ទំព័រដើមប្រវត្តិសាស្ត្រពិធីកម្រតេង ជគត ត រាជ

ពិធីកម្រតេង ជគត ត រាជ

តើកម្រតេង ជគតតរាជ គឺជាអ្វី? បង្កើតឡើងដោយអ្នកណា និងគ្របគ្រងដោយនរណា? កើតឡើងនៅពេលណា ដល់ពេលណា?

អ្នកស្រីសាវរស់បានពន្យល់ពាក្យថា កម្រតេងជគតរាជ ជាអ្វីដែលខ្មែរបានបង្កើតដោយខ្លួនឯង សំដៅទេពប្រុសឬទេពស្រី (ដែលមានប្រភពមកពីឥណ្ឌា)។ តាមរយៈសិលាចារឹកខ្មែរបុរាណ កម្រតេងជគតតរាជ គឺជាពិធីសំខាន់មួយដែលគេប្រារព្ធឡើងដើម្បីអភិសេកព្រះអង្គម្ចាស់១អង្គអោយឡើងសោយរាជ្យជាស្តេចនៃប្រទេស ឬអាណាចក្រកម្ពុជា។ ពិធីនេះ គឺអាចលេចឡើងតាំងពីដើមសតវត្សទី៩ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២ តែពុំមានសិលាចារឹកក្នុងសម័យនោះ រហូតដល់សតវត្សទី១០រៀបរាប់អំពីពិធីនោះទេ។ យើងអាចឃើញម្តងក្នុងសិលាចារឹកសតវត្សទី១០ K.682 និងក្រោយមកក្នុងសិលាចារឹកស្តុកកក់ធំ K.235 បាននិយាយរៀបរាប់យ៉ាងច្រើនអំពីត្រកូលព្រាហ្មណ៍មួយដែលបានបំរើក្សត្រតាំងពីរាជ្យព្រះបាទជ័យវរ្ម័នទី២ រហូតដល់រាជ្យព្រះបាទឧទ័យទិត្យវរ្ម័នទី២ ហើយវង្សត្រកូលនោះជាអ្នកកាន់កាប់រាល់ពិធី កម្រតេងជគតតរាជ សម្រាប់ក្សត្រនីមួយៗ។ ពិធីកម្រតេងជគតតរាជ នេះត្រូវបានអ្នកស្រាវជ្រាវបរទេស ពិសេសលោក សឺដេស ហៅថា លិទ្ធិទេវរាជ ដែលព្រះបាទជ័យវរ្ម័នទី២បានធ្វើនៅលើខ្នងភ្នំគូលែន (នគរមហេន្ទ្របវ៌ត) ដើម្បីប្រកាសឯករាជពីជ្វា និងអភិសេកអោយព្រះអង្គជាស្តេចនៃមនុស្សនិងទេព (ចក្រវាទិន)។  ពាក្យលិទ្ធិទេវរាជនេះ មានបង្ហាញម្តងគត់ក្នុងសិលាចារឹកព្រះគោ ក្នុងល្បះទី៦ បន្ទាត់ទី៣ (ស្វាយំភុវារោបិតទេវរាជ្យះ)។ កម្រតេងជគតតរាជ អាចជាវត្ថុតំណាងមួយ ដែលគេប្រើសម្រាប់ធ្វើពិធីអភិសេកជាផ្លូវការ ដើម្បីអោយព្រះអង្គម្ចាស់ក្លាយជាក្សត្រស្របច្បាប់ គឺវាដូចទៅនិងវត្ថុសំខាន់៥ (បញ្ចកកុធភណ្ឌ) ដែលគេប្រើក្នុងពិធីអភិសេកព្រះមហាក្សត្របច្ចុប្បន្ន រួមមាន៖ ព្រះមកុដ ព្រះវាលវីជនី (ផ្លិតធ្វើដោយរោមសត្វពណ៌មាស) ព្រះខ័នរាជ ស្វេតឆ័ត្រ និងព្រះសុវណ្ណបាទុកា (ស្បែកជើងមាស)។ ប៉ុន្តែមកដល់សព្វថ្ងៃ យើងមិនទាន់ដឹងច្បាស់ថា វត្ថុប្រើសម្រាប់ពិធីកម្រតេងជគតតរាជ នោះជាអ្វីទេ

