ប្រាសាទប្រែរូបស្ថិតនៅផ្លូវវង់ធំ នៅតាមផ្លូវពីអង្គរវត្តឆ្ពោះទៅថ្នល់បារាយណ៍ (ឬហៅ តាមបារាំងថា៖ បារាយណ៍ខាងកើត) និងភូមិប្រដាក ឬផ្លូវទៅបន្ទាយស្រី។ តួប៉មរបស់ ប្រាសាទនេះសាងអំពីឥដ្ឋលើខឿនប្រាំថ្នាក់ធ្វើអំពីថ្មបាយក្រៀម។
ប្រាសាទប្រែរូបសាងនៅឆ្នាំ៩៦១ ដោយមន្ត្រីម្នាក់ដែលជាស្ថាបត្យករ ឈ្មោះ “កវិន្ទ្រារិមថន Kavindrārimathana” នៅក្នុងរាជ្យព្រះបាទរាជេន្ទ្រវរ្ម័ន (គ.ស. ៩៤៤~៩៦៨)។ ស្ថាបត្យកររបស់ព្រះរាជារូបនេះ ក៏បានសាងប្រាសាទផ្សេងទៀតដែរ ដូចជាបាតជុំ (៩៥៣) និងមេបុណ្យ (ខាងកើត) ដែលសម្រាប់ឧទ្ទិសដល់បុព្វការីជនរបស់ព្រះរាជាជាដើម។ ថ្វីត្បិតព្រះរាជាគោរពព្រហ្មញ្ញសាសនាក្ដី ប៉ុន្តែគាត់ជាអ្នកជឿគោរពព្រះពុទ្ធសាសនា ដូច្នោះហើយបានជាគាត់សាងប្រាសាទបាតជុំសម្រាប់ខ្លួនគាត់ ហើយឧទ្ទិសថ្វាយដល់ទេពព្រះពុទ្ធសាសនាធំៗបីអង្គ ពោលគឺព្រះពុទ្ធ លោកេស្វរ និងប្រាជ្ញាបារមី។ នេះបញ្ជាក់ឲ្យឃើញថា គ្មានការរើសអើង ឬបិទសិទ្ធិសេរីភាពនៅក្នុងជំនឿសាសនានាសម័យបុរាណឡើយ។
ឈ្មោះនៃប្រាសាទនេះសព្វថ្ងៃ ដើមឡើយអាចមកពីឈ្មោះនៃប្រតិមាទេពមួយដែលមានចារនៅក្នុងសិលាចារឹក (K. 806) នៃប្រាសាទប្រែរូបនេះ គឺ “វិស្វរូប Viśvarūpa” ដែលឈ្មោះវែងសរសេរ “រាជេន្ទ្រវិស្វរូប“។ វាអាចជាការវិវត្ដន៍នៃពេលវាលា ឬសម្លេងនៃការហៅ “វិស្វរូប > វ្រះរូប > ព្រះរូប > ប្រេរូប“។ មែនទែនទៅ បើស្ដាប់អ្នកស្រុកដែលរស់នៅអង្គរ សម្លេងគាត់ហៅ “ប្រេរូប“ មិនឮ “ប្រែរូប“ ទេ។ ប្រាដកណាស់នៅអ្នករស់នៅខាងជើង អង្គរពេលនិយាយគ្មានខ្យល់ “ែ “ គឺមានតែ “េ “។ ឧ. ស្រែ > ស្រេ, ដឹង > ដេញ ។ល។
ការដែលសរសេរ ឬហៅ “ប្រែរូប“ នេះវាក្រោយមកទេ អាចថានៅពេលដែលបារាំងចូលមកអភិរក្សប្រាសាទអង្គរ។ គ្រាន់ជាងឈ្មោះនៃភូមិ “ប្រដាក” > “ព្រះដាក់” ដែលទើប បង្កើតជារឿងព្រេងឡើងនៅទសវត្ស១៩៨០ ដោយមិនដឹងឈ្មោះដើមនៃភូមិពិតប្រាដក។ ឈ្មោះប្រាសាទមួយចំនួនមិនថានៅអង្គរ ឬនៅតំបន់ផ្សេងៗទៀត វាជាការបង្កើតថ្មីភ្ជាប់នឹងរឿងព្រេង ហើយរឿងព្រេងភាគច្រើនបង្កើតឡើងនៅរវាងស.វទី១៩ និងដើមស.វទី២០។ រឿងព្រេងជាទូទៅគេបង្កើតឡើងភ្ជាប់ទៅនឹងប្រវត្តិសាស្ត្រខ្លះ ហើយធ្វើឲ្យទៅជារឿងដែល មានភាពអស្ចារ្យ ឬអ្នកតែងចង់បង្ហាញអំពីភាពមិនច្បាស់លាស់ នៃទិដ្ឋភាពប្រវត្តិសាស្រ្ត ឬក៏ប្រៀបធៀបទៅនឹងសង្គមនាពេលមួយនោះ។
