ទំព័រដើមប្រវត្តិសាស្ត្របុរាណវិទ្យាគំនូរ​ក្នុង​រូង​ភ្នំ​ «ពើង​តា​ខាប» ភ្នំ​គូលែន​​​

គំនូរ​ក្នុង​រូង​ភ្នំ​ «ពើង​តា​ខាប» ភ្នំ​គូលែន​​​

ព្រះ​រាជាណា​ចក្រ​កម្ពុជា​មាន​តំបន់​ការ​ពារ​ធម្មជាតិ​ជា​ច្រើន​កន្លែង​ ដែល​ត្រូវ​បាន​កំណត់​ដោយ​ព្រះ​រាជ​ក្រឹត្យ​ ចុះ​ថ្ងៃទី១​ ខែ​វិច្ឆិកា​ ឆ្នាំ​១៩៩៣ ។​ ឧទ្យាន​ជាតិ​ព្រះ​ជ័យ​វរ្ម័ន​​-​នរោត្ត​ម​    «ភ្នំ​គូលែន​» ជា​ផ្នែក​មួយ​​នៃ​តំបន់​ការ​ពារ​ធម្មជាតិ​ ដែល​មាន​ផ្ទៃ​ដី​សរុប​ចំនួន​ ៣៧៥០០​ហិច​តា​ និង​មាន​តួ​នាទីសំ​ខាន់​ក្នុង​ការ​រក្សា​លំនឹង​បរិ​ស្ថាន​នៅ​តំបន់​អង្គរ​ ដោយ​សារ​ប្រភព​ធន​ធាន​ធម្មជាតិ​ ព្រៃ​ឈើ​ ប្រភព​ទឹក​ និង​ជីវចម្រុះ ដែលមាន​នៅ​ទីនោះ​ ​។​  ក្នុងនោះភ្នំ​គូលែន​ជា​ទីតាំង​ប្រវត្តិ​សាស្ត្រ​ដ៏​សំខាន់​មួយ ​ដែល​បាន​រក្សាទុក​នៅ​មរតក​វប្បធម៌​ជា​ច្រើន ​ និង​ជា​អតីត​រាជធានីរបស់​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​២ ។​ មានប្រាសាទ​បុរាណ​ជា​ច្រើន​ ដោយរួមទាំងចម្លាក់​នៅបាតស្ទឹង​ ព្រមទាំងមរតកវប្បធម៌​ផ្សេងៗទៀត​ដែលមាននៅទីនោះ ដោយពុំទាន់បានសិក្សា និងផ្សព្វផ្សាយពេញលេញនៅឡើយ ។​

ហេតុ​អ្វី​បាន​ជា​ព្រះបាទជ័យវរ្ម័នទី២ ​ជ្រើសរើស​ភ្នំ​គូលែន​ជា​រាជធានី​? ជាទូទៅ​ ការ​កសាង​រាជ​ធានីច្រើនតែធ្វើឡើងនៅលើទីតាំងដែលធ្លាប់មានមនុស្សរស់នៅ ​ ​និងជាទីតាំង ដែល​មាន​សក្តានុពល​ពី​ធម្មជាតិ​ ​ព្រមដោយ​ជំនឿផង​ដែរ​។​ ក្រៅ​អំ​ពី​រចនា​សម្ព័នទីក្រុង​ និងប្រាសាទ​បុរាណ​ តើ​ភ្នំ​គូលែន​មាន​សំណល់អ្វីផ្សេង​ទៀត​?​

