ទំព័រដើមសិល្បៈព្រះវិហារវត្ត​ឫស្សីជ្រោយ និង​គំនូររឿងរាមកេរ្តិ៍

ព្រះវិហារវត្ត​ឫស្សីជ្រោយ និង​គំនូររឿងរាមកេរ្តិ៍

វត្ត​ឫស្សីជ្រោយ ឬវត្ត​មហាអម្ពវ័ន ​ស្ថិត​នៅក្នុង​ឃុំ​ឫស្សីជ្រោយ ស្រុក​មុខ​កំពូល ខេត្ត​កណ្តាល ពោលគឺតាំង​នៅ​ប្រប​នឹង​ផ្លូវ​ជាតិ​លេខ​៦ (ភ្នំពេញ-សៀមរាប)។ ព្រះវិហារ​វត្ត​នេះ​កសាងឡើង​​តាំង​ពីចុង​ទសវត្សទី​៤០ ជា​ប្រភេទ​ព្រះវិហារ​​ជហ្វា​បួន ដោយ​ចាក់​ជញ្ជាំង​បេតុង ​​មាន​សសរនិង​គ្រឿង​គ្រោង​​ដំបូលជា​​ឈើ ប្រក់​ក្បឿង​ស្រកា​លេញ​​​។ នៅ​តាម​​​គល់​សសរ​​អម​ល្វែង​គ្រឹះ​ខាងក្នុង​ព្រះវិហារ​ មាន​គំនូរ​សត្វ​តំណាង​​​ឆ្នាំ​​ទាំង​១២ នៅ​លើ​​ជញ្ជាំង​អាសន៍ ព្រះជីវ៍ មាន​​​គំនូរ​រឿង​វេស្សន្តរ​​និងព​​ពួក​សត្វ​នរក​ នៅ​​លើ​ជញ្ជាំង​​​ជុំវិញ​មាន​​គំនូរ​​រឿង​ពុទ្ធ​ប្រវត្តិ ហើយ​អ្វី​ដែល​គួរឱ្យ​កត់សម្គាល់ គឺ​នៅ​​លើ​ពិតាន​​ឈើ​ខាងលើ​មាន​​​គំនូរ​​ត្រង់​អន្លើ​ខ្លះ​ក្នុង​​​​​រឿង​ពុទ្ធ​​ប្រវត្តិ​ និងអន្លើ​ខ្លះទៀត​ក្នុង​​រឿង​​រាមកេរ្តិ៍​ ដែលកម្រ​ឃើញ​​​​​លើក​យកមកគូរ​​នៅ​​​​​​តាម​​​ព្រះវិហារសង់ថ្មី​​​សព្វ​ថ្ងៃ។

ព្រះវិហារ​មើល​ពីមុខ

ជាការពិត ព្រះវិហារ​វត្តឫស្សីជ្រោយ គឺជាទម្រង់​ព្រះវិហារ​​​ជហ្វា​បួនដ៏សាមញ្ញ​​​មួយ​ កសាង​ឡើង​​នៅ​ក្នុង​ភូមិសាស្រ្ត​តាម​ដង​ទន្លេ​​ ដែល​សង្កតឃើញ​​​មាន​ការ​​​ប្រើ​ឈើ និង​​ថ្ម​ធ្វើ​ជា​​សម្ភារៈ​​សំណង់​។ បើយោង​តាម​ចារឹក​​​​​លើ​ជញ្ជាំង​​ខាង​​ក្នុង​ព្រះ​វិហារ​​​ចារ​​ថា​ “ព្រះ​វិហារ​​នេះ​កសាង​ពីឆ្នាំ​ខាល​ ទោស័ក ព.ស.​២៤៩២ គ.ស.​១៩៤៩ រហូត​មក​​ដល់​ឆ្នាំ​មមី ​ឆស័​ក ព.ស.​២៤៩៧ គ.ស.​​១៩៥៤ ទើប​ចាក់​ជញ្ជាំង​ហើយ”។ ផ្អែក​តាម​​ខ្លឹមសារ​​ចារឹក​​ខាងលើ​បាន​​សេចក្តី​ថា ​​ដំណើរ​ការ​នៃការសាងសង់​ព្រះវិហារ​វត្ត​ឫស្សី​ជ្រោយ​​ប្រើ​ពេល​​៥ឆ្នាំ ទើប​បាន​​​ចាក់​​ជញ្ជាំង​​​រួចរាល់​។ តាមការសិក្សារ​បស់ Danielle​ & Dominique​-​Pierre Guéret យល់​ថា​​​គំនូរ​​ក្នុង​ព្រះវិហារគូរ​នៅ​ក្នុងឆ្នាំ​១៩៥៤ ដែ​រ។