លោកសឺដេស និងលោកឌុយប៉ុង តាមរយៈសិលាចារឹកស្តុកកក់ធំ សិលាចារឹកប្រាសាទព្រះគោ សិលាចារឹកប្រាសាទកោះកេរ និងប្រាសាទខ្នារបានទាញសេចក្តីសន្និដ្ឋានលើ៤ចំនុច ដូចជា៖ (១) ទេវរាជប្រហែលជាពិធីដែលបង្កើតឡើងនៅកម្ពុជា ដោយមនុស្សម្នាក់ឈ្មោះ ហិរណ្យទាម ដែលពិធីនេះធ្វើឡើងដោយពិធីសា្តស្ត្រ៤ បែបសិវនិយម ប៉ុន្តែពិធីដែលសំខាន់ជាងគេក្នុងចំណោមទាំង៤នោះគឺ វិនាឝិខ។ (២) ពិធីនេះប្រារព្ធធ្វើនៅភ្នំគូលេន (មហេន្ទ្របវ៌ត) នៅទីកន្លែងដែលមិនស្គាល់១ តែប្រហែលជានៅប្រាសាទរោងចិន។ ពិធីនេះប្រារព្ធនៅទីកន្លែងខ្ពស់ ឬក៏ប្រាសាទជាថ្នាក់ៗ (ពីរ៉ាមីត)។ (៣) វត្ថុសំខាន់សម្រាប់ពិធីនោះគឺ លិង្គ ដែលអាចចល័តបាន។ សិលាចារឹកស្តុកកក់ធំរៀបរាប់យ៉ាងច្រើនអំពី កម្រតេងជគតតរាជ ត្រូវបាននាំយកតាមស្តេចនិងរាជធានីនីមួយៗរបស់ព្រះអង្គ។ វាជាលិង្គផ្ទាល់ខ្លួន តំណាងអោយស្តេចនីមួយៗ ដែលមិនអាចផ្លាស់ប្តូរបាន។ (៤) វប្បធម៌ទេវរាជ និងទេព (ដដែល) ត្រូវបានបង្ហាញជាបន្តបន្ទាប់ដោយសិលាចារឹកស្តុកកក់ធំ ដែលជាគោលបំណងរបស់ព្រះបាទជ័យវរ្ម័នទី២ ឥន្ទ្រវរ្ម័នទី១ និងជ័យវរ្ម័នទី៤។

តាមយោបល់អ្នកស្រាវជ្រាវទាំងពីរ គិតថាវត្ថុសំខាន់របស់លទ្ធិទេវរាជ ឬ កម្រតេង ជគតតរាជ គឺលិង្គ ឬសិវលិង្គ ព្រោះដោយសារស្តេចនីមួយៗតែងស្ថាបនាប្រាសាទ និងមានដំកល់សិវលិង្គដែលតំណាងអោយខ្លួន ដោយប្រើពាក្យ ឥស្វរៈ ភ្ជាប់ជាមួយនិងព្រះនាមរបស់ព្រះអង្គ ដូចជាព្រះបាទឥន្ទ្រវរ្ម័ន (ឥន្ទ្រេស្វរៈ) យសោវរ្ម័ន (យសោធរេស្វរៈ) និងរាជេន្ទ្រវរ្ម័ន (រាជេន្ទ្រេស្វរៈ) ជាដើម។ 

