តាមគេហទំព័រក្រុមការងារផែនទីស្ថានីយបុរាណវិទ្យានៃប្រទេសកម្ពុជា (CISARK) បានឱ្យដឹងថា ប្រាសាទតារស់ មានទីតាំងនៅភូមិអូរក្សាន្ត ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានចម្ងាយ៧គីឡូម៉ែត្រ(គ.ម.)ខាងកើតស្រុកជាំក្សាន្ត ៥គ.ម.ខាងកើតភូមិអូរក្សាន្ត និងនៅខាងត្បូងប្រាសាទនាគបួសឬអ្នកបួស។ ទិន្នន័យក្នុងគេហទំព័រខាងលើ បានបញ្ជាក់ថា ប្រាសាទនេះមានឈ្មោះផ្សេងទៀតដូចជា ប្រាសាទសូម៉ាប់ គឺហៅតាមឈ្មោះព្រៃដែលប្រាសាទនេះស្ថិតនៅ និងជាប្រាសាទត្រពាំងកកោះផងដែរ។ នៅបរិវេណប្រាសាទតារស់ មានប្រាង្គបីរាងបួនជ្រុងស្មើដែលសាងសង់ពីឥដ្ឋ រត់លើអ័ក្សជើងត្បូង បែរមុខទៅទិសខាងកើត និងមានហោត្រៃមួយសង់ពីឥដ្ឋដែរនៅទិសអាគ្នេយ៍។ ប្រាសាទនេះក៏មានកំពែងឥដ្ឋ ហើយព័ទ្ធជុំវិញដោយគូទឹកផង និងចុះលេខ ៣០៤ ក្នុងបញ្ជីប្រាសាទបុរាណខ្មែររបស់លោក លុយណេត៍ ឌឺ ឡាហ្សុងគីយែរ។ នៅក្នុងសៀវភៅប្រទេសកម្ពុជា ទាំងបីក្បាល របស់លោក អៃម៉ូនីញ៉េរ ពុំមានសរសេរអំពីប្រាសាទនេះនៅតំបន់ម្លូព្រៃនោះទេ ដែលអាចបញ្ជាក់បានថា លោកពុំបានចុះទៅដល់ ឬមានអ្នករាយការណ៍អំពីប្រាសាទនេះ ទៅដល់លោកនោះឡើយ។
ប្រាសាទតារស់មានសិលាចារឹកពីរផ្ទាំងគឺ K.៣៤៩ និង K.៣៤៨។ សិលាចារឹកចុះលេខសម្គាល់ K.៣៤៩ ស្ថិតនៅលើមេទ្វារខាងត្បូងនៃប្រាង្គកណ្តាល ចំណែកនៅគោបុរៈខាងកើតនៃផ្លូវចូលខាងលិច នៅលើមេទ្វារខាងជើងមានសិលាចារឹកមួយផ្ទាំងទៀតដែលចុះលេខ K.៣៤៨។ សិលាចារឹក K.៣៤៩ មានចំនួន៣២បន្ទាត់ ចារជាភាសាខ្មែរ។ សិលាចារឹក K.៣៤៨ គឺជាសេចក្តីតពីសិលាចារឹក K.៣៤៩ មានចំនួន៣៦បន្ទាត់ និងចារជាភាសាខ្មែរ។ នៅពេលនេះយើងលើកយកតែសិលាចារឹក K.៣៤៩ មកសិក្សាតែប៉ុណ្ណោះ។
