ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿសង្កេតទំនៀមខ្លះក្នុងជំនឿពាក់ព័ន្ធនឹងទឹកភ្លៀង

សង្កេតទំនៀមខ្លះក្នុងជំនឿពាក់ព័ន្ធនឹងទឹកភ្លៀង

ភ្លៀងជា​កង្វល់​​ធំរបស់ “អ្នកស្រែ” ដែល​តែង​ត្រូវ​ការ​​ចាំបាច់​សម្រាប់​ឱ្យ​ដំណាំ​​ផ្សេង​ៗ​​ដុះរស់​​លូតលាស់​ល្អ។ ជំនឿ​ និង​ទំនៀម​ទាក់​ទង​​នឹង​ទឹក​ភ្លៀង​​នៅ​ក្នុង​សង្គមខ្មែរ​ គេ​សង្កេត​ឃើញ​ប្រារព្ធតាំងពី​រាស្រ្តសាមញ្ញរហូតដល់​​ព្រះមហាក្សត្រ ដើម្បី​ចង់ដឹងពីស្ថានភាពភ្លៀង​ប្រចាំឆ្នាំ ឬបួង​សួង​ឱ្យ​ភ្លៀង​ធ្លាក់​មក​គ្រ​ប់គ្រាន់ មិនរាំងស្ងួត ឬមិនជន់លិចលង់ភូមិស្រុកជាដើម។ បើរៀប​រាប់ដោយ​ត្រួសៗមាន​​ព្រះរាជពិធី ឬពិធីខ្លះ​ខ្មែរស្គាល់ជាទូទៅដូចជា​ ព្រះរាជ​ពិធី​ និង​ពិធីសំពះព្រះខែ ប្រារព្ធនៅខែកត្តិក និង​​ព្រះ​រាជ​ពិធីច្រត់​ព្រះនង្គ័ល​​ ប្រារព្ធ​នៅខែ​ពិសាខ​ជាដើម។ ប៉ុន្តែ​នៅតាម​ភូមិ​ស្រុក​​មួយ​ចំនួន​ទៀត​ មាន​ទំនៀម​ក្នុង​ជំនឿ​ពាក់​ព័ន្ធនឹង​កង្វល់អំពី​​ទឹកភ្លៀងដែរ​​ដូចជា រាំត្រុដិនាងម៉េវ ឆ្លង​ចេត្រ ទាញព្រ័ត្រថ្វាយ​អ្នកតា ឆាន់សុំ​​​ទឹកភ្លៀង ចាក់ត្រពោករាហូ ទេសន៍​មហាជាតក៍​…​ប្រារព្ធ​ចាប់ពីរវាង​ចូលឆ្នាំរួច រហូតដល់​ខែពិសាខ ឬខែជេស្ឋ ដែល​ទុកជា​ដើមឆ្នាំ។

តំបន់អង្គរ “ចាក់ត្រពោករាហូ”