តំបន់​ភ្នំ​គូលែន ​ក៏មាន​គំនូរ​ក្នុង​រូង​ភ្នំ​ផង​ដែរ​ ។ គួរឱ្យកត់សម្គាល់ដែរថា​ គំនូរ​ត្រូវបាន​មនុស្ស​ប្រើប្រាស់​ជា​យូរ​ណាស់​​មក​ហើ​យ តួយ៉ាង​ដូច​ជា​គំនូរនៅ​រូង​ភ្នំ​ Lascaux ប្រទេស​បារាំង​ ដែល​មាន​អាយុ​កាល​ចន្លោះ​ ៣៥០០០​ឆ្នាំ​-១០០០០​ឆ្នាំ​ ហើយដែល​ជា​គំនូរ​ក្នុង​រូង​ភ្នំដ៏​ចំណាស់​​។​ ទន្ទឹមនឹងនោះ  ​ នៅតំបន់អាស៊ីក៏មានគំនូរនៅតាមរូងភ្នំ​ផង​ដែរ​ ឧទាហរណ៍ដូច​ជា គំនូរ​នៅ​ប្រទេ​ស​ថៃ​ ដែល​ជាគំនូរលាប​ពណ៌​ក្រហមដែលបង្ហាញ​អំពី​មនុស្ស​បាញ់​ព្រួញ​ និងសត្វ​ឆ្កែ ដែល​គេបានកំណត់អាយុ​ចន្លោះ​ ៤០០០ ទៅ​២៥០០ ឆ្នាំ​មុ​នពេលបច្ចុប្បន្ន​។ ក្នុង​ប្រទេស​កម្ពុជា​ គេបាន​រក​ឃើញគំនូរ​នៅ​ពើងគំនូរ ភ្នំ​ក្រ​វ៉ាញ​​ នៅពើង​គំនូរ​ និង​ពើង​តា​ខាបនៅភ្នំគូលែន។​  គំនូរនៅតាមរូងភ្នំក៏ធ្លាប់បានសិក្សាដោយលោក​ ហេង​ ថាន​។ ក្នុងនោះ​ លោកអ្នកបានបង្ហាញគំនូរនៅតាមពើងមួយចំនួនដែលនៅ​តាម​ចង្កេះ​ភ្នំ​គូលែន ដូច​ជា​ពើង​កោប ពើង​វាល​ព្រះ​បាទ​ ពើង​ដៃ​រា​ ពើង​គំនូរ​ និង​ពើង​ល្អាង​ធំ​។

ពើង​តាខាប​ ​ ស្ថិត​នៅក្នុង​ភូមិ​ថ្មី​ ឃុំ​ខ្នង​ភ្នំ​ ស្រុក​ស្វាយ​លើ​ ខេត្ត​សៀម​រាប​​ ដែល​មាន​ចំនុច​និយាមការ X= 404640 Y= 1496523។ ពើង​តាខាប​ ជា​ប្រភេទ​ថ្មភក់​ ដែល​ជា​ថ្ម​មួយដុំ​ធំ​ មាន​ទំហំប្រមាណ២០​ម៉ែត្រ​ រីក​ធំផ្នែក​​ខាង​លើ​ និងរាង​តូច​​នៅ​ផ្នែក​ខាង​ក្រោម​ ដែល​អាច​ឱ្យមនុស្ស​ជ្រក​បាន​ និង​មាន​ពើង​ថ្ម​នៅ​ក្បែរ​នោះ​ជា​ច្រើន​ផង​ដែរ​។​ យើង​បាន​ប្រទះ​ឃើ​ញ​ស្នាម​គំនូរ​ពណ៌​ក្រហមព្រៀលៗ​នៅ​​ពើងតា​ខាប​នេះ។​  គំនូរ​​ទាំងនោះមាន​ភាព​រលប់​ ហើយនៅ​សល់ស្នាកស្នាមតែបន្តិចបន្តួចប៉ុណ្ណោះ។ ​ជាការកត់សម្គាល់ គំនូរទាំងនេះស្ថិតនៅ​ ​លើ​ជញ្ជាំង​ថ្ម ក្បែរ​រូបចម្លាក់​ព្រះ​គណេស​ដែលជា​ចម្លាក់​ថ្មី​។​ បច្ចុប្បន្នទីតាំង​នេះ​ គឺជា​ទីតាំង​សំណាក់​ធម៌ ។​