ពិបាកក្នុងការសន្និដ្ឋានថា កម្រតេងជគតតរាជ ជាវត្ថុអ្វីនោះទេ។ លោកសឺដេស និងលោកឌុយប៉ុងបានផ្តល់យោបល់រួចហើយថា វាជា សិវលិង្គ។ ដូចនេះ បើពិនិត្យតាមសិលាចារឹកស្តុកកក់ធំ កម្រតេងជគតតរាជ (សិវលិង្គ) គឺត្រូវបានយកតាមក្សត្រនីមួយៗ នៅពេលទ្រង់យាងទៅទីណា ឬផ្លាស់រាជធានីទៅកន្លែងផ្សេង។ ពេលព្រះបាទជ័យវរ្ម័នទី២ប្រារព្ធពិធីទេវរាជនៅមហេន្ទ្របវ៌ត កម្រតេងជគតតរាជ នៅទីនោះ។ ពេលព្រះអង្គយាងមករាជធានីហរិហរាល័យ កម្រតេងជគតតរាជត្រូវបាននាំយកមកទីនោះដែរ។ មកដល់រាជ្យព្រះបាទជ័យវរ្ម័នទី៣ និងព្រះបាទឥន្ទ្រវរ្ម័នទី១ កម្រតេងជគតតរាជនៅឯរាជធានីហរិហរាល័យដដែល។ ក្រោយមក ព្រះបាទយសោវរ្ម័នទី១បានផ្លាស់រាជធានីទីយសោធរបុរៈ ព្រះអង្គបាននាំកម្រតេងជគតតរាជពីហរិហរាល័យទៅទុកនៅទីនោះ។ ក្នុងរាជ្យព្រះបាទហសវរ្ម័នទី១ និងឥសានវរ្ម័នទី២ (បុត្រារបស់ព្រះបាទយសោវរ្ម័នទី១) កម្រតេងជគតតរាជនៅរាជធានីយសោធរបុរៈដដែល។ ក្នុងពេលជាមួយគ្នានោះ ព្រះបាទជ័យវរ្ម័នទី៤បានផ្លាស់រាជធានីពីយសោធរបុរៈទៅឆោកគគ្យរ (កោះកេរ) ហើយបាននាំកម្រតេងជគតតរាជទៅទីនោះ។ តាមសិលាចារឹកផ្សេងៗបង្ហាញពីជម្លោះរវាងស្តេចទាំង៣ ហើយការធ្វើពិធីកម្រតេងជគតតរាជ ហាក់បីដូចជាធ្វើផ្សេងគ្នា ដោយរាជគ្រូផ្សេងគ្នា គឺមានន័យថា កម្រតេងជគតតរាជ មានពីរផ្សេងគ្នា ដោយមួយនៅឯយសោធរបុរៈ និងមួយទៀតនាំទៅឆោកគគ្យរដោយព្រះបាទជ័យវរ្ម័នទី៤។ លុះដល់រាជ្យព្រះបាទរាជេន្ទ្រវរ្ម័នទី២ និងព្រះ បាទជ័យវរ្ម័នទី៥ កម្រតេងជគតតរាជត្រូវបាននាំត្រឡប់មករាជធានីយសោធរបុរៈវិញ។  កម្រតេងជគតតរាជត្រូវបានប្រើរហូតដល់រាជ្យព្រះបាទឧទ័យទិត្យវរ្ម័នទី២។ ក្រោយពីនោះមក កម្រតេងជគតតរាជពុំឃើញមានបង្ហាញក្នុងសិលាចារឹកសម័យក្រោយៗ ឬដោយស្តេចក្រោយៗទេ។ វាហាក់បីដូចជា កម្រតេងជគតតរាជ ឬពិធីទេវរាជពុំមានសារសំខាន់ចំពោះការឡើងគ្រងរាជ្យរបស់ក្សត្រក្រោយៗ បន្ទាប់ពីព្រះបាទឧទ័យទិត្យវរ្ម័នទី២ ឬអាចដល់រាជ្យប្អូនរបស់ព្រះអង្គ គឺព្រះបាទហសវរ្ម័នទី៣ (សិលាចារឹកចារក្នុងរាជ្យព្រះបាទឧទ័យទិត្យវរ្ម័នទី២ ពុំបានរំលឹកដល់ព្រះបាទហសវរ្ម័នទី៣ទេ)។

 ចាប់ពីរាជ្យព្រះបាទឥន្ទ្រវរ្ម័នទី១ ការឡើងសោយរាជ្យតែងភ្ជាប់ជាមួយនិងការស្ថាបនាប្រាសាទតំណាងអោយរាជ្យឬព្រះអង្គផ្ទាល់ និងការធ្វើបដិមាជាសិវលិង្គពិសេស១ដំកល់នៅប្រាង្គកណ្តាល ហើយគេប្រសិទ្ធិនាមសិវលិង្គនោះជាព្រះនាមរបស់ព្រះរាជា ឧទាហរណ៍ ព្រះបាទឥន្ទ្រវរ្ម័នបានស្ថាបនាប្រាសាទប្រាសាទបាគង ដោយមានដំកល់សិវលិង្គមួយឈ្មោះ ឥន្ទ្រេស្វរៈ (ឥន្ទ្រ+ឥស្វរៈ=ឥន្ទ្រេស្វរៈ)។  

