សំពៅដែលលេចនោះត្រូវបានគេឱ្យឈ្មោះថា Ses Fontanelles ដែលមានជម្រៅប្រមាណ១៦៥ មទៅក្រោមបាតសមុទ្រ និងស្ថិតនៅក្បែរ នឹងតំបន់ឆ្នេរ Ca’n Pastilla ក្នុងទីក្រុង Palma នៃប្រទេសអេស្បាញ។ អ្នកជំនាញបានបង្ហាញអំពីមូលហេតុនៃការលេចសំពៅនោះ ដោយគេជឿថា សំពៅនេះមកពី Cartagena ទំនងជាបានបោះយុថ្កានៅតំបន់ឆ្នេរ Ca’n Pastillaនេះ ហើយប្រហែលមកពីកត្តាអាកាសធាតុអាក្រក់ ឬប្រហែលមកពីអាចបុកជាមួយនឹងថ្ម ទើបបណ្តាលឱ្យវាលិច។ អ្នកបុរាណវិទូមកពីសកលវិទ្យាល័យបាសេឡូណា (Bacelona) ដែលទើបតែបញ្ចប់ការងារកំណាយនៅស្ថានីយក្រោមបាតសមុទ្រដែលមានឈ្មោះថា vessel’s ancient cargo ក្នុងតំបន់កោះ Balearic និង Cadiz បានបន្តមកសិក្សានៅតំបន់ សំពៅ Ses Fontanelles នេះ។
យោងតាមក្រុមអ្នកបុរាណវិទូបានជឿថា លទ្ធផលនៃការងារកំណាយបុរាណវិទ្យាក្រោមទឹកគឺ “ពិតជាពិសេស ចាប់តាំងពីពួកគេបានឃើញនូវទំនិញជាច្រើនដែលផ្ទុកនៅក្នុងសំពៅ”។ សំពៅ Ses Fontanelles មានបណ្តោយ 39 ម៉ែត្រ និងទទឹង 20 ម៉ែត្រ ។ អ្នកជំនាញបានលើកឡើងថា “សំពៅនេះប្រហែលស្ថិតនៅពាក់កណ្តាលសតវត្សទី៤ នៃគ.ស. ហើយបច្ចុប្បន្នសំពៅនោះស្ថិតនៅក្នុងស្ថានភាពល្អ”។ ចាប់តាំងពីការសិក្សាស្រាវជ្រាវមក អ្នកបុរាណវិទូបានរកឃើញកុលាលភាជន៍ ពាងធំ ខ្ពស់ៗ ប្រមាណ៣០០ ដែលត្រូវបានប្រើប្រាស់ក្នុងសម័យរ៉ូម៉ាំង។ តាមរយៈការវិភាគលើកុលាលភាជន៍ទាំងនោះបានបង្ហាញថា Ses Fontanelles ជាសំពៅដឹកទំនិញចម្រុះ រួមទាំង ប្រេង ស្រា និងគ្រឿងទេស និង defrutum ដែលជាទឹកទំពាំងបាយជូរ។ វត្ថុសិល្បៈជាច្រើនត្រូវបានគេរកឃើញនៅក្រោមបាតសំពៅខណៈពេលដែលពាងមានអក្សរចារឹកប្រហែល 100 ដែលគេស្គាល់ថាជា “ពាងtitulus pictus” ដែលមានអក្សរបញ្ជាក់ពីខ្លឹមសារ ប្រភពដើម និងទិសដៅនៃពាងទាំងនោះ។
តាមរយៈវត្ថុដែលបានរកឃើញទាំងនោះបាន ធ្វើឱ្យ Ses Fontanelles ក្លាយជាបណ្តុំនៃ ពាង titulus pictus ដែលគេស្គាល់ថាជាស្ថានីយ៌បុរាណវិទ្យាក្រោមទឹកធំជាងគេក្នុងប្រទេសអេស្ប៉ាញ និងជាស្ថានីយ៍ធំទី២ នៅលើពិភពលោកដែលជាបណណ្តុំនៃសំណល់បុរាណវិទ្យាដែលមកពីតំបន់ Monte Testaccio ក្នុងទីក្រុងរ៉ូម។
