ទំព័រដើមប្រវត្តិសាស្ត្របុរាណវិទ្យាសត្វ​បុរេ​ប្រវត្តិសាស្ត្រនៅ​កម្ពុជា​"ផូស៊ីល​ផ្កា​ថ្ម​ស្នែង​​"

សត្វ​បុរេ​ប្រវត្តិសាស្ត្រនៅ​កម្ពុជា​”ផូស៊ីល​ផ្កា​ថ្ម​ស្នែង​​”

អ្វី​ជាផូស៊ីល? ផូស៊ីល​ជា​ស្លាក​ស្នាម​ឬសំណល់​របស់​ភាវរស់​ជំនាន់​ដើម​ ដែលបន្សល់​ទុកនៅ​​ក្នុង​ថ្ម​។​ ផូស៊ីល​អាច​ជា​ឆ្អឹង​ គម្របសារពាង្គកាយ​ ដូចជា​សម្បកសិប្បីសត្វ ឬ​ស្លាក​ស្នាម​នៃ​ភាវៈ​រស់​។​ ការសិក្សាផូស៊ីលហៅ​ថា​បាសាណី​ភូត​វិទ្យា​(Paleontology)។​ ការ​សិក្សានេះ​​មាន​ទំនាក់​ទំនង​នឹង​​មុខ​វិទ្យា​ជី​វិទ្យា​(Biology) បុរាណវិទ្យា​(Archeology) និង​ភូគព្ភសាស្ត្រ (Geology)។ ក្នុង​ពេល​បច្ចុប្បន្ន​នេះ មាន​សារៈ​មន្ទីរ​ធម្មជាតិ​ធំៗ​លើ​ភិភពលោក​ជាច្រើន​បាន​​ដាក់តាំង​​បង្ហាញ​អំពី​ផូស៊ីលសត្វ និងដើម​ឈើ​ ជា​ពិសេស​ពពួកសត្វ​ដាយ​ណូស័រ​។ ផូស៊ីល​ជា​ច្រើន​ដែល​អ្នក​វិទ្យា​សាស្ត្រ​បាន​រក​ឃើញ ​និង​កត់​ត្រា​ហៅ​ថា​ Fossil Record (កំណត់​ត្រា​ផូស៊ីល)​។ តាមរយៈ​​​កំណត់​ត្រា​ផូស៊ីល អ្នក​​វិទ្យា​សាស្ត្រអាច​សិក្សា​អំពី​ការ​វិវត្តន៍​របស់​ភាវរស់​លើ​ផែន​ដី​ គេ​អាច​ស្គាល់​ប្រវត្តិ​នៃ​ការកកើត​ ការ​រីកចម្រើន និងការរលត់ផុតពូជនៃ​ប្រភេទភាវរស់​ខ្លះ។​ ការ​សិក្សា​​​ប្រភេទ​ផូស៊ីល​ដែលរស់​នៅ​ក្នុង​សម័យ​កាល​ណា​មួយនៃ​ធរណីកាល​​ដោយ​សម្អាង​​លើ​លក្ខខណ្ឌ​ជីវិត​​នៃ​ប្រភេទ​ផូស៊ីល​នោះ​។​

ផ្កាថ្ម Rugose គឺជាលំដាប់ក្រុមដែលផុតពូជនៃ Class Anthozoans ដែលមានដើមកំណើតនៅសម័យកាល​ Ordovician (485,4 – 443,4លានឆ្នាំ) ហើយបានផុតពូជនៅចុងបញ្ចប់នៃ Permian (298,9 – 252,2លាន​ឆ្នាំ)។ ពពួកផ្កាថ្ម Rugose​ នេះ ជួនកាលគេហៅថា ផ្កាថ្មស្នែង ព្រោះទម្រង់ទោលជារឿយៗមានរូបរាងដូចជាស្នែងគោ។ យោងតាមមូលដ្ឋានទិន្នន័យ Paleobiology ទទួលស្គាល់សរុបចំនួន 29 គ្រួសារនៃផ្កាថ្ម Rugose, 488 genera និង 1337 ប្រភេទ។ ផ្កាថ្ម Rugose មានភាពរីកលូតលាស់ និងចម្រុះខ្លាំងក្នុងកំឡុងសម័យ Devonian ដែលមានទម្រង់កញ្ចុំៗ ដោយបង្កើតបានថ្មប៉ប្រទឹកដ៏សំខាន់។ ដូចដែលយើងដឹង ផ្កាថ្ម Rugose មិនបានរស់រានមានជីវិតពីព្រឹត្តិការណ៍នៃការផុតពូជដ៏ធំបំផុតរបស់ Permian នោះទេ។

