ទំព័រដើមប្រវត្តិសាស្ត្រស្ថាននាម «ត្បូងរមាំង» តាមរយៈសិលាចារឹក

ស្ថាននាម «ត្បូងរមាំង» តាមរយៈសិលាចារឹក

​នៅក្នុងអត្ថបទមុន​​ យើងស្វែង​យល់​រួចមក​ហើយ​អំពីអត្ថន័យ​នៃសិលាចារឹករកឃើញថ្មីមួយនៅ​ប្រាសាទ​បន្ទាយព្រាវ ដែលមានចុះលេខសម្គាល់​ K.១៤៣៣។ ដូច្នេះយើង​រំលឹកឡើងវិញបន្តិចថាអត្ថបទសិលាចារឹកនោះ និយាយអំពីដីភូមិបុកោង និងចន្ទ្រក្សេត្រ​ ដែលត្រូវថ្វាយ​ដល់​ប្រាសាទសិវលិង្គនៅ​ឯត្បូងរមាំង ក្នុងឆ្នាំ​៩៤៩នៃមហាសករាជ(១០២៧គ.ស.) និង​រំលឹកអំពីអ្នកបម្រើប្រុសម្នាក់ឈ្មោះកន្សូរ​ដែល​ចាញ់ក្ដី​វាបពល​ ហើយត្រូវឱ្យយកទៅបម្រើនៅឯប្រាសាទសិវលិង្គ។ ចុងក្រោយ​ជា​បញ្ជីឈ្មោះខ្ញុំបម្រើប្រុស​៩នាក់(រាប់ទាំងកន្សូរ)។ សិលាចារឹកនេះ ក៏ជាសេចក្ដីបំពេញ​បន្ថែម​លើ​សិលាចារឹក​ K.២២១ និង K.២២២ លើករណី​ថ្វាយខ្ញុំទៅប្រាសាទសិវលិង្គ។​

ស្ថាននាម​ «ត្បូងរមាំង» ដែលមានសំណេរបុរាណជា «ថ្ប្វង៑ម៌្មាំង» បានបង្ហាញវត្តមាននៅក្នុងសិលាចារឹកប្រាសាទបន្ទាយព្រាវ (K.២២១: ​S១ & N២១) សិលាចារឹកប្រាសាទស្ដុកកក់ធំ (K.២៣៥: D៧២, D៩០ & D៩២) សិលាចារឹកប្រាសាទគោកពោធិ៍ (K.២៥៦/K.៨១៤: W៥៥) និងសិលាចារឹក​ប្រាសាទបឹង (K.៩៨៩: B៨ & B១៤) ។ លោក ហ្ស៊ក ហ្គ្រូលីយ៉េរ​ ​និង​លោក ហ្ស៊ក សឺដែស យល់​ថា​ស្ថាននាម «ត្បូងរមាំង» នេះជាគឺឈ្មោះបុរាណរបស់ប្រាសាទបន្ទាយព្រាវ​។ លោក ហ្គ្រូលីយ៉េរ (1924) បាន​ពន្យល់បែបនេះដោយយោងទៅលើ​សិលាចារឹកស្ដុកកក់ធំ ដែលរៀបរាប់ថា​ប្រាសាទនិងដីត្បូងរមាំង​​ នៅខាងកើត​ដីអន្រើមលោង (ពាក្យបុរាណ អន្រេំលោង K.២៣៥: D៨៩) ចំណែកឯដី​ស្ដុករមាំងក៏ពង្រីងរហូតមកខាងលិច យ៉ាងហោច​ណាស់​ក៏មកដល់បន្ទាយព្រាវផងដែរ។ រីឯ​លោក សឺដែស ពុំបាន​ពន្យល់អ្វីវែងឆ្ងាយអំពីសម្មតិកម្មរបស់លោកឡើយ។

