ទំព័រដើមប្រវត្តិសាស្ត្រចម្លាក់ផ្តែរទ្វារព្រះវិស្ណុផ្ទុំនៅវត្តភ្នំតាំងស្រែ

ចម្លាក់ផ្តែរទ្វារព្រះវិស្ណុផ្ទុំនៅវត្តភ្នំតាំងស្រែ

រឿងទេវកថាព្រះវិស្ណុផ្ទុំ ជារឿងដែលគេតែងឃើញញឹកញាប់ខ្លាំងនៅតាមចម្លាក់បុរាណរបស់ខ្មែរ ដែលមានតាំងពីស.វ.ទី៧មកម្ល៉េះ។ ក្នុងនោះ ចម្លាក់ព្រះវិស្ណុផ្ទុំដែលចាស់ជាងគេនៅក្នុងសិល្បៈខ្មែរ ទំនងជាចម្លាក់នៅលើផ្តែរទ្វារមួយដែលពីមុនមកគេរក្សាទុកនៅសហរដ្ឋអាមេរិក និងគ្រោងយកមកប្រទេសកម្ពុជារមួយដែលពីមុនមកគេរក្សាទុកនៅសហរដ្ឋអាមេរិក និងទើបប្រគល់មកខ្មែរវិញកាលពីខែឡុងខ៉េះ។ ក្នុងនោះ ចម្លាក់ដែលចាស់ជាងគេទំនងជាច្តែវិញនៅពេលខាងមុខ។ នៅក្នុងអត្ថបទខ្លីនេះ យើងសូមបង្ហាញផ្តែរទ្វារមួយដែលមានចម្លាក់ព្រះវិស្ណុផ្ទុំដូចគ្នា រកឃើញនៅវត្តភ្នំតាំងស្រែ ដែលស្ថិតនៅក្នុងឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម និងមានអាយុកាលនៅស.វ.ទី៧ ក្នុងរចនាបថព្រៃក្មេង រក្សាទុកនៅក្នុងរោងប្រក់ព្រះពុទ្ធរូបមួយនៅខាងលិចព្រះវិហារ។

មុននឹងរៀបរាប់អំពីលក្ខណៈទូទៅរបស់ចម្លាក់នៅលើផ្តែរ យើងសូមសង្ខេបអំពីសាច់រឿងទេវកថាព្រះវិស្ណុផ្ទុំជាមុនសិន។ រឿងនេះមានរៀបរាប់នៅក្នុងគម្ពីរ Viṣṇu-Purāṇa ដែលមានសេចក្តីសង្ខេបថា៖ “នៅពេលពិភពលោកទាំងមូលអាប់អួរ ការបំផ្លាញលោកចាស់ដើម្បីបង្កើតលោកថ្មីក៏ចាប់ផ្តើមឡើងដែលសង្ឃឹមថាលោកទាំងមូលថ្មីនឹងមានសភាពប្រសើរជាងមុន។ ក្នុងពេលនោះ លោកទាំងមូលហ៊ុមព័ទ្ធដោយទឹកជំនន់យ៉ាងធំធេង ភ្លើងឆេះកល្បបំផ្លាញជីវិតសត្វនិងអ្វីទាំងអស់ដែលមាននៅលើលោក។ ព្រះវិស្ណុបានផ្ទុំលើនាគអនន្តដែលមានក្បាលសេស ហើយនៅពេលចុងបង្អស់នៃកល្ប ពិភពលោកក៏ប្រែក្លាយទៅជាទឹកសមុទ្រ ពេលនោះព្រះព្រហ្មក៏លេចចេញពីផ្ចិតព្រះវិស្ណុទ្រដោយផ្កាឈូក ក្នុងតួនាទីជាអ្នកបង្កើតលោកថ្មី”។

លក្ខណៈទូទៅរបស់ផ្តែរទ្វារវត្តភ្នំតាំងស្រែមាន ៖ នៅខាងចុងសងខាងផ្តែរគេលម្អដោយរូបសត្វគ្រុឌ ដែលគេស្គាល់តាមរយៈគម្ពីរផ្សេងៗថាជាយានជំនិះរបស់ព្រះវិស្ណុ។ ការបង្ហា​ញរូបគ្រុឌបែបនេះ យើងធ្លាប់ឃើញនៅលើផ្តែរទ្វារដែលមានចម្លាក់ព្រះវិស្ណុផ្ទុំមួយទៀតនៅវត្តតាំងក្រសាំង ដែលស្ថិតនៅក្នុងឃុំតាំងក្រសាំង ស្រុកបាធាយ ដូចគ្នាដែរ និងធ្លាប់បានសិក្សាយ៉ាងក្បោះក្បាយដោយលោក Pierre Dupont កាលពីឆ្នាំ១៩៥២ និងលោកស្រី Mireille Bénisti កាលពីឆ្នាំ១៩៦៥។

