ទំព័រដើមប្រវត្តិសាស្ត្រសង្ខេបឈ្មោះប្រាសាទ “អង្គរវត្ត”

សង្ខេបឈ្មោះប្រាសាទ “អង្គរវត្ត”

ជាទូទៅគេហៅឈ្មោះ “អង្គរ” សំដៅលើ “ប្រាសាទអង្គរ” ដែលស្ថិតក្នុងតំបន់អង្គរ។ បើនិយាយឲ្យជ្រៅបន្តិចឈ្មោះ “អង្គរ” គឺភ្ជាប់ទៅដល់ “អារ្យធម៌អង្គរ” ហើយក្លាយមកជា “មរតកអង្គរ” ដែលដក់ជាប់នៅក្នុងគំនិតនិងចិត្តរបស់ខ្មែរគ្រប់រូប។ 

បើពិនិត្យមើលនៅក្នុងកំណត់ត្រារបស់ជនជាតិអឺរ៉ុប ដែលមកអង្គរតាំងពីសតវត្សទី១៦មកនោះ ឈ្មោះ “អង្គរ” ហាក់បីដូចជាអ្នកស្រុកនៅអង្គរហៅជាយូរមកហើយ។ នៅក្នុងកំណត់ត្រារបស់ពួក គេមានរបៀបសរសេរផ្សេងៗគ្នា ទៅតាមសូរដែលពួកគេបានស្ដាប់ឮពីអ្នកស្រុកហៅមិនសូវច្បាស់ ហើយសរសេរដូចជា៖ ជនជាតិព័រទុយហ្កាល់ លោក Diogo de Couto ដែលមកដល់អង្គរនៅរវាង ឆ្នាំ១៥៥០ បានសរសេរ “Ankar” ក្រោយមកនៅស.វទី១៧ ជនជាតិអេស្បាញ លោក San Antonio បានសរសេរ “Angor និង Anchor”, លោក Jacque សរសេរ “Angor”, លោក J. Dos Santos សរសេរ “Angor” និងលោក Arrgensola “Angkon”។ នៅស.វទី១៩ ជនជាតិបារាំង លោក ហង់រី មូហូត៍ (Henri Mouhot) ដែលមកដល់អង្គរនៅដើមឆ្នាំ១៨៦០ បានសរសេរ “Nokhor” ផង “Ongcor” ផង។

ពាក្យដើមរបស់ឈ្មោះ “អង្គរ” គឺក្លាយពីភាសាសំស្ក្រឹត “Nagara” សរសេរតាមមាត់ខ្មែរ គឺ “នគរ” ដែលមានន័យថា “ទីក្រុង ឬរាជធានី” ឬក៏មានន័យសំដៅទៅលើ “ព្រះរាជាណាចក្រ” ទាំងមូល ពោល គឺ “ព្រះនគរ”។ នៅតំបន់អង្គរមានឈ្មោះប្រាសាទ “អង្គរវត្ត” ដែលអ្នកស្រុករស់នៅទីនោះនិយមហៅ “អង្គរតូច”។ មូលហេតុដែលអ្នកស្រុកនៅទីនោះហៅ “អង្គរតូច” ពីព្រោះគេប្រៀបធៀបទំហំ នៃបរិវេណរបស់ប្រាសាទអង្គរវត្តដែលមានបណ្ដាយប្រវែង១៥០០ម៉ែត្រ និងទទឹង ១៣០០ម៉ែត្រ ពោល គឺតូចជាង “អង្គរធំ” ដែលមានបរិវេណទាំងអស់ទំហំ១២គីឡូម៉ែត្រការ៉េ។

ពាក្យ “នគរ” និង “អង្គរ” មានហៅឈ្មោះភូមិ ក្រុង និងទីកន្លែងផ្សេងៗជាច្រើនទៀតដូចជា៖ ភូមិនគរក្រៅ (ភូមិនៅជាប់ខាងជើងអង្គរធំ), ភូមិនគរភៀស, ស្រុកអង្គរធំ, ស្រុកអង្គរជុំ (នៅខេត្ត សៀមរាប), ប្រាសាទវត្តនគរ (កំពង់ចាម), ប្រាសាទគុកនគរ (កំពង់ចាម), ស្រុកអង្គរបុរី (ខេត្ត តាកែវ), បន្ទាយព្រៃនគរ (បច្ចុប្បន្ននៅក្នុងខេត្តត្បូងឃ្មុំ)។ល។

សម្រាប់ឈ្មោះប្រាសាទ “អង្គរវត្ត” មានឈ្មោះផ្សេងៗដែលមានចារនៅក្នុងសិលាចារឹក។ នៅស.វទី១៣ ឈ្មោះអង្គរវត្តប្រហែលគេហៅ “វិស្ណុលោក” ដែលជាមរណនាមរបស់ព្រះបាទ សូរ្យវរ្ម័នទី២ ដែលបានសាងប្រាសាទអង្គរវត្តនៅស.វទី ១២នោះផ្ទាល់។ តឹកតាងនោះ គឺមាន សិលាចារឹកដែលគេបានចារនៅអង្គរវត្ត បន្ទាប់ពីព្រះអង្គសុគតទៅ។ ឈ្មោះ “វិស្ណុលោក” ក្រោយមកនៅស.វទី១៦ និង១៧ បានសរសេរជា “ពិស្នុលោក” ដែលមានចារ នៅក្នុងសិលាចារឹកនៅអង្គរវត្ត។ ហើយជាពិសេសឈ្មោះប្រាសាទ “អង្គរវត្ត” ផ្ទាល់ក៏មានសរសេរនៅ ក្នុងសិលាចារឹកនៅស.វទី១៧រួចមកហើយដែរ។ ពោល គឺឈ្មោះអង្គរវត្តបានហៅជាយូរមកហើយ ពុំមែនដូចមានអ្នកស្រាវជ្រាវខ្លះយល់ថា “អង្គរវត្ត” គឺខ្មែរហៅតាមបារាំងដែលកត់ត្រានៅចុងស.វទី១៩ និងដើមស.វទី២០ នោះទេ ។

អត្ថបទដើម៖ លោក ញឹម សុធាវិន្ទ

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!