ទំព័រដើមហោរាសាស្ត្រឆ្នាំទាំង៤ ខាល រោង មមី វក រាសីឡើងខ្ពស់ត្រដែត លោកអ្នកជាម្ចាស់នៃភោគទ្រពសម្បត្...

ឆ្នាំទាំង៤ ខាល រោង មមី វក រាសីឡើងខ្ពស់ត្រដែត លោកអ្នកជាម្ចាស់នៃភោគទ្រពសម្បត្តិ និងតំណែងការងារល្អសម្រាប់ជីវិតថ្ងៃនេះ

ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ទី១៦ ខែឧសភា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ៥កើត ខែជេស្ឋ ឆ្នាំឆ្លូវ​

ត្រីស័ក ពស​២៥៦៥

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងមុខរបររកស៊ីនឹងទទួលបានផលចំណេញ និងអាចសម្រេចផលបានយ៉ាងគាប់ចិត្ត។ ក្នុងនោះលោកអ្នកសូមប្រយ័ត្នប្រយែងក្នុងការប្រើប្រាស់ពេលវេលា ពីព្រោះប្រហែលជាអ្នកមិនសូវមានពេលវេលាគ្រប់គ្រាន់នោះទេ។ អ្នកគួរសម្រេចធ្វើកិច្ចការសំខាន់ៗឲ្យបានឆាប់។ ដោយឡែក សូមកុំចាញ់ល្បិចបោកបញ្ឆោតរបស់គេដោយងាយ។ ទាំងនេះមិនមែនមិនឲ្យអ្នកទាក់ទង ឬពិភាក្សាជាមួយអ្នកដ៏ទៃនោះទេ តែត្រូវពិចារណាឲ្យបានល្អិត។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងស្ថានភាពប្រែប្រួលក្នុងកិច្ចការងារបានល្អ។ ក្នុងនោះមនុស្សដែលនៅជុំវិញខ្លួនអ្នកនឹងជួយយកអាសារ ជួយទំនុកបម្រុងគ្រប់កាលៈទេសៈ។ សូមលោកអ្នកគិតគូរអំពីផែនការបញ្ចប់ការងារឲ្យបានរួចរាល់ ពីព្រោះពេលវេលានៅក្នុងដៃរបស់អ្នកហាក់មិនស្ថិតស្ថេរ ឬដែលមិនគ្រប់គ្រាន់ឡើយ។ ផ្ទុយពីនេះ សូមប្រយ័ត្នមនុស្សដែលអ្នកស្គាល់ច្បាស់ បែរជានាំទុក្ខដល់អ្នកវិញ ដូច្នេះជាការល្អប្រសើរប្រសិនបើអ្នកចាកចេញឲ្យឆ្ងាយពីបញ្ហារបស់អ្នកដទៃ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាវេលាដែលមានអំណោយផលសម្រាប់ដំណើរការការងារ​។ លោកអ្នកអាចសម្រេចចិត្តធ្វអ្វីៗបានគ្រប់យ៉ាងដោយមិនមានការលំបាកអ្វីឡើយ។ ជាពិសេសសម្រាប់លោកអ្នកដែលប្រកបរបររកស៊ីនឹងទទួលលាភធំនៅរយៈពេលរសៀល។ កុំមានការភ័យខ្លាច ឬសង្ស័យចំពោះសមត្ថភាពរ​បស់ខ្លួនអ្នកឡើយ ភាពអវិជ្ជមានដែលអ្នកកំពុងជួបប្រទះខ្លះៗនៅពេលនេះ ហាក់ដូចជារូបភាពបញ្ឆោតភ្នែកប៉ុណ្ណោះ វានឹងបាត់បង់ទៅវិញក្នុងពេលឆាប់នេះ។ អ្វីដែលអ្នកគួរយកចិត្តទុកដាក់បំផុតគឺត្រូវព្យាយាមឲ្យអស់ពីកំលាំងកាយចិត្ត នោះគឺគ្រប់គ្រាន់ហើយសម្រាប់ថ្ងៃនេះ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរកស៊ីជួញដូរដំណើរការទៅជាប្រក្រតី ព្រមទាំងមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មនុស្សដែលនៅជុំវិញខ្លួនអ្នក។ អ្នកគួរអនុវត្តការងារទាំងអស់ដោយផ្តោតទៅលើតែគម្រោងការងារដែលបានរៀបចំ។​ ការចំណាយពេលវេលាក្រៅផែនការនឹងមិនបានប្រយោជន៍ទេ ហើយថែមទាំងឡាយទាញផលលំបាកជំនួសដោយបញ្ហាទៅវិញ។ ប្រសិនបើអ្នកមានគម្រោងក្នុងការចាប់យកការងារថ្មី ឬបណ្តាក់ទុនក្នុងពេលនេះនឹងមានផលល្អសម្រាប់អនាគតវែងឆ្ងាយ។ ក្នុងនោះសូមជឿលើខ្លួនឯង។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបរអាជីវកម្ម និងកិច្ចការដែលអ្នកកំពុងធ្វើនឹងទទួលបានផលលាភយ៉ាងគាប់ប្រសើរណាស់។ រាល់គម្រោងការងារដែលអ្នកមានក្នុងដៃពេលនេះគួរតែព្យាយាមដាក់ចេញ មិនត្រូវឲ្យបាតបង់ឳកាសទេ។ ទាំងនេះមិនមែនថាអ្នកមិនជួបបញ្ហាអ្វីសោះនោះទេ​ ប៉ុន្តែរាល់បញ្ហានោះអ្នកអាចដោះស្រាយបានដោយងាយ។ ដោយឡែក សូមកុំចាយវាយខុសខ្ទង់ឲ្យសោះ ពីព្រោះភាពមិនច្បាស់លាស់ក្នុងផ្នែកហិរញ្ញវត្ថុកំពុងកើតឡើង។ ចំពោះការទំនាក់ទំនង ឬការចរចាកិច្ចការងារតូចធំក្នុងពេលនេះ នឹងបានទទួលជោគជ័យគួរឲ្យកត់សម្គាល់។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ លោកអ្នកដែលប្រកបរបរជួញដូរនឹងទទួលបានកម្រៃចំណេញច្រើនលើសពីការរំពឹងទុក។ សូមគ្រប់គ្រងចិត្តគំនិតឲ្យបានល្អ កុំឆាប់ចាញ់បោកពាក្យសំដីផ្អែមល្ហែមរបស់អ្នកដទៃ ហើយក៏មិនត្រូវមានចិត្តឆេវឆាវឆាប់ខឹងនោះដែរ។ គួរចំណាយពេលវេលាថ្ងៃនេះធើ្វកិច្ចការដែលអ្នកកំពុងមានក្នុងដៃ ហើយចំពោះការងារថ្មីៗ បើអាចគួរផ្អាកសិន ប៉ុន្តែបើមិនអាចផ្អាកទេ​សូមប្រកាន់ខ្ជាប់ផែនការជានិច្ច។ ក្នុងនោះប្រយ័ត្នការបាត់បង់ ឬខូចខាតរបស់របរ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។​ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងរបររកស៊ីជួញដូរទទួលបានជោគជ័យយ៉ាងខ្លាំង ចំណែកភោគទ្រព្យក៏ហូរចូលមិនដាច់ផងដែរ។ ក្នុងរយៈពេលល្ងាចលោកអ្នកអាចនឹងរំពឹងថាទទួលបានដំណឹងប្រែប្រួលខ្លះក្នុងមុខរបរ និងការងារ ដូច្នេះសូមត្រៀមខ្លួន និងរៀបចំគម្រោងទប់ស្កាត់ចំពោះហេតុការអវិជ្ជមានបើសឹងមាន។ ក្នុងវេលានេះលោកអ្នកហាក់ដូចជាទទួលអារម្មណ៍ប៉ះទង្គិចពីខាងក្រៅច្រើន សូមរៀនទទួលយក ឬបោះបង់បញ្ហាពីព្រោះលោកអ្នកមិនអាចទទួលមកធ្វើឲ្យរំខានចិត្ត និងការងារនោះទេ។ ក្នុងនោះដែរ សូមមានការជឿជាក់ដោយកំរិតច្បាស់លាស់។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកនឹងមានមនុស្សជាច្រើនចាំគាំទ្រ និងជួយយកអាសារក្នុងកិច្ចការងារនានា ​ដូច្នេះអាជីពការងាររបស់អ្នកនឹងទទួលបានភាពជោគជ័យយ៉ាងប្រសើរ ប៉ុន្តែសូមកំចាត់គំនិតអវិជ្ជមានទាំងអស់ចោល។ ក្នុងពេលឆាប់ៗនេះ ស្ថានភាពរបស់អ្នកនឹងប្រសើរឡើង ដូច្នេះចូរបន្តធ្វើការជាធម្មតា។ នៅថ្ងៃនេះ ភាគច្រើនអ្នកនឹងអាចដោះស្រាយចំពោះបញ្ហាដែលពិបាកបំផុតបាន។ ​ក្រៅពីនេះលោកអ្នកទទួលបានអំណោយផលក្នុងការគ្រប់គ្រងពត៌មាន