​គំនូរនៅពើងតាខាបរួមមានបង្ហាញ​អំពី​ រូប​មនុស្ស​ និង​រូបសត្វ​ ៖​

១. រូប​មនុស្ស​ ឈរ មាន​កម្ពស់​ប្រមាណ​៣៥​ស.ម​។ ផ្នែក​ ​ក្បាល​ជា​គំនូស​រង្វង់​ៗ​ច្រើន​ជាន់​ ពីតូច​មក​ធំ​។​ ដង​ខ្លួន​លាបពណ៌​ក្រហម​ពេញ​ ដៃ​ខាង​ឆ្វេង​មាន​ស្នាម​ជា​ម្រៀម​៣​ និង​ខាង​ស្នាំ​មើ​ល​មិន​ឃើញ​ម្រាម​ទេ​​  ចំណែក​ជើង​ទាំង​ពីរ​ឈរ​ស្រប​គ្នា​ត្រង់​។​

២.​ រូប​សត្វ​ ប៉ុន្តែហាក់មិនមានរូបរាងដែលអាចកំណត់ ​ច្បាស់​លាស់​ថា​ ជា​សត្វអ្វី​នោះ​ទេ​? តាមរយៈទម្រង់នោះ គឺប្រហែលជារូបសត្វ​ពាហនៈ​ ឬ​អាចជាសត្វ​គោ​?​​ ដែលមាន​ទំហំប្រមាណ​ ៣០​ស.ម​ និង​ឈរ​នៅ​ពី​មុខ​រូប​មនុស្ស​។ ក្នុងនោះដែរ ជើង​ក្រោយទាំង​ពីរ ដែល​មាន​ម្រាម​ជើង​២​ និង​កន្ទុយ គឺអាចនៅកំណត់បានច្បាស់។​​ ដោយឡែក ផ្នែក​ខាង​មុខរលប់ខ្លាំង និង​ពិ​បាកកំណត់រូបរាងថាជាអ្វី (រូបលេខ៤​)​ ។​ ដោយឡែក គំនូរត្រង់នេះ តើអាចនឹងបង្ហាញអំពី​ទំនាក់​ទំនង​រវាង​មនុស្ស​ និងការ​សត្វ​ចិញ្ចឹម​ដែរ​ឬ​ទេ​?​

៣.​ រូបភាប​ជា​រង្វង់មូល​(រូប​លេខ​៥)​ ដែលមានទម្រង់ពី​តូច​ទៅ​ធំ ​ប្រមាណ​ជាទំហំ១០​ស.ម​​ ក៏ប៉ុន្តែគ្មាន​ដៃជើងនោះ​ទេ​ ដែលទំហំនេះប្រហាក់​ប្រហែក​គ្នា​ និង​រូប​ក្បាល​​មនុស្ស​ដែលបានបញ្ជាក់ក្នុងចំណុចទី១​។​ នៅ​មាន​ស្នាក​ស្នា​ម​គំនូរ​រូប​ផ្សេងៗ​នៅ​ក្បែរ​នោះ​ផង​ដែរ​ តែមិន​អាច​មើ​យល់​ថា​ជា​រូប​អ្វី​នោះ​ទេ​?​ ត្រង់ចំណុចត្រង់នេះអាចជាការប្រសើរណាស់ ប្រសិនបើរូបគំនូរទាំងនេះអាចនឹងបានសិក្សា និងថតរូបដោយប្រើប្រាស់បច្ចេកទេសទំនើ​ប ឬតួយ៉ាងដូចជាបច្ចេកទេសដែលធ្លាប់ប្រើប្រាស់ដើម្បីថតរូបគំនូរ  នៅ​ប្រាសាទអង្គរវត្តជាដើម។

៤.​ ក្រៅពីរូបគំនូរ នៅ​ផ្ទៃ​ខាង​ក្រោម​ក្បែរ​គំនូរ​នោះ​ ​មានស្នាក​ស្នាម​រន្ធ​មូល​តូច​ៗ​ជា​ច្រើន​ ហើយរន្ធ​ដែល​ធំ​ជាង​គេ​មាន​ទំហំ​ប្រមាណ១០​ស.ម​(រូបលេខ៦​)។​ រន្ធ​នេះ​មិនមែនជារន្ធដែលកើតឡើងដោយសំណឹកថ្មនោះទេ ប៉ុន្តែបាន​បង្កើតដោយមនុស្ស ​។​ ដោយឡែក មិនមានពត៌មានអំពីតួនាទីនៃរន្ធទាំងនោះទេ?​ តើរន្ធទាំងនេះ​មាន​ទំនាក់​ទំនង​នឹង​គំនូរ​ ដែរ​ឬ​ទេ?​

