ទំព័រដើមប្រវត្តិសាស្ត្របុរាណវិទ្យាស្ថានីយផូស៊ីល​សត្វសមុទ្រ​ ភ្នំនូ

ស្ថានីយផូស៊ីល​សត្វសមុទ្រ​ ភ្នំនូ

ភ្នំនូ​​ជា​ស្ថានីយ​ផូស៊ីល​សត្វសមុទ្របុរាណ​​មួយកន្លែង​ មាន​ទីតាំង​​ស្ថិតនៅស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង​។​ ​ ភ្នំ​នេះ​ស្ថិត​នៅ​ខាង​លិច​ភ្នំ​ប្រាំពីរ​ប្រមាណ​១០​គីឡូ​ម៉ែត្រ ដោយ​ចូលទៅ​តាម​ផ្លួវ​លំ។​ ក្រុម​ការងារ​សិក្សា​ផូស៊ីល​នៃ​នាយកដ្ឋាន ​តំបន់​បេតិ​ក​ភណ្ឌ អគ្គ​សហកមន៍​មូលដ្ឋាន​ នៃ​ក្រសួង​បរិស្ថាន ​​បាន​ចុះ​ទៅ​សិក្សា​បឋម​ កាល​ពី​ឆ្នាំ​២០២១ ​​ដោយបាន​សិក្សា​នៅ​ជ្រុង​មួយ​នៃ​ភ្នំ និង​សិក្សា​ក្នុង​រូង​ភ្នំមួយ​នៃ​ភ្នំ​នោះ​​ (រូប​លេខ១)។​ ភ្នំ​នូ​​ជា​​ភ្នំ​ថ្ម​កំបោរ ដែល​បាន​កំណត់​​អាយុកាល​ក្នុង​ស័ក​ទី១​ Paleozoic សម័យ​ Permian (២៥១-២៩៩លាន​ឆ្នាំ​)។​

