ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿជំនឿលើមនុស្សស្លាប់ក្នុងខែចេត្រ

ជំនឿលើមនុស្សស្លាប់ក្នុងខែចេត្រ

ជាការពិតណាស់ មនុស្សនៅតំបន់ផ្សេងៗតែងប្រារព្ធធ្វើពិធីបុណ្យសពសម្រាប់មនុស្សដែលបានស្លាប់ទៅ តាមទស្សនៈរៀងៗខ្លួន តាមលក្ខណៈ និងជំនឿគ្រួសារ ពិសេសតាមការរៀបចំរបស់អាចារ្យខ្មោច។ នៅតាមតំបន់ផ្សេងៗ គេតែងប្រារព្ធពិធីបុណ្យសពជាធម្មតា មិនប្រកាន់ពេលវេលា ឬទីកន្លែងទេ។ ផ្ទុយទៅវិញ អ្នកភូមិក្នុងតំបន់ខាងត្បូងទីរួមខេត្តសៀមរាប ពិសេសភូមិស្ពានជ្រាវ ភូមិកក្រាញ់ ភូមិក្រសាំងរលើង ភូមិវត្តពោធិក្រោម ភូមិបឹង ភូមិអារញ្ញសាគរ ជាដើម គេតែងមានជំនឿផ្សេងៗទាក់ទង់និងការស្លាប់របស់មនុស្ស។ ពិធីនីមួយៗក្នុងកម្មពិធីបុណ្យ គឺតែងតែសម្រេចលើអាចារ្យយោគី និងអាចារ្យភ្លុកទាំងបួន។ មនុស្សនៅក្នុងភូមិទាំងអស់ខាងលើនេះ គេតែងមានជំនឿលើបុគ្គលដែលស្លាប់ ពិសេសគឺទាក់ទងនឹងទីកន្លែងសម្រាប់ធ្វើពិធីបុណ្យ។ អត្ថបទនេះនឹងរៀបរាប់អំពី ជំនឿលើមនុស្សស្លាប់ក្នុងខែចេត្រ តំបន់ខាងត្បូងទីរួមខេត្តសៀមរាប ដែលអ្នកភូមិនៅបន្តប្រតិបត្តិជាហូរហែរទៅតាមជំនឿ ទំនៀមទម្លាប់និងប្រពៃណីរបស់ពួកគាត់។ ជំនឿរបស់ពួកគាត់អ្នកភូមីខាងលើ គឺទាក់ទងនឹងការស្លាប់៣យ៉ាង មានដូចជា៖

ក.ការស្លាប់ដោយជំងឺនៅផ្ទះ
បើមានបុគ្គលណាឈឺរហូតដល់មើលមិនជា និងរងចាំតែសេចក្តីស្លាប់ នោះគ្រួសាររបស់បុគ្គលនោះនឹងយកអ្នកជំងឺមករក្សានៅផ្ទះ។ នៅពេលគេដឹងថាបុគ្គលនោះមិនអាចរស់នៅបានយូរថ្ងៃបន្តទៀត នោះគ្រួសារនិងរៀបចំធ្វើពិធីសូត្រ ឬពិធីឱ្យធម៌ (គេហៅពិធីរៀបសូត្រ) ដោយអញ្ជើញអាចារ្យយោគី១នាក់ និងអាចារ្យភ្លុក៤នាក់ មករៀបចំគ្រឿង រណ្តាប់ផ្សេងៗ ដាក់ក្បែរអ្នកជំនឿ និងនិមន្តព្រះសង្ឃមកសូត្រធម៌ (តែ៣ល្ងាច) ចំណែកក្រុមអាចារ្យនិងសូត្រធម៌ (ធម្មនន្ទ) ជារៀងរាល់ពេលល្ងាច និងយប់រហូតដល់បុគ្គលឈឺអស់បុណ្យ(អស់អាយុ)។ គេអាចធ្វើពិធីបុណ្យសពរបស់បុគ្គលនោះនៅផ្ទះបាន។