ទំនៀម​ពាក់ព័ន្ធនឹង​ទឹកភ្លៀងប្រារព្ធនៅតំបន់អង្គរមានច្រើនបែបណាស់​។ ​អ្នក​ស្រុក​​​​តែង​រៀបចំ​ប្រារព្ធ​​​​​នៅ​​បុរាណ​ដ្ឋាន​​មួយ​ចំនួន​ដូចជា ​ប្រាសាទ​ប្រែ​រូប ប្រាសាទ​​មេបុណ្យ​​​ខាងកើត ​ ប្រាសាទ​បន្ទាយ​សំរ៉ែ ប្រាសាទ​លាក់នាង និង​​ប្រាសាទ​នាគ​​ព័ន្ធជាដើម ហើយ​​ភាគ​ច្រើន​ពុំធ្វើទៀងទាត់រាល់​ឆ្នាំឡើយ​។ ចំពោះពិធីពាក់​ព័ន្ធនឹងជំនឿ​សុំ​ទឹកភ្លៀង​នៅប្រាសាទ​នាគ​ព័ន្ធ​ ឬពាក្យ​អ្នក​​ស្រុក​ហៅថា​ “ចាក់ត្រពោក​រាហូ” ​​តែង​ធ្វើ​ក្រោយ “​ឆ្លង​ចេត្រ​” ជាពិសេស​ក្នុង​ករណី​​ចូល​ដល់​​រដូវដកស្ទូង តែ​​ភ្លៀង​​ពុំ​ធ្លាក់​មក​​​គ្រប់​គ្រាន់។ គេប្រារព្ធ​ពិធី​​ប្រារពីរថ្ងៃ​នៅ​ក្នុង​បរិវេណ​ប្រាសាទ​នាគ​ព័ន្ធ​​ផ្ទាល់ ដោយ​​មាន​កិច្ច​ពិធីភ្ជាប់​នឹង​ព្រះ​ពុទ្ធ​សាសនា​ផង។ ក្នុងវេលា​រសៀលថ្ងៃ​ទី១ ​គេ​​​​​ធ្វើកិច្ច​ប្រុង​ពាលី ​ឆាក​ហ៊ោ​លើក​ទង់ ព្រម​ទាំងធ្វើកិច្ច​​បួង​សួង​ សូត្រ​ប្រកាសយាង​អស់​​​ទេវតា​ និង​​អញ្ជើញ​​អ្នកតា​នៅ​តាម​ប្រាសាទ​​​​ជុំវិញ។

បន្ទាប់ពីចប់កិច្ចប្រុង​ពាលី សូត្រ​បួងសួង​ប្រកាស​ទេវតា​ គេ​រៀបចំ​​កិច្ច​​នមស្ការ​ព្រះ​រត្ន​​ត្រៃ ព្រម​ទាំង​និមន្ត​ព្រះ​សង្ឃ​​​សូត្រ​ចម្រើន​ព្រះ​បរិត្តជ័យ​មង្គល​។ លុះ​ចប់​អំពី​នោះ​មក គឺជា​កិច្ច​​​បញ្ចូលរូប​សុំ​ទឹកភ្លៀង និង​សុំ​សេចក្តីសុខ​ ដែល​ជា​កិច្ច​សំខាន់ក្នុង​ពិធីខាងលើ។ ​ក្នុង​ពេល​បញ្ចូល​រូប មាន​ស្នំ​ម្នាក់ ឬពីរនាក់​​តែង​ចូលមក​​​អែប​ជិត​រូប​ស្នង។ ស្នំមាន​នាទី​​ពាំនាំ​កង្វល់​របស់​អ្នក​ស្រុក​ និងជា​ពិសេស​​សាក​សួរ​អំពី​ទឹក​ភ្លៀង​។ លុះ​ចប់កិច្ច​បញ្ចូល​បញ្ជាន់ នៅវេលា​ព្រឹក​ថ្ងៃទី២ គេរៀបចំ​ប្រគេន​ចង្ហាន់ព្រះសង្ឃ​និង​រាប់បាត្រ​។ បន្ទាប់មក​គឺជា​កិច្ច​ចាក់ត្រពោករាហូ​ ដង្ហែ​ប្រទក្សិណ​​ជុំវិញ​មាត់​​ស្រះ​ធំនៃប្រាង្គ​កណ្តាល ជា​កិច្ច​បញ្ចប់​។ ក្នុង​ឱកាសនេះ ព្រះសង្ឃ​ទាំងឡាយ​គង់​ក្នុង​រោង​ពិធី​​សូត្រ​ធម៌​​ “មហាមេឃ” ដែល​គេ​ជឿ​ថា​ជា​​ធម៌​សុំ​ទឹក​ភ្លៀង​។ រីឯ​អាចារ្យ ដឹកនាំ​អ្ន​កភូមិ​​​ក្មេង​ចាស់​ស្រីប្រុស​ ​ដើរ​​ប្រទក្សិណ​បីជុំ​មាត់​ស្រះ រួច​ចាក់​ទឹក​​តាម​មាត់រន្ធទាំង​៤ទិស​ ដើម្បី​ឱ្យ​​​ទឹក​ហូរ​ចុះ​តាម​មាត់ទ​នីមួយៗ ​ដែលមាន​មាត់​មនុស្ស​ និង​​សត្វ ​ហូរឆ្ពោះ​ទៅ​កាន់​កូន​ស្រះ​តូចៗ​​ជុំវិញ។​ រូប​ភាព​នេះ គេ​សន្មត​ថា​ជា​និមិត្តរូបទឹក​សម្បូរ​ហូរហៀរ​ហើយ។ មិនតែប៉ុណ្ណោះ គេ​ឃើញ​អ្នក​ស្រុក​ក្មេង​​ចាស់​​លេងជះទឹក​ដាក់​គ្នាទៅវិញទៅមក ខ្លះច្រៀង ខ្លះរាំ សប្បាយក្អាកក្អាយ ហាក់​ដូចជា​កំពុង​​សាទរ​ភ្លៀង​ធ្លាក់​មកមែន។ ដោយឡែក ពិធីក្នុង​ឆ្នាំនេះ គេសង្កេតឃើញមាន​រាំត្រុដិ និងហែនាងម៉េវផងដែរ។