មិនខុសគ្នាពីប្រាសាទព្រះគោ ប្រាសាទលលៃ និងប្រាសាទ​មួយចំនួនទៀតនោះ នៅប្រាសាទបន្ទាយព្រាវនេះ​ មានតួប្រាសាទសំខាន់បី ដែលមានសិលាចារឹក​នៅលើមេទ្វារ ​ចារ​អំពីតង្វាយផ្សេងៗចំពោះ​ទេពនៃតួប្រាង្គនីមួយៗនោះ។ នៅក្នុងសិលាចារឹក​ K.២២១ (​S១ & N២១) បានបង្ហាញថាតួប្រាសាទកណ្ដាលនោះជាប្រាសាទ​សិវលិង្គ ដោយបញ្ជាក់ច្បាស់ថានៅតំបន់ក្នុង​ត្បូងរមាំង៖ ឱយ៑ភូមិ​តវ្រះ​កម្រតេង៑អញ៑ឝិវលិង្គថ្ប្វង៑ម៌្មាង៑ (K.២២១: S១) = ថ្វាយភូមិដល់ព្រះគម្ដែងអញសិវលិង្គ(នៅ)ត្បូងរមាំង។ ការបញ្ជាក់នេះ ដោយសារ​តែ​ប្រាសាទ​សិវលិង្គមានច្រើនណាស់​នៅក្នុងសង្គមខ្មែរកាល​ពីបុរាណ​ ដូច្នេះលុះណាតែបញ្ជាក់អំពីទីតាំងឱ្យបានច្បាស់ ដើម្បីកុំឱ្យមានការភាន់ច្រឡំ ឬក៏មានបញ្ហាចំពោះការបែង​ចែក​ផលប្រយោជន៍​ណាមួយរបស់ប្រាសាទ។ យើងក៏​អាចមើលជាឧទាហរណ៍​មួយក្នុងចំណោម​ឧទាហរណ៍​យ៉ាង​ច្រើន គឺករណីប្រាសាទ​ឯកភ្នំ នៅខេត្តបាត់ដំបង។ សិលាចារឹកនៅប្រាសាទ​​នោះ (K.២២១) ​ចាររៀបរាប់​​ពី​ព្រាហ្មណ៍​យោគីស្វរបណ្ឌិតដែល​ជាព្រះរាជគ្រូរបស់​ព្រះបាទ​សូរ្យវម៌្មទេវទី១ ថាលោក​ជាស្ថាបនិក និងបាន​​ថ្វាយតង្វាយ​របស់​​ចំពោះប្រាសាទសិវលិង្គ នៅឯ​ព្រះស្រី​នរេន្ទ្រគ្រាម ​គឺប្រាសាទឯកភ្នំបច្ចុប្បន្ន​នេះឯង។