ខ.ការស្លាប់ដោយជំងឺនៅក្រៅផ្ទះ
បើមានបុគ្គលណាម្នាក់បានស្លាប់នៅក្រៅផ្ទះ យើងអាចនិយាយថា អ្នកជំងឺស្លាប់នៅមន្ទីរពេទ្យ ឬគ្រោះថ្នាក់ផ្សេងៗ ពេលនោះគេនឹងយកសពទៅធ្វើពិធីបុណ្យនៅសាលាធម្មទាន (ជាធម្មតាក្នុងភូមិនីមួយៗខាងលើតែងមានសាលាធម្មទានមួយ សម្រាប់ធ្វើពិធីបុណ្យផ្សេងៗ រាប់ទាំងបុណ្យសពផងដែរ) ព្រោះគេគិតថាវាមិនល្អសម្រាប់គ្រួសារ ឬនាំមកនូវអបមង្គល។ ប៉ុន្តែ មានគ្រួសារខ្លះគេយកសពទៅធ្វើបុណ្យនៅផ្ទះដែរ តែគេរៀបចំធ្វើរោង ដោយដំកល់សពក្នុងរោងនោះ ដើម្បីធ្វើបុណ្យ។

គ.ការស្លាប់ដោយធ្វើអត្តឃាត (ខ្មោចតៃហោង)
ខ្មោចតៃហោង គេសំដៅលើបុគ្គលដែលសម្លាប់ខ្លួនដោយចងក។ អ្នកភូមិទាំងនោះភាគច្រើន គេមិនយកសពទៅធ្វើបុណ្យនៅផ្ទះទេ ហើយក៏មិនរៀបចំពិធីបុណ្យអ្វីធំដុំដែរ គឺគ្រាន់តែនិមន្តព្រះសង្ឃ និងអាចារ្យទៅសូត្រមន្ត រួចគេលើកសពយកទៅកប់ រងចាំពេលវេលាល្អ ទើបគាស់យកឆ្អឹងសពមកធ្វើពិធីបុណ្យរំលាយសពម្តងទៀត (គេហៅថា បុណ្យខ្មោចឆ្អឹង)។ ជាធម្មតា សម្រាប់ពិធីបុណ្យខ្មោចឆ្អឹង គេតែងធ្វើរួមគ្នា ដោយមានខ្មោចឆ្អឹងជាច្រើនដែលគេត្រូវយកមកបូជាក្បែរគ្នា ពេលខ្លះមានចាប់ពី២០ទៅ៣០ខ្មោច។ អ្វីដែលសំខាន់នោះ គេមិនអនុញ្ញាតឱ្យយកឆ្អឹងរបស់ខ្មោចដែលសំលាប់ខ្លួនដោយចងក មកធ្វើពិធីរួមជាមួយគេទេ។ ពោលគឺគ្រួសាររបស់ខ្មោចដែលស្លាប់ដោយចងកត្រូវធ្វើពិធីបុណ្យដាច់ដោយឡែកតែឯង។ នៅតំបន់ខ្លះ (ពិសេសខាងជើងអង្គរធំ) គេតែងកប់ខ្មោចចងក ឬដុតចោលនៅកន្លែងចងក ដោយពុំចាំបាច់និមន្តព្រះសង្ឃ ឬអាចារ្យមកសូត្រមន្តទេ គឺបើដុត គេនិងប្រមូលយកធាតុទទៅធ្វើបុណ្យបន្ត។