តំបន់ប្រាសាទសំបូរព្រៃគុក “ច្រត់ព្រះនង្គ័ល”           

ចំពោះទំនៀមពាក់ព័ន្ធនឹងភ្លៀងនៅតំបន់ប្រាសាទសំបូរព្រៃគុក តែងតែប្រារព្ធក្នុងរវាងខែពិសាខហៅថា “ច្រត់ព្រះនង្គ័ល” ដើម្បីបើក​រដូវ​ធ្វើ​ស្រែ។ ទំនៀមនេះមិន​កំណត់ថ្ងៃទេ តែគេ​ប្រកាន់​​យក​ថ្ងៃអង្គារ និង​ថ្ងៃ​សៅរ៍ នៃវេលាដើមខ្នើត នៅមុខខ្ទមអ្នកតា។ ប៉ុន្តែថ្វីបើកិច្ច​សំខាន់​ហៅថាច្រត់​ព្រះ​នង្គ័លក៏​ពិត​មែន តែគេពុំ​មាន​នង្គ័ល ឬ​​សកម្ម​ភាព​អ្វី​សម្គាល់ថាជាកាភ្ជួរ ដូចព្រះរាជពិធីច្រត់​ព្រះនង្គ័ល​របស់​ព្រះ​មហាក្សត្រ​ឡើយ។ ក្នុង​ថ្ងៃនោះ អ្នក​ស្រុក​ដែល​ទៅចូលរួម​តែងនាំគ្នាទៅដក​ដើម​សណ្តែកព្រៃ យក​ទៅ​ដោត​មួយ​គូ​ម្នាក់ជុំវិញរោងអ្នកតា ដោយ​សម្គាល់​ហៅថា “ដាំដើម​ព្រះភូមិ”។ រីឯ​រណ្តាប់សំខាន់មួយផ្សេងទៀតគឺ “ព្រលឹងស្រូវ” ដែលធ្វើពីលាជ ហើយដោតនៅលើនំនាល។

ក្នុងពិធីនេះមានមនុស្សម្នាក់ហៅថា “ជម្មឿង” ដែលជា​អ្នករៀបចំកិច្ចសំខាន់ដូចជា កិច្ច​សែន​ព្រេន​អ្នកតា និង​ធ្វើកិច្ច​បញ្ជូនជាដើម។ កិច្ចសំខាន់ចុងក្រោយ គឺជម្មឿងដឹកនាំអ្នកភូមិទៅដុសរំអិលថ្ម (ថ្មជណ្តើរប្រាសាទសំបូរព្រៃគុក) ដើម្បីយកមកមកចឺមលើថ្ងាសក្មេងៗ ដើម្បីសុំសេចក្តីសុខ ពិសេសចៀសផុតពីរន្ទះបាញ់ក្នុងរដូវភ្លៀង។ 

