ទំព័រដើមប្រវត្តិសាស្ត្រការបន្តប្រើប្រាស់ស្ថាននាមបុរាណ

ការបន្តប្រើប្រាស់ស្ថាននាមបុរាណ

ក្នុងអត្ថបទខ្លីមួយនេះ ខ្ញុំសូមលើកជាឧទាហរណ៍មួយចំនួនអំពីស្ថាននាមបុរាណដែលមានបង្ហាញក្នុងសិលាចារឹក ហើយត្រូវបានប្រជាជនខ្មែរនៅតែបន្តហៅដោយពុំចាប់អារម្មណ៍ថា ឈ្មោះរបស់ទីតាំងទាំងនោះគឺលេចមានឡើងតាំងពីសម័យបុរាណមកម្ល៉េះ។ ផ្ទុយពីនេះ ស្ថាននាមបុរាណយ៉ាងច្រើនលើសលប់ត្រូវបានខ្មែរបំភ្លេចចោល ហើយព្យាយាមបង្កើតឈ្មោះថ្មីទៅតាមបុគ្គលដែលមកកសាងសមិទ្ធិផលថ្មី ឬអ្នកដែលនៅចាំយាម ឬគ្រប់គ្រងកន្លែងណាមួយ។ ដោយសារតែស្ថាននាមបុរាណមានច្រើន ដូចនេះ ក្នុងអត្ថបទនេះនិងបង្ហាញតែស្ថាននាមមួយចំនួនក្នុងតំបន់អង្គរ (សៀមរាប) មានដូចជា៖ ភ្នំក្រោម ប្រាសាទត្រពាំងល្ពៅ និងទួលផ្នៅ។

   ១.ភ្នំក្រោម

ភ្នំក្រោម ជាកូនភ្នំធម្មជាតិមួយដែលស្ថិតនៅខាងត្បូងបង្អស់នៃតំបន់អង្គរ សណ្តូកស្របតាមមាត់បឹងទន្លេសាប ពីទិសពាយ័ព្យទៅអាគ្នេយ៍ កម្ពស់ប្រហែល១៤០ម៉ែត្រ មានចម្ងាយប្រហែល១២គ.មពីក្រុងសៀមរាប។  នៅលើខ្នងភ្នំនេះមានប្រាសាទ១ដែលមានប្រាង្គចំនួន៣ តំណាងឱ្យទេពចម្បងទាំង៣ក្នុងហិណ្ឌូសាសនា (ត្រីមូរតិ) គឺកណ្តាលសម្រាប់ព្រះសិវៈ ខាងជើងព្រះវិស្ណុ និងខាងត្បូង គឺព្រះព្រហ្ម។ ប្រាសាទនេះត្រូវបានស្ថាបនាឡើងក្នុងរាជ្យព្រះបាទយសោវរ្ម័នទី១ (៨៨៩គ.សដល់៩១០គ.ស) គឺដំណាលគ្នាជាមួយប្រាសាទភ្នំបាខែង និងប្រាសាទភ្នំបូក។ តាមសិលាចារឹកប្រាសាទឥន្ទ្រកោសីយ​ K.262 បង្ហាញថា ភ្នំនេះនាសម័យបុរាណគេហៅថា វ្នំករោម (ភ្នំក្រោម) គឺជាឈ្មោះដើមដែលបន្តរហូតមកដល់បច្ចុប្បន្ន គ្រាន់តែផ្លាស់ប្តូរពី វ្នំ ទៅ ភ្នំ និងពី ករោម ទៅក្រោម។ វាជាសិលាចារឹកតែមួយគត់ដែលបង្ហាញពីឈ្មោះនេះ ហើយយើងអាចសន្និដ្ឋានបានថាជាឈ្មោះវ្នំក្រោមនេះ ជាឈ្មោះដើមរបស់ភ្នំក្រោមសព្វថ្ងៃ។ បើយើងប្រៀបធៀបទៅនិងឈ្មោះដើមរបស់ប្រាសាទភ្នំបាខែង ដែលគេហៅថា វ្នំកន្តាល (ភ្នំកណ្តាល) និងភ្នំបូក (ប្រហែលឈ្មោះដើមហៅថា ភ្នំផ្កោប) គឺភ្នំបាខែងនៅចំកណ្តាល ភ្នំបូកនៅខាងលើ(ជើង) និងភ្នំក្រោមនៅខាងក្រោម (ត្បូង)។    