ផ្នែកខាងក្រោមនៃផ្តែរ គេបង្ហាញរូបព្រះវិស្ណុផ្ទុំលើនាគអនន្ត មានក្បាលចំនួន ៧ មានព្រះហស្តចំនួន ៤ (ព្រះហស្តឆ្វេងម្ខាងដាក់សណ្តូកត្រង់ទៅក្រោម, ឆ្វេងម្ខាងទៀតដាក់សណ្តូកនៅលើពោះ, ព្រះហស្តស្តាំម្ខាងដាក់ឡើងទៅលើទៅកៀកនឹងក្បាលនាគ និងស្តាំម្ខាងទៀតដាក់ច្រត់ព្រះសិរ) ស្លៀកសំពត់ខ្លីត្រឹមជង្គង់ដែលមានជាយនៅចំកណ្តាល (រូបលេខ៤) នៅខាងចុងព្រះបាទមានចម្លាក់រូបនាគរាជ (Nãga Rãja) និងនៅខាងលើព្រះសិរមានចម្លាក់ទេពស្រីដែលទំនងជាព្រះនាងលក្ស្មី (រូបលេខ៦)។ ចំណែកផ្នែកខាងលើនៃផ្តែរទ្វារគេឆ្លាក់ជាក្បាច់បន្ទាត់ធ្នូរាងត្រង់ដែលតួអង្គកណ្តាល គឺជារូបចម្លាក់ព្រះព្រហ្មអង្គុយក្នុងកាយវិការសមាធិនៅលើផ្កាឈូកដែលដុះចេញផ្ចិតព្រះវិស្ណុ ហើយនៅអមសងខាងមានរូបទេពអង្គុយបញ្ឈរជង្គង់ម្ខាង ក្នុងទម្រង់មហារាជលីលាសន (Mahãrãjalĭlãsana) ដែលទំនងជាតួអង្គ “មធុ” និង “កៃដភ”។

យើងកត់សម្គាល់ឃើញថា ចម្លាក់ព្រះវិស្ណុនៅលើផ្តែរវត្តភ្នំតាំងស្រែមានព្រះហស្តចំនួន ៤ ដូចចម្លាក់រូបព្រះវិស្ណុផ្ទុំផ្សេងៗទៀតនៅស.វ.ទី៧ដូចគ្នាដែរ ហើយការលម្អគ្រឿងអល្លង្ការក៏ដូចគ្នាដែរ។ ប៉ុន្តែ ការឆ្លាក់រូបនាគរាជ (ស្តេចនាគ) នៅខាងចុងព្រះបាទរបស់ព្រះវិស្ណុ គឺជាទម្រង់មួយដែលចម្លាក់ផ្សេងៗទៀតនៅស.វ.ទី៧ដូចគ្នាពុំឃើញមានឡើយ ហើយការឆ្លាក់រូបនេះទំនងគេឆ្លាក់រូបតំណាងឱ្យទឹកសមុទ្រ ដ្បិតនាគតំណាងឱ្យទឹក ដែលខុសពីផ្តែរផ្សេងៗទៀតយើងឃើញគេឆ្លាក់ជារូបរលក និងរូបក្បាលសត្វមករនៅក្បែរព្រះកាយព្រះវិស្ណុដែលបញ្ជាក់ពីទឹកដូចគ្នា។ លើសពីនេះ ការឆ្លាក់រូបព្រះនាងលក្ស្មីនៅផ្នែកខាងលើព្រះសិវ ក៏ពុំធ្លាប់ឃើញមាន​នៅ  ស.វ.ទី៧ដែរ តែយើងធ្លាប់ឃើញមាននៅខាងចុងព្រះបាទដូចឃើញនៅផ្តែរទ្វារប្រាសាទស្រីគ្រប់ល័ក្ខណ នៅតំបន់ប្រាសាទសំបូរព្រៃគុក (រូបលេខ៩)។

ជារួមមក ផ្តែរទ្វារចម្លាក់ព្រះវិស្ណុផ្ទុំនៅវត្តភ្នំតាំងស្រែ បង្ហាញឱ្យឃើញពីគំនិតរបស់បុព្វបុរសខ្មែរក្នុងការច្នៃសាច់រឿងទេវកថាដែលមាននៅក្នុងគម្ពីរឱ្យចេញជាចម្លាក់នៅលើថ្ម ដូចរឿងព្រះវិស្ណុផ្ទុំនេះជាដើម ដែលខ្មែរតែងអនុវត្តតាមគម្ពីរមាក៌ណ្ទេយបុរាណ (Mārkaṇḍeya-Purāṇa)។ ចម្លាក់មួយចំនួននៅលើផ្តែរវត្តភ្នំតាំងស្រែ មានលក្ខណៈដូចចម្លាក់ព្រះវិស្ណុផ្ទុំនៅលើផ្តែរដទៃទៀត​ក្នុងស.វ.ទី៧ ប៉ុន្តែក៏មានផ្នែកខ្លះខុសគ្នាដែរ ជាក់ស្តែងដូចជា ការបង្ហាញរូបនាគរាជ (ស្តេចនាគ) នៅខាងចុងព្រះបាទព្រះវិស្ណុ និងការបង្ហាញរូបទេពស្រីគឺព្រះនាងលក្ស្មីនៅខាងលើព្រះសិរ៕

អត្ថបទដើម៖ លោក​ ម៉ង់វ៉ាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!