ឥឡូវ​យើងពិនិត្យមើលលើសិលាចារឹកប្រាសាទស្ដុកកក់ធំ​ (K.២៣៥) ដែលប្រាសាទ​នោះ​ មាន​ទីតាំង​ចម្ងាយប្រមាណជា​១៩គីឡូម៉ែត្រ ​ពីប្រាសាទ​បន្ទាយព្រាវម្ដង។ សិលាចារឹកនេះ​បង្ហាញថា នៅពេលព្រះបាទ​ឧទយាទិត្យវម៌្មទេវទី២ឡើងសោយរាជ្យ​ បាន​៣ព្រះវស្សា ព្រះរាជគ្រូ​ «ជយេន្ទ្របណ្ឌិត» ​បានកសាងប្រាសាទ​សិវលិង្គ​នៅឯ «ភទ្រនិកេតន»(ប្រាសាទស្ដុកកក់ធំ) ទើបឆ្លោញមាធវៈដែលជាអ្នកបានរួមគ្នាជាមួយ​ព្រាហ្មណ៍សង្កស៌ទិញ​​ដី​ចាត់ចែង​រៀបចំជាចំណត ហើយ​គាត់ក៏​ជាអ្នកគ្រប់គ្រងនៅប្រាសាទ​​សិ​វលិង្គអន្រើម​លោងដែរ​នោះ​​ ​​ បានទូលថ្វាយសុំព្រះអង្គឱ្យប្រទាន​ចំណត​ ដី ខ្ញុំបម្រើ​ទាំងឡាយនោះឱ្យជា​រណ្ដាប់បូជាចំពោះប្រាសាទ​សិវលិង្គភទ្រនិកេតន។ បន្ទាប់មក​ជាការរៀបរាប់អំពីព្រំប្រ​ទ​ល់​ដីអន្រើមលោង ដែលខាងកើត​មានប្រទល់ដល់ដីព្រះស្ដៅ​ប្រសព្វ​នឹងដីត្បូងរមាំង។ កាលពីឆ្នាំ​៩៧៩គ.ស.​ ព្រាហ្មណ៍សង្កស៌និងមាធវៈ បានទិញដីបញ្ចូលក្នុងចំណតអន្រើមលោងបន្ថែម​ទៀត ដែលដីនោះមានប្រទល់ខាងកើត​ប្រសព្វដីរបស់ប្រាសាទនៅត្បូងរមាំង​។ តាមរយៈទិន្នន័យនេះ​យើងឃើញថា ដីអន្រើមលោង ដែលក្រោយមកជាដីចំណុះឱ្យប្រាសាទស្ដុកកក់ធំ គឺស្ថិតនៅខាងលិចត្បូងរមាំង។ តាមរយៈផែនទីពីលើអាកាស បង្ហាញឱ្យ​ឃើញថា​ត្បូងរមាំងឬប្រាសាទបន្ទាយព្រាវ​នេះ​ ស្ថិតនៅចំទិសខាងកើតប្រាសាទ​ស្ដុកកក់​ធំតែម្ដង(សូម​មើលបញ្ជី​រូបភាព)។ ដីអន្រើមលោងដែលមានប្រាសាទ​សិវលិ​ង្គ​មួយផងនោះ ប្រហែលនៅចន្លោះតំបន់សំខាន់ទាំងពីរនេះ​ជាក់ពុំខាន​។ មានប្រាសាទពីរដែលគួរនឹងលើកយកមកពិចារណា គឺប្រាសាទ​ល្បើកស្វាយ (IK​៨​៣​២) និងប្រាសាទល្បើកអំពិល (IK៨៣៣)។

ប្រាសាទល្បើកស្វាយ​ មានតួប្រាសាទពីរសាងអំពីឥដ្ឋ​​ មានកំពែងថ្មបា​យ​ក្រៀម និងកសិន្ធុទឹក​មួយផង មានចម្ងាយ៦,៨០គីឡូម៉ែត្រ​ពីប្រាសាទស្ដុកកក់ធំ។​ ប្រាសា​ទដែលមានតួប្រាង្គចំនួន​ពីរដូច្នេះ ច្រើនតែជាសាង​ឡើង​ឧទ្ទិសដល់​ប្រាសាទ​ព្រះនារាយណ៍ ជាហេតុនាំឱ្យយើងយល់ថាទីនេះ ទំនងមិនមែនជាប្រាសាទ​សិវលិង្គ នៅអន្រើមលោងនោះទេ។ ចំណែកឯប្រាសាទល្បើក​អំពិលវិញ មាន​តួប្រាសាទមួយសាងអំពីឥដ្ឋ មានកសិន្ធុទឹកព័ទ្ធជុំវិញ មានកំពែង​សាងពីថ្មបាយ​ក្រៀម និងមានបារា​យណ៍​ទឹកមួយ មានចម្ងាយ១១គីឡូម៉ែត្រកន្លះពីប្រាសាទ​ស្ដុកកក់ធំ​។ តួប្រាសាទជាឥដ្ឋបានបាក់បែកអស់​ទៅហើយ ប៉ុន្ដែនៅទីនោះយើងឃើញបល្ល័ង្ក​ថ្មភក់ចំនួនមួយ នាគចែងប្រាសាទ​ និងវត្ថុសិល្បៈមួយចំនួនទៀតនៅក្នុងស.វ.ទី១១។ ប្រាសាទនេះមានលក្ខណៈជាប្រាសាទឧទ្ទិសដល់ព្រះឥសូរ ដែលគួរតែត្រូវនឹង​ប្រាសាទសិវលិង្គអន្រើមលោង​។ យើងឃើញថា​ដីអន្រើមលោង គឺស្ថិតនៅ​ខាងកើត​ប្រាសាទស្ដុកកក់ធំនិងនៅខាងលិចប្រាសាទបន្ទាយព្រាវ។ ដីត្បូងរមាំង គឺស្ថិតនៅតំបន់ខាងកើតប្រាសាទស្ដុកកក់ធំនិងប្រាសាទល្បើកអំពិល។ មកដល់​ ចំណុច​នេះ​ យើងសន្និដ្ឋាន​ជាបឋមបានថា​ ត្បូងរមាំង គឺត្រូវនឹង​តំបន់ប្រាសាទ​បន្ទាយ​ព្រាវ។