និងស្ថានការណ៍នៅជុំវិញខ្លួន។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ អ្នកប្រកបការងារនឹងទទួលបានផលសម្រេចក្នុងគម្រោងដែលបានដាក់ចេញ​ ហើយឳកាសសម្រាប់មុខតំណែងគឺមានសញ្ញាណខ្ពស់។ ថ្ងៃនេះលោកអ្នកគ្មានហេតុផលអ្វីគួរឲ្យព្រួយបារម្ភទេ ពីព្រោះអ្នកអាចធ្វើការបានយ៉ាងល្អ។ ទន្ទឹមនឹងនោះ ក្នុងអនាគតដ៏ខ្លីនេះ អ្នកនឹងបានទទួលបានការលើកទឹកចិត្តចំពោះការខំប្រឹងប្រែងក្នុងការបំពេញការងារកន្លងមក។ ប៉ុន្តែទោះបីជាពត៌មានដ៏រីករាយយ៉ាងណា មិនគួរមានការភ្ញាក់ផ្អើលអ្វីនោះទេ។ សូមព្យាយាមរស់នៅដោយភាពស្ងប់ស្ងៀម ហើយអនុគ្រោះខ្ពស់ចំពោះមនុស្សទាំងឡាយនៅជុំវិញខ្លួនអ្នក។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរបស់លោកអ្នកប្រព្រឹត្តិទៅដោយរលូន និងគ្មានផលរំខាននោះឡើយ។ មិនត្រឹមតែប៉ុណ្ណោះ ថ្ងៃនេះជាពេលវេលាល្អសម្រាប់ការចាប់ផ្តើមការងារថ្មីៗ ឬការបណ្តាក់ទុនគម្រោងផែនការដែលអ្នកបានគ្រោងទុក។ ប្រសិនបើអ្នកចង់មានការផ្លាស់ប្តូរ សូមកុំស្ទាក់ស្ទើរឡើយ ពីព្រោះលោកអ្នកនឹងមិនជួបប្រទះការលំបាកទេ។ សូមរក្សាចិត្តថ្លើម ហើយមិនគួរយកចិត្តទុកដាក់នឹងរឿងកំប៉ិកកំប៉ុកទេ សូមកុំកំណត់ជួរអទិភាព។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបរអាជីវកម្ម និងការងារនានារបស់លោកអ្នកនឹងអាចសម្រេចផលបានជាទីគាប់ចិត្ត ប៉ុន្តែតម្រូវឲ្យមានការប្រុងប្រយ័ត្នដើម្បីអនុវត្តការងារទាំងនោះ។ ភាគច្រើនថ្ងៃនេះអ្នកនឹងឈ្នះទៅលើស្ថានភាពការងារជាច្រើន ក៏ប៉ុន្តែអ្នកប្រហែលជាត្រូវចំណាយពេលវេលាបន្ថែមទៀតដើម្បីប្រឡូកជាមួយស្ថានភាពនេះ។ សូមលោកអ្នកធ្វើកិច្ចការដោយសន្សឹមៗ ហើយត្រូវពិភាក្សាឲ្យបានច្រើន ដើម្បីបញ្ជៀសភាពថ្លោះធ្លោយ។ ប្រសិនបើមានការលំបាក​​ សូមព្យាយាមសុំការយោបល់ពីមនុស្សដែលអ្នកជឿទុកចិត្ត។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកមានលទ្ធភាពគ្រប់គ្រងស្ថានភាពមានយ៉ាងល្អណាស់។ ដូច្នេះមុខរបររកស៊ីជួញដូរ និងការងាររបស់លោកអ្នកនឹងទទួលបានភាពកាក់កបណាស់​។ អ្នកអាចផ្លាស់ប្តូរកិច្ចការងារ ប្រសិនបើអ្នកគ្មានទំនុកចិត្តចំពោះការងារដែលអ្នកកំពុងអនុវត្ត ប៉ុន្តែក៏មិនគួរធ្វើឲ្យមានបញ្ហាជាមួយមនុស្សក្នុងក្រុមការងារមុនការចាកចេញនោះទេ។ ពេលនេះអ្នកនឹងទទួលបានការបញ្ជាក់ពីភាពត្រឹមត្រូវរបស់អ្នក ប៉ុន្តែភាពជោគជ័យទាំងស្រុងហាក់មិនទាន់ដល់ពេលនោះទេ។ សូមព្យាយាមសំដែងភាពសប្បុរស និងការយោគយល់ជានិច្ច ហើយបន្តសកម្មភាពរបស់អ្នក។ 

រៀបរៀងដោយ៖ កញ្ញា​ មាស​ សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,700SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!