ទំព័រដើមប្រវត្តិសាស្ត្របុរាណវិទ្យាសំណាក​ផូស៊ីលសត្វ​សមុទ្រ​បុរាណ​ (២៥១-២៩៩លានឆ្នាំ)

សំណាក​ផូស៊ីលសត្វ​សមុទ្រ​បុរាណ​ (២៥១-២៩៩លានឆ្នាំ)

ការសិក្សា​ស្រាវ​ជ្រាវ​​ផូស៊ីល​ក្នុងប្រទេសកម្ពុជា បានចាប់ផ្តើមតាំងពី​ឆ្នាំ​២០១៩​​រហូតមក​ដល់​ពេល​នេះ​ គឺបានរកឃើញស្ថានីយ៍ផូស៊ីល​ចំនួន​២៤​ទីតាំង​។​ ក្នុង​នោះ​ភ្នំ​ដូងព្រះដែលស្ថិតនៅខេត្ត​​បន្ទាយ​មានជ័យ ​ក៏​ជា​ស្ថានីយ៍ផូស៊ីលមួយដែលបានរកសំណាកផូស៊ីលមួយចំនួនដ៏ជាទីចាប់អារម្មណ៍សម្រាប់ធ្វើការសិក្សា​ស្រាវ​ជ្រាវ​​។​ ​​ អត្ថបទនេះនឹងរៀបរាប់អំពីសំណាក​ផូស៊ីលសត្វសមុទ្របុរាណមួយ​​​ ដែលរកឃើញនៅទីតាំងខាងលើ ហើយសំណាកនេះនឹងគ្រោង​​ដាក់​តាំង​បង្ហាញ​នា​ពេលខាងមុខ​ សម្រាប់ជាចំណេះដឹងដល់ប្រជាជនខ្មែរអំពី ផូស៊ីល (រូបលេខ១-២​​)​។​ សំណាកផូស៊ីលបាន​ចុះលេខ​បញ្ជី​សំណាក​ MOE.Fossil.01​មាន​ន័យ​ថា​ ផូស៊ីល​ នៃ​ក្រសួង​បរិស្ថាន​ លេខ​០១​។

សំណាក​ផូស៊ីលសត្វ​សមុទ្រ​មួយ​ដុំ​ បាន​​យក​​មកពី​ភ្នំ​ដូង​ព្រះ​ ក្រុង​សិរី​សោ​ភណ្ឌ​ ខេត្ត​បន្ទាយ​​មាន​ជ័យ​កាល​ពី​ឆ្នាំ​២០១៩​។ ដោយ​ក្រុម​ការងារ​សិក្សា​ផូស៊ីល​ នៃ​នាយកដ្ឋាន​តំបន់​បេតិ​កភណ្ឌ​ អគ្គ​នាយកដ្ឋានសហគមន៍​មូល​ដ្ឋាន នៃ​ក្រសួង​បរិស្ថាន​។​ ផូស៊ីល​នេះ​ត្រូវ​បាន​​យក​ពី​ផ្ទាំង​ថ្ម​ ក្បែរ​កូន​ភ្នំ​តូច​មួយ​ ដែល​ត្រូវ​បាន​គេ​វាយ​យក​ថ្ម​ និង​ជា​ទីតាំង​ដែល​គេយក​អាចម៍ដី​។

