ភាគទី១
កាលនោះមានសេដ្ឋីពីរនាក់ប្តីប្រពន្ធរស់នៅក្នុងគ្រួសារនៅក្នុងស្រុកមួយ មានទ្រព្យសម្បត្តិច្រើនរាប់កោដិឃ្លាំង ខ្ញុំកំដរប្រុសស្រីច្រើនរាប់មិនអស់។ ថ្ងៃមួយសេដ្ឋីជាប្តីគិតនិងភរិយាថាៈ យើងមានទ្រព្យសម្បត្តិច្រើនយ៉ាងនេះ ហើយគ្មានកូនមួយសោះ បើអស់ពីយើងទៅតើបាននរណាស្នងគ្រប់គ្រងសម្បត្តិរបស់យើង។ បងគិតថាយើងគួរតែទៅអុជធូបសុំទេវតាមើលក្រែងបានកូនបន្តវង្សត្រកូល។ គិតគ្នារួចហើយនាងជាប្រពន្ធ ក៏រៀបចំទៀនធូបផ្កាភ្ញីយកទៅថ្វាយ និងអុជធូប ក្រោមដើមជ្រៃមួយ។ កាលនោះមានទេវតាថែរក្សានៅទីនោះ ក៏បានឮសេដ្ឋីពីរនាក់ប្តីប្រពន្ធបន់ស្រន់សុំកូនច្រើនដូច្នេះក៏ជួយ។ មួយឆ្នាំក្រោយមកសេដ្ឋីក៏បានកូនស្រីមួយដូចបំណង ឆ្នាំក្រោយៗមកទៀតក៏ចេះតែមានទៀតរហូតដល់១២នាក់ ហើយសុទ្ធតែជាស្រី។ បន្ទាប់ពីបានកូន១២នាក់នោះមក សេដ្ឋីចាប់ផ្តើមធ្លាក់ខ្លួនបន្តិចម្តងៗ ព្រោះថាកូនសុទ្ធតែជាស្រីមិនអាចជួយធ្វើការរកស៊ីអ្វីបាន បានត្រឹមតែចាយ និងសំអាងកាយ។ ច្រើនឆ្នាំក្រោយមក សេដ្ឋីក៏អស់ទ្រព្យសម្បត្តិពីខ្លួន ដីធ្លីផ្ទះសំបែងក៏លក់ចាយអស់ទៀត រហូតមានត្រឹមតែខ្ទមមួយប៉ុណ្ណោះ យូរៗទៅ សឹងរកបាយឲ្យកូនហូបមិនបានគឺបានព្រឹកខ្វះល្ងាច បានល្ងាចខ្វះព្រឹក។ ដោយទ្រាំមិនបាននឹងភាពអត់ឃ្លានពេក អតីតសេដ្ឋីក៏គិតគ្នានិងប្រពន្ធថាៈ បើយើងទុកកូននៅជុំគ្នាទាំងអស់ គឺមានតែរងចាំសេចក្តីស្លាប់ទាំងអស់គ្នាតែប៉ុណ្ណោះ។ បងគិតថា ចង់យកកូនទៅបំបរបង់ក្នុងព្រៃ ក្រែងវាបានជួបអ្នកមានអាចិញ្ចឹមវាបាន នោះវានឹងមានសំណាង។ ប្រពន្ធស្តាប់ហើយមានការក្តុកក្តួលក្នុងចិត្តយ៉ាងខ្លាំង នាងយំមិនឈប់សោះ នាងនិយាយថាៈ តើកូនខ្ញុំទាំងអស់មានកំហុសអី ទើបបានធ្វើយ៉ាងនេះ?
អតីតសេដ្ឋីៈ គ្មានកំហុសអីទេ តែបើយើងទុកនៅ យើងក៏មិនអាចទ្រាំទ្របានដែរ ហើយបើយើងស្លាប់ទៅ កូនគង់កំព្រាតែលតោលដដែល។ ប្តីនិយាយប៉ុណ្ណោះប្រពន្ធមិនចេញស្តីក៏គិតតែពីយំ។ ព្រឹកឡើងពេលថ្ងៃរះ ឪពុកក៏បបួលកូនថា មកកូនទាំងអស់ទៅព្រៃជាមួយពុកទេ? កូនទាំងអស់ក៏ឆ្លើយព្រមគ្នាថាៈ ខ្ញុំទៅ ខ្ញុំទៅបេះផ្កា និងរកកាច់អុសទុកដុតផង។ ឪពុកក៏នាំកូនចូលព្រៃជ្រៅ មើលទៅឆ្ងាយហើយក៏សួរកូនថាៈ តើកូនអាចរកផ្លូវទៅផ្ទះវិញឃើញទេ? កូនឆ្លើយថាៈ មិនអាចទេទីនេះស្ងាត់់ណាស់ បើពុកមិននាំមក កូនមិនហ៊ានមកទេ។ ឪពុកឮកូននិយាយដូច្នេះសែនខ្លោចផ្សាក្នុងចិត្ត ម្យ៉ាងគិតថានឹងបំបរបង់កូនបងៗទាំងអស់ ទុកតែកូនពៅមួយ ខ្លាចក្រែងកូនថាចិត្តមិនស្មើស្រលាញ់តែពៅ ស្អប់បងៗ គិតចុះគិតឡើងអតីតសេដ្ឋីក៏សំរេចចិត្តទុកឲ្យនៅ
