ទំព័រដើមប្រវត្តិសាស្ត្រសិលាចារឹកវត្តសិលាចារឹក ហៅវត្តក្ដីត្រឹប K.៥១

សិលាចារឹកវត្តសិលាចារឹក ហៅវត្តក្ដីត្រឹប K.៥១

កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមការងារមន្ទីរវប្បធម៌និងវិចិត្រសិល្ប:ខេត្តព្រៃវែង​​បាន​ដឹកនាំមន្ត្រីជំនាញ សហការជាមួយអង្គភាពនគរបាលការពារបេតិកភណ្ឌខេត្ត ព្រម​ទាំង​អាជ្ញាធរ​ដែនដីមូលដ្ឋាន បានចុះពិនិត្យនិងទទួលយកបំណែកសិលាចារឹកមួយ​ពីលោក យា សុវណ្ណា ​ជា​ប្រជាពលរដ្ឋរស់នៅភូមិថ្កោល ឃុំបឹងដោល ស្រុកព្រះស្ដេច ខេត្តព្រៃវែង យកមករក្សាទុកនៅសារមន្ទីរខេត្តព្រៃវែង។ ព័ត៌មាន​ពីបំណែកសិលាចារឹកនេះ ទទួលបាន​ពីក្រុមការងាររដ្ឋបាលស្រុកព្រះស្ដេច ដែល​ចុះ​ស្រាវជ្រាវ​ចងក្រងអំពីប្រវត្តិរបស់ស្រុកមួយនេះ និងយបាន​ផ្ដល់ដំណឹងមកមន្ទីរវប្បធម៌ខេត្ត។ ក្រោយពី លោក សរ សុផៃ ជាមន្ត្រីការិយាល័យសារមន្ទីរ នៃមន្ទីរ​វប្បធម៌និងវិចិត្រសិល្បៈ ទាក់ទងមកដោយបង្ហាញ​រូប​ថត ទើបយើង​ផ្ទៀងផ្ទាត់ទៅដឹងថា​ជាបំណែក​សិលាចារឹក​ ដែលអ្នកស្រាវជ្រាវបានស្គាល់ពីយូរណាស់មកហើយ ប៉ុន្ដែ​បានបាត់ដានចេញពីទី​តាំង​ដើម។ ទីតាំងដើមនៃសិលាចារឹកនេះ បច្ចុប្បន្នត្រូវនឹងវត្តសិលាចារឹក ហៅវត្តក្ដីត្រឹប ស្ថិតនៅ​ក្នុង​ភូមិព្រំខ្សាច់ ឃុំល្វា ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ ដោយសារសិលាចារឹកនេះ​ហើយ ទើបវត្តនេះដាក់ឈ្មោះ​ជា​ផ្លូវការ​ថា «វត្តសិលាចារឹក»។ សិលាចារឹកនេះ​រកឃើញ​ដោយលោក លុយណេត៍ ដឺ ឡាហ្សុងគីយែរ៍ នៅវត្តមួយ​ដែលគេបោះបង់ចោលនៅតំបន់បាភ្នំ។ សិលាចារឹកស្ថិតនៅទីនោះរហូតដល់ឆ្នាំ១៩២៣ ទើបមានក្រុមការងារ​ផ្តិតសំណៅឯកសារទុក និងចុះបញ្ជីសារពើភណ្ឌលេខ K.៥១​។ បន្ទាប់មកទៀត សិលាចារឹកនេះក៏បាន​បាត់ចេញពីទីតាំងដើម មិនដឹងតាំងពីពេលណាមក បច្ចុប្បន្នរកឃើញវិញតែផ្នែកខាងក្រោមខាងស្ដាំមួយចំហៀ​ង​​ប៉ុណ្ណោះ។

នៅឆ្នាំ១៩៥៣ លោក ហ្ស៊ក សឺដេស បានសិក្សាសិលាចារឹកនេះជាភាសាបារាំងក្នុងសៀវភៅ សិលាចារឹកនៃប្រទេសកម្ពុជា ក្បាលទី៥។ ក្រោយមកលោក ហ្វីលីព ចេណ្ណឺរ បានសិក្សាតែផ្នែកភាសាខ្មែរនៃសិលាចារឹក បក​ប្រែជាភាសាអង់គ្លេសនៅក្នុងស្នាដៃរបស់លោក Part xml, № 53 និងចុះផ្សាយនៅគេហទំព័រ http://sealang.net/ok/corpus.htm