ព្រះរាជពិធីច្រត់ព្រះនង្គ័ល ក្នុង​ព្រះរាជពិធីទ្វាទសមាស ព្រះរាជពិធី​ច្រត់​ព្រះ​នង្គ័លក្នុង​សង្គមខ្មែរ​តែង​ប្រារព្ធ​​ជា​ប្រក្រតី ចាប់​ពី​ថ្ងៃ​​១រោច​ ដល់​​ថ្ងៃ៤រោច ខែ​ពិសាខ។ ពីថ្ងៃ១រោច ​ដល់​ថ្ងៃ៣​រោច ក្រុម​បាគូតែង​ធ្វើកិច្ចជា​ប្រចាំ​​តាមទំនៀម​នៅទីព្រះស្រែ។ លុះ​ដល់​ថ្ងៃ​៤​រោច ព្រះ​មហា​​ក្សត្រ​ទ្រង់​តាំង​មន្រ្តីជាន់​ខ្ពស់​ណាម្នាក់​ឱ្យ​​ធ្វើ​ជា​ស្តេច​មាឃ ហើយភរិយា​ធ្វើ​ជាមេហួ ដោយ​​យ​ក​​ម្ ក្រអូបមក​ចឺម​លើ​​ថ្ងាស​ជាកិច្ច​សន្មត ចេញ​ច្រត់​​ព្រះ​នង្គ័ល។ ក្នុង​ព្រះរាជពិធីច្រត់ព្រះនង្គ័ល​នេះ តែងមានកិច្ច​ផ្សងគោឧសភរាជ ដើម្បី​ឱ្យ​ដឹង​​​អំពី​ផល​ដំណាំ​​ផ្សេងៗនិង​ទឹក​ភ្លៀង​​​​សម្រាប់​រដូវ​កាល​ធ្វើ​កសិកម្មថ្មី​​​។ វត្ថុ​ដែលយក​ទៅ​ផ្សង​នឹង​គោ​ឧសភរាជ​នោះ​មាន​ប្រាំពីរ​មុខ​​គឺ​ ស្រូវ ពោត សណ្តែក ល្ង ស្មៅ​ ទឹក និង​ស្រា។ ប្រសិន​បើ​គោ​ឧសភរាជ​បរិភោគ​គ្រាប់​ពូជ​​​ណា​មួយ​ ទំនាយ​ថា​ដំណាំ​​នោះ​​នឹង​បានផល​ល្អ ហើយ​​បើ​គោឧសភរាជ​បរិភោគ​ទឹក ទំនាញ​ថា​​នឹង​មាន​ភ្លៀង​ធ្លាក់​បរិបូរណ៍។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ប្រសិន​​បើ​គោឧសភរាជ​បរិភោគ​ស្មៅ​ស្រស់ នោះ​ទំនាយ​ថា​​ស្រុកទេស​នឹង​កើត​មាន​ជំងឺ​លើ​សត្វ​​ពាហនៈ​​។ ​​បើ​គោ​ឧសភរាជ​បរិភោគ​ស្រា ទំនាយ​ថា​ស្រុក​ទេស​នឹង​កើត​មាន​​មនុស្ស​​ពាល​ ចោរ​លួច​ឆក់​​ប្លន់ និង​អសន្តិ​សុខ​ក្នុង​សង្គម។

ព្រះរាជពិធីអក​អំបុក “ផ្សងទៀន”