ទាំងអស់ចុះ គិតរួចក៏ប្រាប់កូនថាៈ បើកូនមិនស្គាល់ផ្លូវត្រូវនៅចាំពុកទីនេះហើយ កុំដើរទៅណាឲ្យសោះ ហើយបើមានសត្វសាហាវមកកូនត្រូវឡើងដើមឈើ ដែលពុកគងទុកឲ្យនេះ កូនចាំបានទេ។ ចាសចាំបានពុក កូនៗឆ្លើយព្រមគ្នា។ ផ្តែផ្តាំរួចហើយ ឪពុកក៏គេចខ្លួនត្រឡប់មកផ្ទះវិញ។ មកដល់ផ្ទះពីរនាក់ប្តីប្រពន្ធ អង្គុយទល់មុខគ្នាយំ នឹកស្រណោះកូនធ្លាប់អោយថើបប្រលែងលេងជារៀងរាល់ថ្ងៃ ស្រាប់តែថ្ងៃនេះស្ងាត់សូន្យឈឹង មិនដឹងថាកូនមានជួបសត្វកាចសាហាវ ឬមួយយ៉ាងណាក៏មិនដឹង។
សូមងាកមកនិយាយពីកូនទាំង១២នាក់វិញ ពេលដែលឪពុកចេញបាត់ទៅ នាំគ្នានៅចាំឪពុករហង់មិនហ៊ានចេញទៅណាទេខ្លាចឪពុកមករកមិនឃើញ ចាំរហូតទល់ល្ងាចក៏នៅតែមិនឃើញមក។ រងចាំយូរទៅដូចជាអស់សង្ឃឹមក៏នាំគ្នាគិតថាៈ ក្រែងលោកឪពុកទៅហើយវង្វេងផ្លូវមករកយើងមិនឃើញទេដឹង។ ខ្លះទៀតនិយាយថាក្រែងលោកឪពុករវល់រៀបចំអុសមិនទាន់ហើយ ទើបមិនទាន់មក។ ចំណែកកូនពៅនិយាយថាៈ បងអើយប្រហែលជាពុកយកពួកយើងមកបំបរបង់ចោលហើយ ពុកមិនមកយកយើងវិញទេ។ និយាយបានត្រឹមនេះក៏នាំគ្នាអោបគ្នាយំទ្រហឹង ព្រោះណាមួយឃ្លានអាហារ ណាមួយខ្លាចនៅកណ្តាលព្រៃ។ ព្រឹកឡើងបងប្អូន១២នាក់ក៏នាំគ្នាធ្វើដំណើរផ្សងព្រេងដែលគ្មានទិសដៅ បេះស្លឹកឈើ ផ្លែឈើឆីជាអាហារ។ មានពេលមួយពួកនាងចុះចាប់ត្រីក្នុងបឹង ពួកបងៗទាំងអស់សុទ្ធតែដោតភ្នែកត្រីទាំងសង្ខាង មានតែនាងពៅម្នាក់ប៉ុណ្ណោះដែលដោតភ្នែកត្រីតែម្ខាង។ ពួកនាងចំអិនត្រីជាអាហាររួចហើយ ក៏បន្តដំណើរទៅមុខទៀត។ ពួកនាងធ្វើដំណើរផ្សងពេ្រងអស់រយៈពេលយូរខែឆ្នាំ ក៏ទៅដល់ស្រុកមួយដែលជាស្រុករបស់យក្សសន្ធមារ។ យក្សសន្ធមារ កាលបើឃើញនាង១២នាក់ចូលទៅដល់ហើយ ក៏ប្រាប់កង្រីជាកូនថាៈ ចូរនាងប្រែក្រឡាជាកូនក្មេងអាយុ៣ឆ្នាំគេងក្នុងអង្រឹងទៅ ម្តាយនឹងសុំពួកនាងទាំងនោះនៅជួយមើល។ រៀបចំរួចស្រេចហើយសន្ធមារ ក៏ចេញទៅទទួលនាងទាំង១២នាក់ រួចសួរថាៈ តើពួកនាងទៅណាមកណា បានមកដល់កន្លែងយើងនេះ? នាងទាំង១២នាក់ស្តាប់ហើយក៏ឆ្លើយវិញថាៈ ពួកខ្ញុំជាក្មេងកំព្រាឪពុកប្រោសចោលនៅកណ្តាលព្រៃ ពួកខ្ញុំដើរតែលតោលជាយូរមកហើយ ហើយក៏បានមកដល់ទីនេះ។ សន្ធមារស្រីយក្សស្តាប់ហើយ មានចិត្តត្រេកអរណាស់ក៏ប្រញាប់ឃាត់ថាៈ អីចឹងពួកកូននៅទីនេះជាមួយម្តាយហើយ ម្តាយមានកូនតូចមួយអត់មានអ្នកនៅរក្សាពេលម្តាយមិននៅ បើបានពួកកូនមកម្តាយនឹងធូរចិត្ត។ ពួកនាងទាំង១២នាក់ស្តាប់ឮស្រីយក្សសន្ធមារនិយាយដូច្នេះមានចិត្តរីករាយណាស់ គិតថាគេស្រលាញ់នាងទុកដូចជាកូន។
រៀបរៀងដោយ៖ កញ្ញា មាស សុភាព