សិលាចារឹក K.៥១ មានកម្ពស់៦៧ស.ម. បន្ទារ៦០ស.ម. និងកម្រាស់៤ស.ម.។ សិលាចារឹកនេះពុំមានចុះកាលបរិច្ឆេទឡើយ ប៉ុន្ដែលោក ហ្ស៊ក សឺដេស បាន​សន្និដ្ឋានថាប្រហាក់ប្រហែលនឹងសិលាចារឹកក្តីអង្គ K.៥៤ ដែលចារនៅគ.ស. ៦២៩។ អត្ថបទចារឹកនេះ​មានចំនួន១៩បន្ទាត់ ដែល១៧បន្ទាត់ដំបូងចារជាភាសាខ្មែរសម័យមុនអង្គរ និងពីរបន្ទាត់ចុងក្រោយជាភាសាសំស្ក្រឹត។ ស្លោកសំស្ក្រឹតទាំងពីរសរសេរជាប់គ្នារដឹកមិនបែងចែ​ក​ឃ្លាឡើយ។ ជារួមសិលាចារឹកនេះនិយាយពីតង្វាយរបស់ម្រតាញឥន្ទ្រទត្តដល់ប្រាសាទព្រះគម្តែងអញស្រីមធុរិបុ ដាក់​រួមផ្សំជាមួយប្រាសាទព្រះគម្តែងអញ… បុរុសវទ​ស្វាមី និងស្វាមីចតុវ៌ិទ្យ… មានអ្នកបម្រើ៤ប្រភេទគឺអ្នករបាំ ផ្លែលើ ចំទក និងអ្នកបម្រើមានតួនាទីធ្វើស្រែ ព្រមទាំងច្បារដំណាំ និងស្រែ។ ឃ្លាភាសាខ្មែរនិងស្លោកសំស្ក្រឹតបន្ទាប់ពីនោះ គឺជាបណ្តាសារដល់អ្នកដែលចង់បានតង្វាយរបស់ម្រតាញឥន្ទ្រទត្តឱ្យ​ធ្លាក់​នរកទាំង៧សន្តាន។

លោក សឺដេស (១៩៥៣) យល់ថាម្រតាញឥន្ទ្រទត្ត ថ្វាយតង្វាយដល់ទេពមួយអង្គព្រះនាមព្រះគម្តែងអញស្រីមធុរិបុ ដោយដាក់​រួមផ្សំឧបភោគបរិភោគនឹងប្រាសាទមួយឬច្រើនទៀត​។ លោក ចេណ្ណឺរ យល់ដូចនេះដែរ ដោយ​លោក​បាននិយាយថាតង្វាយថ្វាយដល់ទេពព្រះនាមព្រះគម្តែងអញស្រីមធុរិបុ ដាក់រួមផ្សំឧបភោគបរិភោគជាមួយទេពមួយអង្គដែលបាត់ព្រះនាម (ប.២៖ វ្រះកម្រតាង៑អញ៑…) និងបុគ្គលពីររូបទៀត។

ក្នុងសិលាចារឹក K.៦៦ លោក សឺដេស (១៩៤២) យល់ថា «វ្រះកម្រតាងអញឝ្រីឝាលគ្រាមស្វាមី» ជាម្ចាស់តង្វាយម្នាក់ ដែលជាប្រក្រតីនៅសម័យមុនអង្គរការប្រើប្រាស់ឋានន្តរ​នាមនេះ គឺចំពោះតែព្រះមហាក្សត្រនិងទេពប៉ុណ្ណោះ។ យោលតាមលោកសឺដេស លោក វីកឃើរី (១៩៩៨) ស្នើថា «វ្រះកម្រតាង៑អញ៑ឝ្រីមធុ…» និងម្រតាញឥន្ទ្រទត្តដាក់ផ្សំគ្រឿងឧបភោគបរិភោគព្រះគម្តែងអញបុរុសវទស្វាមីនិងស្វាមីចាតុវ៌ិទ្យ។ ប្រសិនបើដូច្នោះ សេចក្តីនៅបន្ទាត់ទី១៦ដែលនិយាយថា ព្រះគម្តែងអញទាំងពីរ គឺត្រូវនឹងព្រះគម្តែងអញបុរុសវទ​ស្វាមីនិងស្វាមីចាតុវ៌ិទ្យ។ ចំពោះការប្រើឋានន្តរនាម «វ្រះកម្រតាង៑អញ៑» វិញ លោក វីកឃើរី ពន្យល់ថាជាការខិតខំរបស់មេដឹកនាំតាមតំបន់ ដើម្បីទទួលបានឋានៈជារាជវង្ស ក្នុងពេលដែលអំណាចមជ្ឈិមចុះខ្សោយ (មុនរជ្ជ​កាលព្រះបាទស្រីជយវម៌្មទី១) ហើយ​លោកក៏​បាន​ស្នើបំពេញអត្ថបទដែលដាច់នៅបន្ទាត់ទី១ ក្នុងសិលាចារឹកនេះជា​ «វ្រះកម្រតាង៑អញ៑ឝ្រីមធុរបុរ/ស្វាមី»​។ ក្នុងករណីនេះដែរ លោក វីកឃើរី បាន​កំណត់អាយុកាល​សិលាចារឹកនេះ ចារឡើងនៅអំឡុងទសវត្សឆ្នាំ៦៤០ ឬ៦៥០។