ឃ.ការស្លាប់ក្នុងខែចេត្រ
មនុស្សក្នុងភូមិទាំងប៉ុន្មានខាងលើនេះ នៅតែមានជំនឿយ៉ាងមុតមាំលើសេចក្តីស្លា​ប់របស់មនុស្ស មិនថានៅផ្ទះ ឬក្រៅផ្ទះ (លើកលែងតែខ្មោចតៃហោង) ក្នុងខែចេត្រ។ វាជាចំនុចពិសេសមួយដែលយើងពុំដែលប្រទះនៅតំបន់ដទៃ។ អ្វីដែលសំខាន់នោះ គឺទាក់​ទងនឹងការបូជា និងការប្រែរូប (ដែលជាពិធីឆ្លងវ័យ៉ាងសំខាន់មួយក្នុងវដ្តជិវិតមនុស្សខ្មែរ)។ គ្រួសារសពតែងធ្វើពិធីបូជា និងប្រែរូបដើម្បីយកធាតុមករក្សាទុក ឬបញ្ចុះក្នុងចេតិយ។ ប៉ុន្តែ ប្រសិនបើមានបុគ្គលណាស្លាប់ក្នុងកំឡុងពេលខែចេត្រ (ចាប់ពី១កើតដល់១៥រោច) អាចារ្យនឹងមិនធ្វើពិធីបូជាសពទេ ព្រោះតាមជំនឿ គេគិតថាខែចេត្រជាខែក្តៅខ្លាំង វានិងធ្វើទុក្ខដល់ព្រលឹងសព ពិសេសគឺនាំមកនូវភាពក្តៅក្រហាយដល់ក្រុមគ្រួសារ។ គេអាចរៀបចំបុណ្យសពជាធម្មតា។ ប្រសិនបើគ្រួសារណាមានទ្រព្យអាចំណាយលើពិធីបុណ្យ (ពេលខ្លះ១ ឬ២សប្តាហ៍ ឬលើសនេះ) គេនឹងធ្វើពិធីបុណ្យសពនោះរហូតដល់ឆ្លងខែចេត្រ ដើម្បីអាចបានបូជាសព និងធ្វើពិធីប្រែរូប។ ចំពោះអ្នកក្រ ឬអ្នកដែលមានប្រាក់សម្រាប់ចំណាយលើពិធីបុណ្យសពយូរ គេនិងយកសពទៅបញ្ចុះ ហើយរងចាំពេលវាលាល្អ និងគាស់យកឆ្អឹងមកធ្វើពិធីបូជា និងប្រែរូបម្តងទៀត។ ដូចនេះ សម្រាប់មនុស្សដែលស្លាប់ក្នុងខែចេត្រ អាចារ្យជាអ្នកសម្រេចតាមសមាជិកគ្រួសារនៃសព ដោយមានជម្រើស២៖ (ទី១) ធ្វើបុណ្យមានរយៈពេលយូរ រហូតដល់ដាច់ខែចេត្រ (អ្នកភូមិហៅថា ឆ្លងចេត្រ) (ទី២) គឺត្រូវយកសពទៅកប់រងចាំវេលាល្អ។ ចំពោះពិធីបុណ្យសព​គេធ្វើជាធម្មតា ប៉ុន្តែមានចំនុចមួយចំនួនដែលអាចារ្យធ្វើខុសពីបុណ្យសពដែលមិនស្លាប់ក្នុងខែចេត្រ ដូចជា៖

     (១). សពត្រូវយកទៅបញ្ចុះ

     (២). មិនត្រូវឱ្យព្រះសង្ឃមកសូត្រមន្តមុនពេលលើកដាក់ឡាន (រទះសាលី)

     (៣). អាចារ្យភ្លុកម្នាក់ត្រូវកាន់ចង្កូតឡាន (ធម្មតាអ្នកភូមិក៏អាចបញ្ជាចង្កូតបានដែរ)

     (៤). មិនតម្រូវឱ្យចាក់ភ្លេងហែសព

     (៥). មិនតម្រូវឱ្យគ្រួសារប្រាយលាជតាមផ្លូវ

     (៦). មិនត្រូវឱ្យមានបួសមុខភ្លើង ឬផ្នូរ

ចំនុចទាំងនេះ គឺជាទំនៀមដែលគេធ្វើចំពោះសពដែលត្រូវបញ្ចុះ។ រីឯសពដែលគេបុណ្យរហូតឆ្លងខែចេត្រ គឺនិងធ្វើពិធីផ្សេងៗជាធម្មតា។ ជាសង្ខេប នេះជាអត្ថបទអង្កេតដំបូងលើពិធីបុណ្យសពមនុស្សស្លាប់ក្នុងខែចេត្រ ក្នុងភូមិមួយចំនួនខាងលើនេះ។ យើងនិងសិក្សាឱ្យបានស៊ីជម្រៅលើកិច្ចផ្សេងៗក្នុងពិធីបុណ្យសពក្នុងខែចេត្រ ថាតើហេតុអ្វីបានជាអាចារ្យនៅតំបន់នោះតម្រូវអោយមានកិច្ចរបៀបនោះ។