ភ្នំ​ដូង​ព្រះ​ ជា​ប្រភេទ​ភ្នំ​ថ្ម​កំបោរ​ និង​លាយ​ប្រភេទ​ដី​ផ្សេងៗ​ ព្រម​ទាំងមាន​​ស្រទាប់​ដី​ច្រើន​ដែល​​ប្រែ​ប្រួលទៅ​តាម​សម័យ​កាល និង​ស្ថាន​ភាព​បរិស្ថាន​ក្នុង​សម័យ​កាល​នីមួយៗ​។​​​​ ភ្នំ​នេះ​មាន​កម្ពស់​ប្រមាណ​៧០​ម៉ែត្រ​ធៀប​ពី​នីវ៉ូ​ទឹក​សមុទ្រ និង​​ធ្លាប់​មាន​អតី​ត​កាល​នៅ​ក្នុង​សមុទ្រ​។​ យើង​បាន​រក​ឃើញ​សំណាក​​ផូស៊ីល​សត្វ​សមុទ្រ​ជា​ច្រើន​ប្រភេទ​ និង​មាន​ផូស៊ីល​ឈើ​ថ្ម​ផង​ដែរ​ ហើយ​ត្រូវ​បាន​​កំណត់​អាយុ​កាល ក្នុង​ស័ក​ទី​១(Paleozoic)​​ ​សម័យ Permian (251-299លានឆ្នាំ​)​ សំណាក​ផូស៊ីល​សត្វ​សមុទ្រ​ ដែល​កក​ជា​ថ្មកំបោរ​ មាន​ទំហ៊ំ ២៨​ស.ម​ ទំងន់​៣​គ.ក្រ មាន​សត្វ​៤​ប្រភេទ​នៅ​ក្នុង​នោះ​។​​ សត្វទាំង​ឡាយ​នេះ​បាន​រស់​នៅ​ក្នុង​រយៈ​ពេល​មួយបាន​កក​ក្តាំង​ជា​ស្រទាប់​ថ្ម​មួយដូចជា៖​ Bryozoa, Fusulina, Verbeekina verbeeki, and Bivalve។

Bryozoa ជា​ឈ្មោះ​សាខា (Phylum) ​មួយ​នៃ​អាណា​ចក្រ​សត្វ​ ដែល​ហៅ​ថា​ Phylum Bryozoa ។​ សម្រាប់​ប្រជា​ជន​កម្ពុជា​ គឺ​មិន​បាន​ហៅ​ទៅ​តាម​ពាក្យ​បច្ចេក​ទេស​ទេ​ យើង​តែង​ហៅ​ថា​​ផ្កា​ថ្ម​តែ​ម្តង​ តែ​ពួក​វា​ស្ថិត​នៅ​ក្នុង​សាខា​ផ្សេងគ្នា​។​ ផូស៊ីល​​ដែល​មើល​ទៅ​ហាក់​ដូច​ជា​ផ្កា​ថ្ម​ មាន​រាង​វែង​និង​មាន​បែក​ខ្នែងជា​ដើ​មចំនួន​៤​​ វា​ស្ថិត​នៅ​ក្នុង​សាខា Bryozoa នៃ​ថ្នាក់​ Stenolaemeta និង​មិន​ទាន់​​ដឹង​អំពី​ឈ្មោះ​របស់​វា​នៅ​ឡើយ​។​ វាអាចជា​​ Bryozoa តែ​មួយ​ ដែល​ផ្នែក​ខាង​គល់​មានអង្កត់​ផ្ចិត​២.២ស.ម​ ដោយពួក​នេះ​មាន​បែក​ខ្នែង​​ច្រើន​ ដូច​ផ្កា​ថ្ម​។​

Fusulina សត្វ​ដែល​មាន​សណ្ឋាន​ដូច​គ្រាប់​អង្ករ​ ទំហ៊ំ​ប្រ​មាណ​៥​ម.ម​។​ យើង​អាច​កំណត់​ Species ប្រភេទ Fusulina ស្ថិត​នៅ​​ក្នុង​គ្រួសារ​ (Family) Schwagerinidaeលំដាប់​ (Orders) Fusulininaសាខា (Phylum) Foraminifera បច្ចុប្បន្ន​នេះ​បាន​ដាច់​ពូជន៍។​ ក្នុង​សំណាក​នេះ​ ពពួក​Fusulina នេះ​មាន​ចំនួន​ច្រើន​ដែលកក​ក្តាំង​ជា​ថ្ម​​ មាន​ចំនួន​រាប់​ម៉ឺន​ កក​ស្រោប​ Bryozoa និង​បង្កើត​បាន​ជា​ស្រទាប់​ថ្ម​ដែល​មាន​កម្រាស់​ម្រមាណ៦​ស.ម​។​

Verbeekina verbeeki សត្វ​ដែល​មាន​រាង​ជា​ដុំ​មូល​ៗ​តូចៗ​ ប្រមាណ​៥​ម.ម​ Verbeekina verbeekiពពួក​នេះ​ក៏​ស្ថិត​នៅក្នុង សាខា (Phylum) Foraminifera ផង​ដែរ​។​ យើង​ឃើញ​ពួក​នេះ​រស់​នៅ​លាយឡំ​ជា​មួយ​​ Fusulina និង​ Bryozoa តែ​ក៏​មាន​ចំនួន​មិន​ច្រើន​។​ ចំណែក​នៅ​ផ្នែក​ម្ខាង​ទៀត​នៃ​ថ្ម​ ពួក​នេះ​បាន​ប្រ​មូល​ផ្តុំកក​ជា​ស្រាទាប់​ថ្មម្ខាង​​ ដែលមាន​ចំនួន​រាប់​រយ​។​