ផ្ទាំង​ចារឹក​កាលបរិច្ឆេទកសាងព្រះវិហារ

ក្រោយឆ្លងកាត់សង្រ្គាម និង​ការ​ខូចខាតខ្លះ​ដោយ​ប្រការផ្សេងៗ ព្រះវិហារ​វត្ត​​ឫស្សី​ជ្រោយ​បាន​ជួស​ជុល​ឡើង​វិញ​ជា​បន្ត​បន្ទាប់ តាមសទ្ធា​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ ព្រម​ទាំង​បាន​ពង្រីក​ទីធ្លា​ខឿន​​​​ខាងក្រោម​ និងរៀប​​ជណ្តើរ​ឡើង​ទាំង​បួន​ទិស​ផងដែរ​​។ ប៉ុន្តែ​យ៉ាង​ណាក្តី​ គេ​សង្កេត​ឃើញ​រចនា​សម្ព័ន្ធ​​ផ្នែក​ដំបូល​នៅរក្សា​បានតាម​លំនាំដើម​ជា​ព្រះវិហារ​ជហ្វា​បួន ឬ​អ្នក​​​ខ្លះ​ហៅ​ថា “ព្រះវិហារ​បុរាណ”។ មិន​តែ​ប៉ុណ្ណោះ ដូច​បាន​បញ្ជាក់​មក​ខាង​លើ​ថា​ដំបូល​​ព្រះវិហារ​នេះប្រក់​ក្បឿង​ស្រកាលេញ ជ្រាល​​ចុះ​បីថ្នាក់​សង​ខាង។

ដោយឡែក​ចំពោះ​ក្បាច់​លម្អ​លើ​ហោជាង ​គឺ​ជា​ក្បាច់​ភ្ញី​ទេស​​ឆ្លាក់​អំពី​ស៊ីម៉ងត៍​យ៉ាង​សាមញ្ញ​ដូច​គ្នា​ទាំងសងខាង ហើយ​ពុំមាន​រំលេច​រូបអ្វីគួរឱ្យ​កត់​សម្គាល់ ឬចារឹក​ខ្លឹម​សារ​​អ្វី​ទុក​ជា​ចំណាំ​ដូច​​​បណ្តា​​​​​ហោ​ជាង​ព្រះ​វិហារ​​ផ្សេងៗឡើយ។​ ​​ប៉ុន្តែ​នាគ​ដង​ក្តារ​ដែល​ប្រើ​លម្អ​​​នៅ​គែម​​ហោ​ជាង​ គេ​សង្កេត​ឃើញមាន​លក្ខណៈ​ត្រង់ស្មើ ដែល​នាំ​ឱ្យ​មើល​ឃើញ​​ថា​ហោជា​ង​​​ព្រះ​វិហារ​​នេះមានលក្ខណៈ​​ស្ទើរ​ជា​ត្រីកោណ​ស្មើ​ទាំង​បីជ្រុង។ ចំណែក​​ឯ​​នៅ​​ខាង​ចុង​ព្រំ​ដំបូលនីមួយៗ ក៏បំពាក់​លម្អ​ដោយ​ជហ្វា​ចាក់​ពុម្ព​ស៊ីម៉ងត៍​យ៉ាង​សាមញ្ញដែរ ពោលគឺ​ពុំ​មាន​ក្បាច់​រចនា​អ្វីឡើយ។ ​​​ផ្នែក​ខាង​មុខ​មាន​​បំពាក់​​ជហ្វា២ ហើយ​ផ្នែក​ខាង​ក្រោយ​បំពាក់​ជហ្វា​២។ លក្ខណៈ​ហោជាង​ នាគដង​ក្តារ​ និង​ជហ្វា​ចាក់​ពុម្ពស៊ីម៉ងត៍​បែបនេះ ជា​សិល្បៈ​​​សង្កេត​ឃើញ​និយម​ចាប់​ពី​ដើម​ទសវត្ស​ទី​៩០ ដែល​ព្រះ​វិហារ​នីមួយ​ៗ​ចាប់ផ្តើម​រៀបចំ​ជួស​ជុល​ឡើង​វិញក្រោយ​​សង្រ្គាម។