២.ប្រាសាទត្រពាំងល្ពៅ

 ប្រាសាទត្រពាំងល្ពៅ មានទីតាំងនៅខាងលិចប្រាសាទអង្គរវត្ត ឈៀងខាងត្បូងបន្តិចពីអ័ក្សផ្លូវ ត្រង់ចេញពីក្លោងទ្វារខាងលិចរបស់ប្រាសាទអង្គរវត្ត។ ប្រាសាទនេះសាងពីឥដ្ឋលម្អដោយថ្មភក់ មានប្រាង្គ៣ ឈរត្រង់ជួរជើងត្បូង។ បើយើងពិនិត្យរចនាសម្ព័ន្ធបែបនេះ គឺជាការឧទ្ទិសដល់ទេពទាំង៣ ដូចប្រាសាទភ្នំក្រោមដែរ។ ប៉ុន្តែប្រាង្គទាំង៣បានបាក់រលំស្ទើតែទាំងស្រុងអស់ហើយ នៅសល់តែគ្រោងស៊ុំទ្វារ ផ្តែរ សសរពេជ្រ និងជញ្ជាំងមួយផ្នែកប៉ុណ្ណោះ។ ប្រាសាទនេះត្រូវបានប្រជាជនក្នុងតំបន់ និងការចុះបញ្ជីរបស់លោក ឌឺឡាហ្សង់ហ្គីយ៉េ ហៅថា ប្រាសាទត្រពាំងរពៅ (ល្ពៅ)។ ប៉ុន្តែ បច្ចុប្បន្ននេះ មានបុគ្គលមួយចំនួនបានកែប្រែឈ្មោះប្រាសាទនេះទៅជា ប្រាសាទនាងពៅ

 តាមសិលាចារឹក K.690 នៅលើស៊ុំទ្វារខាងត្បូងរបស់ប្រាង្គខាងត្បូងបង្ហាញពីការមកធ្វើពិធីស្បថដល់ទីប្រាសាទនេះ ដោយសារមានបញ្ហាដីធ្លីរបស់ទេពឬប្រាសាទនៅឯត្រវាងរវ្វៅ ។ ក្រោយមក គេបានសង់គោលដីដល់ទេពនៅ ត្រវាងរវ្វៅ នោះវិញ។  

          …នុ ម្រតាញ ឝិវ(២៦)វ្រាហមណ ខ្លោញ ចាញ ប្រេ មោក មេល អំរុង ភូមិ វ្នំ កន្តា(២៧)ល ត វ្យត្ត គិ ម្រតាញ……..បិ…. ត វ្រះ (២៨) កម្រតេង អញ អាយ ត្រវាងរវ្វៅ នុ​ ភូមិ ………..(២៩) ប្រឝស្ត ប្រេ សង . . អំរុង ត តិ សង ហោង អោយ វិង ត វ្រះ (៣០) អាយ ត្រវាងរវ្វៅ. . . . . . .