បើយើងគិតថា កម្រតេងជគតរាជ ជាសិវលិង្គធ្វើអំពីថ្មតំកល់នៅតាមប្រាសាទសម្រាប់រាជ្យនីមួយៗ គឺវាហាក់ដូចជាផ្ទុយទៅនិងពត៌មានក្នុងសិលាចារឹកដែលបង្ហាញថា ក្សត្រតែងនាំយក កម្រតេងជគតរាជ ទៅតាមខ្លួននៅពេលព្រះអង្គផ្លាស់ប្តូររាជធានី។  ម៉្យាងទៀត កម្រតេងជគតរាជ ហាក់បីដូចជាមាន២ ក្នុងកំឡុងពេលជម្លោះ (៩២១គ.ស ដល់ ៩២៨គ.ស) រវាងបុត្រាទាំង២របស់ព្រះបាទយសោវរ្ម័នទី១ ជាមួយនិងព្រះបាទជ័យវរ្ម័នទី៤ ដែលពិធីកម្រតេងជគតតរាជទាំង២នេះ រៀបចំឡើងដោយរាជគ្រូ២នាក់ផ្សេងគ្នាដែរ គឺ១នៅយសោធរបុរៈ (សម្រាប់បុត្រាទាំង២) និង១ទៀតនៅឆោកគគ្យរ (សម្រាប់ព្រះបាទជ័យវរ្ម័នទី៤)។ សិវលិង្គដែលតំកល់នៅតាមប្រាសាទរាជ្យ ភាគច្រើនគឺនៅតែមានវត្តមាននៅតាមប្រាង្គកណ្តាល លើកលែងតែសិវលិង្គរបស់ប្រាសាទភ្នំបាខែង (វ្នំកន្តាល) ក្នុងរាជ្យព្រះបាទយសោវរ្ម័នទី១ ត្រូវបានគេរុះរើយកចេញបាត់ ប៉ុន្តែក្រោយមកសិវលិង្គនោះត្រូវបានរកឃើញនៅជម្រាលភ្នំ ដោយក្រុមការងារជួសជុលប្រាសាទភ្នំបាខែង។ នេះជាចំនុចដែលពិបាកនិងបកស្រាយ ព្រោះពុំមានសិលាចារឹកណារៀបរាប់លម្អិតអំពីវត្ថុសំខាន់សម្រាប់ប្រើក្នុងពិធី និងដំណើរការនៃការប្រារព្ធនោះទេ។

ជាសង្ខេប និងគោរពលើសម្មតិកម្មរបស់លោកសឺដេស និងលោកឌុយប៉ុង និងពត៌មានក្នុងសិលាចារឹកស្តុកកក់ធំ យើងអាចទាញយកចំនុចមួយចំនួនអំពីពាក្យ កម្រតេងជគតតរាជ ឬលទ្ធិទេវរាជនេះ ដូចជា៖

   ១. កម្រតេងជគតតរាជ= កម្រតេង + ជគត + ត + រាជ= ទេព + ព្រលឹង + របស់ + រាជ្យ/បល្ល័ង្គ =ទេពតំណាងអោយរាជ្យ។ ក្នុងសម័យមុនអង្គរ គោរម្យងារ កម្រតាង (អញ) និងសម័យអង្គរ កម្រតេង (អញ) គឺសំដៅលើគោរម្យងាររបស់ទេព ក្សត្រ រួមទាំងមន្ត្រីជាន់ខ្ពស់មួយចំនួនផងដែរ។ សិលាចារឹកសម័យអង្គរភាគច្រើនបង្ហាញថា កម្រតេងជគត គឺជាគោរម្យងាររបស់ទេព ដែលកើតឡើងពី ឬជាតំណាងនៃព្រលឹងរបស់បុគ្គលជាន់ខ្ពស់ដែលត្រូវបានគេតំឡើងជាទេព ដោយមានបដិមាតំណាងទៀតផង។ ចំនុចនេះបង្ហាញថា ពិធីនេះជាពិធីដែលបង្កើតដោយក្សត្រខ្មែរ តាមរបៀបខ្មែរ តែប្រើប្រាស់ទេពផ្នែកហិណ្ឌូសាសនា (ព្រះសិវៈ ឬសិវលិង្គ)។

