ទំព័រដើមប្រវត្តិសាស្ត្របុរាណវិទ្យាស្ថានីយផូស៊ីល​សត្វសមុទ្រ​នៅភ្នំ​ជញ្ជាំង​

ស្ថានីយផូស៊ីល​សត្វសមុទ្រ​នៅភ្នំ​ជញ្ជាំង​

ភ្នំជញ្ជាំង​​​ជា​ស្ថានីយ៍​ផូស៊ីល​សត្វសមុទ្របុរាណ​​ មាន​ទីតាំង​​ស្ថិតនៅ​សង្កាត់​ទឹក​ថ្លា​ ក្រុង​សិរី​សោភ័ណ​ ខេត្ត​បន្ទាយ​មានជ័យ​។​ ភ្នំ​នេះ​ស្ថិត​នៅ​​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៦​ ហួស​សាលា​ខេត្ត​បន្ទាយ​មាន​ជ័យ ឆ្ពោះ​ទៅ​កាន់​ប៉ោយ​ប៉ែត នៅខាង​ស្តាំ​ដែ​ចូល​តាម​ក្លោង​ទ្វារ​វត្ត​ភ្នំ​ជញ្ជាំង។ ​ ក្នុង​ឆ្នាំ​២០១៩​ក្រុម​ការងារ​សិក្សា​ផូស៊ីល​របស់ក្រសួងបរិស្ថាន បានចុះ​​ពិនិត្យ​ និង​សិក្សា​បឋម​។ ក្រោយមកទៀត ភ្នំ​ជញ្ជាំងនេះ​​ត្រូវ​បាន​រាជ​រដ្ឋា​ភិបាល​ដាក់​ជា​តំបន់​បេតិ​ក​ភណ្ឌ​ធម្មជាតិ​ភ្នំ​ជញ្ជាំង​ ដោយមាន​អនុក្រឹត​លេខ​៦៥ អនក្រ.បក​ ចុះ​ថ្ងៃទី២៥ ខែ​ឧសភា​ ឆ្នាំ​២០២០ ដែល​មាន​ទំហ៊ំដី ១៩​ហិច​តា​។​ ​

ភ្នំ​ជញ្ជាំងជា​ប្រភេទ​ភ្នំ​ថ្ម​កំបោរ ត្រូវ​បាន​កំណត់​​អាយុកាល​ក្នុង​ស័ក​ទី១​ សម័យ​ Permian (២៥១-២៩៩លាន​ឆ្នាំ​)។ ភ្នំ​ជញ្ជាំង​មាន​លក្ខណៈ​ជាផ្ទាំង​ថ្មកំបោរ​​ធំៗ​ដូច​ជញ្ជាំង ដែល​មាន​ការវត្ត​មួយ​នៅ​ទីតាំង​នោះ​ផង​ដែរ។​ នៅ​ផ្នែក​ខាង​ក្រោយ​នៃ​ព្រះ​វិហារ​មាន​ផ្ទាំង​ថ្មធំៗ​​​ គឺកើត​ឡើង​ដោយ​សារ​កំណក​កំបោរ​ដែល​បាន​ពី​សារ​ធាតុ​កំបោរ​នៃ​ពពួក​សត្វ​សមុទ្រ​។​ អតី​តកាល​ដែល​ធ្លាប់​ជា​សមុទ្រ​កាលពី​រាប់​លាន​ឆ្នាំ​មុន​​ កំណក​បាន​កក​យ៉ាង​ក្រាស់​ជា​បន្ត​បន្ទាប់​ ដែល​អាច​បង្កើត​បាន​ជា​ផ្ទាំង​ថ្ម​យ៉ាង​ក្រាស់​ ដែលមាន​ភស្តុតាង​សត្វ​សមុទ្រ​មួយ​ចំនួន​កប់​នៅ​ក្នុង​នោះ​។​ ការ​សិក្សា​នៅ​ជា​ពត៌​មាន​បឋម​នៅ​ឡើយ​ និង​​បាន​រក​ឃើញ​ប្រ​ភេទ​សផូស៊ីល​សត្វ​សមុទ្រ​មួយ​ចំនួន​ដូច​ជា​៖

១.​ ពពួក​គ្រី​ណូអ៊ីត​ Crinoid (Class Crinodea)  ដែល​ក្រុម​នេះ​ស្ថិត​នៅ​ក្បែរ​ពពួក​ផ្កាយ​សមុទ្រ ( Class Ophiuroidea )​ និង​ពួក​កាំ​ប្រម៉ា​សមុទ្រ ( Class Cchinoidea) យើង​ក៏​ធ្លាប់​បាន​ចុះ​ផ្សាយ​លើក​មុន​ផង​ដែរ​ក្នុង​គេហទំព័រ​ AMS អរិយធម៌ខ្មែរ។​ ពពួក​សត្វ​គ្រី​ណូអ៊ីត​ ដែល​យើង​បាន​ឃើញ​នៅ​ភ្នំ​ជញ្ជាំង​នេះ​ ត្រូវបាន​កប់​ចូល​ក្នុង​សាច់​ថ្ម​។ មាន​ន័យ​ថា​ពពួក​នេះវាបាន​កើតមុន​ថ្ម​កំបោរ​តាំងពី​ពេល​ថ្ម​កំបោ​រ​នៅ​ជា​ដី​នៅ​ឡើយ​។​ សំខាន់​ត្រង់​ថា​កំណក​នៃ​ពពួក​គ្រី​ណូ​អ៊ីត​នេះ​ មាន​ចំនួន​ច្រើន​លើស​លប់​ ដែល​កក​បង្កើត​បាន​ជា​ថ្ម​ភ្នំ​យ៉ាង​ក្រាស់​។​ ពួក​​សត្វ​គ្រី​ណូអ៊ីត​នេះ​បាន​បន្ត​រស់​មក​ដល់​ពេល​បច្ចុប្បន្ន​ គ្រាន់​តែ​ពូជន៍​ផ្សេងគ្នា​តែ​ប៉ុណ្ណោះ​ក្នុង​ប្រទេស​កម្ពុជា​ក៏​នៅ​មាន​ផង​ដែរ។

