ប្រាសាទគោកចក

ប្រាសាទគោកចកមានទីតាំងនៅក្នុងភូមិគោកចក សង្កាត់គោកចក ក្រុងសៀមរាប​ ខេត្តសៀមរាប មានចំងាយប្រហែល៣គ.មខាងជើងឈៀងខាងលិចក្រុងសៀមរាប។ វាត្រូវបានកត់ត្រាជាលើកដំបូងដោយលោក H. Marchal ក្នុងឆ្នាំ១៩១៩ និងជាប្រាសាទពុំទាន់មានការចុះបញ្ជីដោយលោក ឡាហ្សង់ហ្គីយ៉េ និងលោក អៃម៉ូនីញ៉េទេ។ ប្រាសាទនេះសង់ឡើងអំពីឥដ្ឋ លំអដោយគ្រឿងស្ថាបត្យកម្មអំពីថ្មភក់ នៅលើខឿនថ្មបាយក្រៀមមួយជាន់ និងបន្តដោយកំរាលឥដ្ឋជុំវិញ។ ប្រាសាទនេះមានប្រាង្គ២ បែរមុខទៅរកទិសខាងកើត មានច្រកចូល១ពីទិសខាងកើត និងព័ទ្ធដោយកស្សិណទឹកមួយ (រូបលេខ១)។​ នៅលើស៊ុំទ្វាររបស់ប្រាង្គទាំង២នេះមានសិលាចារឹក ដែលមានកាលបរិច្ឆេទឆ្នាំខុសគ្នា ហើយលោកសឺដេសបានឱ្យលេខបញ្ជីរួមគ្នា គឺ K.៥២១។ សិលាចារិកទាំងពីរនេះមិនបាននិយា​យអំពីឆ្នាំនៃការស្ថាបនាទេ តែតាមសិលាចារឹកនៅប្រាង្គខាងជើង បានសរសេររំលឹកអំពីឆ្នាំដែលព្រះរាជាឈ្មោះ ជ័យវរ្ម័ន (វិស្ណុលោក) ដែលជាបុត្រារបស់ព្រះបាទបរមេស្វរៈ (ជ័យវរ្ម័នទី២) បានមកទាក់ដំរីនៅតំបន់នោះ (វិស្ណុគ្រាម=ភូមិព្រះវិស្ណុ) ហើយដំរីដែលព្រះអង្គបានរត់បាត់វិញ លុះវេលាយប់ពេលដែលព្រះអង្គផ្ទុំ បានយល់សុបិន្តឃើញព្រាហ្មណ៍មួយមកបន្ទូលប្រាប់ឱ្យព្រះអង្គកសាងប្រតិមា និងមានភក្តី (គោរព) ដល់គាត់ៗនឹងប្រគល់ដំរីឱ្យវិញនៅថ្ងៃស្អែកពេលព្រះអាទិត្យរះ (ឧទ័យ)។ ដំរីនោះក៏ត្រលប់មកវិញមែន ហើយព្រះអង្គបានបង្គាប់ឱ្យគេឆ្ការព្រៃ និងសាងប្រាសាទដោយមានថ្វាយទាសាទាសីនៅបំរើប្រាសាទនោះផងដែរ។ សិលាចារឹកនោះមានបញ្ជាក់ពីឆ្នាំដែលព្រះអង្គមកទាក់ដំរី គឺ៧៧២ស.ក គឺត្រូវនិង៨៥០គ.ស ដូចនេះប្រាសាទនេះអាចត្រូវបានគេស្ថាបនាក្នុងឆ្នាំនោះ ឬក្រោយនោះបន្តិច តែការចារសិលាចារិកនោះមិនមែនស្ថិតនៅក្នុងឆ្នាំនោះទេ គឺក្រោយមកទៀត បន្ទាប់ពីព្រះបាទជ័យវរ្ម័ទេវបានចូលទីវង្គត់ហើយ (វិស្ណុលោក=ជ័យវរ្ម័នទី៣) ព្រោះក្នុងសិលាចារឹកបានបង្ហាញអំពីមរណៈនាមរបស់ព្រះអង្គ។ សិលាចារឹកនៅស៊ុំទ្វារខាងកើតនៃប្រាង្គខាងត្បូងពុំមានកាលបរិច្ឆេទទេ តែនិយាយអំពីការឧទ្ទិសដល់ទេពឈ្មោះ ស្រីវិរៈលក្ស្មី (កម្រតេង អញ ស្រី វិរៈលក្ស្មី អជី) និងការសង់គោលដីធ្លីនៅវិស្ណុគ្រាម ក្នុងរាជ្យព្រះបាទបរមនិពាន្វបទ (សូរ្យវរ្ម័នទី១ គ.ស១០០២ដល់១០៥០)។​