   ២. ទោះជាពិធីនេះអាចបង្កើតដោយក្សត្រខ្មែរ តែវាបានរៀបចំដោយព្រាហ្មណ៍ម្នាក់ គឺ ហិរណ្យទាម ដែលមកពីជនបទ ដោយអនុវត្តតាមក្បួន វិនាឝិខ ដែលជាក្បួនមួយក្នុងចំណោមក្បួនសំខាន់៣ផ្សេងទៀត។ ជាបញ្ហានោះគឺពាក្យ ជនបទ ក្នុងសិលាចារឹកនេះគឺពុំមានការបង្ហាញលម្អិតអំពីទីតាំងជាក់លាក់ណាមួយទេ។ ក្នុងករណីនេះ ព្រាហ្មណ៍ហិរណ្យទាមអាចជាជនជាតិខ្មែរដែលបានរៀនចេះយ៉ាងស្ទាត់ជំនាញនូវសាស្ត្រា និងពិធី (ជាគ្រូបង្រៀនដល់សិវកៃវល្យ) ហើយត្រូវបានអញ្ជើញដោយព្រះបាទជ័យវរ្ម័នទី២ អោយមកធ្វើពិធី រួចស្ថាបនា (ប្រតិស្ថា) កម្រតេងជគតតរាជ។ ក្នុងករណី១ទៀត ព្រាហ្មណ៍ហិរណ្យទាមបានមកពីជនបទ គឺអាចជាជនបរទេស មកពីឥណ្ឌា ឬតំបន់ណាមួយក្នុងប្រទេសឥណ្ឌា ព្រោះក្បួនវិនាឝិខ និងក្បួន៣ផ្សេងទៀត​ (នយោត្តរ សំមោហ និង ឝិរឝ្ឆេទ)ហាក់បីដូចជាវិជ្ជាថ្មីដែលនាំមក និងបង្រៀនដល់រាជគ្រូរបស់ស្តេច ពោលគឺពុំមានពីមុនមកក្នុងព្រះរាជពិធីនានា ហើយក៏មានតែម្តងគត់ក្នុងសិលាចារឹកស្តុកកក់ធំ។

   គ. ពិធីកម្រតេងជគតតរាជ ជាពិធីគោរពដល់ទេពតំណាងអោយរាជ្យ និងក្សត្រ ដូចនេះសំណង់ដែលគេរៀបចំសម្រាប់ធ្វើពិធីនេះ ជាទូទៅ គឺជាខឿនពីរ៉ាមីតថ្នាក់ៗខ្ពស់ ដែលតំណាងអោយឋានរបស់ទេព ប៉ុន្តែពុំមានអ្វីសំខាន់ទេ គឺភាគច្រើនជាខឿនថ្មបាយក្រៀមឬថ្មភក់ និងមានទម្ររបស់សិវលិង្គ។