លោក លុយណេត៍ ឌឺ ឡាហ្សុងគីយែរ បានបង្ហាញព័ត៌មានអំពីសិលាចារឹកទាំងពីរនេះ នៅក្នុងសៀវភៅរបស់លោក ដែលបោះពុម្ពផ្សាយនៅក្នុងឆ្នាំ១៩០៧។ តាមរយៈឯកសារនេះហើយ ទើបលោកសាស្ត្រាចារ្យ ហ្ស៊ក សេដេស បានសិក្សាសិលាចារឹកប្រាសាទតារស់ K.៣៤៨ និង K.៣៤៩ ជាភាសាបារាំងនៅក្នុងសៀវភៅ សិលាចារឹកនៃប្រទេសកម្ពុជា ក្បាលទី៥ បោះពុម្ពផ្សាយឆ្នាំ១៩៥៣។ ចំណែកលោកសាស្ត្រាចារ្យ ហ្វីលីព ចេណ្ណឺរ បានសិក្សាសិលាចារឹកទាំងពីរនេះជាភាសាអង់គ្លេសនៅក្នុងស្នាដៃរបស់លោក Part xml, № 41 និងបានចេញផ្សាយនៅគេហទំព័រ http://sealang.net/ok/corpus.htm។
អត្ថបទចារឹកនេះចុះកាលបរិច្ឆេទនៅមហាសករាជឆ្នាំ៨៧៦ ត្រូវនឹងគ្រិស្តសករាជឆ្នាំ៩៥៤ ពោលគឺនៅរាជ្យព្រះបាទស្រីរាជេន្ទ្រវម៌្មទេវ(គ.ស.៩៤៤-៩៦៨)។ អត្ថន័យនៃសិលាចារឹក គឺជាព្រះរាជបញ្ជានៃព្រះបាទស្រីរាជេន្ទ្រវម៌្មទេវ ត្រាស់បង្គាប់ដល់ស្តែងអញម្នាក់នៅរុទ្រាដែលមានឋានៈជាចតុរាចារ្យថ្នាក់ទី២ ឱ្យទូលព្រះបន្ទូលទៅស្តែញសិវាចារ្យឱ្យទៅបញ្ចុះគ្រឹះកប្រាសាទនៅព្រះក្តី(ព្រះកុដិ)ស្រីយសោធរាស្រម នៅសិវបាទ(ប្រាសាទនាគបួសឬអ្នកបួស)។ អ្នកនៅប្រាសាទសិវបាទបានថ្វាយដី២កន្លែងដល់ស្តែញសិវាចារ្យ។ ដីមួយនៅសង្វើយគាត់បានថ្វាយដល់អាស្រមវិញ។ ក្រោយមកគាត់ជាវដីនោះពីអ្នកទាំងនោះ និងជាវដីពីរកន្លែងទៀត។
យសោធរាស្រម គឺជាអាស្រមដ៏សំខាន់មានទីតាំងនៅតាមទីតាំងផ្សេងៗគ្នាក្នុងរាជ្យព្រះបាទស្រីយសោវម៌្មទី១ ដែលអ្នកស្រាវជ្រាវបារាំង គឺលោក ដូមីនិក សូទីហ្វ ចាត់ទុកជាសីមាកំណត់វិសាលភាពអាណាចក្រអង្គរ។ លោកបានចូលរួមបង្កើតគម្រោងស្រាវជ្រាវមួយដោយដាក់ឈ្មោះថា «យសោធរាស្រម/Yaśodharāśrama» ដែលស្ថិតនៅក្រោមអន្ដរស្ថាប័ន EFEO/EPHE/APSARA។ ការស្រាវជ្រាវអំពីអាស្រមនេះ នៅតែបន្ដការសិក្សានៅតាមបុរាណដ្ឋាននានា ឯលទ្ធផលជារួម នៅវែងឆ្ងាយទៅទៀត។