ការលម្អ​លើ​ហោជាងព្រះវិហារ​វត្ត​ឫស្សីជ្រោយ និង​ជហ្វា​បំពាក់​ចុង​ព្រំដំបូល

ចំពោះផ្នែក​ខាងក្នុងនៃ​ព្រះវិហារ គឺ​មាន​សសរ​ឈើ​មូល​ធំៗ​១២ដើម អមសង​ខាង​ល្វែង​​​គ្រឹះ​។ នៅលើ​សសរទាំងនោះ មាន​គំនូរ​លម្អ​ដោយ​​ខ្សែក្បាច់ និង​រូប​នាគ​​ព័ទ្ធ​ចុះ​ពីលើ​មក​ក្រោម។ នៅ​តាម​គល់​សសរ​នីមួយៗ គេ​គូរ​​រូប​សត្វ​តំណាង​ឆ្នាំ​ទាំង​១២ ដោយ​​​​ផ្តើម​​ពីឆ្នាំ​ “ជូត” ​​នៅគល់​សសរ​ជ្រុង​ពាយ័ព្យ​នៃព្រះជីវ៍ បន្ត​ទៅមុខ​​រហូត​បញ្ចប់​ត្រឹម​​ឆ្នាំ​ “កុរ” ​នៅ​​សសរ​ជ្រុង​​និរតី​នៃព្រះជីវ៍។ រីឯ​នៅ​មុខ​បល្ល័ង្ក​ព្រះជីវ៍​ មាន​​​ដងទង់​មួយ​​គូធ្វើ​អំពីឈើ​ បំពាក់​​ដោយ​​រូប​ហង្សមួយ​គូ​នៅ​ខាងចុង​។ ចំណែក​​​ឯ​​បល្ល័ង្ក​ និង​ព្រះ​ជីវ៍​ក្នុង​ព្រះ​វិហារ​នេះ គេដឹង​ថា​កសាង​ថ្មី​នៅ​ក្នុង​ឆ្នាំ​១៩៨៨។ ព្រះ​បដិមា​​​ព្រះជីវ៍​ធំ​​គង់​ខ្ពស់​​លើ​បល្ល័ង្ក​បីថ្នាក់ ក្នុង​កាយវិការ​ផ្ចាញ់មារ ព្រម​ទាំង​អម​ដោយ​ព្រះ​បដិមា​​តូចៗ​ក្នុង​កាយ​វិការ​ផ្សេងៗជាច្រើន​ទៀត​។

សសរ​ឈើអម​ល្វែង​គ្រឹះ​នៃ​ផ្នែក​ខាងក្នុង​ព្រះវិហារ

គំនូរ​​​លើ​ជញ្ជាំង​ជុំវិញ​ព្រះវិហារផ្នែកខាងក្នុង ​គឺជា​ឈុត​សំខាន់ៗក្នុង​រឿង​ពុទ្ធ​ប្រវត្តិ ដោយ​​ផ្តើម​​សាច់​រឿង​​​​​ចេញ​ពី​ជ្រុង​ឦសាន ​ត្រង់​ “ទេវតា​យាង​សន្តុសិត​ទេវបុត្រ​ឱ្យ​ច្យុត​មក​ចាប់​​កំណើត” បន្ត​​មក​​​អន្លើ​ផ្សេងទៀត​តាម​លំដាប់លំដោយដូចជា “ទ្រង់​សុបិន​​​និម្មិត, ទ្រង់​ប្រសូត្រ, ព្រាហ្មណ៍​ទាយ​ព្រះ​លក្ខណៈ, សម្តែង​ឫទ្ធិ, ​រៀប​​អភិសេក, ទត​សួន, ចេញ​សាង​ផ្នួស, ទុក្ខកិរិយា, នាងសុជាតា​ថ្វាយចង្ហាន់, ផ្ចាញ់មារ, ត្រាស់​ដឹង, ប្រោស​ពុទ្ធមាតា-បិតា, ប្រោស​បញ្ចវគ្គីយ៍, ​នាងវិសាខា​សាងវត្តថ្វាយ, ទទួល​ចង្ហាន់​នាយ​ចុន្ទ រហូត​​​បញ្ចប់​​សាច់រឿង​ត្រង់​ “ព្រះ​អង្គទ្រង់​​ប្រឈួន, បរិនិព្វាន, និង​ចែក​​ព្រះ​បរម​សារីរឹក​ធាតុ” នៅលើ​ជញ្ជាំង​ខាងមុខ​ឈម​នឹង​ព្រះជីវ៍​ធំ។ ចំពោះការ​ផ្តើម​សាច់​​​រឿង​និង​បញ្ចប់​​រឿង​ពុទ្ធប្រវត្តិ​ដូចរៀប​រាប់​​ខាងលើនេះ អ្នកស្រាវ​ជ្រាវ​​សង្កេត​​ឃើញ​ថា​ជា​​ការ​និយម​​ទូទៅ​ក្នុងការ​គូរ​គំនូរ​តាម​ព្រះ​វិហារ។​​ ប៉ុន្តែ​ផ្ទាំង​គំនូរ​ក្នុង​ព្រះ​វិហារ​​នេះ គឺមាន​តែមួយជួរ​ គូរ​ត្រង់ចន្លោះ​សសរ​​ឈើ​រាង​បួនជ្រុង​​​ទាំង​២០ ដើម​។