ភ្នំ​នេះ​​មាន​អតី​តកាល​ជា​សមុទ្រ​ ដែល​កើត​ឡើង​ដោយ​កំណក​នៃ​កំបោរ​។​ ថ្មកំបោរជាប្រភេទថ្ម​ដែល​កើត​ពី​ កំណក​នៃ​ជីវៈ​ចម្រុះ​មួយ​ចំនួន​ សំណល់​ផ្សេងៗ​ និងកំទេចកំទី   សរីរាង្គផ្សេងទៀត។ វាក៏អាចបង្កើតបានដោយដំណើរការនៃ​កំណក គីមីដូចជាទឹកភ្លៀងនៃកាបូនកាល់ស្យូមពីទឹកបឹងឬទឹកសមុទ្រ។ ភ្នំ​នូ​​ ជា​ស្ថានី​យផូស៊ីល​សត្វ​សមុទ្រ​មួយ​ដែល​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​និង​​ ផូស៊ីល​​សត្វ​​​សមុទ្រ​ដែល​ប្រ​មូល​បាន​ពី​ភ្នំ​ប្រាំពីរ​។ យើង​បាន​រក​ឃើ​ញ​ភស្តុតាង​មួយ​ចំនួន​នៅ​ភ្នំ​នូមាន​ដូច​ជា​៖​ ​ពពួក​ខ្យង​មួយ​ចំនួន​ (រូបលេខ២)​ ​ដែល​រក​ឃើញ​នៅផ្នែក​ចំហៀង​ក្នុង​រូង​ភ្នំ​ ​​ ដែល​មានរូបរាងជា៣ឬ៤គន្លាក់​។​ (រូបលេខ៣​) ជា​ប្រភេទ​ពពួក​ខ្យង​​រក​ឃើញ​ក្នុង​រូង​ភ្នំ​ ​ជា​រូប​កាត់​ទទឹង​នៃ​ខ្យង​នោះ​ ហើយនៅ​ក្នុង​ផ្ទៃ​ថ្ម​នេះ​ក៏​មាន​ស្លាកស្នាម​សត្វ​ផ្សេងៗ​ ដែល​ជា​គ្រាប់​តូច​ៗ Fusulina សត្វ​ដែល​មាន​សណ្ឋាន​ដូច​គ្រាប់​អង្ករ​ ទំហ៊ំ​ប្រ​មាណ​៥​ម.ម​។​ យើង​អាច​កំណត់​ Species ប្រភេទ Fusulinaស្ថិត​នៅ​​ក្នុង​គ្រួសារ​ (Family) Schwagerinidae លំដាប់​ (Orders) Fusulinina សាខា (Phylum) Foraminifera បច្ចុប្បន្ន​បាន​ដាច់​ពូជន៍ទៅហើយ។​ ពពួកខ្យងដែលរកឃើញទាំង​នេះ ​គឺលំបាក​ក្នុង​ការ​ពិនិត្យ​មើលសណ្ឋានរបស់ពួកវាណាស់ ដ្បិត​រូបរាងខ្យងទាំងនេះសឹងតែបាត់រូបរាង ដោយរលា​យ​ចូល​ទៅ​ក្នុង​សាច់​ថ្មភ្នំ ពួក​នេះ​ក៏​បាន​ជួប​ប្រទះ​នៅ​ស្ថានីយ​មួយ​ចំនួ​ន​​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​។​ (រូប​លេខ​​៤​​) អាច​ជា​ប្រភេទ​មួយ​នៃ​ខ្យង​ផង​ដែរ​ តាម​រយៈ​រូប​រាងទាំង​នេះ​យើង​អាច​យល់​ថា​ជា​ប្រភេទ​ខ្យង​ផ្សេងៗ​គ្នា​។​ (រូប​លេខ៥​-៦) ជា​បំណែក​នៃ​ពពួក​គ្រី​ណូ​អ៊ីត​ ស្ថិត​នៅ​ Phylum Echinodermata, Class Crinoidea​ តាមរយៈ​ឯកសារ​បាន​បញ្ជាក់​ថា​ ពពួក​គ្រី​ណូអ៊ីត​មាន​ជា​​ង​៦០០០ប្រភេទ​ និង​បាន​បន្ត​មក​រស់​នៅ​ក្នុង​ពេល​បច្ចុប្បន្ន ជាង​៦០០​ប្រភេទ​។ ហើយពពួកគ្រីណូអ៊ីត​​នេះ ​ក៏បានប្រទះឃើញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​រហូតមកដល់​ពេល​បច្ចុប្បន្ន​នេះ​ផង​ដែរ​ ដោយពួក​វា​មាន​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​និង​ពពួក​ផ្កាយ​សមុទ្រ។​ (រូបលេខ៧) មាន​លក្ខណៈ​ជា​ស្លាក​ស្នាម​ដូច​មុខ​កាត់​នៃ​ផ្កា​ថ្ម​ តែ​យើង​មិន​ទាន់​អាច​កំណត់​អត្ត​សញ្ញាណ​​បាន​នៅ​ឡើយ​។ ប្រភេទ​ផូស៊ីល​ពួក​នេះក៏​បាន​រក​ឃើញ​នៅ​ក្នុង​រូប​ភ្នំ​មួយ​នៃ​ភ្នំ​៧​ផង​ដែរ​។​ (រូបលេខ៨-៩)​ អា​ច​ជា​​ពពួក​ផ្កា​ថ្ម​? តែ​យើង​មិន​ទាន់​អាច​កំណត់​អត្ត​សញ្ញាណ​បាន​នៅ​ឡើយ​ ពួក​នេះ​យើង​ឃើញលេច​ចេញ​មក​ជា​ក្រុម​តូច​ៗ​ ហើយ​យើង​ក៏​បាន​ជួប​ប្រទះ​នៅ​ភ្នំ​ប្រាំពីរ​ផង​ដែរ​។​

​រួម​សេចក្តីមក​យើង​អាច​និយាយ​បាន​ថា​ ភ្នំ​នូ​ ​ជា​ទីតាំង​ផូស៊ីល​សត្វ​សមុទ្រ​មួយ​ដែល​មានអាយុកា​ល​ក្នុង​ស័ក​​ Paleozoic ក្នុង​សម័យកាល​ Permian (២៥១-២៩៩លាន​ឆ្នាំ​)​។​ ទីតាំង​ផូស៊ីល​នេះ​មាន​លក្ខណៈ​ដូច​គ្នា​នឹង​ស្ថានីយ​ផូស៊ីល​ភ្នំ​ប្រាំពីរ​ផង​ដែរ​។​ នៅ​ពេល​ដែ​ល​យើង​អាច​មា​ន​លទ្ធភាព​សហការ​ណ៍​ជា​មួយ​អ្នក​ជំនាញ​អន្តរជាតិ​ ដើម្បី​បក​ស្រាយ​នៅ​ចម្ងល់​ទាំង​ឡាយ​ដែ​ល​មាន​។​ ក្រុមការងារ​និង​បន្ត​ការ​សិក្សា​ស្រាវ​ជ្រាវ​ជា​បន្ត​នៅ​ឆ្នាំ​បន្ត​បន្ទាប់​ទៀត​៕

អត្ថបទដើម៖ លោក លឹម វណ្ណច័ន្ទ

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!