ទំព័រដើមប្រវត្តិសាស្ត្រសិលាចារឹកថ្មីមកពីប្រាសាទបន្ទាយព្រាវ K.១៤៣៣

សិលាចារឹកថ្មីមកពីប្រាសាទបន្ទាយព្រាវ K.១៤៣៣

​ប្រជា​ពលរដ្ឋបាន​រកឃើញ​និង​យកសិលាចារឹក​នេះ​ ចេញ​មក​ពី​​ប្រាសាទ​បន្ទាយ​ព្រាវ  ស្ថិត​នៅ​ក្នុងភូមិ​ថ្មី​ ឃុំ​ស្វាយ​​ចេក ស្រុក​ស្វាយ​ចេក​ តាំង​ពី​កំឡុង​ឆ្នាំ​១៩៩៧ មកម្ល៉េះ។មន្ទីរ​វប្បធម៌និងវិចិត្រសិល្បៈខេត្ត​បន្ទាយ​មាន​ជ័យ រួមសហការ​ជាមួយ​នគរបាល​ការ​ពារ​បេតិ​កភណ្ឌ ​និង​អាជ្ញធរ​មូលដ្ឋាន​ បានចុះទៅ​ទទួ​លសិលាចារឹក​​នេះ​ពីប្រជា​ពល​រដ្ឋ​រស់នៅ​ក្នុងភូមិ​បែក​ចាន​ចាស់ ឃុំ​ស្វាយ​ចេក​ ស្រុក​ស្វាយ​​ចេក​ ខេត្ត​បន្ទាយ​មានជ័យ​ មក​រក្សា​ទុក​នៅ​សារមន្ទីរ​ខេត្ត​ នៅថ្ងៃ​ទី​០២ ខែ​មិថុនា ឆ្នាំ​២០១៩។​​

តាមរយៈឯកសារ​របស់អ្នកស្រាវជ្រាវបារាំងមួយចំនួន យើងស្គាល់ប្រាសាទនេះមានឈ្មោះថា​ “បន្ទាយព្រាវ​” (Bantéai Préau / Banteai Priau / Bantãy Prãv)។ អ្នកស្រុកតំបន់នោះ​ ហៅប្រាសាទ​នេះ​ថា “ប្រាសាទ​បន្ទាយ​ព្រាវ” “ប្រាសាទ​កំ​ផែងព្រាវ” ឬហៅ​យ៉ាង​សាមញ្ញ​ថា “ប្រាសាទ​ព្រាវ”។ ចំពោះ​ពាក្យ​ ​“បន្ទា​យ” មានន័យថា​ជា​  “កំពែង” គឺ​របង​ព័ទ្ធ​ជុំវិញ​ទីធ្លាអ្វីមួយ​ អាច​ជា​ប្រាសាទ, ព្រះរាជវាំង, រាជធានី​, ក្រុងផ្សេងៗ​ ឬភូមិលំនៅជាដើម។បន្ទាយឬ​កំពែង​ខ្លះធ្វើ​ពីឈើ​, ខ្លះធ្វើពីដី, ខ្លះធ្វើពីឥដ្ឋ​, ខ្លះធ្វើ​ពី​ថ្មបាយ​ក្រៀម​ និង​ខ្លះ​ទៀត​ធ្វើ​ពី​ថ្មភក់​ក៏មាន។ន័យដើម​របស់​ពាក្យ “បន្ទាយ”​ គឺ​សំដៅថា​របងឬកំពែង​ តែ​ការ​ហៅ​ជាទូទៅ​ក្លាយ​ជា​សំដៅ​រួម​ទាំង​អ្វីៗ​ដែល​នៅ​ក្នុង​របង ​ឬកំពែង​ទាំង​មូល​នោះ​តែម្ដង។ ដោយ​សារ​ប្រាសាទ​នេះ​មាន​កំពែង (​អ្នក​ស្រុក​ហៅថា​កំផែង)​ ឬបន្ទាយ​ធ្វើ​អំពី​ថ្មបាយ​​ក្រៀមព័ទ្ធជុំវិញ ទើប​នាំពួក​គាត់​ហៅឈ្មោះ​ថា “បន្ទាយ ឬ កំផែងព្រាវ​”។ ប្រាសាទនេះ ជាប្រាសាទសំខាន់មួយនៅតំបន់ស្វាយចេក  ​ព្រោះ​ជា​ប្រាសា​ទ​ដែល​មាន​ទំហំធំ​ជាងប្រាសាទ​ផ្សេងៗ​ក្នុងតំបន់នេះ និងស្ថិត​នៅ​ខាងលិចឈៀងពាយ័ព្យទី​រួម​ស្រុក​ស្វាយចេក​ មានចម្ងាយ​ប្រហែលជា​៨គីឡូម៉ែត្រ។

