ទំព័រដើមប្រវត្តិសាស្ត្រប្រាសាទរកាជន្លឹង

ប្រាសាទរកាជន្លឹង

ប្រាសាទរកាជន្លឹង មានទីតាំងនៅភូមិជន្លឹង ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។​ តាមលោក ឡាហ្សង់ហ្គីយ៉េ ពិពណ៌នាថា ប្រាសាទនេះមានប្រាង្គចំនួន៣ ធ្វើពីថ្មបាយក្រៀម មានប្លង់រាងជាការ៉េ បែរមុខទៅទិសខាងកើត និងឈរជាជួរត្រង់តាមអ័ក្សជើងត្បូង។ ជាក់ស្តែង ប្រាង្គរបស់ប្រាសាទនេះនៅឃើញមាន២ គឺខាងត្បូង និងកណ្តាល ដែលធ្វើពីថ្មបាយក្រៀម (លីម៉ូនីត) លំអដោយគ្រឿងស្ថាបត្យកម្មជាថ្មភក់ពណ៌ប្រផេះ។ នៅខាងជើងបង្អស់មានគ្រឹះរបស់ប្រាង្គមួយទៀតធ្វើពីឥដ្ឋ និងស៊ុំទ្វារនៅខាងកើតធ្វើពីថ្មភក់ពណ៌ប្រផេះ។ សំណង់ខាងជើងនេះរលំបាក់ស្ទើរអស់ទៅហើយ។

តាមរចនាសម្ព័ន្ធជាក់ស្តែងបង្ហាញថា ប្រាង្គទាំង៣របស់ប្រាសាទនេះមិនត្រូវបានសាងសង់ក្នុងពេលជាមួយគ្នានោះទេ ពោលគឺប្រាង្គខាងត្បូង និងកណ្តាលអាចជាប្រាង្គដែលកសាងជាមួយគ្នា រីឯប្រាង្គខាងជើងដែលបាក់រលំនោះអាចត្រូវបានសាងសង់មុន (ប្រាសាទដើម) ឬជាសំណង់ក្រោយ។ មូលហេតុគឺថា៖

-សម្ភារៈសំណង់របស់ប្រាង្គខាងត្បូងនិងកណ្តាលដូចគ្នា គឺថ្មបាយក្រៀម និងថ្មភក់

-សម្ភារៈសំណង់ខាងជើង គឺឥដ្ឋ និងថ្មភក់

-ប្រាង្គខាងត្បូង និងកណ្តាលសង់នៅលើខឿនថ្មបាយក្រៀមដាច់ដោយឡែកពីប្រាង្គខាងជើង

ចំនុចនេះ យើងអាចសន្និដ្នានបានថា សំណង់ប្រាង្គខាងជើងអាចជាប្រាសាទចាស់មួយ ក្រោយមកបានរលំបាក់អស់ទៅ។ ក្រោយមក គេបានមកស្ថាបនាប្រាង្គ២ផ្សេងទៀតនៅខាងត្បូងប្រាង្គប្រាសាទចាស់នេះ ហើយគោលបំណងនៃការស្ថាបនាប្រាសាទថ្មីនេះ គឺគេកសាងតែប្រាង្គ២សំខាន់ប៉ុណ្ណោះ អាចជាប្រាសាទសំរាប់ព្រះវិស្ណុ ព្រោះតាមចំលាក់នៅលើផ្តែរខាងជើងរបស់ប្រាង្គខាងត្បូងបង្ហាញអំពីចំលាក់រឿងកូរសមុទ្រទឹកដោះ។