ឧទាហរណ៍រឿងតាត្រសក់ផ្អែមដែលប្រើលំពែងធ្វើឃាតស្ដេច ហើយឡើងគ្រោងរាជ្យនៅស.វទី១៤។ នៅក្នុងប្រវត្តិសាស្ត្រពិត នៅពាក់កណ្ដាលស.វទី១៤ និងទី១៥ គឺមិនមានភាពច្បាស់លាស់ ដោយសារគ្មានឯកសារ គ្មានសិលាចារឹកណាមួយបញ្ជាក់ (ព្រះរាជពង្សាវតារមិនអាចយកជាមូលដ្ឋានបាន ទាំងពង្សាវតារខ្មែរ ទាំងសៀម និងលាវ)។ មែនទែនរឿងតាត្រសក់ផ្អែមនេះ មាននិយាយតាំងពីស.វទី១០ម្ល៉េះនៅស្រុកភូមា គ្រាន់តែខាងភូមាតាប្រើពូថៅធ្វើឃាតស្ដេច រីឯខ្មែរឲ្យអស្ចារ្យបន្តិច គឺប្រើលំពែង)។
ឥឡូវនេះយើងមកពិចារណារឿងឈ្មោះ “ប្រាសាទប្រែរូប” វិញ ដូចដែលមានរូបថត បញ្ជាក់ស្រាប់នៅទីនេះ ឃើញមានសំណង់ថ្មភក់រាងបួនជ្រុងនៅពីមុខជណ្តើរឡើងទៅប្រាង្គខាងលើ និងសំណង់តូចថ្មបាយក្រៀមនៅជ្រុងឦសាននៃប្រាសាទនេះ។ គេយកសំណង់ទាំងពីរនេះទៅភ្ជាប់នឹងរឿងតាត្រសក់ផ្អែម។ សំណង់ថ្មភក់រាងបួនជ្រុងនោះ គេយល់ថាជាទីកន្លែងសម្រាប់បូជាសពរបស់ស្ដេចដែលតាត្រសក់ផ្អែមបានធ្វើឃាត។ នៅក្នុងទំនៀមនៃការបូជាសព យើងតែងតែប្រែសព (ឬជាកិច្ចប្រែសព ឬប្រែរូប ) នៅពេលបូជា ពោលគឺដើម្បីឲ្យអ្នកដែលស្លាប់ទៅនោះបានទៅចាប់ជាតិថ្មី។ ដូច្នេះហើយបានជាគេហៅប្រាសាទនេះ ទៅជា “ប្រែរូប“។ រីឯសំណង់តូចថ្មបាយក្រៀមនោះ គេយល់ថាជាកន្លែងសម្រាប់លាងធាតុបន្ទាប់ពីបូជាហើយ។
តាមពិតសំណង់ថ្មភក់រាងបួនជ្រុង ពោលគឺជាជើងទម្រសម្រាប់តម្កល់ព្រះគោ (ភាសា សំស្ត្រឹតហៅ នន្ទិន = Nandin) ដែលជាយានជំនិះរបស់ព្រះឥសូរ (ប្រាសាទឧទ្ទិសដល់ ព្រះឥសូរភាគច្រើនតែងតែមានរបៀបនេះដាក់នៅខាងកើតប្រាង្គ ហើយប្រតិមាព្រះគោបែរ ចំទៅប្រាង្គ)។ រីឯសំណង់តូចថ្មបាយក្រៀមវិញ ខ្ញុំមិនដឹងអំពីតួនាទីរបស់វាក្នុងស្ថាបត្យកម្ម ឬជំនឿឡើយ ដោយសារគ្មានឯកសារណាមួយបញ្ជាក់ច្បាស់។ ខ្លះថាជាទីកន្លែងតម្កល់ សិលាចារឹករបស់ប្រាសាទនេះផ្ទាល់ ខ្លះថាតួនាទីវាទាក់ទងនឹងប្រព័ន្ធបង្ហូរទឹក?
អត្ថបទដើម៖ លោក ញឹម សុធាវិន្ទ