អត្ថបទចារឹក​នេះ ​ចារនៅលើមេទ្វារថ្ម​ព័ណ៌ផ្កាឈូក មានកម្ពស់ប្រវែង​ ១០៥,​៥ស.ម. បន្ទារ៤៥ស.ម. និងកម្រាស់​១២ស.ម.។ អត្ថបទនេះចារ​ជា​ភាសា​ខ្មែរបុរាណ​មានចំនួន​៨ បន្ទាត់​ និង​មាន​ចុះកាលបរិច្ឆេទចំនួនពីរគឺ ឆ្នាំ​៩៤៩ មហាសករាជ និងឆ្នាំ​៩៤៧ មហាសករាជ។  ផ្ទាំងថ្មចារឹកនេះ សាច់ថ្មមានគ្រាប់ខ្សាច់ធំដែលងាយសឹករបេះ នាំឱ្យផ្ទៃថ្មពុំរៀបស្មើ ដាច់អក្សរដោយអន្លើ និងកន្លែងខ្លះពិបាកផ្ដាមសំណៅផ្ដិត​។ យ៉ាងនេះក្ដី​ បើ​ពិនិត្យ​មើលតាមទម្រង់អក្សរ​មានលក្ខណៈល្អស្អាតមួយបែប។ សញ្ញាគោ​មូត្រ​ចាប់ផ្ដើមអត្ថបទ​ស្អាត​ពិសេសម្យ៉ាង​ដែលកម្រនឹងឃើញមាន ()។

អត្ថបទចាប់ផ្ដើមចារ​ដោយឃ្លាកាត់ខ្លីៗ​ ខុសពីទម្រង់​ដែល​ឃើញ​មានជាទូទៅ។ នៅបន្ទាត់ទី១ ពុំមានប្រាប់ពាក្យ​ “ឝក” បន្ទាប់ពី​តួ​លេខ​ដែលជាឆ្នាំមហាសករាជឡើយ។ ចំណែក​​ឯឋានន្តរនាមមន្ត្រី ក៏ពុំមានដាក់នៅ​ខាង​ដើម​ឈ្មោះ​ដែរ។ចាប់ពីបន្ទាត់ទី៣ ត្រង់​កាលបរិច្ឆេទមក ទើប​អត្ថបទ​ចារឹក​ឃ្លា​ឃ្លោង​ធម្មតាដូច​ដែលតែងជួបប្រទះក្នុងសិលាចារឹក​នានា​។ អត្ថបទនេះហាក់ចារឡើងដោយបន្ទាន់​ ឯមនុស្សនៅជំនាន់នោះបានដឹងអំពីរឿង​រ៉ាវ​ហេតុការណ៍ដែលកើតឡើង ទើប​អត្ថបទនេះចារឡើងខ្លីៗបែបនេះ ។

អត្ថបទនេះនិយាយអំពីដីភូមិបុកោង និងចន្ទ្រក្សេត្រ​ ដែលត្រូវថ្វាយ​ដល់​ប្រាសាទនៅ​ឯត្បូងរមាំងក្នុងឆ្នាំ​៩៤៩ នៃមហាសករាជ(១០២៧គ.ស.) និង​រំលឹកអំពីអ្នកបម្រើប្រុសម្នាក់ឈ្មោះកន្សូរ​ដែល​ចាញ់ក្ដី​វាបពល​ ហើយត្រូវឱ្យយកទៅបម្រើនៅឯប្រាសាទសិវលិង្គ។ ចុងក្រោយ​ជា​បញ្ជីឈ្មោះខ្ញុំបម្រើប្រុស​៩នាក់(រាប់ទាំងកន្សូរ)។ សិលាចារឹកនេះ ជាសេចក្ដីបំពេញ​បន្ថែម​លើ​សិលាចារឹក​ K.២២១ និង K.២២២ លើករណី​ថ្វាយខ្ញុំទៅប្រាសាទសិវលិង្គ។​