១. ប្រាង្គខាងត្បូង  

ប្រាង្គខាងត្បូងសង់នៅលើកំរាល​ ឬខឿនថ្មបាយក្រោមជាមួយនិងប្រាង្គកណ្តាល តួធ្វើអំពីថ្មបាយក្រៀម និងមានទ្វារនៅទិសខាងកើត អមដោយទ្វារបញ្ឆោត៣ផ្សេងទៀតនៅតាមទិសនីមួយៗ។ គ្រឿងរបស់ទ្វារទាំងនេះ រួមមានស៊ុំទ្វារ សសរផ្អោប សសរពេជ្រ និងផ្តែរសុទ្ធសឹងតែធ្វើអំពីថ្មភក់ពណ៌ប្រផេះទាំងអស់។ ចំណែកហោជាងធ្វើអំពីថ្មបាយក្រៀមដូចតួប្រាសាទដែរ។ សព្វថ្ងៃ ប្រាង្គនេះបានរលំបាក់អស់នៅផ្នែកកំពូល គឺនៅសល់ប្រហែលកំពស់៥ម៉ែត្រពីខឿនខាងក្រោម។ ប្លង់ខាងក្នុងរបស់ប្រាង្គនេះមានរាងការ៉េ ឯខាងក្រៅមានរាងជាការ៉េដែរ តែមានជ្រុងចំនួន៥ផ្នត់តាមជ្រុងនីមួយៗ។ សសរផ្អោបរបស់ប្រាង្គនេះធ្វើអំពីថ្មភក់ ដោយមានចែកចេញជាក្បាលសសរ តួសសរ និងបាតសសរ។ ក្នុងចំណោមសសរផ្អោបទាំង៤ទិសនេះ មានតែសសរផ្អោបនៅទ្វារខាងកើត និងខាងជើងទេដែលមានក្បាច់លំអ រីឯសសរផ្អោបនៅទ្វារខាងត្បូង ​និងខាងលិចមិនមានក្បាច់លំអទេ ប្រហែលធ្វើមិនទាន់រួច។

សសរពេជ្ររបស់ទ្វារខាងកើតបានបាត់អស់ នៅសល់តែសសរពេជ្រនៅតាមទ្វារបញ្ឆោទទាំង៣។ ដូចនេះសសរពេជ្រដែលនៅសល់មានចំនួន៦​ ធ្វើអំពីថ្មភក់ពណ៌ប្រផេះ និងមានក្បាច់លំអដូចគ្នាទាំងអស់។ សសរពេជ្ររបស់ប្រាង្គនេះមានរាង៦ជ្រុង (បញ្ចកោណ) ចែកចេញជាក្បាច់ចិញ្ចៀន១/២ ១/៤ ក្បាលសសរ ជើងសសរ និងបាតសសរ។