រចនាសម្ព័ន្ធសំណង់ប្រាសាទនេះបានបាក់បែករលុះបាត់អស់ស្ទើរទាំងស្រុងនៅផ្នែកខាងលើ។ សព្វថ្ងៃ យើងអាចឃើញត្រឹមប្រាង្គទាំងពីរ និងមានគ្រឿងលំអស្ថាបត្យកម្មធ្វើអំពីថ្មភក់ពណ៌ប្រផេះនៅផ្នែកខាងកើត។ តាមចម្លាក់នៅលើផ្តែររបស់ប្រាង្គខាងត្បូង បង្ហាញអំពីចម្លាក់គ្រុឌចាប់នាគនៅផ្នែកកណ្តាលនៃផ្ទៃផ្តែរ តែធ្វើមិនទាន់រួច។ ចំណែកផ្តែរខាងកើតរបស់ប្រាង្គខាងជើងត្រូវបានគេឆ្លាក់រួចរាល់ហើយ និងក៏មានចម្លាក់ដូចផ្តែររបស់ប្រាង្គខាងត្បូងដែរ គឺចម្លាក់គ្រុឌចាប់នាគ។​ ទោះពុំមានចម្លាក់ផ្សេងទៀតដែលអាចបង្ហា​ញថាប្រាសាទនេះឧទ្ទិសដល់ព្រះវិស្ណុ តែតាមចម្លាក់លើផ្ទៃផ្តែរ និងសិលាចារឹកទាំងពីរ ក៏ជា ភស្តុតាងបញ្ជាក់ថាប្រាសាទនេះកសាងឡើងដើម្បីឧទ្ទិសដល់ព្រះវិស្ណុ និងព្រះនាងលក្ស្មីដែរ ពោលគឺ៖ (១)យោងតាមមរណៈនាមព្រះបាទជ័យវរ្ម័នទី៣ វិស្ណុលោក (២) ប្រាសាទនេះសង់ក្នុង ភូមិឋានព្រះវិស្ណុ វិស្ណុគ្រាម (៣) ចម្លាក់គ្រុឌចាប់នាគ ដែលតំណាងឱ្យយានជំនិះព្រះវិស្ណុ (៤) ការឧទ្ទិសដល់ទេពស្នងឈ្មោះស្រីវីរលក្ម្សីចាស់ (កម្រតេង អញ ស្រីវីរលក្ម្សី អជី)

 ១. ប្រាង្គខាងត្បូង

តាមស្ថានភាពបច្ចុប្បន្ន ផ្នែកកំពូលរបស់ប្រាង្គខាងត្បូងបានបាក់រលំអស់ទាំងស្រុង គឺនៅសល់ត្រឹមផ្នែកខាងក្រោមនៃហោជាងចុះមកក្រោមប៉ុណ្ណោះ។ ជាលក្ខណៈទូទៅ ប្រាង្គនេះសាងអំពីឥដ្ឋ នៅលើខឿនថ្មបាយក្រោមមួយជាន់ មានទ្វារចូលនៅទិសខាងកើត និងទ្វារបញ្ឆោទ៣ផ្សេងទៀតនៅតាមទិសនីមួយៗ។ ប្លង់បាតខាងក្នុងមានរាងជាការ៉េ រីឯខាងក្រៅមានបន្ថែមជាក្បាច់ជ្រុងលយផតនៅតាមជ្រុងនីមួយៗផងដែរ។ ពុំមានចម្លាក់អ្វីជាសំខាន់នៅលើផ្ទៃជញ្ជាំងរបស់ប្រាង្គនេះទេ។ ទ្វារចូលសំខាន់នៅខាងកើត ធ្វើអំពីថ្មភក់ពណ៌ប្រផេះចំនួន៤ដុំតំរៀបត្រួតលើគ្នាបង្កើតបានជាស៊ុំទ្វារ។ ស៊ុំទ្វារផ្នែកខាងក្រោមមានស្ថានភាពបែកសិករេចរិលអស់មួយភាគធំ។ ទ្វារនៅតាំទិស៣ផ្សេងទៀតជាទ្វារបញ្ឆោទ។ ទ្វារខាងកើតលម្អដោយសសរពេជ្រ ដែលខាងត្បូងបានបាត់ នៅសល់តែសសរពេជ្រខាងជើងទ្រផ្តែរ។ សសរពេជ្រធ្វើពីថ្មភក់ពណ៌ប្រផេះ មានរាងជាឆកោណ មានក្បាច់ក្បាលសសរ តួសសរ ជើងសសរ និងបាតសសរ។ ប៉ុន្តែសសរពេជ្រនេះនៅមិនទាន់បានឆ្លាក់រួចឡើយ គឺមានតែជ្រុងមួយក្នុងចំណោមជ្រុងទាំង៦របស់វាទេ ដែលត្រូវបានឆ្លាក់ចេញជាក្បាច់លំអផ្សេងៗ។ តាមរយៈជ្រុងមួយនេះ យើងអាចឃើញថា ក្បាលសសរលំអដោយក្បាច់ចិញ្ចៀន ដូចជា ក្បាច់ក្បាំងជាផ្កាចាន់ (សិកអស់ហើយ) មួយបន្ទះ និងខាងក្រោមបន្តដោយក្បាច់ត្របកផ្កាឈូកតូចបញ្ឈរមួយជួរ ក្បាច់ពងត្រីជាផ្ការំដួលក្រពុំមួយជួរ ក្បាច់សន្លឹកបញ្ឈរមួយជួរ ក្បាច់ត្របកផ្កាឈូកធំបញ្ឈរមួយជួរ ក្បាច់ពងត្រីជាផ្ការំដួលក្រពុំមួយជួរ ក្បាច់សន្លឹកតូចសំយ៉ុងចុះក្រោមមួយជួរ និងក្បាច់សន្លឹកធំសំយ៉ុងចុះក្រោម។​