———————–

Belief in the dead in the Khe Chet (Lunar Khmer month)

People in different areas of course often hold funerals for the dead according to their own views, characteristics, and family beliefs, especially follow the arrangements of the Achar Khmaoch. The funeral ceremony is usually held in different areas, regardless of time or place. On the other hand, villagers in the southern part of Siem Reap, especially Spean Chreav village, Kranh village, Krasaing Roleung village, Wat Po Krom village, Boeung village, Aranya Sakor village, etc., There are always different beliefs about human death. Each ceremony in the funerals always is decided by the four of Achar Yogis and Achar Phlouk. People in all of the above villages have a belief in the dead, especially related to the place where hold the ceremony. This article is going to draw on the belief in the dead in Khe Chet (Khmer month) at the southern part of Siem Reap, where villagers continue to practice their beliefs, customs, and traditions. Their beliefs about the above villagers are related to three types of death:

Death from illness at home
If a person becomes ill and waits for death then can no longer live for a long time. The family will organize a sutra or Dharma ceremony (called a sutra ceremony) by inviting one Achar Yogi and four Achar Plock to prepare various utensils for worship which keep them next to the believers and invited monks to pray (three times in the evening), whereas the group of Achar​ will sutras (Dharmmanun) for every evening and night until the patient died. Thus funeral ceremony can be held at home.

Death due to illness outside the home
If someone dies outside the home, we can say that the patient died in a hospital or other accident, then the body will be taken to the Dhammasala (usually in each of the above villages there is a Dhammasala for various ceremonies, including funerals) because they think it is not good for the family or bring unhappiness. However, some families take the corpse to be held the funeral ceremony at home, but they set up a shed by placing the corpse for the funeral.

Death by suicide (Taihong corpse)
Taihong corpse refers to a person who commits suicide by hanging. Most of the villagers do not take the body to the funeral at home and do not hold any big ceremony, just invite the monks and Achars to pray and then bury the body to wait for a good time to remove the bones to cremate again (called the Bone Funeral). Ordinarily, for bone funeral ceremonies, they are done together, with many bones being cremated next to each other, sometimes between 20 and 30 corpses. Importantly, they were not allowed to hang the bones of the corpse who had committed suicide by hanging, that is, the family of the deceased who died by hanging must perform a separate ceremony alone. In some areas (especially north of Angkor Thom), suicide corpses are often buried or burned where was suicide without the need for monks or Achars to pray, and if the cremation is done, the bone will be collected for further ceremonies.

Death in Khe Cheat
The people in these villages still strongly believe in the death of people, whether at home or outdoors (except for the Taihong corpse) in the Khe Chet ( Lunar Khmer month between March and April). It is a special point that we have never encountered in any other area. What is important is related to cremate and Pre Rub (which is one of the most important Bidhī Chlaṅ Văy​ in the Khmer life cycle). The corpse families often perform cremation and Pre Rub ceremony to preserve the bone or bury it in the stupa. But if a person dies during the Khe Chet (from 1 to 15 lunar Khmer months), Achar will not perform the cremation, because it is believed that the Khe Chet is a very hot month, it will afflict the soul of the corpse, especially lead very irritated to the family. A funeral ceremony can be arranged as usual. If a family has enough money to pay for the ceremony (sometimes 1 or 2 weeks or more), they will hold the funeral until the Khe Chet to be cremated and Pre Rub ceremony. For the poor or those who​ do not have the money to pay for a long funeral ceremony, they will bury the body and wait for a good time and dig out the bones to be cremated, and Pre Rub ceremony again. Thus, for people who die in the Khe Chet, the Achar decides on the family members of the corpse with two options: the first option is a long funeral ceremony until finishing the Khe Chet. The second is to bury the corpse and wait for a good time to hold the funeral ceremony. To the normal funeral ceremony, but there are some points that the Achar does differently from the funeral ceremony that does not die in the Khe Chet.

In summary, this is the first survey article on the funeral ceremony of the dead in Khe Chet of villages above. We will study in detail the various ceremonies of the funeral in the Khe Chet, why the Achar in the area requires such a ritual.

អត្ថបទដោយ៖ លោក សុខ កែវ សុវណ្ណារ៉ា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!