ផ្តែររបស់ទ្វារខាងកើតបានបាត់ទៅហើយ នៅសល់តែផ្តែរលើទ្វារបញ្ឆោទទាំង៣ទិសប៉ុណ្ណោះ។ ផ្តែរទាំង៣នេះមានទំហំប៉ុនៗគ្នា តែមានក្បាច់លំអខុសៗគ្នា។ ផ្តែរទ្វារខាងត្បូងនៅស្ថានភាពល្អស្ទើរ៨០ភាគរយ ដែលអាចអោយយើងធ្វើការសិក្សាវិភាគលើក្បាច់លំអ និងរចនាបថសិល្បៈរបស់ផ្តែរនេះបាន។ វត្តមាននៃក្បាច់មេដាយ៉ុងនៅចំកណ្តាលផ្ទៃផ្តែរ បង្ហាញពីចំលាក់ក្បាលសត្វតោ ឬសត្វចំលែក ឬកាលា ដែលមានខ្ជាក់ក្បាច់ដងធ្នូចេញពីមាត់បែរទៅរកខាងក្រៅនៃផ្ទៃផ្តែរ។ ក្បាលសត្វនេះស្ថិតនៅខាងក្រោមនៃផ្ទៃផ្តែរ និងមានដៃពីរចាប់កាន់ផ្នែកខាងគល់នៃក្បាច់ដងធ្នូ ដែលជាលក្ខណៈពិសេសដែលគេឃើញលេចចេញយ៉ាងច្បាស់ក្នុងរចនាបថឃ្លាំង។ រីឯផ្តែរខាងលិចនៅមានស្ថានភាព៦០ភាគរយ ដែលយើងអាចសិក្សាពិពណ៌នាបាន។ ផ្នែកកណ្តាលរបស់ផ្តែរបានសិករេចរិលអស់ ជាហេតុមិនអាចអោយយើងដឹងថាមានចំលាក់ ឬជារូបអ្វីដូចផ្តែរខាងត្បូងបានទេ។ ចំពោះក្បាច់ដងធ្នូ ផ្ទៃខាងលើ ផ្ទៃខាងក្រោម និងក្បាច់ចុងនៃក្បាច់ជួង គឺមានចំលាក់ដូចគ្នាទៅនិងផ្តែរខាងត្បូង តែនៅលើចុងសង្ខាងនៃដងធ្នូមានលេចចេញនូវចំលាក់សត្វសេះឈរបែរមុខចូលទៅរកផ្ទៃផ្តែរ។ ចំណែកគែមខាងលើរបស់ផ្តែរមានឆ្លាក់ជាបាច់ផ្កា ឬជាគុបភ្លើងមួយជួរ មានចំនួនប្រហែល២៧។ គែមខាងលើ និងផ្ទៃផ្តែរខ័ណ្ឌដាច់ពីគ្នាដោយក្បាច់ពងត្រីមួយជួរ។ ចំណែក ផ្តែរខាងជើងនៅមានស្ថានភាពស្ទើរមួយរយភាគរយ ដែលបង្ហាញពីឈុតនៃរឿងកូរសមុទ្រទឹកដោះពេញផ្ទៃផ្តែរតែម្តង។ នៅផ្នែកកណ្តាលខាងក្រោមជារូបសត្វអណ្តើក បែរក្បាលមកខាងស្តាំនៃផ្តែរ ទ្រក្បាច់សន្លឹកត្រួតលើគ្នា (ប្រហែលតំណាងអោយភ្នំមណ្ឌរ) ហើយមានសត្វសេះមួយលេចចេញពីផ្នែកខាងក្រោយនៃអណ្តើក និងទេព(ស្រី)ម្នាក់នៅក្បែរក្បាលអណ្តើក។ បន្តទៅលើនៃខ្នងអណ្តើក គឺជាត្រគួចនៃខ្លួនពស់ (វសុគី) និងមានទេពមួយ (អាចជាព្រះវិស្ណុ ព្រោះមានដៃពីរនៅផ្នែកខាងឆ្វេង មួយអោបក្បាច់សន្លឹក និងមួយទៀតបានបាក់បាត់) នៅពីលើខាងឆ្វេងក្នុងកាយវិការអោបក្បាច់សន្លឹកត្រួតលើគ្នា។ នៅខាងស្តាំ ខាងក្រោមមានរូបទេព (ស្រី) មួយទំនងជាកាន់ថូ (ទឹកអម្រឹត) និងខាងលើជាទេពមួយអង្គុយបញ្ឈរជង្គង់ស្តាំ ដោយដៃស្តាំដាក់លើជង្គង់ និងដៃឆ្វេងដាក់លើភ្លៅឆ្វេង។ ទេពនេះអង្គុយក្នុងរង្វង់មូលមួយ គឺអាចជាព្រះសូរ្យ។ ចំពោះពស់វាសុគី គឺមានក្បាល៣ ស្ថិតនៅផ្នែកខាងស្តាំនៃផ្តែរ ហើយកាន់ទាញដោយពួកអសុរចំនួន៤។ នៅខាងក្រោមក្បាលពស់មានអសុរតូចមួយផ្សេងទៀត។ ចំណែកពួកសុរកាន់ផ្នែកដងខ្លួនរហូតដល់កន្ទុយ មានចំនួន៤ដែរ និងមានទេពតូចមួយទៀតនៅកាន់ក្រោមកន្ទុយពស់។ នៅចន្លោះអសុរ និងសុរនីមួយៗ មានក្បាច់ផ្កាឈូករីក និងផ្កាឈូកក្រពុំ។ រីឯខាងក្រោមក្បែរជើងអសុរ និងសុរ គឺមានចំលាក់ជាសត្វត្រី។​ ការឆ្លាក់រឿងកូរសមុទ្រទឹកដោះនៅលើផ្តែរនៃទ្វារខាងជើងបែបនេះ គឺមានដូចគ្នាដែរនៅប្រាសាទតាទួតនៃក្រុមព្រះពិធូ។