ក្រៅពីព្រះរាជពិធីដែលជា​ទំនៀមពាក់ព័ន្ធនឹងទឹកភ្លៀង ប្រារព្ធក្នុងខែពិសាខដើម​ឆ្នាំដូចរៀបរាប់ខាងលើ គឺព្រះរាជពិធីអកអំបុក​​ប្រារព្ធចុងឆ្នាំ ក្នុងកិច្ចផ្សងទៀន ក៏មានអត្ថន័យ​ក្នុងជំនឿទឹកភ្លៀងដែរ។ បើគិតតាម​ប្រតិទិន​ចន្ទគតិ ​គឺពីថ្ងៃ​១៤-១៥កើត ដល់​ថ្ងៃ​១រោច​ ខែកត្តិក ​​​​​​​​​កំណត់​​ជា​​ “ព្រះ​រាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អក​អំបុក”។ នៅ​ក្នុង​ព្រះ​បរម​រាជ​វាំង​ ​ព្រះ​មហាក្សត្រ​​ស្តេច​​ផែនដីជាទីគោរពសក្ការៈ​​​ដ៏​ខ្ពង់​ខ្ពស់​បំផុត ទ្រង់​​តែង​យាង​ជា​ព្រះរាជា​ធិបតី ជា​ពិសេស​នៅក្នុង​ព្រះ​រាជ​​ពិធី​សំពះព្រះខែ ​អក​អំបុក ដែល​មាន​​ទំនៀម​សម្រក់​ទៀន​​ផ្សងទឹកភ្លៀង​សម្រាប់ព្រះនគរ។​ ក្រុមបាគូនៃព្រះរមរាជវាំង តែងរៀបចំ​ចាត់ចែង​អុជទៀន​​​បិទ​លើ​ទម្ររូបនាគ ទៅតាម​ចំនួន​រាជធានី និង​ខេត្ត​ទាំងអស់​ក្នុង​ទូទាំងប្រទេស។ លុះរៀបចំស្រេចហើយ ទើប​ធ្វើ​កិច្ច​នមស្ការព្រះរតនត្រៃ និង​បួងសួង​អញ្ជើញ​ទេព្តានៅ​ចំពោះ​ព្រះភ័ក្រ្ត​ព្រះមហាក្សត្រ។ ផុត​ពីនោះ ទើប​ផ្តើម​អុជ​ទៀន​ទាំង​​អស់​ព្រមគ្នាឡើង ហើយទៀន​នីមួយៗស្រក់ចុះមក គឺតំណាង​ទឹកភ្លៀង​តាម​ខេត្ត​​នីមួយៗ ដែល​យក​បរិមាណក្រមួន​ទៀនស្រក់ ផ្សងជាទឹកភ្លៀង​ដើមឆ្នាំ កណ្តាល​ឆ្នាំ និង​ចុង​ឆ្នាំ។ បើទៀនតំណាងរាជធានី ឬខេត្ត​ណាស្រក់ច្រើន​ពីដំបូង​ នោះទំនាយ​ថា​រាជធានី​ ឬខេត្ត​នោះ​នឹង​មានភ្លៀងធ្លាក់ច្រើន​នៅដើ​មឆ្នាំ។ ប៉ុន្តែ​បើ​ទៀនតំណាង​រាជធានីឬ​ខេត្ត​​ណា​ស្រក់​តិច ទំនាយ​ថា​នឹង​ទទួល​បានទឹក​ភ្លៀង​តិច។