ព្រះអង្គ​យាង​ចូល​បរិនិព្វាន

រីឯគំនូរ​លើ​ពិតាន​ ជា​គំនូរ​យ៉ាង​ពិសេស​ដែល​បង្ហាញ​ប្រធានបទ​សំខាន់​​ពីរ ​ពោល​​គឺ​នៅត្រង់​​ចន្លោះ​ល្វែង​គ្រឹះ គេ​គូរ​​អន្លើ​ខ្លះ​ក្នុងរឿង​ពុទ្ធប្រវត្តិ​ដែល​ពាក់​ព័ន្ធ​ឋានសួគ៌ ឬ​ទេព​និក​រ​​ផ្សេងៗ​ដូចជា កាល​ព្រះអង្គ​និមន្ត​បិណ្ឌបាត្រ​នៅឋាន​ព្រហ្ម, ព្រះអង្គ​នាំនន្ទ​ទៅ​មើល​ស្រី​សួគ៌, ព្រះអង្គ​ប្រោស​នាង​ទេវលាជធីតា ព្រម​ទាំង​រូប​ព្រះ​អាទិត្យ និង​ព្រះច័ន្ទ្រ។ ប៉ុន្តែ​លក្ខណៈ​ពិសេស​នៃគំនូរ​​ព្រះអាទិត្យ និង​ព្រះច័ន្រ្ទ​ក្នុង​ព្រះវិហារ​នេះ គឺ​មាន​បញ្ចូល​​តួ​អង្គ​​នាង​​មេខលា និង​រាមឥសូរ អម​ព្រះអាទិត្យ​គង់លើ​រាជរថ​ទឹម​គោ ហើយ​នាង​មន្ទោគិរី និង​ហនុមាន​ អម​ព្រះច័ន្រ្ទ​គង់លើ​រាជរថ​ទឹម​ទន្សាយ។

ព្រះច័ន្រ្ទនិងនាង​មន្ទោគិរី-ហនុមាន

ចំណែក​អន្លើផ្សេងៗក្នុងរឿង​រាមកេរ្តិ៍ គេគូរ​នៅលើ​របៀង​ទាំងពីរ​ដោយ​មាន​សាច់​រឿង​​ជាផ្ទាំង​ខណ្ឌដោយស៊ុមក្បាច់ដូចជា ពាលី​ប្រយុទ្ធជាមួយក្របីទូភី, ពាលី​​ប្រយុទ្ធ​ជាមួយ​​​សុគ្រីព​, ក្រុងរាពណ៍​ឆក់នាងសីតា, ព្រះ​លក្ស្មណ៍​​​ប្រយុទ្ធ​​ជា​មួយ​យក្ស, ហនុមាន​ប្រយុទ្ធ​ជាមួយ​យក្ស​, ហនុមាន​ចាប់​នាង​​​សុវណ្ណ​មច្ឆា​​​, ហនុមានចាប់នាង​បុញ្ញកាយ, និង​ព្រះរាម​ប្រយុទ្ធ​ជាមួយ​ក្រុង​រាពណ៍​ជាដើម។