យើងសង្កេតឃើញថានៅបន្ទាត់ទី២ បន្ទាប់ពី «វ្រះក» បើទោះបីជាបំពេញបន្ថែម​នូវ​«ម្រតាង៑អញ៑» ហើយក្តី ក៏នៅចន្លោះទំនេរដែលអាចបំពេញបានបួនអក្សរទៀតដែរ គឺ​ពុំសមនឹងបូកពាក្យ «បុរុឞវទស្វាមិ» ថែមឡើយ ពោលគឺ «វ្រះកម្រតាង៑អញ៑…» អាចជាព្រះនាមមួយដាច់ពី «បុរុឞវទស្វាមិ»។ ឯព្រះគម្តែងអញទាំងពីរដែល​នៅបន្ទាត់ទី១៦នោះ អាចសំដៅដល់ព្រះគម្តែងអញស្រីមធុ​[[រិ​បុ]] និងព្រះគម្តែងអញនៅបន្ទាត់ទី២ដែលបាត់ឈ្មោះនេះ។ ម្យ៉ាងទៀតលោក ចេណ្ណឺរ មិនយល់ស្របជាមួយការប្រែរបស់លោកសឺដេសទាក់ទងនឹង “វ្រះកម្រតាង៑អញ៑ឝ្រីឝាលគ្រាមស្វាមី” នៅក្នុងសិលាចារឹក K.៦៦ ឡើយ ដោយ​ហេតុ​ដូចចដែលបានលើកឡើងហើយថា ការប្រែដូចនោះខ្ទាស់នឹងសេចក្តីក្នុងសិលាចារឹកផ្សេងទៀតនៅសម័យនោះ។ ដូចនេះ យើងយល់ស្របតាមលោកសឺដេស និងលោក ចេណ្ណឺរ ដែល​យល់​ថា ព្រះគម្តែងអញស្រីមធុ[[រិបុ]] គឺ​ជាទេព និងតាមយោបល់​លោក ចេណ្ណឺរ ដែលចែកព្រះនាមទេពជាបួន។

អត្ថបទដើមជាអក្សរខ្មែរទំនើប

១- [វ្រះក]ម្រតាង៑អញ៑ឝ្រីមធុ[[រិបុ]]…[ម្រតាញ៑]

២- [ឥន្ទ្រទ]ត្តទុក៑សំបរិភោគទ្រោង៑វ្រះក[ម្រតាង៑អញ៑]…

៣- បុរុឞវទស្វាមិទ្រោង៑ស្វាមិចាតុវ៌ិ្វទ្យ…[ក្ញុំ]

៤- មន៑ម្រតាញ៑ឥន្ទ្រទត្តឱយ៑របម៑កុស្រគ…

៥- …ត១កុកន្ទិន៑១កុអ្តា១កុតីត្តរុ១កុងរ៑ងោរ៑១[កុ]…

៦- …ង៑ចុ១ប្លេលេ។កុហេត៑១កុបោញ៑១កុឧង៑នះ១កុ…

៧- …ះ២កុវ្រះហញ៑១អ្មេវឯត៑១កុវះអជី១កុសាវេត្រិយ១…

៨- កុយិជុង៑១កុយីនោច៑ចំទក៑។វកុរាក៑១វកញ្ជេង៑១វអំវិល៑[១]

៩- វបរោយ៑១វស្រច៑១វកន្ទាស៑១វកញ៑ចស៑១វឯកាទឝី១វស្អង៑[១]

១០- អ្នក៑ស្រេវត្មិះវស្តៅ១វក្ចិ១វជីវទាស៑១វគុណ១វរំ-១វ-១វមេង៑១

១១- វសង្កាហ្វ៑១វបញ្ចមី១វធនករ១វអ្តាកុចី១វត្បញ៑ក្វន៑

១២- វត្រហ្វ៑១វកន្ទិន៑១វទឝមី១វចិត៑១កុតាង៑១កុអ្មេអ្តា១កុម្រតាង៑[១]