   ឃ. តាមសិលាចារឹកស្តុកកក់ធំ ( បន្ទាត់ទី៧៣និង៧៤) បង្ហាញថា កម្រតេងជគតតរាជគឺជាវត្ថុ (អាចជាសិវលិង្គ) ឬជាពិធីសំខាន់ប្រចាំរាជ្យវង្ស។ រាល់ការប្រារព្ធពិធី កម្រតេងជគតតរាជ គេត្រូវធ្វើតាមក្បួន វិនាឝិខ។ ប៉ុន្តែ អ្វីដែលយើងត្រូវគិតនោះគឺថា តើសិវលិង្គនោះ ជាវត្ថុធ្វើអំពីថ្មដែលគេតំកល់នៅកន្លែងធ្វើពីធី (ដំបូងបង្អស់នៅប្រាសាទអារាមរោងចិន) រួចត្រូវលើកចល័តមកតំបន់ផ្សេងៗតាមស្តេចនីមួយៗ? ករណីទី១ គឺអាច ព្រោះក្នុងសិលាចារឹកតែងបង្ហាញថា កម្រតេងជគតតរាជ ត្រូវបាននាំពីកន្លែង១ទៅកន្លែង១។ ករណីទី២ បើយើងគិតតាមយោបល់លោកសឺដេស និងលោកឌុយប៉ុង ដែលថា ស្តេចនីមួយៗបានធ្វើសិវលិង្គតំកល់ក្នុងប្រាសាទរាជ្យរបស់ខ្លួន ដោយភ្ជាប់ព្រះនាមរបស់ខ្លួនទៅនិងសិវលិង្គទាំងនោះ គឺវាមិនអាចទេ ព្រោះសិវលិង្គដែលតំណាងអោយកម្រតេងជគតតរាជរបស់ក្សត្រនីមួយៗទាំងនោះ គឺនៅមានវត្តមានក្នុងប្រាង្គកណ្តាលដដែល។ ដូចនេះកម្រតេងជគតតរាជ អាចមានសិវលិង្គតូចមួយ ឬវត្ថុតំណាងអ្វីមួយដែលគេអាចចល័តបានយ៉ាងងាយ សម្រាប់គោរព និងធ្វើពិធី។

   ង. ពិធីកម្រតេងជគតតរាជ ជាពិធីដែលរៀបចំឡើងដំបូងដោយព្រាហ្មណ៍ ហិរណ្យទាម។ បន្ទាប់មក ហិរណ្យទាមបានបង្រៀនវិជ្ជា និងពន្យល់នូវដំណើរពិធីនេះដល់ សិវកៃវល្យ ដែលជារាជគ្រូរបស់ព្រះបាទជ័យវរ្ម័នទី២។ តាមសិលាចារឹកទួលគុកប្រាសាទ (សំបូរ) បង្ហាញថា នៅដើមរាជ្យព្រះបាទជ័យវរ្ម័នទី២ ពិធីទេវរាជ (ដែលប្រតិស្ថាននៅមហេន្ទ្របព៌ត) ត្រូវបានធ្វើរួចហើយនៅសម្ភូបុរៈ ដោយមានឈ្មោះដើមថា    វ្រះ កម្រតេង អញ ត រាជ។ក្រោយមក ព្រះបាទជ័យវរ្ម័នទី២បានប្រទាននូវកម្មសិទ្ធិផ្តាច់មុខដល់ត្រកូលរបស់សិវកៃវល្យក្នុងការធ្វើពិធីនេះ គឺមានតែសណ្តានរបស់សិវកៃវល្យ (តដល់កូន តដល់ចៅ ជាបន្តបន្ទាប់) ទេដែលមានសិទ្ធិធ្វើពិធីនេះសម្រាប់ក្សត្រ (ក្រោយៗ)។

   ច. ពិធីកម្រតេងជគតតរាជ ជាពិធីថ្មីមួយដែលលេចឡើងក្នុងរាជព្រះបាទជ័យវរ្ម័នទី២ (៨០២គ.សដល់៨៣៦គ.ស) បន្តរហូតដល់រាជ្យព្រះបាទឧទ័យទិត្យវរ្ម័នទី២ (១០៥០គ.សដល់១០៦៦គ.ស)។ ក្រោយអំពីរាជ្យព្រះបាទឧទ័យទិត្យវរ្ម័នទី២ ពិធីកម្រតេងជគតតរាជពុំត្រូវបានបង្ហាញក្នុងសិលាចារឹកក្រោយៗទេ ពោលគឺពិធីនេះហាក់បីដូចជាពុំត្រូវបានធ្វើដោយស្តេចក្រោយៗ អាចដោយសារតែការផ្លាស់ប្តូរសន្តតិវង្ស។