អំណាន​ជាអក្សរខ្មែរទំនើប​

១-  ៩៤៩បន្ទ្វលតនរបតិន្ទ្រវម៌្មស្រុក្បុ(កោ)ងចន្ទ្រក្ឞេត្រ

២- តិអញ៑ឱយតវ្រះនោះអាយថ្ប្វង៑ម៌្មាង៑ទហអ្នកទោសង្គោ

៣- លកំបិឱយ៑  ៩៤៧ឝក្កនុ(វា)ប៑វលតឱយ៑ឃោកន្ស្វរ

៤- តវ្រះកម្រតេង៑អញ៑ឝ្រីនរបតិន្ទ្រវម៌្មកន្ស្វរថ្វេប្រ

៥- ឝ[-្វា]វ្យវហារចញ៑តវាបវលទេប៑ឱយតវ្រះទេប៑

៦- ទៅ​(និ)វេទនវ្រះមន្ទ្វលប្រសិទ្ធិតវ្រះ[ស្ដេង៑]ឝិវលិង្គរោះហ

៧- [កាល]វ្រះសភា◦ឃោកំវិត៑ឃោកន្សោតឃោវ្រាមឃោ

៨- ថ្អ្យកឃោកន្ស្វរឃោកបិតឃោផ្ឯំឃោថ្គោឃោកន្ទេង

សេចក្ដីប្រែសម្រួល

(១-៣) (នាឆ្នាំ)៩៤៩(នៃមហាសករាជ មានព្រះរាជ)បន្ទូលដល់​(ព្រះគម្ដែងអញ​ស្រី)នរបតិន្ទ្រវម៌្ម​(អំពី)ស្រុកបុកោង(និង)ចន្ទ្រក្សេត្រ ដែល​អញខ្ញុំ​ថ្វាយ​ដល់​ព្រះ​នៅឯត្បូងរមាំង។ ទោះ(មាន)អ្នក(ណា)ទៅ​សង់គោល(ព្រំដីនោះយក ក៏)កុំគប្បីឱ្យ(ឡើយ)។

(៣-៨) (នាឆ្នាំ)​៩៤៧នៃមហាសករាជ (ឆ្នាំ​១០២៥គ.ស.) វាប​ពល​ដែលថ្វាយឃោកន្សូ​រ​​ដល់​ព្រះគម្ដែងអញស្រីនរបតិន្ទ្រវម៌្ម​(នោះ) កន្សូរធ្វើ….ប្ដឹងចាញ់វាបពល​ ទើប​​ថ្វាយ ​(កន្សូរ)ដល់ព្រះ (បន្ទាប់មក) ទើបទៅទូលថ្វាយ ​(ព្រះមហាក្សត្រទ្រង់​មាន​) ព្រះបន្ទូលឱ្យសិទ្ធិ(គ្រប់គ្រងកន្សូរ)ដល់ព្រះស្ដែងសិវលិង្គដូចកាល(កាត់ក្ដីនៅ)ព្រះ​សភា។ (ខ្ញុំបម្រើ​ថ្វាយដល់ព្រះស្ដែងសិវលិង្គមាន) ឃោកំវិត ឃោកន្សោត ឃោវ្រាម ឃោថ្អៀក ឃោកន្សូរ ឃោកំបិត ឃោផ្អែម ឃោថ្គោ និងឃោកន្ទេង។