ទ្វារទាំង៤របស់ប្រាង្គខាងត្បូងនេះសុទ្ធតែធ្វើពីថ្មភក់ពណ៌ប្រផេះ។ ទ្វារខាងកើតជាទ្វារចូល គឺផ្គុំឡើងដោយដុំថ្មចំនួន៤ដុំរៀបបន្តុំលើគ្នាជាស៊ុំមួយ។ ចំពោះទ្វារបញ្ឆោទ៣ផ្សេងទៀតជា ទ្វារបិទជិត ផ្គុំឡើងដោយផ្ទាំងថ្មភក់បញ្ឈរ (មានពី៣ទៅ៤ផ្ទាំង) ជាប់គ្នា និងឆ្លាក់ចេញជារាងទ្វារ ដោយមានក្បាច់លំអជាខ្សែពកផត បញ្ឈរនិងផ្តេកជុំវិញ។ នៅចំកណ្តាលនៃបន្ទះសន្លឹកទ្វារ គេឆ្លាក់ចេញជាក្បាច់ដុំរាងការ៉េ មានចំនួន៥ពីលើចុះក្រោម។

តាមភស្តុតាងជាថ្មភក់នៅលើក្បាលសសរផ្អោបនៃទ្វារចូលខាងកើតបញ្ជាក់ថា ហោជាងរបស់ទ្វារខាងកើតត្រូវបានសាងឡើងអំពីថ្មភក់ពណ៌ប្រផេះ ព្រោះនៅមានថ្មដែលមានចំលាក់ជាក្បាលមករខ្ជាក់នាគ។ ចំណែកឯហោជាងនៅតាមទិសទាំង៣ផ្សេងទៀត គឺប្រហែលធ្វើអំពីថ្មបាយក្រៀមដូចប្រាង្គតែម្តង។ ហោជាងទាំង៣នេះពុំមានចំលាក់អ្វីទេ គឺប្រហែលជាមានការប្រើប្រាស់កំបោរបាយអរបន្ថែមសំរាប់ធ្វើក្បាច់លំអ។

២. ប្រាង្គកណ្តាល

ប្រាង្គកណ្តាលមានទ្រង់ទ្រាយ និងប្លង់ដូចគ្នាទៅនឹងប្រាង្គខាងត្បូងដែរ តែមានទំហំតូចជាងប្រាង្គខាងត្បូងបន្តិច។ ម្យ៉ាងទៀត ស្ថានភាពសព្វថ្ងៃរបស់ប្រាង្គនេះ គឺបាក់រលំបាត់អស់ នៅសល់ត្រឹមតួដែលមានកំពស់ប្រហាក់ប្រហែលនឹងប្រាង្គខាងត្បូងដែរ។ រចនាសម្ព័ន្ធរបស់វាសុទ្ធសឹងតែធ្វើអំពីថ្មបាយក្រៀមទាំងអស់ ទាំងសសរផ្អោប សសរពេជ្រ ហោជាង ផ្តែរ និងទ្វារបញ្ឆោទ។ លើកលែងតែស៊ុំទ្វារ សសរពេជ្រ និងផ្តែររបស់ទ្វារខាងកើត ត្រូវបានសាងឡើងពីថ្មភក់ពណ៌ប្រផេះ។