ផ្តែរធ្វើពីថ្មភក់ពណ៌ប្រផេះ មានស្ថានភាពល្អ តែនៅមិនទាន់ធ្វើឬឆ្លាក់រួចហើយ។ ផ្នែកកណ្តាលនៃក្បាច់ជួង ជារូបគ្រុឌឈរចាប់កន្ទុយនាគ២ (ក្បាល៣) ផ្សេងៗគ្នា ដោយដៃឆ្វេង និងជើងឆ្វេងចាប់ និងកាន់នាគ១ ហើយដៃស្តាំ និងជើងស្តាំចាប់ និងកាន់នាគមួយផ្សេងទៀត។ ក្បាច់ដងធ្នូលេចចេញពីសងខាងនៃក្បាលគ្រុឌ រាងត្រង់បន្តិច រួចកាច់ធ្លាក់ចុះក្រោម ហើយកោងបែរចេញក្រៅ បង្កើតបានជាក្បាលមករខ្ជាក់ក្បាច់សន្លឹកមានរាងជាក្បាលនាគបែរចេញក្រៅ។ ផ្ទៃខាងក្រោមនៃផ្តែរជាក្បាច់កំរងគូទខ្យងនៃភ្ញីទេស ធ្លាក់ចុះក្រោម រួចកោងឡើងលើបែរទៅរកផ្នែកកណ្តាលនៃផ្តែរ។ ក្បាច់នេះមានចំនួន២ក្នុងម្ខាងៗ។ អវត្តមានគែមខាងក្រោម និងក្បាច់ក្បាលសសរ។ គែមខាងលើមាន​ តែមិនមានចម្លាក់អ្វីទេ (ធ្វើមិនទាន់រួច)។

នៅលើស៊ុំទ្វាររបស់ប្រាង្គខាងត្បូងនេះមានសិលាចារឹក១ផ្ទាំង (រូបលេខ៤) ដែលលោកសឺដេសមានការយល់ច្រលំលើទីតាំងសិលាចារឹកទាំង២របស់ប្រាសាទគោកចក។ ក្នុងអត្ថបទបញ្ជីសិលាចារឹកកម្ពុជារបស់លោកបានបង្ហាញថា សិលាចារឹករបស់ប្រាង្គខាងត្បូងមានចំនួន១៥បន្ទាត់ រីឯសិលាចារឹករបស់ប្រាង្គខាងជើងមាន ១៦បន្ទាត់។ តាមពិតសិលាចារឹករបស់ប្រាង្គខាងត្បូងមានចំនួន១៦បន្ទាត់ ចារឡើងក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី១ (បរមនិពាន្វបទ) ចំណែកសិលាចារឹកប្រាង្គខាងជើងមាន១៥បន្ទាត់ ចារឡើងក្រោយរាជ្យព្រះបាទជ័យវរ្ម័នទី៣ (វិស្ណុលោក) តែរំលឹកដល់ឆ្នាំដែលព្រះអង្គបានមកស្ថាបនាបដិមា និងប្រហែលប្រាសាទនេះផងដែរ ដើម្បីឧទ្ទិសដល់សកព្រាហ្មណ៌។