តារាង​នៃ​ការ​វិវត្ត​ន៍​នៃ​លំដាប់​ផ្កា​ថ្ម​ Rogosa

តារាង​វគ្គីសាស្ត្រ (Taxonomy)​

Kingdom រជ្ជៈPhylum សាខាClass ថ្នាក់Order លំដាប់Family សណ្តានGenes ពួក​Species ប្រភេទ
AnimalChnidariya  Anthozoa (corals)Rogosa29 សណ្តាន​488 ពួក​1337 ប្រភេទ

ការ​សិក្សា​ស្រាវជ្រាវ​នៅ​កម្ពុជា

ផ្កា​ថ្ម​ស្នែង​ជា​ផ្នែក​មួយ​នៃ​លំដាប់​ Rogosa តែ​ក៏​មា​នជា​ច្រើន​សណ្តាន​ Family ច្រើន​ពួក​ និង​ច្រើន​ប្រភេទ​ផង​ដែរ។​ យើង​មិន​ទាន់បែង​ចែក​ប្រភេទ​នៃ​ផ្កា​ថ្ម​ស្នែង​បាន​នៅ​ឡើយ​។ ដោយ​យើង​ខ្វះ​អ្នក​ជំនាញ​នៃ​ពូជ​សត្វ​បុរាណ​​។​ យើង​គ្រាន់​តែ​យក​ផូស៊ីល​ដែល​​រក​ឃើញ​ដើម្បី​ប្រៀប​ធៀប​ និងឯកសារ​មួយ​ចំនួន​ប៉ុណ្ណោះ​។​ យើង​បាន​រក​ឃើញ​ពពួក​ផ្កា​ថ្ម​ស្នែង​ភ្នំ​បាក់​ និងភ្នំ​កន្ទួត​ ដែល​ជា​ភ្នំ​ថ្ម​កំបោរ​ តែ​មាន​​ស្រទាប់​ថ្ម​ និង​ដីជា​ច្រើន​ស្រទាប់​លាយឡំគ្នា។​ ភ្នំ​ទាំង​នេះ​ ត្រូវ​​បាន​គេ​​កកាយ​យក​អាចម៍​ដី​​នៅ​ផ្នែក​មួយ​ចំនួន​។​ ស្រទាប់​ទាំង​ឡាយ​បាន​លេច​ចេញ​ អាច​បញ្ជាក់​​អំពី​ការ​ប្រែ​ប្រួល​នៃ​បរិស្ថាន​ច្រើន​​ដំណាក់​កាល​ ​អាច​ស្រទាប់ខ្លះ​ទឹក​លិច​ជ្រៅ​​ ខ្លះជា​ភក់​ និងស្រទាប់​ខ្លះទៀត​មាន​គ្រួស​ដែល​អាចឱ្យទឹក​ហូរ​ចូល​ខ្លាំង​ជា​ដើម​។​​ តំបន់ភ្នំ​បាក់​នេះ​មាន​កំណត់​សំគាល់​ PLS ថ្មកំបោរ​សម័យ​​ Permian មាន​អាយុកាល​ ២៥១-២៩៩លាន​ឆ្នាំ។​ ​ផ្កា​ថ្ម​ស្នែង​លេច​ឡើង ​គឺ​នៅ​ផ្នែក​ខាង​ក្រោម​នៃ​ភ្នំ​ ក្នុង​ជម្រៅ​ប្រមាណ​៣០​ទី​៤០​ម៉ែត្រ​ដោយ​ធៀប​នឹង​កំពូល​ភ្នំ​។​ តាមរយៈ​ការ​ប្រៀប​ធៀប​ស្រទាប់​ដី​អាចឱ្យដឹងបានថា ​តំបន់​នោះ​ក្នុង​សម័យ​ Permian ឬក៏​អាច​មាន​អាយុ​កាល​ចាស់​ជាង​នោះក៏ថាបាន​។

