ទំព័រដើមនិទានកថាមហាព្រះវេស្សន្តរជាតក (កណ្ឌទី១ ទសពរ​)

មហាព្រះវេស្សន្តរជាតក (កណ្ឌទី១ ទសពរ​)

ព្រះបរមសាស្រ្តាចារ្យ កាលគង់ក្នុងវត្តនិគ្រោធារាម នគរកបិលព័ស្តុ ទ្រង់ប្រារព្វនូវភ្លៀងបោក្ខរព័ស ទ្រង់សម្តែងព្រះធម៌ទេសនានេះថា ផុស្សតិ​ វរវណ្ណាកេ ដូច្នេះជាដើម។ សេចក្តីពិតថា កាល​ដែលព្រះបរមសាស្រ្តាចារ្យទើបបានត្រាស់ទ្រង់គង់ក្នុងនគររាជគ្រឹះអស់ហេមន្តរដូវ ទ្រង់មានព្រះភិក្ខុសង្ឃអង្គអរហន្តចំនួន២០ពាន់អង្គជាបរិវារ ទ្រង់យាត្រានិវត្តមកកាន់នគរកបិលព័ស្តុវិញ មានព្រះឧទាយីដែលព្រះបាទស្រីសុទ្ធោទន៍ទៅនិមន្តនោះជាមគ្គុទ្ទេសក៍។ គ្រានោះពួកស្តេចសក្យរាជ ព្រមព្រៀងគ្នាកំណត់យកសួនច្បារជារមណីដ្ឋានរបស់ដែនសក្កៈឈ្មោះ និគ្រោធារាម ថ្វាយជាអារាម ផ្តាច់មកចំពោះព្រះពុទ្ធជាម្ចាស់។ ព្រះរាជាទាំងនោះកាលយាងទៅធ្វើបដិសណ្ណារៈ ចំពោះព្រះបរមគ្រូ ទ្រង់តែងតែរុញពួកយុវក្សត្រដែលក្មេងៗ ជាងព្រះពុទ្ធឲ្យចូលទៅគង់ខាងមុខៗ ឯពួកព្រឹទ្ធរាជ (សេ្តចចាស់) ក្រាញនៅតែខាងក្រោយៗ ដោយកិរិយាពុំព្រមថ្វាយព្រះបង្គំព្រះបរមសាស្តា។

ព្រះភគវន្តាចារ្យ ទ្រង់ថ្វាយអធ្យាស្រ័យនៃពួកព្រះញាតិទាំងនោះ ទើបទ្រង់ចូលទៅកាន់ចតុត្ថជ្ឈាន ហោះទៅកាន់អាកាសវេហាសន៍ មហារាជជាពុទ្ធបិតាទ្រង់ទស្សនានូវសេចក្តីអស្ចារ្យទ្រង់ផ្ចង់ព្រះអញ្ជលីលើព្រហសិរសី។ កាលព្រះចក្រីថ្វាយបង្គំហើយ ឥតមានសេ្តចណាមួយឡើយដែលមិនថ្វាយបង្គំសោះ។ កាលស្តេចទាំងអស់នោះថ្វាយបង្គំហើយ ព្រះពុទ្ធជាម្ចាស់ទ្រង់ចុះអំពីអាកាសមកគង់លើព្រះបវរពុទ្ធអាសន៍ កណ្តាលញាតិសមាគម។ លំដាប់នោះ មហាមេឃក៏បង្អុរមកនូវភ្លៀងបោក្ខព័ស៌ដ៏អស្ចារ្យ។ គឺថាជនណាចង់ទទឹក ទើបទទឹក ជនណាពុំចង់ទទឹកក៏ឥតទទឹកឡើយ។ ប្រជាជនទាំងអស់បានឃើញភ្លៀងនោះប្រឹងតែស្ញើចប្រឹងតែសរសើរថាៈ ឳ! អស្ចារ្យណាស់តើហ្ន៎! ឳ! ចំឡែកប្លែកត្រកាលណាស់តើហ្ន៎!​ ឳ!​ អានុភាពនៃព្រះពុទ្ធអើយធំអ្វីមាល្បាលម្ល៉េះហ្ន៎។!។ ព្រះបរមសាស្តាទ្រង់មានព្រះពុទ្ធដីកាថាៈ មិនមែនតែឥឡូវនេះទេ! ពីបុព្វេ គឺកាលតថាគតជាព្រះពោធិសត្វ ក៏មហាមេឃបង្អុរភ្លៀងបោក្ខព័ស៌មានសភាពយ៉ាងនេះ ក្នុងញាតិសមាគមដែរ។ កាលភិក្ខុទាំងឡាយអារាធនាសុំទ្រង់សម្តែង ក៏ព្រះអង្គទ្រង់ថ្លែងនូវបុព្វេប្រវត្តិថាៈ

អតីត ភិក្ខវេ ម្នាលភិក្ខុទាំងឡាយ!​ កាលកន្លងទៅហើយ ព្រះរាជាព្រះនាម សិវិមហារាជ សោយរាជក្នុងនគរជេតុត្តរ សិវិរដ្ឋ ទ្រង់មានព្រះរាជបុត្រព្រះនាម សញ្ជ័យ។ ទ្រង់នាំព្រះរាជកញ្ញាព្រះនាម ផុស្សតី ជាព្រះរាជបុត្រីនៃព្រះបាទ មទ្ទរាជ អំពីដែនមន្ទរដ្ឋមកហើយ ទ្រង់ផ្ទេររាជសម្បត្តិរៀបអភិសេកព្រះសញ្ជ័យរាជកុមារ និងព្រះនាងផុស្សតិ​ជាអគ្គមហេសីក្នុងព្រះសិរីរាជសម្បត្តិជាព្រះមហាក្សត្រតពីព្រះអង្គមក។