(១)លុហ ត រាជ វ្រះ បាទ បរមនិវ្វានបទ មន នេហ ភូម្យ រាជទ្រាវ្យ យោក ប្រសា(២)ទ ទៅ ត កម្រតេង អញ ស្រីវីរលក្ម្សី អជិ អញ ម្វាយ តោយ មាត្របក្ស ជ្មះ (៣) លោញ ជុន ជា តំម្រ្វច កម្រតេង អញ ស្រីវីរលក្ម្សី រំលិក ត កម្រតេ(៤)ង អញ ស្រីវីរលក្ម្សី លេង មាន គោល អំវិ អាយ លុហ ភូម្យ ជ្នង ប្រាង (៥) លេង កំពិ មាន ឧប្បវាទ ចំន្យរ កម្រតេង អញ ស្រីវីរលក្ម្សី បង្គំ (៦) ថ្បូង និវេថន ស្វំ សភា បន្ទូល ប្រេ សភាបតិ ត​ប្វន ត ជ្មះ វ្រះ យនបតិ (៧) ចាស វ្រះ កុតិ រុង ចាស វ្រះ មោក ចាស វ្រះ វ្នុរ ចាស រង្យាង ត​ ប្វន វ្រះ មទ(៨)សិង្ហ វ្រះ ស្រោ វ្រះ បញ្ចោម រាង្គបុរ សេនាបតិ ត ប្វន វ្រះ ឥស្វរនិវាស វ្រះ (៩) ថ្បល ខ្វស ចាស វ្រះ នា ទោ វ្រះ ស្វយ នុ សរវ្វាធិការិ ត ជ្មះ វ្រះ បុកណក ចាស ស្យ(១០)ង ត ចុះ មោក សង គោល ត ភូម្យ អាយ វិស្ណុគ្រាម នុ​ ស្រុក ត ច្វល ត កម្រតេង អញ (១១) ស្រីវីរលក្ម្សី ផោង។ ត បូរ្វវ ប្រសប ត អវ . . ទក្សិណ . . . បច្ចិម ប្រស(១២)ប សារ ឧត្តរ ប្រសប វ្នំកន្តាល ភូម្យ ជ្នង . . . . . . . . គ្រម បច្ចិ(១៣)ម ប្រសប ផ្ទេង បន្ហេំ ឧត្តរ វីរគ្រាម . . . . . . . . បូរ្វវ (១៤) ភូម្យ វ្រះ រូប បច្ចិម ប្រសប . . . . . . . . . . ត វ្យរ (១៥) ផយ បិយ តប ប្រាម តិ បូរ្វវ ១០ប . . . . . . . . . . គោល ថ្មោ ១ (១៦) គោល ឈេ ១   

២. ប្រាង្គខាងជើង

ប្រាង្គខាងជើងមានប្លង់បាតដូចគ្នាទៅនិងប្រាង្គខាងត្បូង តែមានទំហំតូចជាងបន្តិច។ ប្រាង្គនេះមានទ្វារចូលនៅទិសខាងកើត និងទ្វារបញ្ឆោទ៣ផ្សេងទៀតនៅតាមទិសផ្សេងៗទៀត (រូបលេខ៥)។ សព្វថ្ងៃ ប្រាង្គនេះបាក់រលំនៅសល់ត្រឹមពាក់កណ្តាលនៃសសរពេជ្រចុះមកក្រោម។ ផ្ទៃជញ្ជាំងខាងក្នុងមានបន្សល់ភស្តុតាងជាបាយអរស្តើងៗ ហើយមានលាបពណ៌ក្រហមទៀតផង។ ស៊ុំទ្វារខាងកើតធ្វើអំពីថ្មភក់ពណ៌ប្រផេះ មាន៤ដុំផ្គុំលើគ្នា។ នៅលើផ្ទៃនៃស៊ុំទ្វារផ្នែកខាងត្បូងមានសិលាចារឹកមួយផ្ទាំង (K.521)។