ដោយឡែក ចំពោះ​ពិធីសំពះព្រះខែ អកអំបុក ​អ្នកស្រុក​ខ្លះ​ហៅដោយខ្លីក្នុង​ន័យ​​រួម​ថា “បុណ្យ​អក​អំបុក” ឬ “បុណ្យ​​​​មហាអំបុក” ឬអ្នក​ស្រុក​ភាគ​ខាង​ជើង​ហៅថា “អក​ព្រះ​ខែ” ឬ​ “បង្អក​ព្រះ​ខែ”។ នៅតាម​ស្រុកភូមិ ពិធីនេះច្រើនតែដឹក​នាំ​ប្រារព្ធដោយ​​អាចារ្យ​និង​ចាស់ទុំ ហើយ​គេ​សង្កេត​​ឃើញ​​​​របៀបធ្វើប្លែកគ្នា​តាម​តំបន់។ ​ជា​ទូទៅគេ​ច្រើនរៀបចំ​អំបុក ចេក ដូង​ ដំឡូង​​ ត្រាវ អំពៅ និង​រណ្តាប់​ផ្សេងៗ​​ទៀត​​ដាក់​តុ អុជទៀនធូប​ សូត្រ​ប្រកាស​ឧទ្ទិស​ថ្វាយ​ព្រះ​ចន្រ្ទ។បន្ទាប់​​មក​​គេ​​​​បង្អក​អំបុកបញ្ចុក​ចេក​គ្នា​ទៅវិញ​ទៅមកយ៉ាង​សប្បាយ​​រីករាយ ​រវាង​​​ស្រី​​ប្រុស​ទាំងឡាយ​ដែល​ចូលរួមក្នុង​ពិធី​​។ ផុត​ពីនោះ​មក ទើប​គេ​ធ្វើកិច្ច​សម្រក់​​ទៀន​ផ្សងទឹក​ភ្លៀង ឬគេ​ធ្វើកិច្ច​ផ្សេង​ទឹក​ភ្លៀង​មុនក៏មាន។ លទ្ធផលនៃទៀនស្រក់ចុះ​មក គឺតំណាង​ទឹករបបទឹកភ្លៀង​ដូច​លំនាំព្រះរាជពិធីក្នុងព្រះបរមរាជវាំងដែរ។

​​ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្រៅពីពិធី និងព្រះរាជពិធី គឺនៅមានពិធីជាទំនៀមរបស់អ្នកស្រុកផ្សេងៗទៀត ប្រារព្ធឡើងក្នុងជំនឿសុំទឹកភ្លៀងដែរ។ បើរាប់ដោយសង្ខេប ពិធី​ទាំងនោះមានដូចជា ទាញព្រ័ត្រឆ្លងចេត្រនៅស្ពានកំពង់ក្តី ទាញព្រ័ត្រឫស្សីសុំទឹកភ្លៀង​នៅសំបូរព្រៃគុក សុំទឹកភ្លៀងនៅប្រាសាទលាក់នាង សុំទឹកភ្លៀងនៅកំពង់ចាម សម្តែង​ល្ខោនខោលនៅវត្តស្វាយអណ្តែត ទាញព្រ័ត្រថ្វាយអ្នកតាដើមសំរោង នៅ​​​ខេត្តកណ្តាល និងទំនៀមទេសន៍មហាជាតក៍ជាដើម។

ដូច្នេះជារួមមក ទំនៀមពាក់ព័ន្ធនឹងជំនឿអំពីទឹកភ្លៀង តែងប្រារព្ធធ្វើទាំងព្រះមហាក្សត្រ រហូតដល់ប្រជារាស្រ្តសាមញ្ញ។ ទំនៀមអ្នកស្រុក ប្រារព្ធភ្ជាប់នឹងបុរាណដ្ឋាន ឬ​កន្លែងគោរពបូជាផ្សេងៗ ហើយខ្លះមានកិច្ចភ្ជាប់នឹងព្រះពុទ្ធសាសនា ដោយក្នុងជំនឿសុំទឹកភ្លៀង និងសេចក្តីសុខសម្រាប់ភូមិស្រុក។ ប៉ុន្តែព្រះរាជពិធី ប្រារព្ធក្នុងជំនឿពាក់ព័ន្ធនឹងទឹកភ្លៀងស្រោចស្រពព្រះនគរទាំងមូល៕

អត្ថបទដោយ៖ ហៀង សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!