ផ្កាថ្មដែលកើតពីថ្មប៉ប្រះទឹកមិនអាចទ្រាំទ្រនឹងសីតុណ្ហភាពទឹកក្រោម (18°C) បានទេ។ ពួកវា​ភាគច្រើនលូតលាស់យ៉ាងល្អបំផុតក្នុងសីតុណ្ហភាពទឹកចន្លោះពី(23°–29°) ប៉ុន្តែខ្លះអាចទ្រាំនឹងសីតុណ្ហភាពខ្ពស់រហូតដល់ (40°C) ក្នុងរយៈពេលខ្លី។ ដូច្នេះតាម​រយៈ​ភស្តុង​នៃ​ផូស៊ីល​សត្វ​សមុទ្រ​ ផ្កា​ថ្ម​ជា​ច្រើន​ប្រភេទ​អា​ច​បញ្ជាក់​ថា​ ធាតុអាកាសពេលនោះ គឺ​​ក្តៅ​ល្មម​ដែល​អាច​​ធ្វើឱ្យមាន​ការ​រីក​លូត​លាស់​នៃ​ពពួក​ផ្កា​ថ្ម។​ ទឹក​សមុទ្រ​នៅ​តំបន់​​ក្រុង​សិរី​សោ​ភ័ណ​អាចជា​តំបន់​ដែល​មាន​ទឹក​សមុទ្រ​រាក់​។​

យើង​បាន​រក​ឃើញ​ពួក​ផូស៊ីល​ផ្កា​ថ្ម​ស្នែង​នៅ​ភ្នំ​បាក់​ ភ្នំ​ស្វាយ​ នៃ​ក្រុង​សេរីសោភ័ណមាន​ដូចជា​៖​ ផ្កា​ថ្ម​ស្នែង​មាន​បណ្តូល​លយ​ចេញ​មក​ក្រៅ​ អាច​ប្រហាក់​ប្រហែល​នឹង​ប្រភេទ Lophophyllidium Sp. ? ផ្កាថ្ម​ស្នែង​ម្យ៉ាងទៀត មាន​រាង​កាច់​ចង្កេះ ពណ៌​ស​បន្តិច​ អាច​មាន​ទំនាក់​ទំនង​ និង​ពូជ Heleophyllum sp.? Zaphrenthis sp.​? បើ​សិន​យើង​ពិនិត្យ​ទៅ​វា​ក៏​អាច​ជា​ប្រភេទ​មួយ​នៃ​ពពួក​ផ្កា​ថ្ម​ស្នែង​ដែរ មានប្រ​វែង​ប្រមាណ​១០​ស.ម​​ សំណាក​នេះ​នៅ​ទីតាំង​ភ្នំ​បាក់​នៅ​ឡើយ​ វា​អាច​ជា​ប្រភេទ​ Breviphrentis sp.?​ ការ​បង្ហាញ​នេះ​គ្រាន់​តែ​ជា​ការ​ពិនិត្យ​តាម​រយៈ​រូប​ភាព​ទេ​ ដើម្បី​កំណត់​ប្រភេទ​នីមួយ​ៗ​ គឺត្រូវពុះ​សំណាក់​ផូស៊ីល​ផ្កា​ថ្ម​ស្នែង​ ថត​តាម​រយៈ​មី​ក្រូទស្សន៍​ ព្រម​ទាំង​ទាម​ទារ​ឱ្យមាន​កិច្ច​សហការ​ជា​មួយ​អ្នក​ជំនាញ​ផ្នែក​ផូស៊ីល​ នៃ​សាកល​វិទ្យា​ល័យ​ និង​សារមន្ទីរ​ធម្មជាតិ​នានា​។​ យើង​គ្រាន់​តែ​មាន​បំណង​ចង់​បង្ហាញ​ពី​វត្ត​មាន​នៃ​ពពូក​ផ្កា​ថ្ម​ស្នែង​ ដែល​មាន​អាយុ​កាល​ចន្លោះ​ (485,4-252,2លាន​ឆ្នាំ) ក្នុង​ស័ក​ Paleozoic ត្រូវ​បាន​រក​ឃើញ​​វត្ត​មាន​ក្នុង​ភូមិសាស្ត្រ​ខេត្ត​បន្ទាយ​មាន​ជ័យ​ នៃ​ប្រទេស​កម្ពុជា​៕

អត្ថបទដើម៖ លោក លឹម វណ្ណច័ន្ទ

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!