ផូស៊ីលឈើ (Petrified Wood) បានរកឃើញនៅសងខាងទន្លេមេគង្គ ក្នុងភូមិសាស្ត្រស្រុកសៀមបូក ខេត្តស្ទឹងត្រែងសងខាងដងទន្លេមេគង្គ។ តាមរយៈផែនទីភូគព្ភសាស្ត្រនៃព្រះរាជណាចក្រកម្ពុជា ស្ថានភាពដីនៃតំបន់នេះមានអក្សរសំគាល់ T3-J2ss ដែលជាតំបន់នៃពពួកសិលាចាក់បង្គរ មានថ្មភក់ក្រហម ដីឥដ្ឋជាដើម ដែលស្ថិតក្នុងចុងសម័យកាល Triassic (២២៨លានឆ្នាំ) និងពាក់កណ្តាលសម័យកាល Jurassic (១៦១លានឆ្នាំ)។ ទីតាំងមួយចំនួនទៀតដែលស្ថិតនៅតាមកោះ ដូចជាកោះស្រឡៅ កោះព្រះ ក្នុងផែនទីមានអក្សរសំគាល់ Q2a ជាទីតាំងដែលមានដីចាក់បង្គរ ដែលស្ថិតក្នុងសម័យកាល Quaternary (អាយុកាលប្រមាណ២លានឆ្នាំនិងបន្តមកបច្ចុប្បន្ន)។ ថ្វីត្បិតអាយុកាលនៃតំបន់នេះមានភាពខុសគ្នា គឺវាបានបង្ហាញអំពីការចាក់បង្គនៃឥទ្ធិពលរបស់ទន្លេមេគង្គមកលើតំបន់កោះទាំងនោះ។ ក្រុមការងារសិក្សាផូស៊ីលនៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន បានទៅដល់ទីតាំងនោះកាលពីឆ្នាំ២០១៩។
ផូស៊ីលឈើភាគច្រើនបានរកឃើញនៅក្នុងតំបន់កោះព្រះ និងសងខាងដងទន្លេមេគង្គដោយ។ តាមរយៈប្រជាជនស្ថិតនៅទីតាំងភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀមបូកបានឱ្យដឹងថា មានគគីរថ្មជាច្រើនបានលេចចេញពីដី និងខ្លះកប់ក្នុងដីប្រមាណ១ម៉ែត្រ និងខ្លះទៀតក៏បានលេចចេញមកតាមច្រាំងនៃទន្លេមេគង្គផងដែរ។ តាមរយៈផូស៊ីលឈើដែលអ្នកស្រុកប្រមូលបាន គឺមានប្រភេទខុសៗគ្នា។ ក្នុងភូមិសាស្រ្តដដែល យើងក៏បានប្រទះឃើញផូស៊ីលឈើស្ថិតក្នុងសាលាបឋមសិក្សាមួយនៅចំងាយប្រមាណ១គីឡូម៉ែត្រពីដងទន្លេមេគង្គ ដែលលេចចេញក្នុងពេលដែលគេឈូសឆាយ ធ្វើជាតារាងបាល់របស់សាលា។
ផូស៊ីលឈើទាំងនេះស្ថិតនៅក្នុងស្រទាប់ដីឥដ្ឋ លាយឡំជាមួយគ្រួសអាចម៍ផ្កាយជាច្រើន ដែលបង្ហាញថាកាលពីអតីតាលក្នុងពេលណាមួយមានការហូរច្រោះខ្លាំង ដោយទឹកបាននាំមកនៅពពួកគ្រួសចាក់បង្គគ្របដណ្តប់លើដើមឈើ អាចក្នុងរយៈពេលរាប់ម៉ឺន សែនឬលានឆ្នាំ ទើបធ្វើឱ្យដើមឈើបានក្លាយទៅជាថ្ម។ ចំពោះទីតាំងរកផូស៊ីលឈើមួយទៀត ដែលស្ថិតនៅតាមផ្លូវធ្វើដំណើរឆ្លងកាត់កោះព្រះ ដោយក្រុមការងារបានជួបប្រទះផូស៊ីលឈើជាច្រើននក្នុងជម្រៅប្រមាណ១ម៉ែត្រ។ ហើយពួកនេះ គឺស្ថិតនៅក្នុងស្រទាប់ដីឥដ្ឋ និងមានស្រទាប់គ្រួសអាចម៍ផ្កាយនៅពីលើដូចគ្នា។
ដោយឡែកទីតាំងឆ្លងពីកោះព្រះទៅកាន់ត្រោយម្ខាងនៃទន្លេមេគង្គ ស្ថិតនៅក្នុងស្រុកសៀមបូក ក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ភូមិសាស្រ្តខេត្តស្ទឹងត្រែង។ ក្រុមការងារបានចុះពិនិត្យក្នុងទីតាំងមួយ មានចំងាយប្រមាណ៧គីឡូម៉ែត្រពីដងទន្លេមេគង្គ ផូស៊ីលឈើមួយចំនួនបានលេចចេញនៅក្នុងអូរដែលមានជម្រៅប្រមាន២ម៉ែត្រ។ យើងបានបន្តដំណើរតាមដងទន្លេមេគង្គរហូតដល់ក្បែរព្រំប្រទល់ខេត្តក្រចេះ ក៏បានជួបបំណែកផូស៊ីលឈើតូចៗនៅតាមផ្លូវផងដែរ។
តាមរយៈភស្តុតាងនៃទីតាំងដែលរៀបរាប់ខាងលើ យើងឃើញថាបរិវេណនៃផូស៊ីលឈើស្រុកសៀមបូក បានលាតសន្ធឹងប្រមាណ៣០គីឡូម៉ែត្រ នៅតាមកោះមួយចំនួន និងសងខាងដងទន្លេមេគង្គ និងអាចលាតសន្ធឹងទៅកាន់ខេត្តក្រចេះផងដែរ។ បាតុភូតនេះប្រហែលជាកើតមានក្នុងពេលវេលាមួយដែលមានទឹកហូរខ្លាំង ចាក់គ្របទៅលើរុក្ខជាតិដែលតំបន់ទាំងនោះជាព្រៃកាលពីបុរាណ។ ចំពោះអាយុកាលយើងមិនទាន់ដឹងច្បាស់នៅឡើយទេ វាអាចស្ថិតនៅចន្លោះរវាងសម័យកាល Jurassic មកកាន់សម័យកាល Quaternary (អាយុកាលប្រមាណ២លានឆ្នាំ)។ ប្រភេទដែលឃើញនៅតំបន់នេះមានលក្ខណៈខុសពីប្រភេទផូស៊ីលដើមឈើដែលឃើញនៅក្នុងភូមិសាស្ត្រស្រុកលំផាត់ ខេត្តរតនគិរី ។ តែពួកនេះមានលក្ខណៈប្រហាក់ប្រហែលនិងផូស៊ីលដើមឈើដែលរកឃើញនៅភ្នំគូលែន។ យើងសង្ឃឹមថានឹងអាចមានការសិក្សាស្រាវជ្រាវជាបន្តទៀតនាពេលអនាគត៕
អត្ថបទដើម៖ លោក លឹម វណ្ណច័ន្ទ