សសរពេជ្ររបស់ប្រាង្គកណ្តាលនេះមានរូបរាង និងក្បាច់ដូចគ្នាទាំងស្រុងជាមួយនិងសសរពេជ្ររបស់ប្រាង្គខាងត្បូង តែខុសគ្នាត្រង់ទំហំ (តូចជាងប្រាង្គខាងត្បូង)។ សសរពេជ្ររបស់ប្រាង្គនេះមានរាង៦ជ្រុង (បញ្ចកោណ) ចែកចេញជាក្បាច់ចិញ្ចៀន១/២ ១/៤ ក្បាលសសរ ជើងសសរ និងបាតសសរ។

ផ្តែរទ្វារខាងកើតមានលក្ខណៈស្រដៀងគ្នាជាមួយផ្តែរទ្វារខាងត្បូងរបស់ប្រាង្គខាងត្បូងដែរ តែមានចំណុចខុសមួយចំនួនដូចជា៖ (១)មានទំហំតូចជាង (២)ផ្ទៃខាងលើនៃផ្តែរមានក្បាច់កន្ទុយហង្សតូចជាង តែមានចំនួន៥ក្នុងម្ខាងៗ (ផ្តែរប្រាង្គខាងត្បូងមានតែ៤ទេ) (៣) លើក្បាលកាលាជារូបទេពជិះលើដំរីក្បាល១ ជាព្រះឥន្ទ្រ (៤) ពុំមានគែមខាងលើទេ (ផ្តែរប្រាង្គខាងត្បូងមានរូបហង្ស១ជួរ)។

ស៊ុំទ្វារខាងកើតធ្វើអំពីថ្មភក់ពណ៌ប្រផេះ មានចំនួន៤ដុំ​ផ្គុំភ្ជាប់ និងបន្តុបលើគ្នា។ សព្វថ្ងៃ ផ្នែកខាងលើនៃស៊ុំទ្វារនេះបាក់ជាពីរកំណាត់ តែស្ថិតនៅទីតាំងដើមដដែល។ ចំណែកស៊ុំទ្វារបញ្ឆោទ៣ផ្សេងទៀត គឺធ្វើអំពីថ្មបាយក្រៀម ដោយគេឆ្លាក់អោយចេញរាងជាទ្វារ។

៣. ប្រាង្គខាងជើង

ប្រាង្គខាងជើងជាប្រាង្គតូចមួយ ដែលបច្ចុប្បន្ននៅសល់តែផ្នែកខាងក្រោមបន្តិច ជាមួយនិងស៊ុំទ្វារខាងកើតសាងអំពីថ្មភក់ពណ៌ប្រផេះ។ តាមស្ថានភាពជាក់ស្តែង ប្រាង្គនេះត្រូវបានកសាងឡើងអំពីឥដ្ឋ នៅដាច់ដោយឡែកពីប្រាង្គខាងត្បូង និងកណ្តាល (នៅលើខឿមរួមគ្នាធ្វើអំពីថ្មបាយក្រៀម) មានទ្វារចូលពីទិសខាងកើត និងទ្វារ បញ្ឆោទនៅទិសទាំង៣ផ្សេងទៀត។ ប្រាង្គនេះពុំមានបន្សល់អ្វីជាសំខាន់សំរាប់ការសិក្សាលើរចនាសម្ព័ន្ធ និងរចនាបថសិល្បៈរបស់វាទេ។ តែតាមសំភារៈសំណង់ ប្រាង្គខាងជើងអាចជាប្រាសាទចាស់មួយ មុនប្រាង្គខាងត្បូង​ និងកណ្តាល។