ចំពោះស្ថាននាម «ភ្នំសិវបាទ» គឺជាស្ថាននាមសំខាន់មួយ ដែលអ្នកស្រាវជ្រាវជាច្រើនបានខ្វល់ខ្វាយសិក្សា ដ្បិតថាស្ថាននាមនេះ ទាក់ទងនឹងព្រឹត្តិការណ៍សំខាន់មួយក្នុងរាជ្យព្រះបាទស្រីសូរ្យវម៌្មទី២។ នៅរបៀងខាងត្បូង ជ្រុងខាងលិចនៃប្រាសាទអង្គរវត្ត មានចម្លាក់ប្រជុំពលនិងព្យុហយាត្រាកងទ័ព នៅលើភ្នំនិងចុះពីភ្នំសិវបាទនេះ។ តាមព័ត៌មានសិលាចារឹកកន្លងមក ភ្នំសិវបាទ មានចំនួនបីទីតាំងគឺ ភ្នំសិវបាទបូព៌ ភ្នំសិវបាទបស្ចិម និងភ្នំសិវបាទ។ លោក សុខ កែវ សុវណ្ណារ៉ា ធ្លាប់សិក្សាពីស្ថាននាមនេះ ចុះផ្សាយក្នុង AMS អរិយធម៌ខ្មែរនាពេលកន្លងមករួចហើយ។ សូមអានឯកសារនោះលម្អិត តាមរយៈតំណភ្ជាប់នេះ៖ https://ams.com.kh/khmercivilization/detail/7809។
អត្ថបទដើមជាអក្សរទំនើប
១- ៙៨៧៦ឝកនុមាន៑វ្រះឝាសនធុលីវ្រះបា
២- ទធុលីជេង៑វ្រះកំម្រតេង៑អញ៑ឝ្រីរាជេ
៣- ន្ទ្រវម៌្មទេវតស្តេង៑អញ៑អាយ៑រុទ្រាតចតុ
៤- រាចាយ៌្យណាទោបន្ទ្វល៑តស្តេញ៑ឝិវាចា
៥- យ៌្យប្រេមោក៑ទុក៑ជេង៑ឥត៑តគិវ្រះ
៦- កុតិឝ្រីយឝោធរាឝ្រមអាយ៑ឝិវបាទ
៧- គិតំរ្រ្វច៑វ្រះកុតីនុវខ្លោញ៑អ្នក៑វ្រះកុ
៨- តិយនុស្តេញ៑ខ្លោញ៑វ្នំមនុបាទមូលកំម្រ
៩- តេង៑ជគត៑ឝិវបាទឱយ៑ទក្ឞិណាផ្ទៃ
១០- ករោំអាយ៑ស្វាយ៑យ៌្យប៑តស្តេញ៑ឝិវាចា
១១- យ៌្យមន៑កឆ្លោង៑គិវ្រះកុតិឝ្រីយឝោធរា
១២- ឝ្រមគិតំរ្រ្វច៑វ្រះកុតិនុខ្លោញ៑អ្នក៑ផោង្ងនុ
១៣- ស្តេញ៑ខ្លោញ៑វ្នំមនុបាទមូលកំម្រតេង៑ជ
១៤- គត៑ឝិវបាទឱយ៑ទក្ឞិណាផ្ទៃករោំអាយ៑
១៥- សំវេយ៑តស្តេញ៑ឝិវាចាយ៌្យកគិនោះ
១៦- ផ្ទៃករោំនោះតជាទក្ឞិណាហោង៑វិង៑ជៅ
១៧- សោត៑តគិតំរ្រ្វច៑វ្រះកុតិនុខ្លោញ៑អ្នក៑
១៨- វ្រះកុតិនុស្តេញ៑ខ្លោញ៑វ្នំមនុបាទមូលនុកំ
១៩- ម្រតេង៑ជគត៑ឝីវបាទគិទ្រវ្យនុជៅវ៑
២០- ផ្ទៃករោំនោះតម្រ្យ១វត៑១វៅទិចំទោង៑ប្រ
២១- ក៑១វៅទិម្វយ៑តិបទិគះ១ស្វោក៑១ខល៑ប្រក៑២
២២- មាស៑លិង៑១តាម្រទ្រវ១កមន្ទលុ២ក្របិ៥
២៣- ចន្ល្យាក៑វាស៑៥ឱយ៑ហ្វប៑លេវ្ឭ·រីយ