វាក្យសព្ទ

កំបិ          កុំបី ។

ឃោ         ន. (សំ. ឃោដ) អ្នកបម្រើប្រុសវ័យពេញកម្លាំង។

ចញ៑         កិ. ចាញ់។

ថ្ប្វង៑ម៌្មាង៑  ន. ក្បាលរមាំង, ទីកន្លែងឈ្មោះ ត្បូងរមាំង។

ទហ         ទោះ។

ទេប៑         ទើប។

ទោ           ទៅ។

ប្រសិទ្ធិ     កិ. ផ្ដល់សិទ្ធិឱ្យ។

មន្ទ្វល      (< មន៑ + ទ្វល) ទូល ទូលថ្វាយ។

វាប           ន. ឋានន្ដរនាម​មន្ត្រីសម័យអង្គរ។

វាបវល     ន. វាបពល ។ វាបទទួលបន្ទុកកងពល។

វ្យវហារ     ន. ការកាត់ក្ដី, ដំណើរការក្ដី, បណ្ដឹង។

វ្រះស្ដេង៑   ន. ព្រះស្ដែង, ក្នុងសិលាចារឹកនេះសំដៅដល់​ព្រាហ្មណ៍​​ជា​អធិការប្រាសាទ​សិវលិង្គ។ ឧ.​ វ្រះស្ដេង៑ឝិវលិង្គ = ព្រះស្ដែងប្រាសាទសិវលិង្គ។

វ្រះសភា   ន. ព្រះសភា តុលាការ។ ពាក្យ “សភា” សំដៅដល់​ទីជំនុំ ទីកាត់ឬវិនិច្ឆ័យក្ដី។ “ព្រះសភា” សំដៅដល់ទីសម្រាប់កាត់ក្ដីផង និងអ្នកកាត់ក្ដីផង ដូច្នេះទើបពាក្យ “សភា” ក្លាយទៅជា “សុភា” ហៅសំដៅដល់តួ​អង្គសត្វទន្សាយដែលតែងតែដើរតួជាអ្នកកាត់សេចក្ដីណាមួយ ក្នុងរឿងព្រេង។

សង្គោល  (< សង៑ + គោល) សង់គោលព្រំដី បោះបង្គោលព្រំដី។

អញ៑         ខ្ញុំ, ជាពាក្យហៅខ្លួនឯងទៅកាន់មនុស្សគ្រប់ឋានៈ។ បើ​ហៅខ្លួនឯងចំពោះព្រះ ទេពតា ឬព្រះមហាក្សត្រ បុរាណតែងប្រើ “អញខ្ញុំ”។

នៅក្នុងអត្ថបទ​ក្រោយ យើង​នឹងពិភាក្សាអំពីស្ថាននាម “ត្បូងរមាំង” តាមរយៈភស្ដុតាង​សិលាចារឹក​។

—————————————————

Banteay Prav inscription K.1433

Banteay Prav inscription found by the local people in 1997, and sent to the Provincial Department of Culture and Fine Arts of Banteay Meanchey in 2019. It belongs to Banteay Prav temple, located in Tmei village, Svay Chek commune, Svay Chek district.

According to French researches, the temple names Banteay Prav. The people in the region call this temple Prasat Banteay Prav, Prasat Kampheng Prav or Prasat Prav. Banteay has the same meaning as Kampeng, which is a surrounding wall. It could be surrounding the temple, royal palace, capital city, city or village. Some walls made from wood, earth, brick, laterite and sandstone.

The original meaning of Banteay indicates the fence or Kampeng. However, later on, it includes the whole compound. Based on the fact that the temple has a surrounding wall, the local people call the temple Banteay or Kampheng Prav. It is the most important temple in the Svay Chek region as it is bigger than other temples and located just about 8 kilometers in the West-Northwest of Svay Chek district.

The inscription was written on a pink sandstone door-jam with 105.5cm in length, 45cm in width, and 12cm in thickness. It was written in ancient Khmer of 8 lines that could be dated to 949 and 947 Caka. It has written in short lines and does not mention the word Caka which usually shown in the first line.

The text describes the land in Bukong village and Chantraksetra that was donating to a temple in Tbong Ramang (1027 CE). Also, it mentions a male worker names Kanso, whose case was dismissed in the court under Vāp Pol. Thus, he was sent to work for Prasat Sivalinga. At the end of the paragraph, it shows the names of 9 workers included Kanso who work for Prasat Sivalinga. Significantly, this inscription is the additional information of the inscription K.221 and K.222.

អត្ថបទដើម៖ លោក​ ហ៊ុន ​ឈុនតេង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!