   ឆ. ទោះជាពាក្យ កម្រតេងជគតតរាជ ពុំត្រូវបានបង្ហាញក្នុងសិលាចារឹកក្រោយឆ្នាំ ១០៦៦គ.ស ប៉ុន្តែ ពាក្យ កម្រតេងជគត (ពុំមាន តរាជ ទេ) បានក្លាយជាពាក្យយ៉ាងសំខាន់សម្រាប់ការបូជា ឬការឧទ្ទិសភ្ជាប់ព្រលឹងរបស់ក្សត្រនិងវង្សត្រកូល មេទ័ព និងមន្ត្រីសំខាន់មួយចំនួនទៅនិងទេព ពោលគឺពាក្យ កម្រតេងជគត សំដៅលើព្រលឹងរបស់បុគ្គលដែលបានស្លាប់ទៅ ហើយជាគោរម្យងារដែលភ្ជាប់ជាមួយនិងទេព។

—————————————————————-

Kamrateṅ Jagat Ta Rāja

What is Kamrateṅ Jagat Ta Rāja? When and under whom it was created? 

According to a scholar, Pou Saveros, Kamrateṅ Jagat Ta Rāja created by Khmer and referred to as a male or female deity. In contrast, Khmer inscriptions show that Kamrateṅ Jagat Ta Rāja was a significant ceremony to coronate someone to become the King or the King of Khmer empire. It appeared in the 9th century, in the reign of King Jayavarman II. 

However, there were no related inscriptions written in this period. Based on inscription K.682, and Sdok Kak Thom inscription K.235 in the 10th century, mention a Brahmin’s family that gave the service and prepared the ceremony of Kamrateṅ Jagat Ta Rāja to the King from the reign of King Jayavarman II to Udayadityavarman II. 

According to Coedès, it is called Devaraja. I was celebrating on the top of Kulen Mountain by King Jayavarman II to claimed independence from Java and also coroneted him as a Cakravatin (Universal King). Significantly, this word appears in Preah Ko inscription, stanza 6, line 3. 

Kamrateṅ Jagat Ta Rāja could be an emblem, which was used in the official coronation. It could be similar to the 5 important objects that use in the coronation ceremony of the present King of Cambodia (Crown, Fan made of golden furs), Sword, Crowned umbrella, and Gold shoes. Although it is possible to make a comparison, it is still not clear. 

According to Coedès and Dupont, Kamrateṅ Jagat Ta Rāja created in Cambodia performed by a Bhraman named Hiranyadam, following by 4 practices of the Shiva sect. One of the most important practices was Vinasikha. It was celebrating on Kulen mountain (Prasat Rong Chin?). It was done in a high place or on the pyramid temple. The most important object in the ceremony was a Linga. The Linga presented each an individual King. This hypothesis was also based on the name of the Linga which was a combination between the Lord (Isvara) and the King. For instance, a Linga names Indresvara for King Indravarman. Significantly, Kamrateṅ Jagat Ta Rāja (Linga) will always move with the King. 

However, if Kamrateṅ Jagat Ta Rāja was a Sivalinga that installed in the temple, it seems to provide a piece of contrasting information from the inscription as it says the King brought the Kamrateṅ Jagat Ta Rāja along his journey. Remarkably, during fighting between the second son of King Yasovarman I and King Jayavarman IV, there were two Kamrateṅ Jagat Ta Rāja and performed two different Brahmans. 

To sum up, Kamrateṅ Jagat Ta Rāja could be essential for 7 points. Firstly, it might be a deity that represents the throne or the coronation to be a King. Secondly, it was created by Khmer King and under the performance by a Brahman, Hiranyadam who came from the countryside. Also, based on Shiva’s sect practice calls Vinasikha. Thirdly, it was a ceremony for worshipping the pantheon of the throne and the King. Fourthly, it was an important object (Linga) or the essential ceremony for the royal family. Fifthly, it was performing by Brahman Hiranyadam and later on, he taught to other Brahmans. Sixthly, it was a new ceremony that appeared in the reign of King Jayavarman II (802 CE) until Udayadityavarman II (1066 CE). Seventhly, it absented after 1066 CE, but the word Kamrateṅ Jagat became a critical word for worshipping or the wish related to the soul. 

អត្ថបទដើម៖ លោក សុខ​ កែវ សុវណ្ណារ៉ា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!