋ ក្បាច់លម្អ ទំនាក់ទំនង និងឥទ្ធិពលខាងផ្នែកសិប្បកម្ម ពាណិជ្ជកម្ម និងការប្រើប្រាស់។ ចំនុចទាំងនេះ ខ្ញុំនិងលើកយកមកបង្ហាញក្នុងអត្ថបទបន្តបន្ទាប់។

————————————————

General characteristics of Angkorian Khmer ceramic (Part 2)

In the previous article, I have already mentioned some of the word ceramic, which means the storage objects made of clay and other ceramic materials, which are hardened with heat. In this article, I will highlight the general characteristics that ceramic scholars have identified on the identification of ceramic products made in Cambodia during the Angkorian period. How do classification of Khmer ceramic from the Angkorian period? In classifying pottery found from ancient kilns and historical sites, ceramic scholars have tried to classify it according to a number of key points:

Quality

Refers to the burning or heating of ceramic. Typically, Khmer ceramic in the Angkorian period is burned in a closed kiln and the temperature can range from 900 degrees Celsius to 1100 or 1200 degrees Celsius. However, we have been observed ceramics and some tiles can receive heat at low temperatures, up to 600 to 700 degrees Celsius, due to two reasons: (a) At the first burn, ceramic yet to apply the glaze perhaps. (B) because ceramics or tiles are away from the heated area in the kiln (we mostly found those ceramics in the back near the chimney), therefore, they can not receive as much heat as the ceramics arranged next to the fire. Due to the different heating conditions, Khmer ceramic scholars try to classification those ceramics into two qualities: Stoneware and Earthenware.

Applying Glaze

Glaze is a type of paint that is composed of water, ash, sand, iron, or some other substance to produce a glaze color. According to, the discovery of ceramic at the excavation site of ancient temples, especially in the ancient kilns in the Angkor region shows that the ceramics contained applying glaze of different sorts and sizes, and also some ceramic did not apply the glaze. Thus, the first division for such classification is the unglazed ware and the glazed ware. For ceramics without glaze are not classified into anything else. Whereas, the glazed ware are classified according to the color of the glaze namely: Green, Greyish Green, Pale Yellow, Yellow, and Brown. Some of the pottery is applied in two glaze colors, for instance, the potsherds found in the west​​ Top temple contained green and brown colors. Some of the ceramic in the kilns are not applied with the glaze but applied with Clay Slip, which makes the ceramics very hard and smoothes like resin, for instance, the ceramics in the Sar Sey​ Bei kiln and​ ​Bangkong Boun kiln in Siem Reap province. Thus, we can define this point as follows: (a) Unglazed ware. (B) Glazed ware, which can be green, yellow, and brown. (C) Slipped ware is usually dark red.

Types and Shapes

Generally, most researchers who study ceramics or pots always try to classify the ceramics or potsherds found from the sites basing on shapes or types. Then they will divide them depending on qualities and glazes. The study of Kmer ceramics by international and Khmer scholars is normally classified through the names or modern Khmer words. In the first study of Anlong Thom kiln’s ceramics, Mr. Chhay Visoth and Mrs. Chap Sopheara have divided Khmer ceramics into 14 types, such as covered-box, bottle, urn, cup, bowl, crock, jar, water pot, flower pot, water basin, flat tile, round tile, finial tile, and end-tile.  The studies of Khmer ceramics from other kiln sites confirm the similarity of ceramic types to this Anlong Thom kiln site, including Khnar Por kiln, and Tani kiln.

In summary, this is a starting point and a general understanding of the study of Khmer ceramics in the Angkorian period. For further research, we need to analyze other points, including the production or technique, composites of making clay, ornaments, and the effects of craftsmanship, trade, and consumption. These points I will highlight in the next article.

អត្ថបទដើម៖​លោក​ សុខ កែវ សុវណ្ណារ៉ា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!