ពពួក​ ងាវ? ឬ​ Bivalve? វា​អាច​ជា​ប្រ​ភេទ​មួយ​នៃ​ពពួក​ងាវ​ តែ​វាមាន​ការ​ពិ​បាក​ក្នុង​ការ​ពិនិត្យ​ ដោយ​វា​មាន​ទំហ៊ំ​តូច ពេល​ខ្លះ​ក៏​មាន​ការ​ច្រឡំ​គ្នា​នឹង​ពពួក​សាខា​ (Phylum) Brachiopod​s ដែល​ទាម​ទារ​ឱ្យ​មាន​ការ​ពិនិត្យ​លំអិត ហើយ​ក៏​អាស្រ័យ​នឹង​ផូស៊ីល​មាន​លក្ខណៈ​គ្រប់​គ្រាន់​ដែរ​ទេ​ ។​

សរុប​មក​​​ សំណាក​ផូស៊ីល​ MOE.Fossil.01 ដែលជា​ថ្មកំបោរ​ ​មាន​កម្រាស់​៦ស.ម​ ជា​បំណែក​មួយ​នៃ​ស្រទាប់​ភ្នំ​ វា​បាន​កើត​ឡើង​​ដោយ​សារ​បណ្តុំនៃ​សត្វ​ Fusulina ដូច​គ្រាប់​អង្ករដែល​មាន​ចំនួន​ច្រើន​ជា​ង​គេ ​កកក្តាំង​ ​ស្រោប​ Bryozoa ជា​បន្ត​បន្ទាប់​ ដោយ​លាយ​ឡំ​ និង សត្វVerbeekina verbeeki ដុំ​មូល​ៗ​​តូច​ៗ ​និង​ងាវ​។​ Bryozoa ដែល​មាន​សណ្ឋាន​ដូច​ផ្កា​ថ្ម​នោះ វា​រស់​នៅ​លើ​ស្រទាប់​ដី​ ចំណែក​ពពួក​ Fusulina ពពួក​ Verbeekina verbeeki និង​ ងាវ​  ជាពពួក​ដែល​ចល័ត​ជា​ប្រចាំ។​ ពពួក​ Fusulina បាន​កក​ជា​បន្ត​បន្ទាប់​បាន​ជា​ស្រទាប់​ដី​មួយ​ ដែល​ក្នុង​សម័យ​កាល​មួយ​ ដែល​មាន​បរិស្ថាន​ដូច​គ្នា​ ការ​កក​នេះ​ក៏​បង្កើត​បាន​ជា​ស្រទាប់​ដី​មួយ​ក្រាស់​។ មួយ​ផ្នែក​ទៀត​ពេល​មួយ​ពពួក​ Verbeekina verbeeki មាន​ចំនួន​ច្រើន​ ក៏​បាន​កក​នៅ​ផ្នែក​ម្ខាង​នៃ​ស្រទាប់​នោះ​ និង​ក្រោយ​មក​ក៏​បាន​ក្លាយ​ជា​ស្រទាប់​ថ្ម​កំបោរ​។​ ​ពួក​នេះ​រស់​នៅ​ក្នុង​តំបន់​តែ​មួយ​ និង​មាន​ជម្រៅ​ទឹក​មិន​ជ្រៅ​ ដែល​ពួក​នេះ​អាច​រស់​នៅ​ ​និង​អាច​បង្កើត​បាន​ជា​ថ្ម​ប៉ប្រះ​ទឹក​។​ ក្រោយ​មក​មាន​ការ​ផ្លាស់​ផ្តូរបរិស្ថាន​នៃ​ការ​រស់​នៅ​ ដូច​ជា​ទឹក​រាក់​ ឬ​គោក​ ឬត្រល់​ទៅ​ទឹក​ជ្រៅ​វិញ ក៏​បង្កើត​បាន​ជា​ស្រទាប់​ថ្មី​។

អត្ថបទដើម៖ លោក លឹម វណ្ណច័ន្ទ

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!