វប្បធម៌ទ្វារវតី

ការសិក្សា​លើប្រវត្តិសាស្រ្តនៃវប្បធម៌ទ្វារវតី គឺមានការ​ចាប់អារម្មណ៌​ខ្លាំង​នៅពាក់កណ្តាលនៃសតវត្សទី២០មក ប៉ុន្តែការសិក្សាទាំងនោះ ត្រូវការស្វែងយល់បន្ថែមទៀត ទាំងអំពីប្រវត្តិសាស្ត្រ  នយោបាយ ឬវិសាលភាពទឹក និងជំនឿជាដើម។ ​អ្វី​ដែល​អ្នកស្រាវជ្រាវ​ដឹង​ពីទ្វារវតីគឺតាមរយៈទិន្ន័យ​ពី​បុរាណ​វិទ្យា​ជា​ចម្បង និងឯកសារចិន។ ទិន្ន័យទាំងនោះរួមមាន សំណង់ចេតិយ ពុទ្ឋរូបធ្វើពីថ្មភក់ ជាដើម។ នៅក្នុងឯកសាររបស់ចិន បានហៅទីកន្លែងមួយក្នុងតំបន់អាស៊ីអាគ្នេយ៌ដីគោកថា  Duoluobodi (To-lo-po-ti)សំដៅលើDvāravatī ក្នុងភាសាសំស្រ្តឹត និងឃើញមាន śrī dvāravatī ឆ្លាក់នៅលើកាក់។

តាមរយៈភស្ថុតាងបុរាណវិទ្យា ទ្វារវតី គឺស្ថិតនៅភាគកណ្តាលនៃប្រទេសថៃដែលមានទីក្រុងចំនួនបីសំខាន់ៗគឺនៅ   ណាខនផាថម (Nakhon Pathom), លបបុរី (Lopburi និង អ៊ូថុង (U-Thong)។  ប្រជាជនភាគច្រើននៃទ្វារវតី គឺជាជនជាតិមន និងប្រើប្រាស់ភាសាមនបុរាណដែលឃើញ មានជនជាតិដើមប្រើប្រាស់នៅតំបន់ខាងជើងប្រទេសថៃបច្ចុប្បន្ន។ តាមរយៈទិន្ន័យបុរាណវិទ្យា ដែលបានរកឃើញដូចបង្ហាញខាងលើ សាសនា​នៃទ្វារវតីគឺគោរពព្រះពុទ្ឋសាសនា។ យោងតាមលោក Nicolas Revire ព្រះពុទ្ធសាសនាដែលរដ្ឋទ្វារវតីគោរពគឺ ព្រះពុទ្ធសាសនាថេរវាទ បើទោះបីជាគោរពព្រះពុទ្ធសាសនា ប៉ុន្តែក៏ឃើញមានការគោរពព្រាហ្មណ៍សាសនាដែរ។

ចំពោះសិល្បៈដែលអ្នកស្រាវជ្រាវសំគាល់លើវប្បធម៌ទ្វារវតី គឺជាចម្លាក់រូបធម្មចក្រ (dharmacakra) ដែលជានិមត្តិរូបមួយតំណាងក្នុងព្រះពុទ្ឋសាសនា  និងព្រះពុទ្ឋរូបដែលមា​នការតុបតែងតាមបរិបទទ្វារវតី។​ បើទោះបីជា យើងបានដឹងហើយថា រដ្ឋ វប្បធម៌ដំបូងៗក្នុងតំបន់អាស៊ីអាគ្នេយ៌គឺទទួលឥទ្ធិពលព្រះពុទ្ឋសាសនា និងព្រាហ្មណ៍សាសនា ពីឥណ្ឌា និងស្រីលង្កាក៏ដោយ ក៏វប្បធម៌ទាំងនោះមានបច្ចេកទេស និងសិល្បៈរៀងៗខ្លួន។ លក្ខណៈពិសេសនៃពុទ្ធរូបក្នុងវប្បធម៌ទ្វារវតី គឺមានទម្រង់ព្រះភក្រធំ ចិញ្ចើមកោងជាប់ដល់ខ្ទង់ច្រមុះ ហើយច្រមុះធំក្រាស់ និងជាពិសេស ត្រង់កន្លែង uṣṇīṣa និងមានសក់រួញ។

វត្ថុសិល្បៈដែលបានរកឃើញទាំងអស់នោះបានបង្ហាញថា សិល្បៈករមន មានជំនាញ បច្ចេកទេសពូកែលើផ្នែកចម្លាក់ថ្ម កុលភាជន៍ និងលោហធាតុ។ សិល្បៈទាំងនោះមានលក្ខណៈ​ស្រដៀងនៅសិល្បៈGupta និង Post-Gupta ដែលមានឥទ្ធិលនៅខាងជើង និងខាងលិចនៃប្រទេសឥណ្ឌានាស.វ.ទី៤ និងទី​៨នៃគ.ស.។

បើយើងពិនិត្យមើលពីសិល្បៈទ្វារវតី ក៏ឃើញមាននៅប្រទេសកម្ពុជា​ ដូចនៅលើសីមាដូនមាស និងសីមាពែមគ្រែ នៅលើភ្នំគូលែន​​ដែលឃើញមានបង្គោលសីលា រូបធម្មចក្រ រូបដើមពោធិជាដើម។

តាមរយៈសិលាចារឹកដែលអ្នកស្រាវជ្រាវបានរកនៅទឹកដី នៃតំបន់សំខាន់ៗរបស់ ទ្វារវតី និងទឹកនៃប្រទេសថៃទាំងមូលបានឃើញថា មានការប្រើប្រាស់អក្សរផ្សេងៗគ្នា ក្នុងនោះរួមមាន៖ សិលាចារឹកជាភាសាបាលី សំស្រ្តឹត មន មនខ្មែរ និងសិលាចារឹកពីរភាសារួមមាន សំស្រ្តឹត ខ្មែរ សំស្រ្តឹត បាលីជាដើម​។

ជារួមមកតាមរយៈលោក George Cœdès និងលោក Jean BOISSELIER យល់ថា សិល្បៈវប្បធម៌នៃទ្វារវតី គឺមានអាយុកាលចាប់ពីស.វ.ទី៥ ​ដល់ស.វ.ទី១១នៃគ.ស.។ ក្រោយមកទៀត ភាគច្រើនទឹកដីនៃវប្បធម៌ទ្វារវតីត្រូវបានគ្រប់គ្រងដោយអរិយធម៌ និងអាណាចក្រខ្មែរ៕

អត្ថបទដើម៖ លោក អេង តុលា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!