តាមរយៈរូបថតចាស់របស់បារាំង សិលាចារឹកនេះនៅមានស្ថានភាពល្អទាំងអស់ តែក្រោយមកវាត្រូវបានបំផ្លាញដោយគ្រាប់កាំភ្លើង គឺផ្នែកខ្លះនៃសិលាចារឹកត្រូវបានបែកខ្ទេច (រូបលេខ៦)។ សសរពេជ្រធ្វើពីថ្មភក់ពណ៌ប្រផេះ ចំនួន២ មានលក្ខណៈដូចគ្នាទៅនិងសសរពេជ្ររបស់ប្រាង្គខាងត្បូង គឺមាន៦ជ្រុង តែមានកំពស់ទាបជាងបន្តិច និងត្រូវបានឆ្លាក់រួចរាល់ទាំងស្រុង។ នៅលើសសរពេជ្រមានផ្តែរធ្វើអំពីថ្មភក់ពណ៌ប្រផេះ ត្រូវបានឆ្លាក់ហើយទាំងស្រុង។ ក្បាច់ចម្លាក់នៅលើផ្តែរមានលក្ខណៈដូចគ្នាទាំងស្រុងទៅនិងផ្ទៃផ្តែររបស់ប្រាង្គខាងត្បូង (រូបលេខ៧)។

នៅលើជញ្ជាំងខាងត្បូងរបស់ស៊ុំទ្វារខាងកើត មានសិលាចារឹកមួយផ្ទាំង ដែលលោកសឺដេសបានដាក់លេខបញ្ជី ៥២១។ សិលាចារឹកនេះសរសេរជាភាសាខ្មែរ មាន១៥បន្ទាត់ ចារឡើងក្រោយឆ្នាំ ៧៧២ស.ក រំលឹកដល់ព្រះបាទជ័យវរ្ម័នទី៣ ដែលជារាជ្យបុត្ររបស់ព្រះបាទជ័យវរ្ម័នទី២ ដែលបានឱ្យគេស្ថាបនាប្រាសាទនេះឡើងដើម្បីឧទ្ទិសដល់ព្រាហ្មណ៍មួយឈ្មោះ សកព្រាហ្មណ៍ នៅទីឋានឈ្មោះ វិស្ណុគ្រាម

          (១)៧៧២ សក គិ នុ​ វ្រះបាទ ស្រិជៃវរ៌្មទេវ ស្តាច ទៅ វិស្ណុលោក ត រាជបុត្រ (២) វ្រះ បាទ បរមេស្វរ វ្រះ..អិ. វ្រៃ ស្លា អនិន ស្វយ រាជ ឆ្នាំ តប ប្រ(៣)ម្វាយ ចាប តំម្រ្យ ទុក….. លាង មន តំម្រ្យ រត ចូល ត​​​    វ្រៃ (៤) នេហ ត ជ្មហ វិស្ណុគ្រាំម យប ផ្ទុំ ត គិ ស្វំ ប្រត្យាទេស យោល កម្រ(៥)តេង អញ វៃស្ណវ ម្វាយ បន្ទូល ត វ្រះ បាទ វិស្ណុលោក ថា ទ(៦)ហ ញ្យាង វិ…. បិ ស្ថាប រូប អញ ភក្តិ អញ ឱ្យ តំម្រ្យ(៧) នោហ វិញ ឧទ័យ គុហ អម្បាន តំម្រ្យ នោហ ត វ្រៃ នេហ បន្ទូល (៨) ប្រេ ឆ្កា ត​ នេហ ស្ថាបនា រូប្ប កម្រតេង អញ សកព្រាហ្មណ ទិ(៩)ក្សា ជ្មហ វិស្ណុគ្រាំម ជូន ភូមិ ត្រិយ ជ្នង ប្រាំង អជិ អញ ក្ញុំ បញ្ចាំ (១០) ម្វាយ ជ្មហ តេង ហៀង ជា ស្វាមិយ លោញ លស វ្រះ ខ្លៃយ តោ(១១)យ វ្រះ ទ្នាយ មោក ជ្វន ត វ្រះ នេហ ប្រេ បំរេ បន្លស វ្រះ សរិរ៕

          (១២) តេង ហៀង នុ លោញ លស បង្គំ ថ្បូង និវេទន ស្វំ ភូមិ នុ យេង ក្ញុំ (១៣) បំច្យម បំរេ ត ជា ចំរ្យេង.. វ្រះ បាទ កម្រតេង អញ ករុណា ប្រ(១៤)សាទ ភូមិ សោត អាយ . . . អមោឃបុរៈ ចំនត វ្យរ ណនិវាស ចំន(១៥)ត ទូក ឆ្លោង៕

