ខេត្តមណ្ឌលគិរីស្ថិតនៅភូមិភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា និងជាតំបន់ដែលសំបូរដោយភ្នំ។ ធម្មជាតិមានការផ្លាស់ផ្តូរ និងប្រែប្រួល ដូចជាបន្ទុះភ្នំភ្លើង រលកយក្ស ព្យុះ ការបាក់ស្រុតនៃស្រទាប់ផែនដី ជីវិត សត្វ និងរុក្ខជាតិជាដើម។ សណ្ឋានដីប្រទេសកម្ពុជាមានរាងផតកណ្តាល មានជួរភ្នំក្រវាញ និងភ្នំដងរែក និងតំបន់ភ្នំនៅភូមិភាគឦសាននៅព័ទ្ធជុំវិញ។ តាមការសិក្សាភូមិវិទ្យាកន្លងមក គេថាប្រទេសកម្ពុជាធ្លាប់ជាសមុទ្រ ចំណុចនេះមានសិស្សជាច្រើនតែងតែមានចម្ងល់។
ឆ្នាំ២០១៩ ក្រុមការងារសិក្សាស្រាវជ្រាវអំពីផូស៊ីលនៅកម្ពុជា ដោយមាននាយកដ្ឋានតំបន់បេតិកភណ្ឌ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន សហការជាមួយមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងអ្នកស្រាវជ្រាវសត្វមកពីសាកលវិទ្យាល័យមានជ័យ បានចុះសិក្សានៅតំបន់ភ្នំពីរ ភូមិសាស្ត្រស្រុកកោះញែក ក្នុងដែនជម្រកសត្វព្រៃ “ស្រែពក”។
លទ្ធផលឃើញថាភ្នំពីរ ជាស្ថានីយន៍ផូស៊ីលសត្វសមុទ្រដែលលេចចេញមកនៅលើកូនភ្នំតូចៗ ផូស៊ីលមួយចំនួនកប់នៅក្នុងថ្ម និងមួយចំនួនកប់នៅក្នុងដី ព្រមទាំងសំណាកផូស៊ីលជាច្រើននៅរាយប៉ាយលើបរិវេណប្រមាណ៥០០ម៉ែត្រ។ សំណាកផូស៊ីលសត្វសមុទ្រដែលមានច្រើនជាងគេ គឺពពួកអាម៉ូនី (Ammonite) ព្រមទាំងមានពពួកលាសសមុទ្រ ខ្ចៅ ផ្កាថ្មជាដើម។ អាម៉ូនីត ជាប្រភេទមួយនៅក្នុងក្រុមជាមួយពពួកម៉ឹក វាមានសំបកដូចខ្យង ក្នុងចំណាត់ថ្នាក់ Sub Class Ammonoidea, Class Cephalopoda, Phylum Mollusca។ អាម៉ូនីតនៅភ្នំពីរមានប្រភេទផ្សេងៗគ្នាដែលមានទំហំដល់២០ស.ម។
តាមការប្រៀបធៀបផូស៊ីលអាម៉ូនីត យើងអាចយល់បានថាប្រភេទដែលយើងបានរកឃើញនេះ គឺស្ថិតនៅស័កទី២ (Mesozoic Era) ក្នុងសម័យជូរ៉ាសិក (Jurassic Period) ១៩៩.៦-១៦១.២លានឆ្នាំ។ ពពួកអាម៉ូនីតបានដាច់ពូជនៅក្នុងសម័យគ្រេតាស័រ (Cretaceous Period) ប្រមាណ៦៦លានឆ្នាំមុន។ តាមរយៈឯកសារអាម៉ូនីតមានជាច្រើនប្រភេទ ហើយខ្លះមានទំហំជាងមួយម៉ែត្រសម្រាប់ការសិក្សានេះ យើងពុំទាន់បានធ្វើការសិក្សាឱ្យស៊ីជម្រៅនៅឡើយទេ។ បើផ្អែក ទៅលើផែនទីភូគព្ភសាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា តំបន់ភ្នំពីរ គឺស្ថិតនៅតំបន់ដែលមានលេខសំគាល់ T3-J2SS ស្ថិតនៅចុងសម័យទ្រីយ៉ាស៊ីក(២៥១-១៩៩.៦លានឆ្នាំ) និងពាក់កណ្តាល ជូរ៉ាសិក (១៩៩.៦-១៦១.២លានឆ្នាំ)។ ភ្នំពីរមានកម្ពស់ជាង៣០០ម៉ែត្រ ធៀបនឹងទឹកសមុទ្រក្នុងពេលបច្ចុប្បន្ន។
បើសិនយើងគិតអំពីនីវ៉ូទឹកសមុទ្រ វាពិបាកណាស់ថាសមុទ្រអាចលិចដល់ខេត្តមណ្ឌលគិរី។ តាមការសិក្សាយើងឃើញថាភ្នំនេះ មានការដោលឡើងនៅពេលណាមួយ ដោយមានស្នាកស្នាមថ្មដែលរុញឡើងបញ្ឆិតធ្វើឱ្យស្រទាប់ក្រោមដែលមានផូស៊ីលនោះផុសចេញមកខាងក្រៅ នេះអាចមានន័យនៅមុន៦៦លានឆ្នាំមុន ទីតាំងទាំងនេះអាចនៅជាសមុទ្រនៅឡើយ។
អត្ថបទដើម៖ លោក លឹម វណ្ណច័ន្ទ