ពាលីប្រយុទ្ធជាមួយ​ទូភី, ពាលីប្រយុទ្ធជាមួយស្រុគីព, ក្រុងរាពណ៍ឆក់នាងសីតា

ទោះបីជា​យ៉ាងណាក្តី តាមរយៈ​គំនូរ​ក្នុង​រឿង​រាមកេរ្តិ៍ទាំងអស់​នេះ គេមើល​ឃើញ​ថា​វិចិត្រករ​បានលើក​យក​អន្លើដាច់ៗ​ពីគ្នា​មក​បង្ហាញ ពោលគឺ​ពុំមាន​ខ្លឹមសារ​ជា​សាច់​រឿង​បន្ត​គ្នា​ពីដើម​ដល់ចប់​ត្រង់​វគ្គណាមួយ​ឡើយ។ លើស​ពីនេះ តាម​រយៈ​រូប​ព្រះរាម​​ប្រយុទ្ធ​ជាមួយ​ក្រុង​រាពណ៍​ និង​ផ្អែក​តាមឯកសារ “គំនូរ​នៅតាម​វត្ត​” បោះ​ពុម្ព​ឆ្នាំ​២០០៧ នាំ​ឱ្យ​យើង​ដឹង​​ថា​​គំនូរ​​ក្នុង​ព្រះ​វិហារ​​នេះ បាន​​គូរ​ឡើង​វិញ​ដោយយកតាម​លំនាំ ​សាច់រឿង​ និង​ទីតាំងដើម​ទាំងស្រុងនៃ​ផ្ទាំង​នីមួយៗ ជាពិសេស​គេអាចមើល​ឃើញ​ស្លាក​ស្នាម​សសរឈើ​ត្រង់មុំ​​ជញ្ជាំង​​ពុំ​ទាន់លាប​ពណ៌ និង​ចំណង​ជើង​​គំនូរ​​ចាស់​​នៅ​ត្រង់​ “ព្រះ​អង្គ​ទទួល​ចង្ហាន់នាយ​ចុន្ទ”។ មក​ដល់​ត្រង់​ប្រការនេះ បើតាម​ព្រះ​ថេរ​ដីកា​​​​ព្រះ​សង្ឃ​គង់ក្នុងវត្ត​នេះបញ្ជាក់​ថា គំនូរ​លើ​ជញ្ជាំង​ ពិតាន និង​តាម​សសរ​​អម​ល្វែង​គ្រឹះ​ទាំង​១២​ដើម ​គូរ​នៅក្នុង​ឆ្នាំ​​២០១៧។   

ព្រះលក្ស្មណ៍ប្រយុទ្ធជាមួយវៃដាល
ហនុមាន​ចាប់នាង​មច្ឆា

ដូច្នេះជារួមមក ព្រះវិហារ​វត្ត​ឫស្សីជ្រោយជាសំណង់​​មួយ​ដែល​មាន​ការ​ថែ​ទាំ​​​តាម​​បច្ចេក​ទេស​ និង​បែប​​​​ទំនៀម​អ្នកស្រុក។ ដោយឡែក​ ចំពោះការលើក​យក​ប្រធានបទ​រឿង​រាមកេរ្តិ៍​មក​គូរ​នៅលើ​ពិតាន​នេះ ប្រហែលអាច​បង្ហា​ញ​ចិត្ត​ស្រឡាញ់ និង​ការ​​ចងចាំ​សាច់​រឿង​​រាមកេរ្តិ៍​ត្រង់​អន្លើ​ខ្លះៗ​​របស់​អ្នក​ស្រុក​​​។ គំនិត​ត្រង់នេះ ប្រហែល​គេអាចឃើញច្បាស់​ដែល​​​វិចិត្រករ​​​គូរ​​តួ​អង្គ​ក្រុងរាពណ៍​ឆក់នាង​សីតា និង​ក្រុង​រាពណ៍​ប្រយុទ្ធ​ជាមួយ​​ព្រះរាម មានលក្ខណៈ​​ពុំ​ដូច​គ្នា​៕

ព្រះរាមប្រយុទ្ធជាមួយក្រុងរាពណ៍​(គំនូរ​ថ្មីឆ្នាំ​២០១៧)
ព្រះរាមប្រយុទ្ធជាមួយក្រុងរាពណ៍ (គំនូរ​ចាស់​ឆ្នាំ​១៩៥៤ (?) (ប្រភព៖ សាន​ ផល្លា)

អត្ថបទដោយ៖ ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!