សង្ខេបអត្ថបទ ជាសង្ខេបយើងឃើញថា រកាជន្លឹងជាប្រាសាទមានប្រាង្គ៣ ដែលអាចកសាងក្នុងពេលខុសគ្នា។ ប្រាង្គខាងជើង ជាប្រាង្គសាងអំពីឥដ្ឋលាយថ្មភក់ (ស៊ុំទ្វារ) អាចត្រូវបានស្ថាបនាមុន ហើយអាចមានប្រាង្គមួយឬពីរនៅក្បែរនោះដែរ តែក្រោយមកបានរលំបាក់បាត់អស់។ ក្រោយមក គេបានស្ថាបនាប្រាង្គ២ថ្មី ពីថ្មបាយក្រៀម និងថ្មភក់នៅខាងត្បូង។ តាមចម្លាក់នៅលើផ្តែរ បង្ហាញថាប្រាង្គទាំង២នេះអាចត្រូវបានស្ថាបនាក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី១ (១០០២គ.ស ដល់១០៥០គ.ស) ឬក្នុងរចនាបថឃ្លាំង ដើម្បីឧទ្ទិសដល់ហិណ្ឌូសាសនា និកាយព្រះវិស្ណុ។ ទោះយ៉ាងណា យើងពុំមានសិលាចារឹកបង្ហាញអំពីការស្ថាបនាប្រាសាទ ឬប្រាង្គទាំងនេះទេ។

——————————————–

Roka Chanlerng Temple

Roka Chanlerng temple locates in Roka Chanlerng village. Roka Chanlerng commune, Sithor Kandal district, Kandal province. According to De Lajonquiere, the temple has 3 shrines made of laterite with a square plan base and face east. Presently, there are two shrines are remaining, the south and the central shrine, which made of laterite with architectural decoration made of sandstone. The north shrine made of brick with a sandstone door frame. 

Based on an architectural structure, the south and the middle shrines were built in the same period. In contrast, the north shrine which is in ruin condition was probably built before these two shrines. The reason is both shrines in the south and middle built with the same materials, laterite and sandstone and share the same base. However, the north built of brick and sandstone. The brick shrine probably built first in this location. However, due to bad condition, the other two were built in the south and dedicated to Lord Vishnu based on the relief of churning the ocean on the milk. 

1. Southern Shrine

The south shrine shares the same laterite base with the middle shrine. It faces east and has three false doors in the other 3 directions. It has a door frame, column, small column and the lintel made of grey sandstone. The roof has broken and remains only about 5 meters’ height from the floor. Significantly, only the columns in the east and the north have decoration. The rest of the columns might be unfinished. Both small columns in the east were missing, only 6 small columns on the 3 false doors are remaining. The small columns made of octagonal shape.

Similarly, the lintel in the east was missing, but the three on the false doors are remaining. The lintel at the south is still in a good condition. It has a medal in the centre with a head of Gala spits out the bow shape garland, which is in Khleang style. The lintel in the west is not having good condition. The decoration is slightly similar to the south lintel. However, the significantly about this lintel is the horses who are facing inward. The upper edge decorated with 27 flowers or torches. The north lintel is in good condition. It shows the scene of churning the ocean of milk. The scene presents the turtle, mount Mundar, the horse, a female deity, Vasuki (the snake) and a male deity might be Vishnu. Also, there is a female deity who holds a jar, sitting male deity who has a circle at the back. He is might be the sun. There are four Suras and Asuras on each side with one deity holds the tail of Vasuki. 

2. The central Shrine

The central shrine has a similar plan as the south shrine, but slightly smaller. It has a very bad condition and remains about 5 meters’ height from the floor. It made of laterite and has sandstone decoration such as door-jam, small column and lintel. The small columns are the same as the small columns in the southern shrine. Also, it has octagonal shape columns. The lintel on the eastern door is similar to the lintel at the southern shrine. The door-jam made of grey sandstone and there are 4 blocks of stone piled on one another. However, the other 3 false door-jams made of laterite. 

3. Northern Shrine 

The north shrine is small and remains just the lower part and door-jam made of grey sandstone. The temple made of brick and stands slightly away from the other two. It has main door faces east and has 3 false doors. It does not have a significant architectural element to study. However, remaining fragments could be suggested the temple was built before the south and the middle shrine.  In conclusion, the two temples, the south and the middle shrine could be built in the reign of King Suryavarman I (1002-1050 CE) based on the lintels. It was dedicated to Lord Vishnu. However, there is no information from the inscription.

អត្ថបទដើម៖ លោក សុខ កែវ សុវណ្ណារ៉ា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!