«រូបពីរ» ជាពាក្យខ្មែរហៅសំដៅដល់ស្តូបសាងសង់ឡើងដើម្បីរំឭកគុណដល់វីរភាពយុទ្ធជនខ្មែរ និងបារាំង ដែលពលីជីវិតក្នុងសង្រ្គាមកាលពីឆ្នាំ១៩១៤-១៩១៨។ តាមរយៈឯកសាររាជកិច្ចរាជការ បោះពុម្ពឆ្នាំ១៩២៥ ហៅស្តូបនេះថា «វិមានរំឭកគុណដល់អ្នកដែលទទួលអនិច្ចកម្មក្នុងចម្បាំងធំ (ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨)» ហើយមានចារឹកពាក្យបារាំងថា “Monument aux Morts”។ អតីតស្តូបនេះ កសាងឡើងនៅម្តុំរង្វង់មូលគល់ស្ពានជ្រោយចង្វារត្រើយខាងលិច ក្នុងរាជធានីភ្នំពេញ ពោលគឺស្ថិតនៅពុំឆ្ងាយពីស្ថានទូតបារាំងឡើយ។ ប៉ុន្តែក្នុងសម័យសង្រ្គាមទសវត្សទី១៩៧០ គេបានបំផ្លាញស្តូបខាងលើរហូតក្លាយជាបំណែកៗ ហើយថ្មីៗនេះរាជរដ្ឋាភិបាលគ្រោងនឹងរៀបចំស្ថាបនាឡើងវិញទុកជានិមិត្តរូបនៃសាមគ្គីភាពរវាងបារាំង និងកម្ពុជា។
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E1%9F%A1-%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%96%E1%9E%B8%E1%9E%9A-%E1%9E%AC%E1%9E%9F%E1%9F%92%E1%9E%8F%E1%9E%BC%E1%9E%94%E1%9E%9A%E1%9F%86%E1%9E%AD%E1%9E%80%E1%9E%82%E1%9E%BB%E1%9E%8E%E1%9E%A2%E1%9F%92%E1%9E%93%E1%9E%80%E1%9E%A2%E1%9E%93%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E1%9E%80%E1%9E%98%E1%9F%92%E1%9E%98%E1%9E%80%E1%9F%92%E1%9E%93%E1%9E%BB%E1%9E%84%E1%9E%9F%E1%9E%84%E1%9F%92%E1%9E%9A%E1%9F%92%E1%9E%82%E1%9E%B6%E1%9E%98-copy-1024x640.jpg)
ជាការពិតតាមរយៈប្រវត្តិសាស្រ្តឱ្យដឹងថា សង្រ្គាមរវាងមហាអំណាចធំៗក្នុងពិភពលោកកាលពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨ ឬគេហៅថា «សង្រ្គាមលោកលើកទី១» ពលរដ្ឋនៃប្រទេសស្ថិតក្រោមអាណាព្យាបាលរបស់មហាអំណាចទាំងអស់ ត្រូវគេកែនបញ្ជូនឱ្យទៅជួយច្បាំងដែរ។ គ្រានោះកម្ពុជាដែលស្ថិតក្រោមអាណាព្យាបាលបារាំងបានបញ្ជូនយុទ្ធជនចំនួន១៨៨នាក់ទៅចូលច្បាំង ហើយខ្លះបានបាត់បង់ជីវិត ខ្លះរបួសធ្ងន់ស្រាលដោយអំណាចសង្រ្គាម។ ក្នុងបំណងសងគុណបំណាច់ដ៏ធំធេងនៃពលីកម្មនេះ នៅរវាងឆ្នាំ១៩២២ គេបានចាប់ផ្តើមស្ថាបនាចារឈ្មោះយុទ្ធជនទាំង១៨៨នាក់ ទុកជាវិមានរំឭកដែលខ្មែរទូទៅតែងហៅថា«រូបពីរ»។ វិមាននេះស្ថាបនារួចស្រេច ហើយសម្ពោធយ៉ាងឱឡារិកនៅក្នុងខែមីនា ឆ្នាំ១៩២៥។
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E2%80%8B%E1%9F%A2-%E1%9E%99%E1%9E%BB%E1%9E%91%E1%9F%92%E1%9E%92%E1%9E%9F%E1%9E%98%E1%9F%90%E1%9E%99%E2%80%8B%E1%9E%94%E1%9E%B6%E1%9E%9A%E1%9E%B6%E1%9F%86%E1%9E%84%E2%80%8B%E1%9E%8A%E1%9F%82%E1%9E%9B%E2%80%8B%E1%9E%85%E1%9E%BC%E1%9E%9B%E1%9E%94%E1%9E%98%E1%9F%92%E1%9E%9A%E1%9E%BE%E2%80%8B%E1%9E%91%E1%9F%90%E1%9E%96.jpeg)