តាមសិលាចារឹកប្រាសាទ​គោកពោធិ៍ (K.២៥៦/K.៨១៤) ត្បូងរមាំង គឺ​ជាស្រុកមួយ ។ «ស្រុក»​ នៅសម័យអង្គរ​ គឺ​ជាពាក្យសម្គាល់​បំណែង​ចែកទឹកដីខាងរដ្ឋការ ​និងជាបច្ចេ​ក​ពាក្យខាងភូមិសាស្ត្រ ​ដែលបញ្ជាក់នូវ​ផ្នែកខាងរដ្ឋបាលតូចៗ ដែលមានអភិបាលរបស់ខ្លួន គឺមានប្រធានស្រុក ​ឬមានខ្លោញស្រុក។ ដូចដែលបានបញ្ជាក់កន្លងរួចមកហើយថា ប្រាសាទបន្ទាយព្រាវ គឺជាប្រាសាទសំខាន់និងមានទំហំជាងគេ​នៅ​តំបន់​ស្រុកស្វាយ​ចេក​ ខេត្តបន្ទាយមានជ័យ ។ ប្រាសាទនេះមានលក្ខណៈជាទីប្រជុំជន​មាន​លក្ខណៈសក្តិសមជាស្រុកប្រាកដមែន ។

ចំណែកឯសិលាចារឹក​ប្រាសាទបឹង (K.៩៨៩) នៅឆ្នាំ​១០០៨គ.ស. ​ព្រះបាទ​សូរ្យវម៌្ម​ទេវ​ទី១ ស្ដេចបានចេញបញ្ជា​ឱ្យមន្ត្រីមួយក្រុមមាន​ កំស្ដេង​ស្រីនរបតីន្ទ្រវម៌្ម​ កម្រតេង​អញន្ឬបតីន្ទ្រ​លក្ស្មី ម្រតាញ​ខ្លោញ​ស្រីន្ឫបតីន្ទ្រាធិបតិវម៌្ម​ ម្រតាញខ្លោញ​ស្រីន្ឫបតីន្ទ្រវម៌្ម​ ម្រតាញខ្លោញ​ស្រីន្ឫបតីន្ទ្រាទិត្យ ម្រតាញ​ខ្លោញស្រីកវីន្ទ្រោបកល្ប ឱ្យ​សាង​សិលាចារឹក​ទុកនៅត្បូងរមាំង។ ផ្នែកដំបូង​នៃ​សិលាចារឹកនេះ ចាររៀបរាប់​អំពីប្រវត្តិ​រឿងរ៉ាវ​គ្រួសារ​របស់ ស្ដេងរៅ ចាប់​តាំងពី​រាជការរបស់ព្រះបាទជ័យវម៌្មទេវទី២ រហូតដល់​ព្រះបាទ​សូរ្យ​វម៌្មទេវទី១។ បន្ទាប់មក គឺជាការរៀបរាប់អំពីការ​កសាងសិវលិង្គ​ ប្រតិមាផ្សេងៗ និងតង្វាយនានាចំពោះទេពទាំងនោះ។ តាមសេចក្ដី​របស់​សិលាចារឹកនេះ សិលាចារឹក​ដែល​ព្រះបាទ​សូរ្យវម៌្មទេវទី១ ទ្រង់​ត្រាស់បង្គាប់​ឱ្យក្រុម​មន្ត្រី​ចារទុកនៅត្បូងរមាំងនោះ គឺត្រូវនឹងសិលាចារឹកប្រាសាទបឹង​ K.៩៨៩ នេះឯង  ព្រោះកន្លង​មក​ យើងពុំរកឃើញសិលាចារឹកព្រះបាទ​សូរ្យវម៌្មទី១​ នៅប្រាសាទ​បន្ទាយព្រាវនោះឡើយ។  ប្រសិនបើទីតាំងប្រាសាទនេះ ត្រូវគ្នានឹងត្បូងរមាំង​ នោះ ​វា​ផ្ទុយនឹងព័ត៌មានដែលយើងបានពិនិត្យពីចំណុចខាងលើមក ហើយ​វាក៏​បានក្លាយទៅជាចំណោទបញ្ហាចម្បងមួយ ក្នុងការស្វែងរកទីតាំងត្បូងរមាំងកាលពីបុរាណ។ វាក៏ផ្ទុយ​នឹងទស្សនៈ លោក ហ្ស៊ក ហ្គ្រូលីយ៉េរ​ (1924) ​និង​លោក ហ្ស៊ក សឺដែស (1954, p.165) ដែលយល់ថាត្បូងរមាំងដែលនិយាយក្នុងសិលាចារឹក​ K.៩៨៩ នេះ គឺជាឈ្មោះបុរាណរបស់ប្រាសាទបន្ទាយព្រាវ ។