១៣- កុចីតង៑គាយ១កុតេង៑ប្យោរ៑១ទំវ្រិង៑ឰទេវសភា១ស្រេឰ…

១៤- ត្រលាច៑១…បិណ្ឌក្ញុម៑ផោង៑៤០-១០-១[គេ]វ្រះត្នះកោន្ប្រសា

១៥- លហ៑ចៅប្រសាលហ៑កោន៑ចៅម្រតាញ៑-លហ៑អ្នក៑មោយ៑លហ៑គេតស្វៃរ…

១៦- -ហ៑រវ្រះកម្រតាង៑អញ៑តវេររោហ៑តគិុនោះផលមន្ត្វេ…

១៧- មេធចោត៌្តមន្គេមាន្រគិុ។គេតបំបត៑ចោត៌្តមន្គេទៅនរក៕

១៨- ទ្វិជាតេរិន្ទ្រទត្តាខ្យាទ្ទ្រវិណំយន្មុរទ្វិឞះតទិច្ឆតិគ្ឫហីតុំយស្សយាតុន[រកំ]–

១៩- ឥន្ទ្រទត្តស្យទេវស្វំយោហទ៌ុមភិវាញ្ឆតិ—ន្នរកំយាតុបិត្ឫភិស្សប្តជ-ស-

អត្ថបទប្រែសម្រួល

(១-៣) (ប្រាសាទ)ព្រះគម្តែងអញស្រីមធុរិបុ… ម្រតាញឥន្ទ្រទត្តទុកផ្សំគ្រឿងឧប​ភោ​គបរិភោគជាមួយ(ប្រាសាទ)ព្រះគម្តែងអញ​…​ បុរុសវទស្វាមី ជាមួយស្វាមីចាតុវ៌ិ្វទ្យ​…។

(៣-១៤) អ្នកបម្រើដែលម្រតាញឥន្ទ្រទត្តថ្វាយ(មាន) អ្នករបាំ(ឈ្មោះ)កុស្រគ…ត១ កុកន្ទិន១ កុអ្តា១ កុតីត្តរុ១ កុងរងោរ១ កុ… ងចុ១, ផ្លែលើ(ឈ្មោះ)កុហេត១ កុបោញ១ កុឧង​នះ​១ កុ… ះ២ កុវ្រះហញ១ ម៉ែវឯត១ កុវះអជី១ កុសាវេត្រិយ១… កុយិជុង១ កុយីនោច, ចំទក(ឈ្មោះ)វកុរាក១ វកញ្ជេង១ វអំពិល១ វបរោយ១ វស្រេច១ វកន្ទាស១ វកញ្ចាស់១ វឯ​កា​ទសី១ វស្អង១, អ្នកស្រែ(មាន)វត្មិះ វស្តៅ១ វខ្ចី១ វជីវទាស១ វគុណ១ វរំ-១ វ-១ វមេង​១ វសង្កាវ១ វបញ្ចមី១ វធនករ១ វអ្តាកុចី១ វត្បាញកូន វត្រាវ១ វកន្ទិន១ វទសមី១ វចិត១ កុតាង១ កុមេតា១ កុម្រតាង១ កុចីតង្គាយ១ កុតេងប្យោរ១ ច្បារទម្រើងនៅឯទេពសភា១ ស្រែនៅឯ…ត្រឡាច១… សរុបអ្នកបម្រើទាំងឡាយ៥១។

(១៤-១៧) អ្នកបម្រើព្រះ កូនប្រសាក្តី ដល់ចៅប្រសាក្តី កូនចៅម្រតាញ-ក្តី អ្នកណាមួយក្តី អ្នកដែលស្ម័គ្រ…ក្តី(ដែល)…ព្រះគម្តែងអញទាំងពីរនោះ ផលដែលធ្វើ…ចូរគេមាន។ អ្នកដែលបំបាត់នូវចោត៌្ត(/ពន្លឺ?) អ្នកនោះនឹងធ្លាក់នរក។

(១៨) នរណាដែលប្រាថ្នាយកពីព្រាហ្មណ៍ឥន្ទ្រទត្ត នូវទ្រព្យ(នៃទេព)ជាសត្រូវនៃអសុរមុរ (គឺព្រះនារាយណ៍) ចូរអ្នកនោះទៅកាន់នរក។