បើតាមសេចក្តីអធិប្បាយក្នុងឯកសាររាជកិច្ចរាជការឆ្នាំ១៩២៥ បានពិពណ៌នាទិដ្ឋភាពពិធីសម្ពោធវិមានខាងលើថា មានភាពឱឡារិកគគ្រឹកគគ្រេងក្រៃលែង ដ្បិតមានព្រះរាជវត្តមានរបស់ ព្រះករុណាព្រះបាទសម្តេចព្រះស៊ីសុវត្ថិ ព្រះរាជានុកោដ្ឋ និងព្រះករុណាព្រះបាទសម្តេចព្រះស៊ីសុវត្ថិ មុនីវង្ស ព្រះបរមខត្តិយកោដ្ឋ ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់បារាំងគឺលោក ហ្វ្រង់ស័រ បូដូវ៉ាំង (François Baudoin) អគ្គទេសាភិបាលបារាំងប្រចាំឥណ្ឌូចិន ក៏ដូចជាព្រះវត្តមាន និងវត្តមានព្រះសង្ឃ មន្រ្តីអាណាព្យាបាលបារាំង កងទាហានជើងទឹក-ជើងគោកបារាំង ក្រុមកាំភ្លើងធំ តំណាងក្រុមទាហានពីព្រៃនគរ ជាពិសេសគឺមានក្រុមភ្លេង-របាំ និងជាតិសាសន៍ផ្សេងៗក្នុងកម្ពុជា។
វិមានរំឭកគុណយុទ្ធជនខ្មែរ-បារាំង ឬគេហៅខ្លីថា «រូបពីរ» ស្ថាបនាឡើងអំពីថ្ម និងលម្អដោយចម្លាក់ស្មិតយ៉ាងវិចិត្រក្រៃលែង។ វិមាននេះសង់ខ្ពស់ត្រដែត ហើយមានបីផ្នែកគឺនៅផ្នែកខាងលើ និងផ្នែកកណ្តាល គេសាងឡើងអំពីលោហៈ។ នៅផ្នែកលើបំផុតនោះ គេតម្កល់រូបមនុស្សប្រុសពីរនាក់ ដែលម្នាក់រាងខ្ពស់ជាទាហានបារាំង ឯម្នាក់ទៀតតូចជាងនោះបន្តិចជាទាហានខ្មែរ។ រីឯនៅផ្នែកកណ្តាល មានសណ្ឋានមូលស្រដៀងនឹងអង្គ(ខ្លួន)នៃចេតិយ ហើយមានឆ្លាក់រូបមនុស្សប្រុសស្រី ទាំងក្មេងទាំងចាស់ក្នុងកាយវិការផ្សេងៗព័ទ្ធជុំវិញផង។ ចំណែកផ្នែកក្រោម គេសាងឡើងអំពីថ្ម មានរាងបួនជ្រុង ហើយនៅមុមជ្រុងនីមួយៗ គេលម្អដោយរូបក្បាលដំរីខាងក្រោម និងក្បាលនាគខាងលើ។ ប៉ុន្តែរូបក្បាលដំរី និងក្បាលនាគទាំងអស់នេះ គេសាងអំពីលោហៈ ហើយនៅផ្ទៃថ្មគេចារឈ្មោះយុទ្ធជនចំនួន១៨៨នាក់។ ដោយឡែកនៅជ្រុងទាំងបួននៃខឿនជុំវិញ គេតម្កល់រូបតោដែលសាងអំពីលោហៈដែរ។ ផុតពីនោះមកគឺជាបរិវេណសួន ដែលគេឃើញមានតម្កល់ដាក់តម្កល់កាំភ្លើងធំនៅតាមជ្រុងនីមួយៗ។
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E1%9F%A7-%E1%9E%91%E1%9E%B7%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%97%E1%9E%B6%E1%9E%96%E1%9E%91%E1%9E%BC%E1%9E%91%E1%9F%85%E1%9E%93%E1%9F%83%E1%9E%9F%E1%9F%92%E1%9E%8F%E1%9E%BC%E1%9E%94%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%96%E1%9E%B8%E1%9E%9A-copy-1024x664.jpg)