ប្រាសាទបឹង ស្ថិតនៅទិសអាគ្នេយ៍ប្រាសាទស្ដុកកក់ធំ​ប្រមាណ៧៥ គីឡូ​ម៉ែត្រ។ ចម្ងាយដ៏ឆ្ងាយនេះ មិនអាចឱ្យដីអន្រើមលោង​ដែលចំណុះឱ្យប្រាសាទស្ដុកកក់ធំនោះ មានវិសាលភាពមកទល់នឹងដីរបស់ប្រាសាទបឹងនេះឡើយ ឬថា​ដីប្រាសាទបឹងនេះ ក៏មិនអាចមានវិសាលភាពឆ្ងាយមកទល់នឹងដីអន្រើម​លោង​ផងដែរ។ ប្រាសាទបឹងនេះ មានទំហំតូចល្មមប៉ុណ្ណោះ​ ពុំមានលក្ខណៈជាស្រុក​ដូចការបញ្ជាក់​ក្នុងប្រាសាទគោកពោធិ៍នោះឡើយ។ មន្ត្រីសំខាន់​នៅក្នុង​ការ​ចារសិលាចារឹកប្រាសាទបឹង កសាងសិវលិង្គ ប្រតិមា និងធ្វើដង្វាយ​ចំពោះ​ទេព​ទាំងនោះ គឺ កំស្ដែង​ស្រីនរបតិន្ទ្រវម៌្ម ដែលក្រោយមកឡើងជា ព្រះគម្ដែងអញ​ស្រីនរបតិន្ទ្រវម៌្ម ។ កំស្ដែងស្រីនរបតិន្ទ្រវម៌្ម គឺជាតេមថាបស់មរយសិលាចារឹកប្រាសាបុត្រាមួយអង្គ​របស់ព្រះបាទជ័យវម៌្មទី៤ ជាមួយ​ព្រះគម្ដែងអញនរបតីន្ទ្រទេវី ដែលមាននាម​ថាដើមថាស្ដេញបិតព្រៅ ។​ នៅក្នុងសិលាចារឹកប្រាសាទបន្ទាយព្រាវ (K.២២១ & K.២២២) តាមរយៈការធ្វើដង្វាយជាដី និងខ្ញុំបម្រើ ដែលមានមន្ត្រីចំណុះជាច្រើន​បាន​ផ្តល់​អ្នក​បម្រើ​ដល់កំស្ដែងថ្វាយដល់ប្រាសាទ យើងឃើញថាមន្ត្រីរូបនេះជាអ្នកមានអំណាចកាន់កាប់​នាតំបន់ប្រាសាទ​នោះ ដែលបញ្ជាក់យ៉ាងច្បាស់ថានៅតំបន់​ ត្បូង​រមាំង ។ ដូច្នេះ ប្រាសាទ​បឹង ពុំអាចជា​ ត្បូងរមាំង នោះទេ។ យ៉ាងនេះក្ដី សិលាចារឹក K.៩៨៩ ដែលព្រះមហាក្សត្រចាត់ឱ្យចារទុកនៅត្បូងរមាំង​ដែល​ត្រូវ​នឹងប្រាសាទ​បន្ទាយព្រាវនោះ បែរជារកឃើញនៅប្រាសាទបឹង​ គឺនៅជាបញ្ហា​ចោទ​នៅឡើយ។ យើងសង្ឃឹមថាចំណោទនេះ នឹងអាចដោះស្រាយបាននៅពេល​ខាងមុខពុំខាន។