២៤- ផ្ទៃករោំតោយ៑ទក្ឞិណវ្រៃបតៅតិជៅ
២៥- តវាប៑ហ្ឫទយវាប៑អាវាប៑ទាតាញធម៌្ម
២៦- តាញ៑បីត៑នុវ៑កុលេស្មោង៑វ្នស៑ផោង្ងគិទ្រវ្យ
២៧- នុជៅវនោះភូមិនោះវៅទិជ្យង៑៦ចន្ល្យា
២៨- ក៑វាស៑២ស្រុភៃ២ឱយ៑ហ្វប៑នុវវេលេវ្ឭ·រិយ៑
២៩- ផ្ទៃករោំតោយ៑ទក្ឞិណនោះហឆ្លោង៑យោ
៣០- ក៑តិជៅតវាប៑បិត៑វាប៑ធម៌្មនុអ្មេវាប៑ធម៌្ម
៣១- គិទ្រវ្យនុជៅទោប៑១ថ្នប៑[[១]]ផ្កាត្រសិក៑១ស្វោក៑[[១]]
៣២- ឱយ៑ហ្វប៑លេវ្ឭឱយ៑ផ្លាស៑·
អត្ថបទប្រែសម្រួល
(១-៥) មហាសករាជឆ្នាំ៨៧៦ នូវមានព្រះសាសន៍ធូលីព្រះបាទធូលីជើងព្រះគម្តែងអញស្រីរាជេន្ទ្រវម៌្មទេវ (ត្រាស់)ដល់ស្តែងអញនៅឯរុទ្រាជាចតុរាចារ្យនាថ្នាក់ទី២ (ឱ្យទូលព្រះ)បន្ទូល(ឱ្យ)ដល់ស្តែញសិវាចារ្យ (ដើម្បី)ប្រើមកបញ្ចុះគ្រឹះក(ប្រាសាទ)ឥដ្ឋនៅព្រះក្ដី(កុដិ)ស្រីយសោធរាស្រមឯ(ប្រាសាទ)សិវបាទ។
(៦-១១) តម្រួតព្រះក្ដី ប្រធានអ្នកបម្រើព្រះក្ដី ស្តែញខ្លោញភ្នំ(ចៅអធិការប្រាសាទ) និងបាទមូល(មេក្រុមអ្នកបម្រើនៃប្រាសាទ)គម្តែងជគតសិវបាទ ថ្វាយគ្រឿងរណ្តាប់បូជា(ជា)ដីនៅឯស្វាយរៀបដល់ស្តែញសិវាចារ្យ។
(១១-១៦) នា(ពិធី)ឆ្លងព្រះកុដិស្រីយសោធរាស្រម តម្រួតព្រះក្ដី ប្រធានអ្នកបម្រើទាំងឡាយ ស្តែញខ្លោញភ្នំ និងបាទមូល(មេក្រុមអ្នកបម្រើនៃប្រាសាទ)គម្តែងជគតសិវបាទ ថ្វាយគ្រឿងរណ្តាប់បូជា(ជា)ដីនៅឯសង្វើយដល់ស្តែញសិវាចារ្យ។ គឺដីនោះ (ស្ដែញសិវាចារ្យ) ថ្វាយជាគ្រឿងរណ្តាប់បូជា(អាស្រម)វិញ។
(១៦-២៣) (ដីនោះ)ជាវពីតម្រួតព្រះក្ដី ប្រធានអ្នកបម្រើព្រះក្ដី ស្តេញខ្លោញភ្នំ បាទមូល និង(ប្រាសាទ)គម្ដែងជគតសិវបាទ។ ទ្រព្យ(ដែលយកទៅ)ជាវដីនោះ(មាន)ដំរី១ វាត់(ខ្សែក្រវាត់?)១ ថូវៅទិជំទង់(ធ្វើពី)ប្រាក់១ ថូវៅទិមួយ(ធ្វើពី)ដី បទិគះ(កន្ថោរស្ដោះ)១ ស្ពក១ ខាលប្រាក់២ មាស១តម្លឹង ថូទង់ដែង(តាម្រទ្រវ)១ ថូកមណ្ឌលូ២ ក្របី៥ សម្លៀក៥វាស់ ឱ្យ(ដីសម្រាប់គោក្របី)ស៊ី(ស្មៅ)លើភ្លឺ។