លុះចូលដល់របបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) គេបានបំផ្លាញវិមានរំឭកគុណយុទ្ធជនខាងលើឱ្យអន្តរាយ នៅសល់តែបំណែកលោហៈបែកពីផ្នែកកណ្តាល នៃស្តូប ក្បាលរំដី ក្បាលនាគ និងតោ។ បំណែកទាំងនោះសរុបមានចំនួន៧ដុំ ហើយធ្លាប់បានចុះបញ្ជី និងរក្សាទុកនៅសារមន្ទីរជាតិកម្ពុជាដូចជា បំណែកចម្លាក់នៃផ្នែកកណ្តាលរបស់ស្តូប (Ga.5929) ក្បាលនាគ (Ga.5930) រូបតោ (Ga.5978) និងបំណែកក្បាលរំដីទាំងបួនទិស (លេខ Ga.5927.1, Ga.5927.2, Ga.5927.3 និង Ga.5927.4)។
ចំពោះបំណែកនៃផ្នែកកណ្តាលរបស់ស្តូប ប្រសិនបើពិនិត្យលម្អិតគេឃើញចម្លាក់នៅលើផ្ទៃលោហៈនោះគួរឱ្យចាប់អារម្មណ៍ពន់ពេកណាស់ ពោលគឺទាំងទឹកដៃសិល្បៈនិងខ្លឹមសារ។ តាមរយៈរូបថតតាំងពីសម័យបារាំង គឺបង្ហាញឱ្យឃើញថាម្ខាងនោះមានរូបស្ត្រីម្នាក់ ក្នុងដៃមានកាន់កូនតូច ឈរបន្ទន់ជង្គង់ឈ្ងោកមុខ ហាក់ដូចជាហុចទៅឱ្យនរណាម្នាក់នៅខាងមុខ។ ប៉ុន្តែនៅខាងក្រោយខ្នងស្រ្តីនោះ មានមនុស្សពីរនាក់កំពុងឈរបាំងក្លស់ឱ្យ។ ចំណែកបំណែករូបរក្សានៅសារមន្ទីរជាតិកម្ពុជាគឺជារូបបន្តគ្នា។ ប៉ុន្តែផ្នែកម្ខាងបំណែករូបកណ្តាលគេឃើញចលនារូបផ្ទុយគ្នា ពោលគឺខាងឆ្វេងជារូបស្ត្រីពរកូន ឯរូបខាងស្តាំទំនងជារូបបុរសពីរនាក់ កំពុងបាំងក្លស់ឱ្យមនុស្សម្នាក់ទៀតនៅខាងមុខ ដែលមើលឃើញជាមនុស្សស្រីស្លៀកសំពត់ និងមានលម្អកងលើកជើងពាក់ជើងផង។ នៅខាងមុខស្រ្តីនោះ គឺមានស្រ្តីម្នាក់ទៀតលុតជង្គង់ ហើយមានបុរសម្នាក់កំពុងក្រាបសំពះនៅខាងមុខ ហុចជើងពានផ្លែឈើជូនស្រ្តីនោះ។ រីឯរូបកូនក្មេងដែលស្រ្តីម្នាក់កាន់ គឺឆ្លាក់នៅផ្នែកខាងលើនៃបុរសកំពុងសំពះនេះ។ ដូច្នេះរូបលើតួស្តូបរូបពីរ គឺឆ្លាក់ដេញបន្តគ្នាជុំវិញ។ ប៉ុន្តែគេពិបាកសន្និដ្ឋានថា ខ្លឹមសារនៃចម្លាក់ទាំងនេះសិល្បករចង់រៀបរាប់ប្រធានបទអ្វីខ្លះឡើយ។
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E2%80%8B%E1%9F%A1%E1%9F%A2-%E1%9E%94%E1%9F%86%E1%9E%8E%E1%9F%82%E1%9E%80%E2%80%8B%E1%9E%95%E1%9F%92%E1%9E%93%E1%9F%82%E1%9E%80%E2%80%8B%E1%9E%80%E1%9E%8E%E1%9F%92%E1%9E%8F%E1%9E%B6%E1%9E%9B%E2%80%8B%E1%9F%A3.jpeg)
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E2%80%8B%E1%9F%A1%E1%9F%A3.jpg)
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E2%80%8B%E1%9F%A1%E1%9F%A4-%E1%9E%94%E1%9F%86%E1%9E%8E%E1%9F%82%E1%9E%80%E1%9E%95%E1%9F%92%E1%9E%93%E1%9F%82%E1%9E%80%E1%9E%80%E1%9E%8E%E1%9F%92%E1%9E%8F%E1%9E%B6%E1%9E%9B-749x1024.jpeg)
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E2%80%8B%E1%9F%A1%E1%9F%A5-%E1%9E%94%E1%9F%86%E1%9E%8E%E1%9F%82%E1%9E%80%E1%9E%95%E1%9F%92%E1%9E%93%E1%9F%82%E1%9E%80%E2%80%8B%E1%9E%80%E1%9E%8E%E1%9F%92%E1%9E%8F%E1%9E%B6%E1%9E%9B%E2%80%8B-764x1024.jpeg)