ជាសរុបរួមមក ដោយផ្អែកតាមការ​ពិភាក្សាខាងលើ យើងអាចសន្និដ្ឋានបានថាស្ថាន​នាម ត្បូងរមាំង កាលពីបុរាណ គឺត្រូវគ្នា​នឹង​ប្រាសាទ​បន្ទាយព្រាវ ដូចការ​យល់ឃើញ​របស់​លោកហ្ស៊ក ហ្គ្រូលីយ៉េរ ​និង​លោក ហ្ស៊ក សឺដែស ​ពិតប្រាកដមែន។

—————————————–

The toponym “Tbong Rmang” in inscription

The toponym “Tbong Rmang” has been mentioned before in the article about the inscription of Banteay Prav, K.1433. Tbong Rmang appears in ancient script as “Thbvaṅ Rmmaṅ”, which could be seen in inscription Banteay Prav (K.221: S1 and K21), Sdok Kak Thom (K.235: D72, D90 and D92), Kok Por (K.256/K.814:W55) and Prasat Beng (K.989: B8 and B14). 

According to Groslier and Coedès, Tbong Rmang is the ancient name of Prasat Banteay Prav. In 1924 Groslier explained Tbong Rmang based on the Sdok Kak Thom inscription. He states that the temple and the land of Tbong Rmang located in the east of the land Antremlong (K.235: D89). Later, the land Antremlong enlarged to the west or at least up to Banteay Prav.

Similar to Prasat Preah Ko, Lolei, and other temples, Banteay Prav has 3 shrines and bears the inscriptions on the door-jams. Based on inscription K.221 (S1 and N21), the central shrine calls Prasat Shiva Linga (Kamrateṅ Añ Sivalinga Thbvaṅ Rmmaṅ). 

According to the inscription Sdok Kak Thom, Tbong Ramang shares the border with the land Antremlong in the south. Antremlong is the land that was bought by Chhloñ Madhava and Brahman Sankas. Later, after received the offering from the request, both officers gave the offering together with the land Antremlong to be a part of Prasat Sdok Kak Thom.

Based on aerial photos, Tbong Rmang or Prasat Prav is situated in the east of Prasat Sdok Kak Thom. By trying to locate the land Antremlong, the temples nearby call Lbek Svay and Lbek Ampil are essential to study. However, only the Lbek Ampil temple that built dedicated to Shiva. It is only 11.5km away from Sdok Kak Thom. 

Referring to the inscription of Kok Por temple, K.256/K.814, Tbong Rmang is a district. Therefore, according to Banteay Prav is the biggest temple in the group, it could be Tbong Rmang.

However, inscription Prasat Beong K.989, 1008 CE (King Suryavarman I) illustrates that the King ordered to write an inscription that describes the story of Steṅ Vau who worked for the Kings from the reign of King Jayavarman II to Suryvarman I. The inscription will be installed in Tbong Rmang. Thus, if Tbong Rmang corresponds to Prasat Beong, the information will be in contrast to the above discussion.   

As the inscription is critical, the location of the temples could give some information about Tbong Rmang. Prasat Beong is small in size and it is around 75km away from Prasat Sdok Kak Thom. Also, the distance might not possible to share the border with the land Antremlong. The inscription of Prasat Prav (K.221 and K.222) mentions that the offering is for the temple of Tbong Rmang. Thus, Prasat Beong could not be Tbong Rmang. 

In conclusion, according to inscriptions, the toponym Tbong Rmang corresponds to Prasat Banteay Prav as Groslier and Coedès have stated.

អត្ថបទដើម៖ លោក ហ៊ុន ឈុនតេង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!