២- ផ្កា​ថ្ម​ ដែលរកឃើញ​នៅ​ភ្នំ​បាក់​នេះ​ ស្ថិត​ក្នុងសាខា​ Filum Cnidaria, ចំណាត់​ថ្នា​ក់​ Class Scleractinia មាន​លក្ខណៈ​ប្រហាក់​ប្រហែល​និង​ផ្កា​ថ្ម​មួយ​ចំនួន​ដែល​មាន​មក​ដល់​ពេល​បច្ចុប្បន្ន​។​

៣-ខ្យង​ យើង​ក៏​បាន​រក​ឃើញ​ប្រភេទខ្យង​ខ្លះ​ ដែល​មាន​នៅ​តំបន់​នោះ​ផង​ដែរ​ គឺ​នៅ​ចំនុច​ជើង​ភ្នំ​ជញ្ជាំង​បន្ត​ទៅ​ភ្នំ​បាក់​។​ ខ្យង​នោះ​ ស្ថិត​នៅ​ក្នុង​សាខា​ នៃ​ Filum Mollusca ក្នុង​ចំណាត់​ថ្នាក់​ Class Gastropoda និង​មិន​ទាន់​កំណត់​ឈ្មោះ​វា​បាន​នៅ​ឡើយ​។​ នេះក៏អាច​បញ្ជាប់​អំពី​វត្ត​មាន​ដ៏​ចំណាស់​នៃ​ប្រភេទ​ខ្យង​សមុទ្រ​ មួយ​ប្រភេទ​នេះ​លើ​តំបន់​នៃ​ភ្នំ​ជញ្ជាំង​ផង​ដែរ​។​

៤-​អាម៉ូនីត ជា​ប្រភេទ​សត្វ​ដែលមាន​លក្ខណៈ​ប្រហាក់​ប្រហែល​ខ្យង​ យើង​មិន​ទាន់​មាន​ពាក្យ​ប្រើ​ប្រាស់​ជា​ភាសា​ខ្មែរ​នោះ​ទេ។​  ពពួក​នេះ​ក៏​ស្ថិត​នៅ​ក្នុង​ សាខា Filum Mollusca ជា​មួយ​ពពួក​ខ្យង​ និង​លាស​​ផង​ដែរ​ គ្រាន់​តែ​ខុស​ចំណាត់​ថ្នាក់​តែ​ប៉ុន្នោះ ដែលហៅ​ថា Class Cephalopoda​។​ អាម៉ូនីត​ដែល​បាន​រក​ឃើញ​នៅ​ភ្នំ​បាក់​នេះ រក​ឃើញ​នៅ​ផ្នែក​ខាង​ជើង​ នៃ​ជើង​ភ្នំ​ជញ្ជាំង​​ មាន​ទំហ៊ំ​ប្រមាណ​៤​ស.ម និង​មាន​ស្នាម​កន្ទួក​ដុំៗ​នៅ​លើ​សំ​បក​ មាន​ទម្រង់​ប្រហាក់​ប្រហែល​ខ្យង​តែ​មាន​រាង​សំប៉ែត។

៥-​ អា​ម៉ូនីតមួយ​ប្រភេទ​ទៀត​ ដែល​មាន​រូប​រាង​ផ្សេង​មាន​ស្នាម​ឆ្នូតៗ​ទទឹងខ្លួន​ មាន​ទំហ៊ំ​ប្រមាណ​៨ស.ម​ ស្ថិត​ក្នុង​ Filum Mollusca និង​ Cl​ass Cephalopoda​(រូបលេខ៦) ​។​ ​ចំនុច​ទាំង​ឡាយ​ដែល​បាន​បង្ហាញ​ខាង​លើ​ជា​ផ្នែក​មួយ​នៃ​ពត៌​មាន​បឋម​ ដែល​បាន​រក​ឃើញ​ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ​អំពី​ផូស៊ីល​នៅ​កម្ពុជា​។​ ភ្នំ​ជញ្ជាំង​ជា​ស្ថានីយ​ផូស៊ីល​សត្វ​សមុទ្រ​ ដែល​មាន​តម្លៃ​សម្រាប់​ការ​សិក្សា​ស្រាវ​ជ្រា​វ​ជី​វៈ​ចម្រុះ​សម័យ​បុរាណ​ សម្រាប់​​ផ្នែក​វិទ្យាសាស្ត្រ និង​ការ​អប់​រំ​ និង​ការ​វិវត្ត​នៃ​ប្រ​វត្តិសាស្ត្រធម្មជាតិ​របស់​ប្រទេស​កម្ពុជាតាំង​​ស័ក​ទី​១​ Paleozoic ក្នុង​សម័យ​ Permian (២៥១-២៩៩លាន​ឆ្នាំ​)។​

អត្ថបទដើម៖ លោក លឹម វណ្ណច័ន្ទ

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!