ដោយឡែកចំពោះបំណែកក្បាលដំរីទាំងបួន គេសង្កេតឃើញបំណែកពីរទំនងនៅ ពេញលក្ខណៈដើម ដ្បិតមានទំហំធំ កម្ពស់ប្រហែល៣ម៉ែត្រ តែគេសាងឡើងត្រឹមមួយកំណាត់ក្បាល និងជើងមុខប៉ុណ្ណោះ ដោយមានប្រមោយត្រកងផ្កាឈូក និងភ្លក់វែងៗដូចៗគ្នា។ បំណែកពីរផ្សេងទៀត នៅសល់តែក្បាល និងភ្លុក ពោលគឺបាក់បាត់ប្រមោយ និងជើងមុខ។
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E2%80%8B%E1%9F%A1%E1%9F%A6-%E1%9E%80%E1%9F%92%E1%9E%94%E1%9E%B6%E1%9E%9B%E1%9E%8A%E1%9F%86%E1%9E%9A%E1%9E%B8-667x1024.jpeg)
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E2%80%8B%E1%9F%A1%E1%9F%A7-%E1%9E%80%E1%9F%92%E1%9E%94%E1%9E%B6%E1%9E%9B%E2%80%8B%E1%9E%8A%E1%9F%86%E1%9E%9A%E1%9E%B8-722x1024.jpeg)
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E2%80%8B%E1%9F%A1%E1%9F%A8-%E1%9E%80%E1%9F%92%E1%9E%94%E1%9E%B6%E1%9E%9B%E1%9E%93%E1%9E%B6%E1%9E%82-759x1024.jpeg)
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E2%80%8B%E1%9F%A1%E1%9F%A9-%E1%9E%8F%E1%9F%84-733x1024.jpeg)
រីឯក្បាលនាគ និងតោគឺនៅមានលក្ខណៈពេញលេញ ពុំបែកបាក់ខូចខាតខ្លាំងឡើយ។ ប៉ុន្តែបន្ទាប់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បង្ហើបប្រាប់លោកប្រធានាធិបតីបារាំង អំពីការរកឃើញរូបសំណាកមិត្តភាពកម្ពុជា-បារាំង ហើយគ្រោងនឹងសាងសង់រូបសំណាកនោះឡើងវិញនៅមុខស្ថានទូតបារាំងក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ សារមន្ទីរជាតិភ្នំពេញបានប្រគល់បំណែកទាំង៧ ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដើម្បីផ្គុំ និងសាងសង់ស្ដូបអនុស្សាវរីយ៍មិត្តភាពកម្ពុជា-បារាំងឡើងវិញ។
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E2%80%8B%E1%9F%A2%E1%9F%A0-1024x768.jpg)
![](https://asset.ams.com.kh/khmercivilization/media/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%9B%E1%9F%81%E1%9E%81%E2%80%8B%E1%9F%A2%E1%9F%A1-1024x768.jpg)
ដូច្នេះជារួមមក អតីតស្តូប ឬវិមានរំឭកគុណយុទ្ធជនពលីកម្មក្នុងសង្រ្គាមលោកលើកទី១ ដែលភាគច្រើនហៅថា “រូបពីរ” គឺបង្ហាញឱ្យឃើញពីទឹកដៃសិល្បៈយ៉ាងល្អ។ មិនតែប៉ុណ្ណោះ វិមាននេះជាភស្តុតាងប្រវត្តិសាស្រ្តកម្ពុជាសម័យអាណាព្យាបាលបារាំង ដែលយុទ្ធជនខ្មែរបានបូជាជីវិតក្នុងការសង្រ្គាមលោកផង និងជានិមិត្តរូបយ៉ាងសំខាន់នៃទំនាក់ទំនងជាមិត្តរបស់បារាំងនិងកម្ពុជា៕
អត្ថបទដោយ៖ ហៀន សុវណ្ណមរកត