(២៣-២៨) រីឯដីនៅខាងត្បូងព្រៃផ្តៅដែលជាវពីវាបហឫទ័យ វាបអា វាបទា តាញធម៌ តាញបិត និងក្រុមគ្រួសារជាអ្នកវាស់វែង។ ទ្រព្យ(ដែលយកទៅ)ជាវដីនោះ(មាន) ថូវៅទិ៦ជញ្ជីង សម្លៀក២វាស់ ស្រូ៤០ ឱ្យ(ដីសម្រាប់)ពពែ(ស៊ីស្មៅ)លើភ្លឺ។
(២៨-៣២) រីដីនៅទិសខាងត្បូងនោះ(ដែល)(ធ្វើពិធី)ឆ្លង(និង)យក (គឺ)ជាពីវាបបិត វាបធម៌ និងម្ដាយវាបធម៌។ ទ្រព្យ(ដែលយកទៅ)ជាវ(មាន) ទោប១ ផួយឬផាហ៊ុម១ ផ្កាសៀតត្រចៀកឬផ្កាត្រសេក១ ស្ពក១ ឱ្យ(ដីសម្រាប់សត្វស៊ីស្មៅ)លើភ្លឺ ឱ្យ(កន្លែង)ផ្លាស់(សត្វ)។
វាក្យសព្ទសំខាន់ៗ
កុតិ (សំ. កុដិ) > ក្តី៖ លំនៅរបស់អ្នកបួស, នៅសម័យបុរាណពាក្យនេះមានន័យដូច “តួប៉មប្រាសាទ” ដែរ។
ខ្លោញ៑អ្នក៑៖ < ខ្លោញ៑+អ្នក៑។ ខ្លោញ៑ >ខ្លោង៖ មេខ្លោង, ប្រធាន។ អ្នក៑ ៖ អ្នកបម្រើ។ ខ្លោញ៑អ្នក៑ គឺប្រធានអ្នកបម្រើ។
ឆ្លោង៑ > ឆ្លង៖ ធ្វើបុណ្យសម្រេចបញ្ចប់ ឲ្យចម្រើនកុសលថែមឡើងទៀត។
ត្រសិក៑៖ ~ត្រចៀក, ត្រសេក។
តំរ្រ្វច៑៖ អ្នកមានតួនាទីដើរត្រួតត្រា មើលខុសត្រូវ។ ពាក្យនេះសៀមយកមកប្រើជា ตำรวจ (អានថា តាំរួត) មានន័យថាប៉ូលិស ហើយខ្មែរយកបន្តពីសៀមមកក្លាយជា តម្រួត មានន័យថាដាក់ត្រួតបន្តុបលើគ្នា ឬអ្នកត្រួត។
ទក្ឞិណា (សំ.)៖ រង្វាន់ឬប្រាក់សគុណចំពោះគ្រូ ឬព្រាហ្មណ៍, តង្វាយ,…។
ទុក៑ជេង៑ឥត៑៖ ទុកជើងឥដ្ឋ, បញ្ចុះគ្រឹះកសាងប្រាសាទឥដ្ឋ។
បាទមូល (សំ.)៖មេក្រុមអ្នកបម្រើ។
ផ្ទៃករោំ៖ ផែនដី, ដី។ ឧទាហរណ៍៖ គម្តែងផ្ទៃក្រោម គឺម្ចាស់ផែនដី(ព្រះរាជា)។
វ្ឭ > ភ្លឺ។
ស្តេញ៑ខ្លោញ៑វ្នំម៖ ចៅអធិការប្រាសាទ។ វ្នំម~វ្នំ > ភ្នំ មានន័យថាភ្នំផង និងប្រាសាទផង។ នៅទីនេះគឺសំដៅដល់ប្រាសាទ។
ស្មោង៑វ្នស៑ ៖ អ្នកវាស់វែង។ ស្មោង៑ < សោង៑ (សង់) + [-ម៑-], វ្នស៑ < វស៑ (វាស់) + [-ន៑-]។
អត្ថបទដោយ៖ លោក ហ៊ុន ឈុន តេង