សរុបសេចក្តីមក ទីតាំង​គំនូរ​នេះ​មិន​ទាន់​មាន​ការ​សិក្សា​ស្រាវជ្រា​វ បែប​វិទ្យា​សាស្ត្រ​នៅ​ឡើយ​ទេ​។​ តាម​រយៈ​បច្ចេក​ទេស​គូរ ​អាចកំណត់​​ថា​គំនូរទាំង​នេះ​មាន​អាយុ​ចំណាស់។​ ស្នាក​ស្នា​ម​ដែល​ជា​រង្វង់​ៗទាំងនេះធ្លាប់បានបង្ហាញ​នៅ​លើ​ខ្អម ឆ្នាំង ​សម័យបុរេ​ប្រវត្តិសាស្ត្រ។ ចំពោះសំនួរថាតើ​គំនូរ​ទាំង​នេះ​បានគូរតាំង​ពី​ពេល​ណា​?​ តើវា​ស្ថិត​នៅ​ក្នុង​សម័យ​ស្របគ្នានឹងការតាំងទីព្រះរាជវាំង​នៅ​លើ​ភ្នំ​គូលែន​ ឬ​មានវ័យចំណាស់ជាង?​ យើងសង្ឃឹមថាសំនួរ​ទាំងនេះនឹងអាចស្រាយបំភ្លឺនៅពេលណាដែលគំនូរ​ទាំង​នេះ ​បាន​សិក្សា​ស្រាវជ្រាវ​ច្បាស់លាស់។ លើសពីនេះ ការសិក្សានឹងផ្តល់សារសំខាន់បន្ថែមទៅលើសិល្បៈ​គំនូររូងភ្នំ ដែល​កម្រ​របស់កម្ពុជា។​

—————————————————————————

Rock painting in the cave of Perng Ta Khab, Kulen Mountain

Cambodia has significantly reserved forests. Among those, Preah Jayavarman Norodom National Park of Phnom Kulen (37500 ha) is helping to maintain the environment in the area and also Angkor Park. It is not only the Nation Park but also an important historical direction as it was an ancient city in the reign of King Jayavarman II. The temples and carvings on the bottom of the river are vital and draw very much attention from the tourists. Besides, there are rock paintings that have been found in the area. Remarkably, an ancient rock painting has been found in Lascaux, France which could be dated to 35000-10000 years. 

In Cambodia, rock paintings have been found in Kravanh Mountain (Perng Kumnou), Kulen mountain (Perng Kumnou and Perng Ta Khab). Additionally, there are some more rock paintings on the foot of Kulen mountain, Perng Kob, Perng Veal Preah, Perng Aira, Perng Kumnou and Perng Laang Thom. Although there are significant rock paintings in Kulen mountain, rock painting in the cave of Perng Ta Khab will be described. 

Perng Ta Khab (Rock shelter) is located in Tmei village, Khnang Phnom commune, Svay Loeu district, Siem Reap province. In this shelter, rock paintings of red pigment have been found. Unfortunately, the red pigment could not maintain but fade away which is hardly providing a clear picture. Few figures could be read.

Firstly, a standing figure of a man in 35cm height. The head was drawing with several layers of circles from smaller to bigger size. The body was painted in red pigment. The left hand has 3 figures. However, the right hand has no finger. 

Secondly, the figure of an animal or maybe the cow as it has shown the legs and the tail. It is about 30cm and standing in front of a human. 

Thirdly, the layer of circles is about 10cm in diameter. However, the size is similar to the head of a man mentioned in the first point. 

Fourth, besides the paintings, there are many small holes below the paintings. It is not known the function of these holes. 

In conclusion, rock painting in Perng Ta Khab has not been scientifically studied. However, according to the painting technique, they might be ancient paintings. The lines and especially the circles’ designs have been found on pre-historical ceramics. Accordingly, scientific study on these rock paintings is important to provide the date to rarely rock paintings and the site. 

អត្ថបទដើម៖​ លោក​ លឹម​ វណ្ណច័ន្ទ

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!