គួរកត់សម្គាល់ថាសិលាចារឹកមួយចំនួនបានពណ៌នាអំពីខ្លឹមសារនៅលើពាងទាំងនោះថា ជាពាងសម្រាប់ដាក់”ប្រេងអូលីម ឬ “ប្រេងផ្សេងៗជាដើម”។ អ្នកស្រាវជ្រាវបាននិយាយថា៖ «យើងដឹងថាវាជាផ្នែកមួយនៃការជួញដូរទំនិញរវាង តំបន់ផ្សេង ដែលរួមមាននៅ Cartagena និងនៅតាមតំបន់ផ្សេងៗទៀត ទិន្ន័យទាំងនោះ គឺបានមកពីសិលាចារឹកនៅលើពាងទាំងនោះ ។ អ្នកបុរាណវិទូបានបន្ថែមថា ពួកគេសង្ឃឹមថា ការសិក្សាបន្ថែមទៀតអំពី titulus pictus នៅក្នុងប៉ុន្មានខែខាងមុខនេះ នឹងជួយពួកគេឱ្យស្វែងយល់បន្ថែមអំពីព័ត៌មានលម្អិតនៃឈ្មួញដែលរៀបចំសម្រាប់ទំនិញទាំងនេះដើម្បីដឹកជញ្ជូនតាមសមុទ្រ និងសកម្មភាពនៃជំនួញរបស់មនុស្សសម័យបុរាណ ។
ទន្ទឹមនឹងនេះដែរ សំណល់បុរាណវិទ្យា ជាពិសេសពាងមួយចំនួនទៀតត្រូវបានគេរកឃើញ រួមទាំងបំណែកឧបករណ៍ជួសជុលសំពៅ ដែលនេះគឺជាទិន្ន័យដ៏សំខាន់មួយក្នុងវិស័យបុរាណវិទ្យា និងជាស្ថានីយ៍សំខាន់ក្នុងចំណោមស្ថានីយ៍ក្រោមបាតសមុទ្រផ្សេងទៀតនៅក្នុងពិភពលោកដែរ។ អ្នកស្រាវជ្រាវក៏បានរកឃើញឆ្នាំងដាំបាយ ចង្កៀងប្រេង ខ្សែពួរជាច្រើនដែលប្រើនៅលើនាវា អ្នកស្រាវជ្រាវក៏បានយកទៅរក្សាទុកក្នុងសារមន្ទីរ។
ការសិក្សាលើទីតាំងភូមិសាស្ត្រនៅតំបន់ជុំវិញ Ses Fontanelles និងបានកំណត់ទីតាំងធ្វើការកំណាយ កាលពីខែវិច្ឆិកាឆ្នាំមុន(២០២១) និងជួយឲ្យដឹងអំពីស្ថានីយ៌ក្រោមបាតសមុទ្រផ្សេងៗ។ អ្នកស្រាវជ្រាវបានបង្ហាញថា សំពៅដែលមានវ័យចំណាស់ជាងគេ ត្រូវបានគេសង្ស័យថា ក្នុងសម័យកាល ក្រោយ Punic ដែលមានអាយុកាលប្រហែល១៥០ មុនគ.ស. និងជាពាងសម្រាប់ផ្ទុក ស្រាទំពាំងបាយជូរដែលត្រូវបានបញ្ជូនពី តំបន់ Ibiza ។ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញមានការព្រួយបារម្ភអំពីអនាគតរបស់ Ses Fontanelles ដែលវាស្ថិតនៅជិតច្រាំងសមុទ្រ និងនៅក្រោមទឹកកម្ពស់៦ ម៉ែត្រកន្លះ ដែលងាយរងគ្រោះដោយសារអាកាសធាតុខ្លាំង និងមានការលួចយកវត្ថុបុរាណទាំងនោះផងដែរ។
អ្នកបុរាណវត្ថុវិទូបានបន្ថែមទៀតថា បំណែកបាក់បែកនៃ Ses Fontanelles គឺស្ថិតក្នុង “ភាពហានិភ័យនៃការបំផ្លិចបំផ្លាញដែលអាចកើតមានប្រសិនបើព្យុះខ្លាំងនៅតំបន់នេះ វាបណ្តាលឱ្យខូចខាតកាន់តែខ្លាំងជាងមុនទៅទៀត។ ដោយមើលឃើញពីចំណុចនេះ អាជ្ញាធរ Majorcan បច្ចុប្បន្នកំពុងស្រាវជ្រាវរកសំបកទូក ជាជាងគ្រាន់តែស្វែងរកទំនិញ។ ពួកគេក៏ចង់ស្រង់សំបកសំពៅ Ses Fontanelles ចេញពីបាតសមុទ្រដោយសុវត្ថិភាព និងរក្សាទុកសម្រាប់កូនចៅជំនាន់ក្រោយនៅក្នុងសារមន្ទីរ។ គម្រោងនៃការសិក្សាស្រាវជ្រាវលើ Ses Fontanelles គឺជាផ្នែកមួយនៃគម្រោងដ៏ធំដែលចំណាយពេល៣ ឆ្នាំ។ គម្រោងនោះមានឈ្មោះថា “Arqueomallornauta” ដែលមានគោលបំណងស្វែងរកចរាចរណ៍ផ្លូវសមុទ្រនៅ Majorca ក្នុងសម័យបុរាណ៕