          ទោះបីជាពាក្យ ត្រវាងរវ្វៅ មានបង្ហាញតែម្តងគត់ក្នុងសិលាចារឹកនេះ តែវាអាចបញ្ជាក់យ៉ាងច្បាស់ថា ពាក្យនេះគឺជាឈ្មោះដើមរបស់ប្រាសាទនេះ ឬក៏បរិវេណជុំវិញប្រាសាទនេះដែរ។ បើយើងសិក្សាលើពាក្យ ត្រវាង គឺមានន័យថា ត្រពាំង រីឯពាក្យ រវ្វៅ គឺមានន័យថា រពៅល្ពៅ

៣. ទួលផ្នៅ

ទួលផ្នៅជាទួលដ៏ធំមួយ មានទីតាំងនៅខាងកើតជាប់និងស្រះស្រង់ ឬស្ថិតនៅទិសនិរតីនៃប្រាសាទប្រែរូប។ បើពិនិត្យមើលស្ថានភាពជាក់ស្តែង ពិសេសតាមរយៈគំនរភាជន៍បែកបាក់យ៉ាងច្រើន ហើយខុសៗគ្នាទាំងរបស់ខ្មែរនិងចិន អាចអោយយើងសន្និដ្ឋានជាបណ្តោះអាសន្នថា វាអាចជាទីប្រជុំជនដ៏ធំមួយនៅក្រៅក្រុងយសោធរបុរៈប៉ែកខាងកើត។ សព្វថ្ងៃ ប្រជាជននៅហៅទួលនោះថា ទួលផ្នៅ គោកផ្នៅ។ នៅចន្លោះទួលនេះនិងស្រះស្រង់ មានអូរមួយចេញពីជ្រុងនិរតីរបស់បារាយណ៍យសោធរតដក។

មានសិលាចារឹកមួយចំនួនបង្ហាញពីពាក្យមួយជាឈ្មោះទីកន្លែងហៅថា វ្នុរ វិនៅ ដូចជាសិលាចារឹក K.192 K.263 K.369 K.467 និងK.829។  ក្នុងចំណោមសិលាចារឹកទាំងនេះ មានតែសិលាចារឹក K.263និង K.829ទេ ដែលអាចបញ្ជាក់បានថា វ្នុរវិនៅ ក្នុងសិាចារឹកទាំងនោះគឺជាទួលផ្នៅដែលមានទីតាំងនៅខាងកើតស្រះស្រង់សព្វថ្ងៃ។ ក្នុងបន្ទាត់ទី៣៤ និង៣៨ នៃសិលាចារឹក K.263 បង្ហាញពីការធ្វើដង្វាយដល់ទីប្រាសាទឈ្មោះទ្វិជេន្ទ្របុរៈ

ក្នុងសិលាចារឹក K.829 បន្ទាត់ទី២០ បង្ហាញពីខ្លោញជាច្រើននាក់ ក្នុងនោះមានខ្លោញម្នាក់នៅឯ វ្នុរវិនៅ ដែលនៅក្បែរខ្លោញម្នាក់ទៀតនៅ ចតុទ្វារ (រាជវាំងអង្គរធំ)។ ចំនុចទាំង២នេះបញ្ជាក់ថា វ្នុរ វិនៅ ក្នុងសិលាចារឹកទាំង២នេះគឺជាទួលផ្នៅបច្ចុប្បន្ន។ ពាក្យបុរាណ វ្នុរ មានន័យថា ទួល រីឯពាក្យ វិនៅ គឺមានន័យថា ដើមផ្នៅ

សរុបមក នេះគ្រាន់តែជាឧទាហរណ៍បន្តិចបន្តួចអមពីស្ថាននាមបុរាណ ហើយត្រូវបានប្រជាជនក្នុងតំបន់បន្តហៅមកដល់សព្វថ្ងៃ គ្រាន់សូរស័ព្ឌមួយចំនួនបានកែប្រែ។ តាមរយៈសិលាចារឹកនានា យើងឃើញមានស្ថាននាមបុរាណជាច្រើនទៀត នៅតែបន្តហៅដោយប្រជាជនក្នុងតំបន់ទាំងនោះ។ ខ្ញុំនិងលើយកស្ថាននាមទាំងនោះមកបង្ហាញជូនក្នុងអត្ថបទក្រោយៗទៀត។

អត្ថបទដើម៖ លោក សុខ កែវ សុវណ្ណារ៉ា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,700SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!