(១៩) នរណាដែលប្រាថ្នាយកទ្រព្យព្រះរបស់ឥន្ទ្រទត្ត ចូរអ្នកនោះទៅកាន់នរកជាមួយនឹងបិតរគណទាំង៧សន្ដានរបស់គេ។


សន្និដ្ឋានរួម

សិលាចារឹកវត្តសិលាចារឹក ហៅវត្តក្តីត្រឹប K.៥១ មានតម្លៃខាងទិដ្ឋភាពនៃការប្រតិបត្តិជំនឿសាសនា​នៅសម័យមុនអង្គរ។ លើសពីនេះការដែលរកឃើញបំណែកនៃសិលាចារឹកនេះវិញបង្ហាញពីការសហការគ្នារវាងមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងការថែរក្សាសម្បត្តិវប្បធម៌ជាតិដែលជាគំរូដ៏ល្អមួយ។ ដូច្នេះយើងសូមអំពាវនាវឱ្យ​ប្រជាពលរដ្ឋដែលមានសិលាចារឹក ឬរកឃើញសិលាចារឹក គប្បីជូនដំណឹងដល់អាជ្ញាធរ​​មូលដ្ឋានដើម្បីយកទៅរក្សាទុកនៅទីតាំងសមស្រប។

វាក្យសព្ទ

សំ                (សំ.) រួម ផ្សំ បញ្ចូល។

បរិភោគ        (សំ.) គ្រឿងឧបភោគបរិភោគ។

ទ្រោង៑          ទាំង ជាមួយ។

របម៑              > របាំ= អ្នករបាំ។

ប្លេលេ          អ្នកបម្រើរ៉ាប់រងការងារនៅវិហារខាងថ្នាក់លើ។

ចំទក៑            ឈ្មោះអ្នកបម្រើរ៉ាប់រងកិច្ចការព្រះវិហារ សិប្បករ។

វ្រិង៑           ច្បារដំណាំមានទ្រើង។

ត្នះ               ណាស់។

ស្វៃរ             (សំ.) ដែលសេរី មិនមានការបង្ខិតបង្ខំ។

អត្ថបទដោយ៖ លោក ហ៊ុន ឈុនតេង

————————–

Inscription K.51

On November 15, 2023, the group from the provincial Department of Fine Arts of Prey Veng, along with officers collaborating with the Heritage Police and local authorities, went to receive a fragment of an inscription from Mr. Yea Sovann, who is a resident of Thkaol Village, Boeng Dol Commune, Preah Sdach District, Prey Veng Province. The purpose of receiving the inscription fragment was its preservation at the provincial museum.

The administrative officers of Preah Sdach district became aware of this inscription during their research on the district’s history. Subsequently, they informed the provincial Department of Fine Arts of Prey Veng. Mr. Sor Sophay, the officer of the provincial museum, sent us a picture of the fragment, and upon verification, we confirmed that it is indeed a fragment of the known inscription, K. 51.

The original location of the inscription was the Silacarik Pagoda in Prum Khsach village, Lvea Commune, within the same district and province. The presence of this inscription led to the pagoda being named Wat Silacarik, meaning “the Pagoda of Inscription.” Étienne Lunet de Lajonquière first reported of the inscription. In 1923, a stamp rubbing of the inscription was made by the Direction of Cambodian Art and registered in the Khmer inscription list as K. 51. However, at some unknown point in time, the inscription was lost from the pagoda, and only a fragment of it has recently been found.

In 1953, Coedès G. published this article in his book “Cambodia Inscription Volume.” Later on, Jenner P. studied the Old Khmer language part in his book “Part xml, № 53,” which is stored on the website http://sealang.net/ok/corpus.htm. This inscription measures 67 cm in height, 60 cm in width, and 4 cm in depth, without a date. However, Coedès hypothesized that it dates back to around 629 AD based on the inscription of Kdei Ang K. 54. The entire text consists of 19 lines, with 17 lines in Old Khmer and 2 lines in Sanskrit.

The summary of this inscription describes a documentation of offerings presented to a deity, possibly identified as Śrī Madhuripu, by a noble figure named Indradatta. It is unclear whether Indradatta– is the actual donor or the yajamāna (ritual patron). The offerings, to be shared with an unspecified deity and two individuals, consist of a plantation, a ricefield, and different types of servants, including dancers, ple le (a specific type of servant), household staff, and agricultural laborers. The final two lines of Sanskrit contain a curse that invokes the punishment of hell upon those who steal the possessions of the deity.

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!