បុព្វយោគនៃនាងផុស្សតីនោះដូច្នេះគឺ ក្នុងកាលជាទីបំផុតនៃកប្ប ៩១ (រាប់ច្រាស់ទៅក្រោយ) ព្រះនាងផុស្សតីនេះជាព្រះរាជបុត្រីនៃព្រះបាទ ពន្ធុរាជ នគរពន្ធុមតី បានថ្វាយលម្អិតខ្លឹមច័ន្ទន៍ចំពោះព្រះពុទ្ធ វិបស្សី លុះនាងអន្ទោលទៅក្នុងទេវលោក និងមនុស្សលោក រមែងមានខ្ទឹមច័ន្ទន៍ផ្សាយចេញអំពីព្រះអង្គកាយជាប្រក្រតី រហូតដល់ជាតិដែលនាងជាព្រះអគ្គមហេសីនៃព្រះឥន្ទ្រាធិរាជ ក្នុងភទ្ទកប្បនេះក៏នៅតែមានខ្លឹមច័ន្ទន៍ផ្សាយចេញអំពីព្រះកាយដូច្នោះដែរ ទើបនាងបានព្រះនាមថា ផុស្សតី។ កាលដែលព្រះនាងដល់កំណត់ព្រះជន្មាយុព្រះឥន្រ្ទទ្រង់ជ្រាបថា ព្រះនាងនឹងច្យុតក៏ទ្រង់នាំព្រះនាងទៅកាន់នន្ទវ័នឧទ្យានផ្តេកព្រះនាងលើអលង្កតសិរិសយនា ហើយទ្រង់ត្រាស់ព្រះរាជឳង្ការថាៈ

ផុស្សតិ វរវណ្ណាកេ វរស្សុ ទសនា វរេ

បឋព្យា ចារុបុព្វន្តី យំ តុយ្ហំ មនសោ បិយំ

ម្នាលនាងផុស្សតីមានរស្មីនៃសម្បុរដ៏ប្រសើរ មានអវយវៈដ៏ល្អលើសគេលើផែនដី ចូរនាងទទួលពរ១០ប្រការ ដែលជាពរពេញចិត្តរបស់នាង (នាងចង់សម្រេចចិត្តយ៉ាងណា ចូរប្រាថ្នាយ៉ាងនោះចុះ ខ្ញុំនឹងប្រសិទ្ធីឲ្យនាង)។

ព្រះនាងផុស្សតី ពុំជ្រាបថានឹងច្យុតក៏ឆ្ងល់នឹងព្រះរាជឳង្ការដែលឲ្យព្រះនាងសុំពរនោះ ទើបក្រាបបង្គំទូលសួរថាៈ បពិត្រទេវរាជ ខ្ញុំម្ចាស់មានកំហុសខុសឆ្គងដូចម្តេច បានជាព្រះអង្គមានព្រះឳង្ការ ហាក់ដូចជានឹងបណ្តេញខ្ញុំម្ចាស់ឲ្យឃ្លាតចាករមណីដ្ឋានយ៉ាងនេះ។

ព្រះឥន្រ្ទប្រាប់ថាៈ នាងឥតកំហុសអ្វីទេ នាងមិនមែនជាទីសម្អប់នៃខ្ញុំទេ តែថានាងអស់បុណ្យហើយ បានជាខ្ញុំនិយាយនឹងនាងយ៉ាងនេះ នាងមានសេចក្តីស្លាប់ជិតកៀកណាស់ហើយ។

          នាងផុស្សតីសូមពរថាៈ បពិត្រទេវរាជជាឥសូរ កំពូលលើក្នុងពួកទេវតា បើព្រះអង្គទ្រង់ប្រទានពរដល់ខ្ញុំម្ចាស់! ខ្ញុំម្ចាស់សូម!៖

១        ឲ្យបានជាអគ្គមហេសី នៃព្រះបាទស្រីសញ្ជ័យ នានគរជេតុត្តរ។

២       ឲ្យបានភ្នែកល្អ មានភូមោកោង ទ្រទេសទ្រទួយដូចបង្គួយកៅទណ្ឌ។

៣       មានឈ្មោះថា ផុស្សតី ដដែល។

៤        ឲ្យមានកូនប្រុសមួយមានកិត្តិនាមល្បីល្បាញ។

៥        ពេលមានភគ៌សូមឲ្យមានផ្ទៃពោះស្នើល្អដូចប្រក្រតី។

៦        កុំឲ្យមានដោះសណ្តាយ។

៧       កុំឲ្យមានសក់ស្កូវ។

៨       ឲ្យមានសាច់សម្បុរស្បែកម៉ដ្ឋខៃដូចសាច់ពពិលមាស។

៩       ឲ្យមានអំណាច អាចដោះទុក្ខទោសរបស់មនុស្សសត្វទាំងឡាយ។

១០     ឲ្យមានបក្សី គឺហង្ស ក្រៀល ក្ងាន ក្ងោក បន្លឺនូវស័ព្ទល្វេងលើយជិតព្រះរាជមន្ទីរ។

ព្រះឥន្ទ្រាធិរាជទ្រង់បានព្រះរាជទានព្រះពរទាំង១០ប្រការ ទ្រង់បានប្រិសទ្ធីឲ្យបានសម្រេចដូចមនោរថរបស់ព្រះនាង។

  (ចប់កណ្ឌទសពរ ទី១ សូមរងចាំតាមដានកណ្ឌទី២ នៅសប្តាហ៍ក្រោយ)

រៀបរៀងដោយោ៖​ កញ្ញា​ មាស​ សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!