ជាសង្ខេប ប្រាសាទគោកចក ជាប្រាសាទមួយដែលស្ថាបនាអំពីឥដ្ឋ និងថ្មភក់ឧទ្ទិសដល់ទេពវិស្ណុឈ្មោះ សកព្រាហ្មណ៍ នៅទីឋានឈ្មោះ វិស្ណុគ្រាម។ តាមសិលាចារឹកនៅប្រាង្គខាងជើង ប្រាសាទនេះអាចត្រូវបានស្ថាបនាក្រោមការបញ្ជារបស់ព្រះបាទជ័យវរ្ម័ទី៣ (៨៣៦គ.សដល់៨៧៧គ.ស) ជាថ្នូរនិងការទទួលបានមកវិញនូវដំរីដែលព្រះអង្គចាប់បានហើយរត់ចូលព្រៃបាត់។ ប៉ុន្តែសិលាចារឹកដែលនិយាយអំពីរឿងនេះគឺចារនៅពេលក្រោយការចូលទីវង្គត់របស់ព្រះអង្គ រំលឹកឡើងវិញនូវសកម្មភាពដែលព្រះអង្គជាក្សត្រចូលចិត្តការទាក់ដំរី។ ក្រោយមកទៀតមានការប្រទាននូវអំណោយជាវត្ថុ និងមនុស្សដល់ទីប្រាសាទនេះ ក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី១ (១០០២គ.សដល់១០៥០គ.ស)។

——————————————–

Kok Chak Temple

Kok Chak temple is located in Kok Chak village, Kok Chak district, Siem Reap city, Siem Reap province and it is about 3Km northwest of Siem Reap city. It was noted by H. Marchal in 1919 and not in the inventory list of Lajonquaire and Aymonier. This temple was made of brick and decorated with sandstone and laterite. It has 2 shrines face east and there is one entrance from the east, surrounded by a moat. Each shrine has an inscription on the door-jam, K.521. Both inscriptions do not have the date, but the inscription from the northern shrine mentions the event while the son of King Jayavarman II, King Jayavarman III arrived in the area (Vishnu Gram/Village of Lord Vishnu) to catch the elephant. Also, the King was seeing a Brahman asked him to build the statue here in return for the elephant in the dream. 

The inscription bears the date that the King came to catch the elephant, which was 772 Caka, 850 CE. Thus, the temple might be built at the same time or a bit later after the death of King Jayavarman III, based on his posthumous name. In contrast, the inscription on the door-jam of the southern shrine has no date, but it talks about the worship to a goddess, Sriviralashmi and set the boundary of the land of Vishnu Gram in the reign of King Suryavarman I (1002-1050 CE).

  1. Southern Shrine 

The temple is serious damaged, especially the roof. It remains just below the pediment. It made of brick on a laterite base. There is a door from the east and 3 false doors in other directions. It does not have significant relief on the wall. The main entrance in the east made of 4 blocks of grey sandstone. It has also the column and small column with beautiful motif designs, but some were unfinished. The lintel made of grey sandstone and still maintain a good condition, but also unfinished. There is a figure of Garuda holding and stepping on the tails of Nagas in the middle and then there is a bow design immerging from the centre to both sides. Remarkably, on the door-jam of the southern shrine has one inscription that Coedès confused the location with another inscription of the temple. It has 16 lines, and the north shrine has 15 lines.

  • Northern Shrine

The plan of the northern shrine is the same as the south, but it is smaller. It has a door in the east and has false doors in other directions. Currently, it remains half from the floor. The wall was decorated with a thin layer of stucco and painted in red. The door-jam made of 4 blocks of grey sandstone. On the south side of the door-jam has an inscription, K.521. According to the photos of EFEO, the inscription was in a good condition at that time, but unfortunately, it was damaged by bullets after. Two small columns made of grey sandstone and the same to the small columns of the southern shrine (heptagonal shape). The design on the lintel also the same as the lintel of the southern shrine. The inscription, K.521 has 15 lines and gives the date to 772 Caka in the reign of King Jayavarman III, the son of King Jayavarman II and who ordered to build this temple dedicated to a Brahman names Sakabrahman in Vishnu Gram.

In conclusion, the Kok Chak temple was built and dedicated to a Brahman names Sakabrahman in Vishnu Gram. This temple probably built under the order of King Jayavarman III to exchange for returning the elephant which was running into the forest. However, the inscription that mentions this story was written about the death of the King. Also, there is information about the offering in the reign of King Suryavarman I (1002-1050CE).

អត្ថបទដើម៖ លោក សុខ កែវសុវណ្ណារ៉ា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!